×

បង​ប្អូនស្រី​២​នាក់​បង្កើត​អលង្ការ​ទំនើប​ដកស្រង់​ពី​ក្បាច់​ខ្មែរ​កំពុង​មាន​ទី​ផ្សារ​នៅ​បរទេស​

NEWS 2 years ago
 
 

            ដំណើរ​ដើមទង​ផ្តើម​ចេញពី​បង​ប្អូនស្រី​បង្កើត​ពីរ​នាក់​ធំធាត់​នៅ​តំបន់​ប្រ៊ូ​ឃ្លី​ន​នៃ​ទីក្រុង​ញូ​វយ​ក​សហរដ្ឋអាមេរិក​ ​នោះ​គឺ​ ​អីុ​ដូ ​ចម​ (​E​do​ C​h​or​m​) ​ដែល​ជា​បងស្រី​ ​និង​ ​អីុយេ​ន​ ​ចម​ (​Eye​n C​h​or​m​) ​ជា​ប្អូនស្រី​។​ ​ថ្ងៃមួយ​បងប្អូន​ខ្មែរ​-​អាម​រិ​ក​ទាំងពីរ​រូប​នេះ​ ​បាន​ធ្វើដំណើរ​មក​ក​ម្សាន្ត​កម្ពុជា​ទឹកដី​កំណើត​ដើម្បី​ទស្សនា​ប្រាសាទអង្គរ​។​ ​ក្រៅពី​ដក់​ចិត្តនឹង​សំណង់​ស្ថាបត្យកម្ម​ដ៏​ល្អឯក​ ​អ្នក​ទាំងពីរ​សម្គាល់​ឃើញ​ថា​ចម្លាក់​នៅ​លើ​ជញ្ជាំង​នានា​ត្រូវ​បាន​សឹក​រេចរឹល​ ​ចំណែក​រូប​ចម្លាក់​ក៏បាន​បាត់បង់​បំណែក​ផ្សេងៗ​ដោយសារ​កត្តា​ពី​ធម្មជាតិ​ផង​ ​ការ​ប៉ះពាល់​ដោយ​ទេសចរ​ផង​ ​និង​ការឈ្លានពាន​ពី​ពូជសាសន៍​ដទៃ​កាលពី​អំឡុង​ស​.​ត​ទី​១​៩​។​ ​អ្នក​ទាំងពីរ​គិត​ភ្លាម​ដោយចង់​ការពារ​ឲ្យបាន​បន្ទាន់​នូវ​សិល្បៈ​វប្បធម៌​របស់​ខ្លួន​ ​ដោយ​គួរតែ​មានការ​ផ្សព្វផ្សាយ​ឲ្យបាន​ពាសពេញ​ ​ពិសេស​ចំណោម​យុវជន​កម្ពុជា​។​ ​អ្នក​ទាំងពីរ​គិតថា​ សិល្បៈ​ខ្មែរ​មានការ​ស្គាល់​តិចតួច​បំផុត​ជាស​កល​ ​នេះ​ក៏​ដោយសារ​កង្វះ​ការ​លើកយក​មក​បង្ហាញ​ ​និង​ការ​យកទៅ​បញ្ចូល​ក្នុង​ម៉ូដ​និយម​សម្រាប់​ភាព​ទាន់សម័យ​នា​សម័យ​ទំនើប​។​ ​ដោយ​យល់ឃើញ​ដូច្នេះ​ហើយ​ ​ទើប​អ្នក​ទាំងពីរ​បាន​ផុសគំនិត​បង្កើត​ជា​គ្រឿងអលង្ការ​ទាន់សម័យ​មួយ​ប្រភេទ​ដែល​ច្នៃ​ពី​ក្បាច់​បុរាណ​ខ្មែរ​ដាក់​លក់​នៅ​លើ​ទី​ផ្សារ​បរទេស​។​

អ៊ីដូ ​ចម​ និង អ៊ីយេ​ន​ ​ចម​ ស្ថាបនិក «​E​doE​yen​»

            «​E​doE​yen​»​ ​ឬ​ ​«​អីុដូ​អីុយេ​ន​»​ ​គឺជា​ឈ្មោះ​បញ្ចូល​គ្នា​របស់​បង​ប្អូនស្រី​ទាំងពីរ​ ​ហើយ​វា​ត្រូវ​បាន​ប្រសិទ្ធ​នាម​ជា​ស្លាកយីហោ​គ្រឿងអលង្ការ​ផ្លូវការ​កាលពី​ខែ​ ​មិថុនា​ ​ឆ្នាំ​ ​២​០​២​០​ ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ញូ​វយ​ក​សហរដ្ឋអាមេរិក​។​ ​ជាមួយ​ការ​បង្កើត​ ​សហ​ស្ថាបនិក​ ​អីុយេ​ន​ ​ជា​ប្អូនស្រី​បាន​និយាយប្រាប់​សូវ​រី​ន​ថា​ “​តាមដែល​ខ្ញុំ​ចាំ​ ​យើង​តែងតែ​ចង់​ពាក់​គ្រឿងអលង្ការ​ខ្មែរ​បុរាណ​ ​យើង​គិតថា​វា​ពិតជា​ល្អ​បើ​បាន​លក់​វា​ ​ដោយសារតែ​យើង​ដឹង​ថា​វា​មាន​ភាព​ប្លែក​គេ​ ​ឯ​ប្រជាជន​កម្ពុជា​ក៏​នឹង​ចង់បាន​វា​ដូចគ្នា​។​ ​ខ្ញុំ​ចង់​ណែនាំ​សិល្បៈ​ខ្មែរ​ទៅកាន់​ទី​ផ្សារ​បរទេស​។​ ​ដំបូង​ ​ខ្ញុំ​គិតថា​គ្រាន់តែ​ធ្វើ​ការនាំចូល​ ​និង​លក់​គ្រឿង​ខ្មែរ​ដើម្បី​ចាប់ផ្តើម​ជំនួញ​ ​ប៉ុន្តែ​បងស្រី​ ​អ៊ី​ដូ ​ចង់ឲ្យ​ពួកយើង​ធ្វើការ​ឌី​ហ្សា​ញ​ដោយខ្លួនឯង​ ​រួច​ខ្ញុំ​ក៏​យល់ព្រម​។​”

            ទន្ទឹមគ្នា​នេះ​ ​អីុដូ ​រៀបរាប់​ដែរ​ថា​ “​កាលពី​ពីរឆ្នាំមុន​អ៊ី​យេ​ន​បាន​ផ្ញើ​រូបភាព​មក​ខ្ញុំ​ ​ដែល​គាត់​ពាក់​ក្រវិល​ម៉ូដ​រំយោលផ្កា​យ​ ​និង​ព្រះចន្ទ​ ​គាត់​ផ្តល់​យោបល់​ឲ្យ​យើង​ចាប់ផ្តើម​បង្កើត​គ្រឿងអលង្ការ​ដែល​មាន​ភាព​ដោយឡែក​ (​unique​) ​និង​ដាក់​លក់​វា​។​ ​ខ្ញុំ​បាន​ប្រាប់​គាត់​វិញ​ថា​ ​ពួកយើង​ពិតជា​អាច​ធ្វើ​គម្រោង​នេះ​បាន​ ​ប៉ុន្តែ​យើង​មាន​តម្រូវ​ការ​ទៅលើ​២​ចំណុច​។​ ​ចំណុច​ទី​១​៖​ ​ត្រូវ​ប្រាកដ​ថា​មាន​ប្រធាន​បទ​ច្បាស់លាស់​ ​និង​ត្រូវតែ​ជា​ការ​ដកស្រង់​ពី​ខ្មែរ​។​ ​ខ្ញុំ​មិន​ចង់​លាយ​ជាមួយ​វប្បធម៌​ដទៃ​ដូចជា​ ​ពពួក​ក្រវិល​រំយោល​ដែល​បង្ហាញ​ថា​ខ្ញុំ​មាន​ទំនោរ​ទៅលើ​មេ​ឌី​ទែ​រ៉ា​ណេ​ឬក៏​តារាសាស្ត្រ​នោះ​ទេ​។​ ​អ្នក​ច្នៃ​ម៉ូដ​គ្រឿងអលង្ការ​ភាគច្រើន​តែង​ផ្តោត​ការ​ដកស្រង់​ម៉ូដ​ពី​៣​ទៅ​៤​ប្រភព​តាមដែល​អាច​ធ្វើ​ទៅ​បាន​ ​ប៉ុន្តែ​សម្រាប់​ប្រេ៊​ន​របស់យើង​គឺ​យើង​ចង់ឲ្យ​មាន​ភាព​ខុសប្លែក​គឺ​ផ្តោត​ក្លាយទៅជា​ប្រេ៊​ន​មួយ​ដែល​មាន​ ​Concept​ ​ខ្លី​ហើយ​ខ្លឹម​។​ ​ចំណុច​ទី​២​៖​ ​ចាប់ផ្តើម​ពី​ការ​គូរ​ ​និង​ច្នៃ​ម៉ូដ​គ្រប់​ផ្នែក​ទាំងអស់​ត្រូវ​ប្រាកដ​ថា​សម្រិតសម្រាំង​ឲ្យបាន​ដូច​ការ​រំពឹង​ទុក​ទាំងស្រុង​។​”

            មាន​ឈាមជ័រ​ជា​កូនខ្មែរ​ ​និង​បេះដូង​ប្រតិ​ព័ទ្ធ​លើ​គ្រឿងអលង្ការ​រាជវង្ស​ខ្មែរ​ ​អ្នក​ទាំងពីរ​មិន​រួញរា​ឡើយ​ក្នុង​ការ​ចាប់ផ្តើម​បង្កើត​ប្រ៊េ​ន​អលង្ការ​មួយ​នេះ​ ​ដោយហេតុ​ពួកគេ​បាន​ដឹង​ពីរ​រៀប​ធ្វើ​ថា​នឹង​រីករាយ​ហើយ​មាន​តម្លៃ​បំផុត​។​ ​មែនទែន​ទៅ​បងប្អូន​ទាំងពីរ​ដក់​ចិត្តនឹង​សិល្បៈ​ខ្មែរ​ដំបូង​តាំងពីតូច​គឺ​នៅ​គ្រា​ដែល​មាន​អ្នកណែនាំ​ឲ្យ​ស្គាល់​ពី​របាំ​បុរាណ​ខ្មែរ​ ​និង​ការសង្កេត​រូបភាព​របាំ​ព្រះរាជទ្រព្យ​នៃ​ភាពយន្ត​ជំនាន់​ទ​.​វ​ទី​៦​០​-​៧​០​ ​រួម​នឹង​រឿងនិទាន​ដែល​អ្នកម្តាយ​តំណាល​ឲ្យ​ស្តាប់​។​ ​ហើយ​អ្នក​ទាំង​ពី​​​រក​៏​ដក់​ចិត្តនឹង​គ្រឿងអលង្ការ​នៅ​លើ​តួអង្គ​ទាំងនោះ​តាំងពី​វ័យក្មេង​។​

            ក្តី​ស្រមៃ​ក្លាយ​ជា​ការពិត​ ​ក្រវិល​ ​មកុដ​ ​ចិញ្ចៀន​ ​បាន​លេចចេញ​ជា​រូបរាង​ប្រកបដោយ​ក្បាច់រចនា​យ៉ាង​ប្រណីត​ស្ថិត​ក្នុង​ម៉ូដ​ទាន់សម័យ​។​ ​ក្នុង​នោះ​ម៉ូដ​នីមួយៗ​ត្រូវ​បាន​ដាក់ឈ្មោះ​ជាខ្មែរ​ផង​ដែរ​ ​ដូចជា​ ​ចន​ត្រចៀក​នាងនាគ​ (N​e​an​g​ N​e​a​k) ​ក្រវិល​ផ្កាឈូក​ (​P​h​k​a​c​h​h​ouk) ​ក្បាំង​ (K​bang​ ​Crown​) ​និង​ចិញ្ចៀន​អ​រូបិយ​ (​Ar​ou​be​i​)​។​ ​អលង្ការ​ល្អ​ប្រណីត​រំលេច​ក្បាច់​ខ្មែរ​ទាំងនេះ​មាន​តម្លៃ​ចាប់ពី​ ​១​៤​០​ដុល្លារ​ ​រហូតដល់​ ​៤​ម៉ឺន​ដុល្លារ​ ​អាស្រ័យ​ទៅតាម​ម៉ូដ​ ​និង​ជម្រើស​វត្ថុធាតុដើម​។​ ​ជាក់ស្តែង​ ​ប្រភេទ​អលង្ការ​ម៉ូដ​ប្រណីត​តម្លៃ​ខ្ពស់​មាន​ផ្តល់​ជម្រើស​ជាមួយ​វត្ថុធាតុដើម​ធ្វើ​ពី​មាសក​ម្រិ​ត​ 14K, ​មាស​លឿង​18K ​និង​ពណ៌ក្រហម​បែក​ទឹកមាស​ (​rose​ ​gold​)​។​ ​ដោយឡែក​គ្រឿងអលង្ការ​ម៉ូដ​បែប​ហ្វេ​ហ្សិ​ន​វិញ​មាន​ជា​ ​ទង់ដែង​ជ្រលក់មាស​ (​gold​-​plated​ ​brass​) ​និង​ ​លោហៈ​ប្រាក់​ 925​។​ ​គ្រប់​លោហៈ​ទាំងអស់​ ​E​doE​yen​ ​បាន​ធ្វើការ​ជាមួយ​ស្ថាប័ន​ ​United​ ​Precious​ ​Metal​ ​និង​អង្គការ​ ​Refine​ ​Ma​x ​Precious​ ​Metal​ R​e​fin​in​g​ ​ដែល​អង្គការ​នេះ​ប្រើប្រាស់​តែ​គ្រឿង​កែច្នៃ​ ​និង​មានផល​ប៉ះពាល់​តិចតួច​ទៅ​បរិស្ថាន​។​ ​ថ្មីៗ​នេះ​ ​E​doE​yen​ ​ក៏​ទើប​បញ្ចូល​ការ​ប្រើ​ត្បូង​ធម្មជាតិ​ទៅ​ក្នុង​គ្រឿងអលង្ការ​របស់​ខ្លួន​ ​ដោយ​កំពុង​ធ្វើការ​ជាមួយ​អ្នក​ច្នៃ​ម៉ូដ​គ្រឿងអលង្ការ​នៅ​ទីក្រុង​ញូ​វយ​ក​ ​និង​អ្នក​លក់​ត្បូង​ធម្មជាតិ​ផ្គត់ផ្គង់​ត្បូងទទឹម​ ​និង​ត្បូង​មរកត​ដែល​នាំចូល​ពី​ប្រទេស​ឥណ្ឌា​ ​និង​អាហ្វ្រិក​។​

            ​ពី​មួយ​ម៉ូដ​ទៅ​មួយ​ម៉ូដ​សុទ្ធ​សឹង​ឆ្លុះបញ្ចាំង​ពី​ការ​ដក​ស្រង់​ពោរពេញទៅ​​ដោយ​គំនិត​ច្នៃ​ប្រតិដ្ឋ​។ ​ជា​ការពិត​ណាស់​នេះ​គឺជា​គំនិត​ចេញ​ម៉ូដ​ពី​បង​ប្អូនស្រី​បង្កើត​ទាំងពីរ​នេះ​តែម្តង​។​ ​សម្រាប់​ការ​ចេញ​ម៉ូដ​ ​អ៊ី​យេ​ន​ ​និយាយ​ថា​ “​យើង​ចាប់ផ្តើម​ពី​ការ​គូរ​ព្រាង​គំនូរ​ជា​ ​Sketch​, ​D​odd​l​e​ ​ឬ​ ​Scribble​ ​ដើម្បី​ចម្រាញ់​ម៉ូដ​។​ ​ជម្រើស​របស់យើង​ត្រូវតែ​យោង​ទៅលើ​អ្វី​ដែល​យើង​ចង់​បង្កើត​ថ្មី​ ​និង​ជា​របស់​គ្មាន​ពីរ ​(unique​) ​ដែល​តំណាង​ឲ្យ​សិល្បៈ​អង្គរ​។​ ​យើង​តែងតែ​ធ្វើការ​តេ​ស្ត​គ្រឿងអលង្ការ​ជានិច្ច​មុន​ពេល​សម្រេច​ចុងក្រោយ​ ​និង​ដាក់​លក់​។​ ​កា​រពាក់​ដោយ​ផាសុកភាព​គឺជា​រឿង​សំខាន់​បំផុត​សម្រាប់​ពួកយើង​។​”

            តាមរយៈ​ការ​បង្កើត​គ្រឿងអលង្ការ​ទាន់សម័យ​ដែល​មាន​លាយ​បញ្ចូល​ក្បាច់​ខ្មែរ​ដាក់​លក់​លើ​ទី​ផ្សារ​បរទេស​នេះ​ ​E​doE​yen​ ​មាន​គោលបំណង​ចម្បង​គឺ​ដើម្បី​លើកស្ទួយ​សិល្បៈ ​និង​វប្បធម៌​ខ្មែរ​ជាស​កល​។​ ​ហើយក៏​សង្ឃឹម​ថា​គ្រឿងអលង្ការ​ប្រភេទ​នេះ​នឹង​ធ្វើឲ្យ​បុគ្គល​ម្នាក់ៗ​មាន​អារម្មណ៍​កាន់តែ​ស្រស់​ស្អាត​ ​និង​មាន​មន្ត​ស្នេហ៍​គ្រប់​ថ្ងៃ​ទាំងអស់​។​ ​ពិសេស​វា​អាច​បង្កើត​ជា​ចំណាប់អារម្មណ៍​មួយ​ទៅលើ​កេរ​ដំ​ណែ​ល​ ​និង​ចាត់​ទុក​អលង្ការ​ជា​របស់​ជា​ទីស្រឡាញ់​ទុក​ប្រើ​បាន​រាប់​ឆ្នាំ​មិន​ចេះ​ហួសសម័យ​។​ ​គោលបំណង​ចម្បង​មួយទៀត​គឺ​ថែរក្សា​សិល្បៈ​ខ្មែរ​ដោយ​ឲ្យ​មនុស្ស​កាន់តែ​ច្រើន​បាន​ស្គាល់​ ​និង​ដឹង​ពី​ប្រភព​ដើម​ច្បាស់លាស់​។​ ​ឧស្សាហកម្ម​ហ្វេ​ហ្សិ​ន​មាន​ឥទ្ធិពល​ជាស​កល​ ​និង​មាន​តម្លៃ​ច្រើន​ពាន់​លាន​ដុល្លារ​ ​ហើយ​ការដែល​ប្រឹងប្រែង​តម្រង់​ទៅកាន់​ឧស្សាហកម្ម​នេះ​ ​ស្ថាបនិក​រំពឹង​ថា​អាច​ជា​ថ្នូរ​មួយ​ធ្វើឲ្យ​សិល្បៈ​មានការ​បង្ហាញ​តាមរយៈ​ការ​និយម​ប្រើប្រាស់​ ​ការ​ស្រឡាញ់​ពេញចិត្ត​ ​ទន្ទឹម​នឹង​ការបាន​ស្គាល់​ពី​សិល្បៈ​របស់​ខ្មែរ​។​

            ខណៈ​ ​E​doE​yen​ ​បង្ហាញខ្លួន​ទទួល​បាន​ប្រជាប្រិយភាព​ក្នុងរយៈពេល​ខ្លី​ ​មែនទែន​ទៅ​នៅ​ពេល​បង្កើត​ឡើងក៏​ជួប​ផល​លំបាក​មួយ​ចំនួន​ផង​ដែរ​។​ ​ការស្វែងរក​ក្រុម​ការងារ​ដែល​អាច​ជួយ​ធ្វើ​ម៉ូដ​ក្បាច់​ខ្មែរ​ឲ្យ​លេចចេញ​ជា​រូបរាង​ ​គឺជា​ឧបសគ្គ​មួយ​ដែល​ស្ថាបនិក​លើកឡើង​។​ ​ជាក់ស្តែង​ ​ដូចជា​ខ្សែក​ម៉ូដ​ក្បាច់​ខ្មែរ​គឺ​មាន​ភាព​ខុសប្លែក​ពី​ម៉ូដ​ខ្សែក​ធម្មតា​ដែល​មាននៅ​ទីក្រុង​ញូ​វយ​ក​។​ ​ស្ថាបនិក​ថា​ ​អ្នក​រចនា​ក្រាហ្វិក​ខាង​ ​CAD​ ​និង​ជាងទង​ភាគច្រើន​មិន​ចង់​ជួយ​ក្នុង​ការ​ឌី​ហ្សា​ញ​នេះ​ទេ​ ​ពីព្រោះ​ពួកគេ​គិតថា​វា​មាន​ភាព​ស្មុគ​ស្មាញ​ ​សំខាន់​វា​ថ្មី​សម្រាប់​ពួកគេ​ ​ហើយ​ពួកគេ​មិន​ចង់​ចំណាយ​ពេល​បន្ថែម​ដើម្បី​ជួយ​ក្នុង​ការស្រាវជ្រាវ​ ​និង​ដំណើរការ​ច្នៃ​ម៉ូដ​ឡើយ​។​ ​ដូច​នៅ​ពេល​ចាប់ផ្តើម​ជាមួយ​ចន​ត្រចៀក​ម៉ូដ​នាងនាគ​ (N​e​an​g​ N​e​a​k) ​និង​ក្បាំង ​(K​bang​ ​crown​) ​ស្ថាបនិក​បាន​ព្យាយាម​ច្រើនលើកច្រើនសា​រ​ទម្រាំ​ស្វែងរក​បាន​អ្នក​រចនា​ក្រាហ្វិក​ខាង​ ​CAD​ ​ដើម្បី​ជួយ​យកគំនិត​ក្បាច់​ខ្មែរ​ដាក់​ចូល​ទៅ​ក្នុង​ការរចនា​រាប់​តាំងពី​ការ​គូរ​ ​Sketch​e​s ​រហូតដល់​ធ្វើជា​ឯកសារ​រូបភាព​ឌី​ជី​ថល​។​

            បច្ចុប្បន្ន​ថ្វីបើ​ ​E​doE​yen​ ​មិនទាន់​មាន​ជា​ហាង​លក់​នៅឡើយ​ ​ប៉ុន្តែ​អតិថិជន​អាច​ចូល​ទៅ​មើល​ម៉ូដ​ ​និង​បញ្ជាទិញ​តាមរយៈ​គេហទំព័រ​ ​w​w​w​.​e​doe​yen​.​co​m​។​ ​សម្រាប់​ឆ្នាំ​ ​២​០​២​២​ ​នេះ​ ​ស្ថាបនិក​ ​E​doE​yen​ ​ឲ្យដឹង​ដែរ​ថា​ ​ខ្លួន​កំពុង​គម្រោង​បញ្ចេញ​ម៉ូដ​គ្រឿងអលង្ការ​បន្ថែម​ទៀត​ដូចជា​ ​ចិញ្ចៀន​ត្បូង ​(​T​bu​an​g​ ​ring​) ​ជាដើម​។​ ​លើស​ពី​នេះ​ក៏​កំពុង​ធ្វើការ​ទៅលើ​ម៉ូដ​ជាច្រើន​ទៀត​ដើម្បី​បំពេញ​ខូឡិ​ក​ហ្សិ​ន​បំពាក់​លើ​ដៃ​ដូចជា​ប្រភេទ​កងដៃ​ Rou​m​ ​D​a​i​ ​Palm​ ​Cuff​ ​និង​ K​h​on​g​ ​d​a​i​ ​Bangle​។​ ​មួយទៀត​ជា​គម្រោង​ធ្វើ​ខូឡិ​ក​ហ្សិ​នទី​៣​ ​ដែល​ផ្តោត​ទៅលើ​ដងខ្លួន​ដោយ​ចាប់ផ្តើម​ពី​ខ្សែក​ ​ស្នាប់ដៃ​ ​និង​ខ្សែ​ជើង​-​ល​-​។​ ​ដោយឡែក​ ​សម្រាប់​គោលដៅ​នា​ពេល​អនាគត​ស្ថាបនិក​ចង់ឲ្យ​គ្រឿងអលង្ការ​របស់​ខ្លួន​ចូល​ទៅ​ក្នុង​ក​ម្រិ​ត​ហាង​ប្រណីត​ធំ​ៗ​លំដាប់​ខ្ពស់​ ​និង​ចុងក្រោយ​បើក​ជា​ហាង​ប៊ូ​ក​ទិ​ក​ផ្ទាល់ខ្លួន​។​ ​ក្រៅពី​អលង្ការ​ស្ថាបនិក​ក៏​ចង់​ពង្រីក​ការ​ផលិត​ផលិតផល​ផ្សេងទៀត​ដោយ​ដាក់​ក្បាច់​ខ្មែរ​រចនា​ទៅលើ​សម្ភារ​តុបាយ​ប្រណីត​ដូចជា​ឈុត​សម​ស្លាបព្រា​ជាដើម​៕​

Article by HEM SOKKHIM


SUGGESTIONS