×

ជិះ​ឡូរី​បា​ណ​ន់​ ញ៉ាំបាយ​នៅ​ស្ពាន​យោល​ចង្ហូរ​ថ្ម​ ​និង​ថតរូប​ស្អាត​ៗ​នៅ​ច្បារ​មាត់​ស្ទឹង​

TRAVEL & LIVING a month ago
 
 

                ក្រៅពី​តំបន់​ភ្នំ​សំពៅ​ ​អ្នកទេសចរ​មក​ពីគ្រប់ទិស​ទី​និយម​ធ្វើដំណើរ​ក​ម្សាន្ត​ទៅកាន់​តំបន់​ភ្នំ​បា​ណ​ន់ ​ក្នុងស្រុក​បា​ណ​ន់ ​ចម្ងាយ​ជាង​២​០​គីឡូម៉ែត្រ​ ​ខាងត្បូង​ក្រុង​បាត់​ដំបង​ ​ក​ម្រ​ខកខាន​ណាស់​ ​ដោយសារតែ​តំបន់​នេះ​មាន​រមណីយដ្ឋាន​ភ្នំ​បា​ណ​ន់​ដែល​មាន​ប្រាសាទបុរាណ​នៅ​លើ​កំពូលភ្នំ​ជាគោល​ ​ល្បី​រន្ទឺ​គ្រប់​ជំនាន់​ ​ហើយក៏​មាន​រមណីយដ្ឋាន​ធម្មជាតិ​-​កែច្នៃ​តូច​ធំ​ថ្មី​ចាស់​ជាច្រើន​សងខាងផ្លូវ​ស្របតាម​បណ្តោយ​ស្ទឹងសង្កែ​ ​ដូចជា​ ​កន្លែង​ជិះ​ឡូរី​ជើងភ្នំ​បា​ណ​ន់ ​ចម្ការ​ទំពាំងបាយជូរ​ ​ឬ​​ផ្ទះ​ផ្កា​ ​Beg​on​i​a​ ​សួន​ផ្កា​នៃ​ក្តី​ស្រលាញ់​ ​ទំនប់​ក​ង្ហ​ត​ ​ស្ពាន​យោល​ចង្ហូរ​ថ្ម​ ​និង​កន្លែង​ទស្សនា​សត្វ​ជ្រឹង​ក្នុង​វត្ត​បាយ​ដំរាំ​ ​ជាដើម​។​ ​ក្រុម​ការងារ​សូវ​រី​ន​បាន​ឆៀងចូល​សួន​ឡូរី​ជើងភ្នំ​បា​ណ​ន់​ដែល​មាន​ច្រក​ចូល​តាម​ខ្លោងទ្វារ​ចូល​សាលាស្រុក​បា​ណ​ន់ ​ចម្ងាយ​ប្រហែល​២​០​០​-​៣​០​០​ម៉ែត្រ​ពី​ផ្លូវ​ធំ​។​ ​ទើប​តែ​ដើម​ឆ្នាំ​២​០​១​៨​ទេ​ដែល​សួន​ឡូរី​នេះ​បាន​បើក​ដំណើរការ​ទទួល​ភ្ញៀវ​ទេសចរ​ ​ដែល​កាលពីមុន​ភ្ញៀវ​ទេសចរ​ច្រើនតែ​ជា​ជនបរទេស​ ​ដែល​ចង់​ជិះ​ឡូរី​ក​ម្សាន្ត​ត្រូវ​ទៅ​ជិះ​នៅ​ស្ថា​នី​យ៍​អូរ​ដំបង​ ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​ចាស់​ ​ក្នុង​ទិសដៅ​អូរ​ដំបង​-​អូរ​ស្រឡៅ​ ​ក្នុង​ឃុំ​អូរ​ដំបង​២​ ​ស្រុក​សង្កែ​ ​ឯណោះ​។​ ​ប៉ុន្តែ​ចាប់តាំង​ពី​មានការ​បង្កើត​ខ្សែ​ឡូរី​ថ្មី​ក្នុង​ភូមិ​សា​ស្រ្ត​ជើងភ្នំ​បា​ណ​ន់​ដែល​ជាគោល​ដៅ​ទេសចរណ៍​ល្បី​ប្រចាំ​ខេត្ត​ស្រាប់​នេះ​មក​ ​ឃើញ​ថា​មាន​ភ្ញៀវ​ទេសចរ​ភាគច្រើន​ជា​ជន​ជាតិខ្មែរ​យើង​បាន​ចូល​មក​ជិះ​ក​ម្សាន្ត​ជា​រៀងរាល់ថ្ងៃ​មិនចេះដាច់​។​

            សំបុត្រ​ឡូរី​មាន​តម្លៃ​ ​១​ម៉ឺន​រៀល​សម្រាប់​ភ្ញៀវ​ខ្មែរ​ ​និង​​៥​ ​ដុល្លារ​សម្រាប់​ភ្ញៀវ​បរទេស​ (​មិន​គិតថ្លៃ​សម្រាប់​កុមារ​ក​ម្ពស់​ក្រោម​ ​១​.​២​០​ម៉ែត្រ​)​។​ ​ជាមួយ​តម្លៃ​នេះ​ ​ភ្ញៀវ​ម្នាក់ៗ​អាច​ជិះ​ឡូរី​ទៅមក​ជា​ក្រុម​ប្រកបដោយ​សុវត្ថិភាព​ក្នុង​ចម្ងាយ​ផ្លូវ​៤​គីឡូម៉ែត្រ​ ​ចំណាយ​ពេល​ប្រហែល​២​០​នាទី​។​ ​ហួស​ភ្នំ​បា​ណ​ន់​មក​ត្បូង​បន្តិច​ ​យើង​នឹង​ទៅដល់​រមណីយដ្ឋាន​ស្ពាន​យោល​ចង្ហូរ​ថ្ម​ដែល​កំពុង​មាន​ប្រជាប្រិយភាព​ពីសំណាក់​ប្រជាជន​ក្នុង​តំបន់​ ​ជា​ទីតាំង​អាច​ងូតទឹក​ស្ទឹង​លេង​ ​ឆ្លងស្ពាន​យោល​ ​និង​បរិភោគអាហារ​ក្នុង​តូប​ជាប់មាត់​ស្ទឹង​ ​ដែល​មាន​ទិដ្ឋភាព​ជា​រួម​ស្រដៀងនឹង​រមណីយដ្ឋាន​អំពែ​ភ្នំ​ដែរ​។​

            ក្រោយ​ពី​បាន​ជិះ​ឡូរី​ដែល​ជា​អត្តសញ្ញាណ​យានជំនិះ​ប្រចាំ​ខេត្ត​នេះ​រួច​ ​ក្រុម​ការងារ​សូវ​រី​ន​បាន​ឆ្លងស្ទឹង​មកកាន់​ត្រើយម្ខាង​ទៀត​តម្រង់​មក​ទឹកដី​ភូមិ​កំពង់​ឆ្លង​ ​ឃុំ​វត្ត​តា​មិ​ម​ ​ស្រុក​សង្កែ​ ​ជិត​សាលាបឋមសិក្សា​បួរ​ខ្នា​។​ ​គោលបំណង​របស់យើង​គឺ​ឆៀងចូល​មក​ទស្សនា​រមណីយដ្ឋាន​កែច្នៃ​ថ្មី​បន្ថែម​លើ​សម្រស់​ដង​ស្ទឹងសង្កែ​ដ៏​ពិសិដ្ឋ​ ​នោះ​គឺ​សួន ​«​ច្បារ​មាត់​ស្ទឹង​»​ ​។​ ​លាតសន្ធឹង​លើ​ទំហំផ្ទៃ​ដី​១​ ​ហិកតា​ ​សួន​ផ្កា​ចម្រុះ​ពណ៌​ដ៏​ស្រស់​ស្អាត​របស់​អ្នកស្រី​ ​ទែន​ ​ច​ន្ធូ ​ម្ចាស់​ទីតាំង​ដែល​សម្លឹង​ឃើញ​នូវ​សក្តានុពល​ធម្មជាតិ​នៃ​តំបន់​នេះ​ ​ថ្នាល​ផ្កា​ជាច្រើន​ប្រភេទ​ត្រូវ​បាន​ដាំ​ដុះ​ ​រួម​មាន​អា​ទិ៍ ​ផ្កា​កំពីងពួយ​ពណ៌​ស​ ​ផ្កា​កំពីងពួយ​ពណ៌ស្វាយ​ ​ផ្កាសិរមាន់​ក្រហម​ ​និង​ ​ផ្កា​ម៉ូ​ឡែ​ត​ពណ៌​ផ្កាឈូក​ (​Common​ ​Z​inn​i​a​)​។​ ​ក្រោយពេល​ចូលឆ្នាំ​ខ្មែរ​រួច​ ​ផ្កា​ស្បៃរឿង​ដែល​ទើបនឹង​ដាំ​ថ្មី​ក៏​ត្រៀម​នឹង​រីក​ញញឹម​ចាំ​ទទួលស្វាគមន៍​ភ្ញៀវ​ទេសចរ​ទាំងឡាយ​ ​គួរឲ្យ​ចង់​ទៅ​មើល​ឲ្យបាន​ផ្ទាល់​ភ្នែក​ណាស់​។​ ​ក្រៅពី​សម្រស់​ផ្កា​គ្រប់​ប្រភេទ​នៅ​ទីនោះ​ភ្ញៀវ​ទៅដល់​និយម​ថតរូប​លេង​ក​ម្សាន្ត​នៅ​លើរាន​ខ្ពស់​អង្គុយ​គយគន់​ទេសភាព​មាត់​ស្ទឹង​នា​ពេលល្ងាច​ ​ព្រមទាំង​ទទួលទាន​អាហារ​បែប​ជនបទ​ដូចជា​ ​ឈុត​មាន់​ស្រែ​ (​តម្លៃ​៥​ម៉ឺន​រៀល​) ​និង​​ប្រហុក​ជ្រុ​ញ​ (​តម្លៃ​១​ម៉ឺន​រៀល​) ​ជាដើម​ ​ក្រោម​បរិយាកាស​ស្រស់ស្រាយ​ជាមួយនឹង​ខ្យល់ជំនោរ​មាត់​ស្ទឹង​ធម្មជាតិ​។​ ​តម្លៃ​សម្រាប់​ភ្ញៀវ​ចូល​ថតរូប​លេង​ដោយសេរី​គឺ​ត្រឹមតែ​ ​៣​០​០​០​ ​រៀល​/ ​ម្នាក់​ ​ប៉ុណ្ណោះ​៕​

Article by SRIN SOKMEAN


SUGGESTIONS