×

«​M​on​a​ ​Palette​»​ ​ស្លាកយីហោ​គ្រឿងអលង្ការ​ប្រណីត​រំលេច​សិល្បៈ​ខ្មែរ​ដោយ​យុវតី​ខ្មែរ​

NEWS a month ago
 
 

             ​គ្រឿងអលង្ការ​ ​ត្រូវ​បាន​គេ​ចាត់ទុកថា​ជា​គ្រឿង​លម្អ​កាយ​ដ៏​សំខាន់​បំផុត​ដែល​ជា​ផ្នែក​មួយ​បន្ថែម​សម្រស់​ឲ្យ​​កាន់តែ​ស្រស់​ស្អាត​ ​ជាពិសេស​ ​នៅពេលដែល​គេ​ត្រូវ​ចូលរួម​ក្នុង​កម្មពិធី​នានា​ជាដើម​។​ ​យ៉ាងណាមិញ​ ​ប្រសិនបើ​និយាយ​ពី​ម៉ូដ​គ្រឿងអលង្ការ​ដែល​ត្រូវ​បាន​ច្នៃ​ឡើង​ដោយ​អ្នកជំនាញ​សុទ្ធសឹងតែ​មាន​ការរចនា​ម៉ូដ​យ៉ាង​ប្រណីតភាព​ ​និង​ទាន់​​សម័យ​ដែល​ស័ក្តិសម​បំផុត​សម្រាប់​អ្នកប្រើប្រាស់​។​ ​ទន្ទឹម​នឹង​កត្តា​នេះ​ដែរ​ ​បាន​ជំរុញ​ឲ្យ​ស្ថាបនិកា​មួយ​រូប​សម្រេច​ចិត្ត​ជ្រើសរើស​អត្តសញ្ញាណ​ជាតិខ្មែរ​មក​ច្នៃ​ជា​គ្រឿងអលង្ការ​ដ៏​ទាក់ទាញ​ ​និង​ជា​ទំនោរ​ថ្មី​ផង​ដែរ​។​

          ​ផ្តើម​ចេញពី​អ្នក​ស្រឡាញ់​ការប្រើប្រាស់​គ្រឿងអលង្ការ​មួយ​រូប​ ​កញ្ញា​ ​នួន​ ម៉ូ​លី​ណា​ ​ស្ថាបនិកា​របស់​ស្លាកយីហោ​ ​M​on​a​ ​Palette​ ​ដែល​បង្កើត​ឡើង​រយៈពេល​ជាង​ ​២​ ​ឆ្នាំ​មកនេះ​បាន​បង្ហាញ​ពី​ទ​ស្សនៈវិ​ស​័​យ​របស់​ខ្លួន​ទាក់ទង​នឹង​ការ​បង្កើត​ស្លាកយីហោ​ ​ក៏ដូចជា​ការ​ជ្រើសរើស​ទម្រង់​សិល្បៈ​មក​ច្នៃ​ជា​ម៉ូដ​គ្រឿងអលង្ការ​យ៉ាង​ដូច្នេះ​ថា​ ​«​រយៈពេល​២​ឆ្នាំមុន​ ​ខ្ញុំ​បាន​ចាប់អារម្មណ៍​លើ​គ្រឿងអលង្ការ​ ​ហើយ​ខ្ញុំ​ពុំទាន់​ឃើញ​ថា​នៅ​ក្នុងស្រុក​យើង​មាន​ក្រវិល​ដែល​មាន​ចម្រុះ​ពណ៌​ស្រស់​ឆើតឆាយ​ ​និង​ទាន់សម័យ​ដែល​មាន​លក្ខណៈ​បែប​ខ្មែរ​មិនទាន់​មាន​ទី​ផ្សារ​នោះ​ទេ​ ​ដូច​ខ្ញុំ​ជាដើម​នៅពេលដែល​ខ្ញុំ​ទៅ​ខាងក្រៅ​ដើម្បី​ជួប​មិត្តភក្តិ​បរទេស​ចង់​ពាក់​ក្រវិល​ដែល​មាន​លក្ខណៈ​ខ្មែរ​មិនទាន់​ឃើញ​មាន​ជម្រើស​ច្រើន​ឲ្យ​រើស​នៅឡើយ​ ​ដូច្នេះ​ខ្ញុំ​ក៏​ចាប់ផ្តើម​ចង់​បង្កើត​ ​និង​ច្នៃ​ក្រវិល​ឡើង​ ​ហេតុដូច្នេះ​ខ្ញុំ​ក៏​ចាប់ផ្តើម​សិក្សា​តាមរយៈ​ ​Y​ou​tube​ ​ថា​តើ​យើង​អាច​ច្នៃ​ក្រវិល​នោះ​ឡើង​តាមវិធី​ណា​?​។​ ​បន្ទាប់មក​ខ្ញុំ​ក៏​បានឃើញ​ថា​ភាគច្រើន​គេ​ធ្វើ​ក្រវិល​អស់ទាំង​នោះ​ផលិត​ពី​ ​Polymer ​Clay​ ​ច្រើន​កំពុងតែ​ពេញ​និយម​នៅ​ខាងក្រៅប្រទេស​ផង​ ​ហើយ​ខ្ញុំ​ក៏ចាប់ ផ្តើម​រៀន​ធ្វើ​វា​បន្តិចម្តងៗ​ក្នុង​ទម្រង់​សិល្បៈ​ខ្មែរ​ ​រីឯ​ម៉ូដ​ដែល​ខ្ញុំ​ចាប់ផ្តើម​ធ្វើ​មុនគេ​នោះ​គឺ​រូប​ប្រាសាទអង្គរវត្ត​ ​បន្តបន្ទាប់មក​ទៀត​ ​អក្សរ​ ​ឬ​តួ​លេ​ខ​ខ្មែរ​ជាដើម​»​។​ ​ជាក់ស្តែង​ ​ពី​ម៉ូដ​ក្រវិល​មួយ​ទៅ​ម៉ូដ​ក្រវិល​មួយ​សុទ្ធសឹងតែ​មាន​ការរចនា​យ៉ាង​ល្អិតល្អន់​បំផុត​ពី​ស្ថាបនិកា​រូប​នេះ​ផង​ដែរ​ ​តួយ៉ាង​ ​ការស្វែងរក​គំនិត​ប្លែកៗ​ ​ការ​គូរព្រាង​ ​ការ​ធ្វើ​រចនា​ច្នៃ​ម៉ូដ​សាកល្បង​មុននឹង​សម្រេច​ជា​ផ្លូវការ​ត្រូវការ​រយៈពេល​យូរ​ ​ដើម្បី​ប្រាកដ​ថា​សមិទ្ធផល​ចុងក្រោយ​នោះ​នឹង​ស័ក្តិសម​សម្រាប់​អ្នកប្រើប្រាស់​ ​មានគុណ​ភាព​ខ្ពស់​ ​ស្រស់​ស្អាត​ ​និង​ពេញ​និយម​ជាដើម​។​

          ​«​M​on​a​ ​Palette​»​ ​ជា​ស្លាកយីហោ​ដែល​បាន​ប្រើប្រាស់​ឈ្មោះ​របស់​ស្ថាបនិកា​ ​«​ម៉ូ​លី​ណា​»​ ​រីឯ​ពាក្យ​ថា​ ​«​Palette​»​ ​មានន័យ​ថា​ពណ៌​ ​ហេតុដូច្នេះ​កាលដែល​អ្នកប្រើប្រាស់​ ​ឬ​អតិថិជន​នឹកគិត​ដល់​ ​M​on​a​ ​Palette​ ​គឺ​គេ​នឹង​នឹកឃើញ​ដល់​ម៉ូដ​ក្រវិល​ដែល​មាន​ពណ៌​ចម្រុះ​ទាន់សម័យ​ធ្វើ​ដោយដៃ​ប្រកបដោយ​គុណភាព​។​ ​យ៉ាងណាមិញ​ ​ប្រសិនបើ​តាម​ការ​លើកឡើង​របស់​ស្ថាបនិកា​វ័យក្មេង​រូប​នេះ​បានឲ្យ​ដឹងផង​ដែរ​ថា​ ​M​on​a​ ​Palette​ ​ចាប់ផ្តើម​បើក​ដំណើរការ​ផ្លូវការ​នៅ​ក្នុង​អំឡុង​ឆ្នាំ​២​០​២​០​ ​ជា​ពេល​កំពុង​មានការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​ ​១​៩​ ​យ៉ាង​ខ្លាំង​ដែល​ធ្វើឲ្យ​មានការ​ប៉ះពាល់​ដល់​ការ​អាជីវកម្ម​ទើប​តែ​ដំណើរការ​នេះ​ធ្ងន់ធ្ងរ​ ​ក៏ប៉ុន្តែ​ដោយ​ក្តី​ស្រឡាញ់​ ​និង​ភាព​អត់ធ្មត់​របស់​ស្ថាបនិកា​បាន​ធ្វើឲ្យ​ស្លាកយីហោ​នេះ​នៅតែ​បន្ត​រហូតដល់​បច្ចុប្បន្ន​ ​និង​មានការ​គាំទ្រ​ពី​អតិថិជន​ជាតិ​ ​និង​អន្តរជាតិ​។​ ​ទន្ទឹម​នឹង​នេះ​កិច្ចពិភាក្សា​ជាមួយនឹង​ ​សូវ​រី​ន​ ​កញ្ញា​ ម៉ូ​លី​ណា​ ​ក៏បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​របស់​ខ្លួន​ទាក់ទង​នឹង​ការប្រើប្រាស់​ផលិតផល​ក្នុងស្រុក​ ​ជាពិសេស​ ​ផលិតផល​ធ្វើ​ដោយដៃ​យ៉ាង​ដូច្នេះ​ថា​ ​«​កំណើន​នៃ​ការប្រើប្រាស់​ផលិតផល​ក្នុងស្រុក​កាន់តែ​មានការ​រីក​ចម្រើន​គួរឲ្យ​កត់​សម្គាល់​ ​ខ្ញុំ​ដឹង​ថា​ផលិតផល​ទាំងអស់​នោះ​មាន​តម្លៃ​ថ្លៃ​ជាង​ទី​ផ្សារ​ពិតមែន​ ​ប៉ុន្តែ​តម្លៃ​ទាំងនោះ​វា​សមស្រប​ជាមួយនឹង​​កម្លាំង​ពលកម្ម​របស់​ពួកគាត់​អាច​ជា​ផ្នែក​មួយ​ដែល​ជួយ​ដល់​គ្រួសារ​របស់​ពួកគាត់​ ​ខ្ញុំ​សង្ឃឹម​ថា​ប្រជាជន​ខ្មែរយើង​នឹង​នៅតែ​បន្ត​ផលិតផល​ក្នុងស្រុក​កាន់តែ​ច្រើនឡើង​ជាបន្តបន្ទាប់​»​៕​

Article​ ​by​ ​PAN​ S​I​V​L​Y​


SUGGESTIONS