×

«​ដាន​អនុស្សារ​»​ ​ពិព័រណ៍​គំនូរ​រួមគ្នា​រំលឹក​ពី​ការ​ចងចាំ​របស់​សិល្បករ​១​៤​រូប​

NEWS 2 months ago
 
 

           ក្រោម​ពន្លឺ​អំពូល​ជះ​បំភ្លឺ​ពី​ពិតាន​ត្រង់​ជ្រុង​ម្ខាង​ទៅ​ជ្រុង​ម្ខាង​ ​ស្ថិត​ក្នុង​បរិវេណ​ជាន់ក្រោម​ឡោមព័ទ្ធ​ទៅ​ដោយ​ជញ្ជាំង​ពណ៌​ស ​មាន​តាំង​លម្អ​គំនូរ​ប្រដេញ​គ្នា​តូច​ធំ​ ​ខ្លះ​បង្ហាញ​ពី​សិល្បៈ​របាំ​ ​ខ្លះ​បង្ហាញ​ពី​ចម្លាក់​ ​ឯ​ខ្លះទៀត​បង្ហាញ​ពី​អនុ​ស្សា​វ​រី​យ៍​កាលពី​កុមារភាព​ ​ដែល​ទាំងនេះ​គឺជា​ការ​ប្រមូលផ្តុំ​ស្នាដៃ​រំលឹក​ពី​អតីតកាល​របស់​វិចិត្រករ ១​៤​រូប​ ​បង្កើត​ជា​ពិព័រណ៍​មួយ​ក្រោម​ប្រធាន​បទ​ ​«​ដាន​អនុស្សារ​»​។​

           ​«​ដាន​អនុស្សារ​»​ ​ជា​ប្រធាន​បទ​ពិព័រណ៍​រួមគ្នា​មួយ​ ​ដែល​សិល្បករ​ចង់​រំលឹក​នូវ​ការ​ចងចាំ​អំពី​អតីតកាល​ដែល​ប្រទេស​កម្ពុជា​បាន​ឆ្លងកាត់​កន្លងមក​ ​និង​មួយផ្នែកទៀត​សង្ឃឹម​ថា​វា​នឹងជា​ឱកាស​មួយ​ដែល​អាចឲ្យ​សិល្បករ​មកពី​ជំនាន់​ខុសគ្នា​ ​កន្លែងផ្សេង​គ្នា​ ​អាច​ស្វែងយល់​ក៏ដូចជា​បាន​ជួប​ផ្លាស់ប្តូរ​បទពិសោធន៍​ពី​គ្នា​ទៅវិញទៅមក​បាន​ ​ហើយក៏​ជា​ការ​ផ្ដល់​ឱកាស​ឲ្យ​សិល្បករ​បាន​ជួប​ ​និង​បង្ហាញ​ស្នាដៃ​សិល្បៈ​របស់​ខ្លួន​ទៅដល់​សាធារណជន​ទូទៅ​ផង​ដែរ​។​ ​ពី​មួយ​ផ្ទាំង​ទៅ​មួយ​ផ្ទាំង​ ​ក្រៅពី​បរិយាយ​អតីតកាល​ចងចាំ​តាមរយៈ​រូបភាព​ដោយឡែក​ ​ក្នុង​នោះ​សិល្បករ​បាន​បញ្ចូល​គំនិត​ច្នៃ​ប្រតិដ្ឋ​ទៅតាម​ជំនាញ​រៀងៗខ្លួន​។​ ​ជាក់ស្តែង​ ​ចំណោម​សិល្បករ​ទំា​ង​អស់​សុទ្ធតែ​មាន​ជំនាញ​ខុសៗគ្នា​ ​ដូចជា​សិល្បករ​ខាង​គំនូរ​ប្រេង​ ​ពណ៌​ទឹក​ ​ចម្លាក់​ ​ផ្តិត​រូប​ពី​ពុម្ព​ ​និង​ត​ម្លើ​ង​ (​Installation​) ​ជាដើម​។​ ​ក្នុង​នោះ​សិល្បករ​ទាំង​១​៤​រូប​រួម​មាន​ ​អ៊ី​ម​ ​ពិសី​, ​សេង​ ​វិសាល​, ​ញ៉ែម​ ​សុភាព​, ​សួ​ ​គឹម​សាន​, ​ម៉ន ភិរ៉ា​, ​ព្រហ្ម​ ​ពន្លឺ​, ​ហម​ ​រិទ្ធ​, ​ម៉ៃ​ ​សាក់​, ​ជា​ ​ដាលីន​, ​ឡុង​ ​គីម​ហៀង​, ​គង់​ ​វ​លក្ខណ៍​, ស៊្រុ​ន​ ​រី​ដា​, ​អ៊ឹម​ ​សី​លា​ ​និង​ ​ថា​ច​ ​វុទ្ធី​។​

           សម្រាប់​គោលបំណង​ក្នុង​ការរៀបចំ​ពិព័រណ៍​ ​«​ដាន​អនុស្សារ​»​ ​គឺ​ធ្វើឡើង​ដើម្បី​ចូលរួម​លើកស្ទួយ​ ​និង​អភិវឌ្ឍ​វិ​ស័​យ​សិល្បៈ​វប្បធម៌​ជាតិ​ ​ដោយ​ផ្សារភ្ជាប់​នូវ​ការ​ចែករំលែក​ចំណេះ​ដឹង​ ​ចំណងមិត្តភាព​ ​ភាតរភាព​ ​សាមគ្គីភាព​ ​និង​សន្តិភាព​ពី​បច្ចុប្បន្ន​ទៅ​អនាគត​។​

           គួរឲ្យ​ដឹង​ដែរ​ថា​ ​ពិព័រណ៍​នេះ​ទើបបាន​ធ្វើឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​ ​០​៥​ ​ខែ​មេសា​ ​នៅ​ឯ​មជ្ឈមណ្ឌល​ ​បុប្ផា​ណា​ ​និង​អាច​ចូល​ទស្សនា​ដោយសេរី​រហូតដល់​ថ្ងៃ​៣​១​ចុងខែ​នេះ​៕​

Article ​by​ ​HEM SOKKHIM​


SUGGESTIONS