×

វ៉ាន់​ ​ឆវ័ន្ត ​ចេញពី​អន្លង់​ទាសករ​ឆ្លង​ដែន​ក្លាយ​ជា​វិចិត្រករ​មាន​កេរ្តិ៍ឈ្មោះ​នៅ​បាត់​ដំបង​

NEWS a month ago
 
 

​​​          កេរ្តិ៍ឈ្មោះ​ជា​វិចិត្រករ​និង​ជាងចម្លាក់​បែប​សហសម័យ​របស់​សិល្បករ​ ​វ៉ាន់​ ​ឆវ័ន្ត ​ត្រូវ​បាន​មជ្ឈដ្ឋាន​សារ​ព័ត៌មាន​ក្នុង​ស្រុក​ជាច្រើន​ចាប់ផ្តើម​ចាប់អារម្មណ៍​តាមរយៈ​ស្នាដៃ​សិល្បៈ​ប្លែកៗ​ដែល​លោក​បង្កើត​ឡើង​ត្រូវ​បាន​ដាក់​តាំង​ពិព័រណ៍​ជា​ច្រើនលើកច្រើនសា​នា​ពេល​កន្លងមក​ទាំង​នៅ​រាជធានី​ភ្នំពេញ​ ​និង​នៅ​ក្រុង​បាត់​ដំបង​។​ ​វិចិត្រករ​វ័យ​៤​០​ឆ្នាំ​ ​មាន​ដើម​កំណើត​មកពី​ស្រុក​ឯក​ភ្នំ​ ​ខេត្ត​បាត់​ដំបង​ ​រូប​នេះ​ ​បាន​ប្រាប់​សូវ​រី​ន​ឲ្យដឹង​ថា​ ​មុន​ក្លាយ​ខ្លួន​ជា​សិល្បករ​មាន​កេរ្តិ៍ឈ្មោះ​ដែល​មហាជន​ចាប់ផ្តើម​ទទួលស្គាល់​ដូច​សព្វថ្ងៃ​លោក​ធ្លាប់​ឆ្លងកាត់​អតីតភាព​ជូរចត់​ក​ម្សត់​វេទនា​ដោយសារ​កត្តា​ជីវភាព​រហូត​ចាញ់​ឧបាយកល​មេខ្យល់​បោក​យកទៅ​លក់​ជា​កម្មករ​នេសាទ​សមុទ្រ​នៅ​ប្រទេសជិតខាង​អស់​រយៈពេល​២​ឆ្នាំ​៥​ខែ​។​ ​ដោយសារ​គុណបុណ្យ​ទឹកដោះ​ម្តាយ​ថ្លៃ​ ​លោក​​​មានវាសនា​បាន​រួចផុត​ពី​ជីវិត​ទាសភាព​នេះ​ ​ហើយ​ចាប់ផ្តើម​ជីវិត​ថ្មី​ជា​សិស្ស​គំនូរ​នៃ​សាលា​ហ្វារ​ពន្លឺ​សិល្បៈ​នៅ​ក្រុង​បាត់​ដំបង​ចន្លោះ​ឆ្នាំ​២​០​០​៥​ដល់​ឆ្នាំ​២​០​១​៣​។​ ​ប៉ុន្តែ​ក៏​ដើម្បី​កសាង​ជីវភាព​ ​ក្រោយមក​ ​លោក​ក៏​ធ្លាប់​ចេញទៅ​ធ្វើជា​ជាងចម្លាក់​រហូតដល់​ខេត្ត​រតនគិរី​ច្រើន​ឆ្នាំ​ទម្រាំ​នឹក​ស្តាយ​ជំនាញ​សិល្បៈ​ដែល​ធ្លាប់​រៀន​កន្លងមក​ហើយ​វិលត្រឡប់​មក​ធ្វើជា​វិចិត្រករ​នៅ​ស្រុកកំណើត​វិញ​។​

​​​          “​ដោយ​ក្តី​ស្រឡាញ់​ ​និង​ជា​និស្ស័យ​របស់​ខ្ញុំ​ពី​កំណើត​ ​ខ្ញុំ​តែងតែ​យល់សប្តិ​(​ថា​បាន​) ​រៀន​ជាមួយ​ចាស់​ព្រឹទ្ធាចារ្យ​ដែល​គាត់​ស្លៀក​ក្បិន​ពណ៌​ស​ ​និង​ស្ពាយ​ថង់យាម​ពណ៌​ស​ផង​ដែរ​ ​ដែល​មាន​ពុកមាត់​-​ចង្កា​ទៀត​ផង​។​ ​នៅ​ពេល​ខ្ញុំ​មាន​អាយុ​ ​២​៦​ឆ្នាំ​ ​ខ្ញុំ​បាន​យល់សុបិន​ឃើញ​គាត់​ផ្តល់​បង្វេច​ស​មួយ​ឲ្យ​ខ្ញុំ​…​គាត់​និយាយ​ថា​ ​ដល់ពេល​ដែល​ឯង​ត្រូវ​ទទួល​ឧបករណ៍​របស់​ឯង​សម្រាប់​ការងារ​សិល្បៈ​របស់​ឯង​វិញ​ហើយ​” ​លោក​បាន​រំ​ព្ញ​ក​។​ ​ដោយសារ​ជំនាញ​ដែល​ចេះ​ពី​ការសិក្សា​ ​គួបផ្សំ​នឹង​កត្តា​ជំនឿ​ក្នុង​ក្តី​សុបិន​ផង​ ​លោក​ចេះតែ​បន្ត​ការងារ​សិល្បៈ​សហ​សម័យនេះ​រហូតមកដល់​បច្ចុប្បន្ន​មិន​បោះបង់​វា​ចោល​ឡើយ​។​ ​ក្រោយមក​ទៀត​ ​ជា​សំណាងល្អ​ ​លោក​បាន​ស្គាល់​ស្ថាប័ន​អូ​ផេ​ន​ស្ទូឌីយូ​ខេ​ម​បូ​ឌា ​នៅ​ខេត្ត​សៀមរាប​ ​និង​ Ro​m​c​h​e​i​k 5 ​Art​ ​Space​ ​នៅ​ក្រុង​បាត់​ដំបង​ ​តាមរយៈ​មិត្ត​រួម​អាជីព​ ​ដែល​ស្ថាប័ន​ទាំងពីរ​នេះ​បាន​ជួយ​ ​ផ្តល់​គំនិត​ល្អ​ៗ​ ​និង​ ​បង្កើត​ទី​ផ្សារ​ស្នាដៃ​សិល្បៈ​ទាំង​នៅ​ក្នុងស្រុក​ ​និង​នៅ​លើឆាកអន្តរជាតិ​ជាបន្តបន្ទាប់​សម្រាប់​រូប​ ​លោក​។​ ​ជា​ជោគជ័យ​មួយទៀត​ក្នុង​វិថី​សិល្បៈ ​លោក​បានជា​ប់​ជា​និស្សិត​អាហារូបករណ៍​សិល្បៈ​ខ្មែរ​អម​តៈ ​អាន​ ​ចន​ផន​ ​ពី​អង្គការ​សិល្បៈ​ខ្មែរ​អម​តៈ (C​L​A​) ​ដើម្បី​មានឱកាស​អភិវឌ្ឍ​សមត្ថភាព​សិល្បៈ​បន្ថែម​ទៀត​។​

​​​          សព្វថ្ងៃ​ ​លោក​​​មាន​ជីវភាព​កាន់តែ​ធូរធារ​សមរម្យ​ខុស​ឆ្ងាយ​ពីមុន​តាមរយៈ​កា​រលក់​ស្នាដៃ​សិល្បៈ ​និង​របរ​ធ្វើ​ស្រែចំការ​គួបផ្សំ​បន្ថែម​។​ ​ផ្តើម​ចេញពី​ការ​ឲ្យ​តម្លៃ​ការងារ​សិល្បៈ​ខ្លួនឯង​ ​លោក​បាន​ធ្វើឲ្យ​មនុស្ស​ជុំវិញ​ខ្លួន​របស់​លោក​មើលឃើញ​នូវ​តម្លៃ​ការងារ​ពិតប្រាកដ​របស់​លោក​បន្តបន្ទាប់​ ​ជាពិសេស​គឺ​ភរិយា​របស់​លោក​ដែល​តែងតែ​ចាំ​ផ្តល់​កម្លាំងចិត្ត​ក្បែរ​លោក​ជានិច្ច​ ​។​ ​សមិទ្ធផល​ថ្មី​ចុងក្រោយ​របស់​លោក​គឺ​ ​ពិព័រណ៍​ទាក់ទង​នឹង​ជីវិត​ទាសករ​នេសាទ​ត្រី​សមុទ្រ​នៅ​ប្រទេស​ថៃ​ ​ដែល​ឆ្លុះបញ្ចាំង​អំពី​ជីវិត​ពិត​របស់​លោក​ផ្ទាល់​តែម្តង​ ​ហើយ​ពិព័រណ៍​នេះ​រៀបចំ​ឡើង​កាលពី​ពេល​ថ្មីៗ​នៅ​វិចិត្រសាល​ ​២​៨​២​ ​ក្រុងភ្នំពេញ​។​ ​ទន្ទឹម​នឹង​នេះ​ ​លោក​ក៏​ចាប់ផ្តើម​គម្រោង​សិល្បៈ​ធំ​ៗ​ចំនួន​៣​ ​នៅ​ក្នុង​និង​ក្រៅ​ប្រទេស​ជាមួយ​ស្ថាប័ន​ទាំងពីរ​​​ដែល​លោក​ធ្វើការ​ជាមួយ​ ​ដែល​ជា​ប្រភេទ​ពិព័រណ៍​លក្ខណៈ​ក្រុម​ ​នឹង​ប្រព្រឹត្តទៅ​នៅ​ខែ​ឧសភា​ ​ព្រមទាំង​ពិព័រណ៍​ផ្សេងទៀត​ ​នៅ​ភ្នំពេញ​និង​នៅ​សហរដ្ឋអាមេរិក​ ​នៅ​ខែ​តុលា​ខាងមុខ​ផង​ដែរ​។​

​​​          ចំពោះ​គោលបំណង​សម្រាប់​ថ្ងៃ​អនាគត​ ​លោក​ប្រាថ្នា​ចង់​សាងសង់​សារមន្ទីរ​សិល្បៈ​ឯកជន​មួយ​នៅ​ខេត្ត​បាត់​ដំបង​ដើម្បី​ដាក់​តាំង​ឧបករណ៍​ប្រើប្រាស់​របស់​ខ្មែរយើង​គ្រប់​ជំនាន់​ដើម្បីឲ្យ​កូនខ្មែរ​ជំនាន់​ក្រោយ​បាន​ស្គាល់​ “​ទុកឲ្យ​ក្មេង​ជំនាន់​ក្រោយ​បាន​ស្គាល់​និង​សិក្សា​បន្ថែម​ថា​ ​តើ​ខ្មែរយើង​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ ​ក្រៅពី​ប្រាង្គ​ប្រាសាទ​ ​គាត់​បាន​សាង​អ្វី​សម្រាប់​ជំនាន់​គាត់​ក្រោយៗ​ទុកជា​កេរ​វប្បធម៌​បន្តវេន​ (​ក្នុង​នោះ​) ​គឺ​មាន​សិល្បៈ​សហសម័យ​ ​និង​ចម្លាក់​សហសម័យ​របស់​ខ្ញុំ​ ”​។​ ​មិន​ត្រឹម​តែប៉ុណ្ណោះ​ ​លោក​ក៏​មានបំណង​ចង់​ចែករំលែក​ចំណេះ​ដឹង​ផ្នែក​សិល្បៈ​សហ​សម័យនេះ​ដល់​ក្មេងៗ​ជំនាន់​ក្រោយ​ថែមទៀត​ផង​៕

Article by SRIN SOKMEAN


SUGGESTIONS