×

ពិភព​ត​ន្រ្តី​របស់​តារា​ចម្រៀង​ស្រី​ជំនាន់​ថ្មី​នៃ​កម្ពុជា​ ​«​កេសរ​»​

NEWS 2 years ago
 
 

           ​ផ្តើម​ចេញពី​អតីតភាព​ជាតា​រា​ចម្រៀង​ឯក​ស្រ្តី​តែមួយ​ដួង​គត់​ប្រចាំ​ក្រុម​ ​«​ត​ន្រ្តី​តូច​»​ ​ឬ​ ​«​Small​ ​World​ ​Small​ ​Band​»​ (S​W​SB) ​អស់​រយៈពេល​ជិត​១​០​ឆ្នាំ​លើ​វិថី​សិល្បៈ​ត​ន្រ្តី​សម័យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​កេសរ​ ​បច្ចុប្បន្ន​កំពុង​កែប្រែ​កេរ្តិ៍ឈ្មោះ​ខ្លួន​ក្លាយ​ជាតា​រា​ចម្រៀង​ស្រ្តី​ឯករាជ្យ​មួយ​រូប​ក្រោយពេល​ដែល​ក្រុម​នេះ​បាន​រំសាយ​ជា​ផ្លូវការ​កាលពី​ដំណាច់​ឆ្នាំ​២​០​២​១​កន្លងទៅ​ថ្មីៗ​នេះ​។​ ​ក្រៅពី​តួនាទី​ជាតា​រា​ចម្រៀង​មួយ​រូប​ ​កេសរ​ក៏​ជា​អ្នកនិពន្ធ​ចម្រៀង​ដោយខ្លួនឯង​ដ៏​ចំណាន​ ​ជា​សហគ្រិន​ច្នៃ​ប្រតិដ្ឋ​នៃ​ក្រុម​ភ្លើងគប់​ ​និង​ជា​ស្ថាបនិក​កម្មវិធី​បុណ្យ​ភូមិ​ដ៏​ជោគជ័យ​ក្នុងរយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមក​ហើយ​។​ ​ចង់​ជ្រាប​ច្បាស់​ថា​តើ​សិល្ប​ការិនី​ ​កេសរ​ ​កំពុង​ធ្វើអ្វី​ខ្លះ​ក្រោយពេល​បញ្ចប់​ក្រុម​ S​W​SB? ​ហើយ​តើ​នាង​នឹង​បន្ត​ជីវិត​សិល្បៈ​ក្នុង​ទិសដៅ​បែប​ណា​ដែរ​?

           ​​រំ​ព្ញ​ក​បន្តិច​អំពី​ដំណើរ​ដើមទង​នៃ​វិថី​សិល្បៈ​របស់​កេសរ​ ​កាលពី​នៅ​វ័យ​ជំទង់​អាយុ​ប្រមាណ​១​៦​-​១​៧​ឆ្នាំ​ ​អំឡុង​ឆ្នាំ​២​០​១​២​-​២​០​១​៣​ ​កេសរ​ស្ថិត​ក្នុង​វ័យ​កំពុង​សិក្សា​ហើយ​ឆ្លងកាត់​រឿងរ៉ាវ​ច្របូកច្របល់​នៅ​ក្នុង​គ្រួសារ​បង្កើត​ជា​បញ្ហា​វិបត្តិ​ផ្លូវចិត្ត​យ៉ាង​ស្រួចស្រាល់​ចំពោះ​នាង​។​ ​នៅពេលដែល​នាងរង​ផល​ប៉ះពាល់​ពី​បញ្ហា​ទាំងនេះ​ ​នាង​បាន​ចំណាយ​ពេល​ ​ស្តាប់​ត​ន្រ្តី​តាម​ឧបករណ៍​ ​I​P​o​d​ ​ផ្ទាល់ខ្លួន​ដែល​ជាអំណោយ​ពី​សាច់ញាតិ​របស់​នាង​ពី​បរទេស​ដើម្បី​កាត់បន្ថយ​ភាព​តានតឹង​ផ្លូវ​អារម្មណ៍​។​ ​ពេល​នោះ​ហើយដែល​នាង​បាន​រក​ឃើញ​ថា​ត​ន្រ្តី​ពិតជា​មាន​ឥទ្ធិពល​ដ៏​អស្ចារ្យ​ ​អាច​ព្យាបាល​របួស​ផ្លូវចិត្ត​បាន​យ៉ាង​ស័ក្តិ​សិទ្ធ​គួរឲ្យ​ស្ញប់ស្ញែង​។​ដោយសារ​យល់ឃើញ​បែប​នេះ​ ​គ្រានោះ​នាង​ក៏​ចាប់ផ្តើម​រៀន​លេង​ ​ហ្គីតា​ដោយខ្លួនឯង​តាមរយៈ​ ​Y​ou​Tube​ ​ដែល​ធ្វើឲ្យ​រូប​នាង​យល់​ដឹង​ពី​ត​ន្រ្តី​កាន់តែ​ច្រើនឡើង​ៗ​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​។​

           ​​អស់​រយៈពេល​៩​ឆ្នាំ​ ​ក្រុម​ត​ន្រ្តី S​W​SB ​បាន​ជួយ​ញ៉ាំង​កិត្តិសព្ទ​របស់​នាង​ឲ្យ​ឡើង​ត្រដែត​ដែល​ធ្វើឲ្យ​យុវវ័យ​កម្ពុជា​ទូទាំង​ប្រទេស​បាន​ស្គាល់​និង​ចងចាំ​។​ ​ទោះបីជា​បច្ចុប្បន្ន​ ​អតីត​ក្រុម​ S​W​SB ​បាន​បែកខ្ញែក​គ្នា​ទៅ​ហើយ​ក្តី​ ​ក៏​អនុ​ស្សា​វ​រី​យ៍​ទាំងអស់​នៅតែ​ដក់ជាប់​ក្នុង​ដួងចិត្ត​របស់​តារា​ចម្រៀង​ស្រី​រូប​នេះ​ដែរ​ ​ព្រោះ​នាង​បាន​លើកឡើង​ថា​ ​ក្រុម​តូច​ ​ឬ​ S​W​SB ​នេះ​កើត​ចេញពី​ក្តី​ស្រឡាញ់​និង​ភាព​ពុះកញ្ជ្រោល​នៃ​ទឹកចិត្ត​របស់​ពួកគេ​មក​លើ​វិ​ស​័​យ​ចម្រៀង​។​ ​ពេល​នោះ​ពួកគេ​មាន​មហិច្ឆតា​ចង់​បង្កើត​របត់​ក្នុង​វិ​ស័យ​នេះ​ឲ្យ​ក្លាយ​ជា​ចំណី​អារម្មណ៍​រស​និយម​ថ្មី​ប្លែក​សម្រាប់​ប្រទេស​កម្ពុជា​ក្នុង​បរិ​ ​បទ​សង្គម​សហសម័យ​។​

           ​​តាមរយៈ​ទំព័រ​ទស្សនាវដ្តី​សូវ​រី​ន​ ​កេសរ​បាន​ចែករំលែក​អំពី​វិធី​សា​ស្រ្ត​អភិវឌ្ឍ​ខ្លួនឯង​ក្នុង​អាជីព​របស់​នាង​ថា​ ​នាង​តែងតែ​ព្យាយាម​ហ្វឹកហាត់​ជាប្រចាំ​ ​ទាំង​បច្ចេកទេស​ប្រើ​សំឡេង​ក្នុង​ការ​ថត​បទ​ចម្រៀង​ ​និង​ ​ការ​តែង​និពន្ធ​បទ​ចម្រៀង​ដើម្បី​ឆ្លុះបញ្ចាំង​ពី​ត​ថ​ភាព​សង្គម​ក៏ដូចជា​សារ​អប់រំ​សង្គម​។​ ​នាង​បាន​បកស្រាយ​ថា​ ​ដើម្បី​ក្លាយ​ខ្លួន​ជា​សិល្ប​ការិនី​ឆ្នើម​ម្នាក់​ ​គប្បី​មានស្មារតី​ចង់​ចេះ​ចង់​ដឹង​ ​ឈ្វេងយល់​ពី​ចំណុច​ខ្លាំង​និង​ចំណុច​ខ្វះខាត​ខ្លួនឯង​ ​បង្កើន​ភាព​ពុះកញ្ជ្រោល​ក្នុង​ការងារ​សិល្បៈ​ប្រកបដោយ​និរន្តរភាព​ ​និង​សង្វាត​ហ្វឹកហាត់​សមត្ថភាព​ឲ្យបាន​ជាប់​លាប់​ ​។​ ​ជាមួយគ្នា​នេះ​ដែរ​ ​សិល្បករ​ទាំងឡាយ​គប្បី​ចៀសវាង​កា​រដាក់​ក​ម្រិ​ត​សមត្ថភាព​របស់​ខ្លួន​ ​ហើយ​ត្រូវ​ផ្តល់​ឱកាស​ឲ្យ​ខ្លួន​ង​បាន​សាកល្បង​ទទួលយក​បែបផែន​នៃ​ការរស់នៅ​ថ្មីៗ​ ​ក៏ដូចជា​សប្បាយរីករាយ​ចំពោះ​ដំណើរ​ជីវិត​ដែល​យើង​បាន​បំពេញ​ ​រួចហើយ​នា​ពេល​កន្លងមក​ដើម្បី​ធ្វើឲ្យ​ជីវិត​កាន់តែ​មាន​ភាព​ស្រស់បំព្រង​។​ ​ងាក​មក​ការងារ​ក្នុង​ពេល​បច្ចុប្បន្ន​វិញ​ ​តារា​ចម្រៀង​សំណព្វ​ចិត្ត​យុវវ័យ​ដួង​នេះ​កំពុង​មមាញឹក​នឹង​ការ​បង្កើត​ស្នាដៃ​ថ្មីៗ​ក្នុង​យុទ្ធនាការ​លើក​ក​ម្ពស់​សំឡេង​ស្រ្តី​កម្ពុជា​ឲ្យ​កាន់តែ​ទូលំទូលាយ​ទៅកាន់​មជ្ឈដ្ឋាន​ខាងក្រៅ​ដើម្បីឲ្យ​ស្រ្តី​គ្រប់រូប​រក​ឃើញ​ភាព​ខ្លាំង​ ​និង​ ​អំណាច​នៃ​ការ​សម្រេច​ចិត្ត​របស់​ខ្លួនឯង​។​

           ​​កេសរ​បាន​ផ្តាំផ្ញើ​យុវតី​ទាំងអស់​ឲ្យ​ប្រកាន់ខ្ជាប់​នូវ​ស្មារតី​សុទិដ្ឋិនិយម​ថា​ ​«​ចំណុច​ខ្លាំង​របស់យើង​មិន​ដូច​គេ​ទេ​»​។​ ​ចំពោះ​គោលដៅ​វិថី​សិល្បៈ​នា​ពេល​អនាគត​ ​កេសរ​បាន​បង្ហើប​ថា​ ​នាង​នឹង​នៅតែ​បន្ត​យុទ្ធនាការ​បង្កើត​សំឡេង​ដែល​មាន​ឥទ្ធិពល​សម្រាប់​ក្មេងស្រី​ ​យុវតី​ ​និង​មនុស្ស​ស្រី​ទាំងអស់គ្នា​ ​ហើយនិង​ពង្រីក​សហគ្រិន​ភាព​នៃ​ក្រុម​ ​ភ្លើងគប់​របស់​នាង​លើកស្ទួយ​សិល្បៈ​ខ្មែរ​គ្រប់​ទម្រង់​ឲ្យ​កាន់តែ​រីក​សុសសាយ​៕​

 Article by SRIN SOKMEAN


SUGGESTIONS