«ឧកញ៉ា ឃ្លាំងមឿង» ខ្សែភាពយន្តគំនូរជីវចលដំបូងឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រខ្មែរ
NEWS one year agoខ្សែភាពយន្តគំនូរជីវចលច្រើនប្រភេទត្រូវបាននិពន្ធ និងផលិតឡើងយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីក្លាយជាទស្សនីយភាពដ៏ល្អឯកសម្រាប់អ្នកទស្សនាគ្រប់វ័យស្វែងយល់ពីគន្លឹះដោះស្រាយបង្ហាញនានាទាក់ទងនឹងទិដ្ឋភាពសង្គម ប្រវត្តិសាស្ត្រ ក៏ដូចជាការអប់រំដែលស្ថិតនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃផងដែរ។ តួយ៉ាង ខ្សែភាពយន្តគំនូរជីវចលទាំងនោះគេសង្កេតឃើញថាស្នាដៃរបស់ជនបរទេសមានការចាក់ផ្សាយស្ទើរតែគ្រប់ទីកន្លែងនៅក្នុងប្រទេសគួរឲ្យកត់សម្គាល់ដូច្នេះ ដើម្បីជាផ្នែកមួយដែលធ្វើឲ្យប្រជាជនខ្មែរងាកមកគាំទ្រស្នាដៃការផលិតរបស់ខ្មែរជាជាងបរទេសពីអ្នកដឹកនាំខ្មែរមួយរូបបានបង្ហាញពីសមិទ្ធផលមួយដ៏លេចធ្លោក្រោមចំណងជើងថា «ឧកញ៉ា ឃ្លាំងមឿង»។
ជំនួបជាមួយនឹងលោក ហេង លីម ដែលមានចំណេះជំនាញក្នុងវិស័យថតកុន និងជាអ្នកដឹកនាំថតពាណិជ្ជកម្មទូរទស្សន៍ឯករាជ្យមួយរូប (Freelancer Director Ads TV) បានបង្ហើប សូវរីន ឲ្យដឹងផងថា ការផលិតខ្សែភាពយន្តគំនូរជីវចល «ឧកញ៉ា ឃ្លាំងមឿង» មានការចូលរួមសមាជិកចំនួន ៣ រូប ដោយសមាជិកម្នាក់ៗមានទំនួលខុសត្រូវ និងជំនាញខុសៗគ្នាផងដែរ។ ជាក់ស្តែង លោក រិទ្ធ សុចិត្រា ជាប្រធានគ្រប់គ្រងតួអង្គ 3D (3D Modeler Lead) លោក ពុំ សុធារ័ត្ន ជាប្រធានដឹកនាំផ្នែកគំនូរជីវចល (Animation Lead) និងលោកផ្ទាល់ជា អ្នកដឹកនាំ (Director)។ ខ្សែភាពយន្តខ្លីដែលមានរយៈពេល ១២ នាទីជាងនេះ ជាខ្សែភាពយន្តគំនូរជីវចលដំបូងនៅក្នុងប្រទេសកម្ពុជាដែលមានការត្រួតពិនិត្យសម្រិតសម្រាំងយ៉ាងល្អិតល្អន់ ដើម្បីប្រាកដថាខ្សែភាពយន្តខ្លីនេះពុំមានកំហុសខុសឆ្គងណាមួយដែលខុសពីប្រវត្តិសាស្ត្រជាក់ស្តែងដែលនឹងធ្វើឲ្យមានការភ័ន្តច្រឡំទៅកាន់អ្នកទស្សនាឡើយ។ ទន្ទឹមនឹងនេះ លោក ហេង លីម ដែលជាអ្នកដឹកនាំផ្ទាល់ក៏បានបង្ហាញឲ្យដឹងថា «ការផលិតខ្សែភាពយន្តខ្លីៗនៅក្នុងប្រទេសនៅមានកម្រិតនៅឡើយ តួយ៉ាង ដូចជាខ្សែភាពយន្តគំនូរជីវចលនេះជាដើម»។
លោកបានបញ្ជាក់ «ការសម្រេចចិត្តនៅក្នុងការផលិតនេះគឺមានកត្តាបីយ៉ាងធំៗ ទីមួយនោះគឺជាចំណង់ចំណូលចិត្តរបស់ខ្លួនម្នាក់ៗដែលស្រឡាញ់ Animation ទីពីរនោះ ការក្រឡេកឃើញនៅកង្វះខ្វះខាតនៃការផលិតខ្សែភាពយន្តគំនូរជីវចលនៅក្នុងប្រទេស និងមួយទៀតនោះគឺចង់លើកទឹកចិត្តដល់សិស្សប្អូនជំនាន់ក្រោយមានគំនិតច្នៃប្រតិដ្ឋក្នុងការបង្កើតគំនិតថ្មីៗដែលទាក់ទងនឹងវិស័យខ្សែភាពយន្ត»។ យ៉ាងណាមិញ តាមរយៈលោក លីម ដែលគ្រប់គ្នាស្គាល់ថា Will បានបង្ហាញឲ្យដឹងពីផលលំបាកមួយចំនួននៃការផលិតខ្សែភាពយន្តគំនូរយ៉ាងដូច្នេះថា «ការស្វែងរកប្រភពព័ត៌មានច្បាស់លាស់ ការធ្វើទំនាក់ទំនងជាមួយនឹងសមាជិកក្រុមគឺជាកត្តារាងស្ទះ និងជាផលលំបាកយ៉ាងខ្លាំង ខ្ញុំត្រូវស្វែងរកប្រភពព័ត៌មានជាច្រើន ដើម្បីប្រាកដថាព័ត៌មាននោះពិតជាត្រឹមត្រូវទៅតាមប្រវត្តិសាស្ត្រជាក់ស្តែង ហើយមួយវិញទៀតគម្រោងនេះបានចាប់ផ្តើមក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ ១៩ ដែលសមាជិករបស់ពួកយើងខ្លះមានបញ្ហានឹងសុខភាព គាត់ត្រូវការពេលវេលាសម្រាកថែទាំសុខភាពដូច្នេះដែរ។ មួយវិញទៀតនោះគឺការកង្វះខាតនូវឧបករណ៍ប្រើប្រាស់ ដោយយើងដឹងហើយថាការងារទាក់ទងនឹងបច្ចេកទេសគឺតែងមានបញ្ហាបន្តិចបន្តួច ទោះបីជាទាំងអស់នេះជាបញ្ហារាំងស្ទះក៏ពិតមែន ប៉ុន្តែយើងនៅតែព្យាយាមបន្តការងារនេះរហូតទទួលបានជាសមិទ្ធផលដ៏ល្អបំផុតដែលជាស្នាដៃរបស់ខ្មែរ។»
ជាចុងក្រោយ អ្នកដឹកនាំឯករាជ្យមួយរូបនេះនៅតែបន្តលើកទឹកចិត្តដល់សិស្សប្អូនជំនាន់ក្រោយដែលស្រឡាញ់ការថតខ្សែភាពយន្តគ្រប់ប្រភេទឲ្យបន្តនូវស្នាដៃ ក៏ដូចជាការខិតខំប្រឹងប្រែងរបស់ខ្លួន ទោះបីជាមានឧបសគ្គយ៉ាងណាក៏ដោយ។ ជាមួយគ្នានេះ ខ្សែភាពយន្តគំនូរជីវចល «ឧកញា៉ ឃ្លាំងមឿង» ក៏ទទួលបានការឧបត្តម្ថ និងគាំទ្រពីក្រុមហ៊ុនទូរស័ព្ទដៃ «SMART»។ លោកអ្នកក៏អាចតាមដានព័ត៌មានបន្ថែមទៀតតាមរយៈគណនីបណ្តាញសង្គមផ្លូវការរបស់ «ឧកញ៉ា ឃ្លាំងមឿង» នេះផងដែរ៕
Article by PAN SIVLY
Lim Heng (Will) Director
Pum Sothearoth (TR) Animation lead, Sil animation studio
Rith Sochetra (Leon) 3D modeler lead, Sil animation studio