×

​វិចិត្រករ​ ​សួ​ ​គឹម​សាន​ ​សម្រេច​បន្ត​ថ្នាក់​អនុ​បណ្ឌិត​គំនូរ​ដើម្បី​អភិវឌ្ឍ​សមត្ថភាព​វិជ្ជាជីវៈ​ក​ម្រិ​ត​ខ្ពស់​

NEWS 2 years ago
 
 

            ក៏​ព្រោះតែ​ការ​ស្រលាញ់​ ​និង​មាននិស្ស័យ​ផ្នែក​សិល្បៈគំនូរ​ ​បុរស​សម្បុរ​ស្រអែម​មួយ​រូប​មាន​ស្រុកកំណើត​មកពី​ខេត្ត​កណ្តាល​ ​បាន​ព្យាយាម​សិក្សា​រៀនសូត្រ​ ​និង​ស្រាវជ្រាវ​គ្រប់យ៉ាង​អំពី​គំនូរ​រហូត​ក្លាយ​ជា​វិចិត្រករ​ដ៏​ប៉ិនប្រសប់​ម្នាក់​។​ ​លោក​ ​សួ​ ​គឹម​សាន​ ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​សិល្បករ​ដែល​មាន​ជំនាញ​ខាង​ផ្នែក​គំនូរ​ប្រេង​។​ ​ថ្វីបើ​ជា​វិចិត្រករ​ពោរពេញ​ទៅ​ដោយ​ជំនាញ​ ​ប៉ុន្តែ​ការ​ឈាន​មកដល់​ចំណុច​នេះ​នៅ​មិនទាន់​គ្រប់គ្រាន់​សម្រាប់​ក្តី​ស្រមៃ​របស់​លោក​ឡើយ​។​ ​ជាក់ស្តែង​បច្ចុប្បន្ន​លោក​បាន​កំពុង​បន្ត​ការសិក្សា​ថ្នាក់​អនុ​បណ្ឌិត​ទៅលើ​ជំនាញ​គំនូរ​បន្ថែម​ ​ដើម្បី​អភិវឌ្ឍ​សមត្ថភាព​ខ្លួន​ឆ្ពោះទៅ​លំដាប់​ខ្ពស់​មួយ​ក​ម្រិ​ត​ទៀត​។​

            ​ផ្តើម​ចេញពី​ការពើបប្រទះ​កើតជា​ការ​ស្រលាញ់​ ​កាលពី​អាយុ​៧​ឆ្នាំ​ ​ពេល​ចេញពី​រៀន​ទៅ​ឃ្វាលគោ​ ​កុមារ​ ​សួ​ ​គឹម​សាន​ ​តែងតែ​ទៅលេង​វត្ត​នៅក្បែរ​ផ្ទះ​ជា​ញឹកញយ​។​ ​បីដូច​ជា​និស្ស័យ​ ​ពេល​បានឃើញ​គំនូរ​នៅ​លើ​ជញ្ជាំង​ ​និង​ពិតាន​ពី​ជ្រុង​ម្ខាង​ទៅ​ជ្រុង​ម្ខាង​នៃ​ព្រះវិហារ​ ​កុមារ​ម្នាក់​នេះ​ហាក់​កើត​ចិត្ត​ប្រតិ​ព័ទ្ធ​យ៉ាង​ខ្លាំង​ទៅលើ​គំនូរ​ទាំងនោះ​។​ ​ដោយមាន​មហិច្ឆតា​ទាំង​វ័យក្មេង​ ​ឲ្យតែ​រាល់​ពេល​លោកគ្រូ​អ្នក​គ្រូ​ឲ្យ​សរសេរ​សំណេរ​ ​ឬ​និយាយ​អំពី​គោលបំណង​ទៅ​ថ្ងៃ​អនាគត​ ​គឹម​សាន​ ​តែង​រៀបរាប់​ថា​ខ្លួន​ចង់​ក្លាយទៅជា​សិល្បករ​គំនូរ​មួយ​រូប​ ​ហើយ​បំណង​នេះ​ក៏​តែង​ចិញ្ចឹម​ចិត្ត​គឹម​សាន​ថា​ថ្ងៃណាមួយ​ខ្លួន​នឹង​ក្លាយ​ជា​វិចិត្រករ​ឲ្យ​ទាល់តែ​បាន​។​

Image Courtesy: ​សួ​ ​គឹម​សាន

            មិនបាន​ប៉ុន្មាន​ដំណើរ​ក្តី​សុបិន​ក៏បាន​រំកិល​មកដល់​។​ ​ក្រោយ​បញ្ចប់​ថ្នាក់​បាក់ឌុប​ ​គឹម​សាន​ ​ទទួល​បាន​អាហារូបករណ៍សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​គំនូរ​វិចិត្រកម្ម​ ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​រាជធានី​ក្រុងភ្នំពេញ​។​ ​អំឡុង​ពេល​កំពុង​សិក្សា​ឆ្នាំ​ទី​២​ ​និស្សិត​រូប​នេះ​បាន​ចូល​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​មួយទៀត​នៅ​សាកលវិទ្យាល័យ​ន័​រ​តុ​ន​ ​ដោយ​ចាប់​ជំនាញ​ផ្នែក​អក្សរ​សា​ស្រ្ត​អង់គ្លេស​។​ ​ជីវិត​ជា​និស្សិត​ ​ខិតខំ​រៀន​បណ្តើរ​ ​ធ្វើការងារ​ពេញ​ម៉ោង​បណ្តើរ​ ​ហើយក៏​ឆ្លៀត​គូរ​គំនូរ​បណ្តើរ​ ​ដើម្បី​បាន​ប្រាក់​ខ្លះ​គ្រាន់​ផ្គត់ផ្គង់​ជីវភាព​ ​ក៏ដូចជា​ការសិក្សា​។​ ​តាមរយៈ​ការ​ខិតខំ​ប្រឹងប្រែង​ ​ជា​លទ្ធផល​នៅ​ក្នុង​ឆ្នាំ​២​០​១​៤​ ​គឹម​សាន​ ​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​គំនូរ​វិចិត្រកម្ម​ជាស្ថាពរ​ ​និង​រួចមក​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​អក្សរ​សា​ស្រ្ត​អង់គ្លេស​នៅ​ឆ្នាំ​២​០​១​៦​។​

            មែនទែន​ទៅ​ ​គឹម​សាន​ ​បាន​បង្កើត​ស្នាដៃ​គំនូរ​មាន​គេ​ស្គាល់​បន្តបន្ទាប់​តាំងពី​ឆ្នាំ​ ​២​០​១​២​ម្ល៉េះ​ ​ពោល​គឺ​អំឡុង​ពេល​លោក​កំពុង​សិក្សា​ឆ្នាំ​ទី​២​ ​ហើយ​គ្រានោះ​ក៏​ជា​ពេល​ដែល​លោក​រក​ប្រាក់​បាន​ពី​ការ​គូរ​គំនូរ​លើកដំបូង​ផង​ដែរ​។​ ​លោក​បាន​រំឭក​ថា​ “​គ្រានោះ​ខ្ញុំ​ជួប​ផល​លំបាក​គួរសម​ ​ខ្ញុំ​ត្រូវធ្វើ​ការ​ពេញ​ម៉ោង​ពីព្រឹក​ដល់​ល្ងាច​ ​និង​ត្រូវ​បន្ត​ទៅ​រៀន​វេន​យប់​ ​ហើយ​ថែមទាំង​ចំណាយ​ពេល​ទៅលើ​អាជីព​ជា​វិចិត្រករ​។​ ​ដូច្នេះ​ហើយ​ខ្ញុំ​មិនសូវ​មាន​ពេលវេលា​គ្រប់គ្រាន់​នោះ​ទេ​ ​ព្រោះ​ត្រូវ​បែកចែក​ពេលវេលា​ដើម្បី​ធ្វើការ​ផង​ ​រៀន​ផង​ ​និង​គូរ​គំនូរ​ផង​។​” ​លោក​បន្ត​ទៀត​ថា​ ​ចំពោះ​គំនូរ​លោក​មិន​ត្រឹមតែ​រៀន​នៅ​សាកលវិទ្យាល័យ​ប៉ុណ្ណោះ​ទេ​ ​លោក​បាន​រៀន​បន្ថែម​នៅ​សាលាវិចិត្រសិល្បៈ​ ​យ៉ា​ម៉ា​ដា​ ​ចាប់តាំង​ពី​ឆ្នាំ២០១៣​ ​ដល់​ឆ្នាំ​២​០​១​៨​ ​រហូត​បាន​ក្លាយ​ជា​គ្រូបង្រៀន​គំនូរ​នៅ​ទីនោះ និង​បម្រើ​ការងារ​តាម​អង្គការ​នានា​ផ្សេង​ទៀត​ផងដែរ​។​

            ថ្វីបើ​បាន​សម្រេច​ក្តី​ស្រមៃ​ជា​វិចិត្រករ​ ​តែ​ការ​ឈាន​មកដល់​ចំណុច​នេះ​នៅ​មិនទាន់​សមប្រកប​នឹង​មហិច្ឆតា​របស់​សិល្បករ​ ​សួ​ ​គឹម​សាន​ ​នោះ​ឡើយ​។​ ​លោក​បាន​ព្យាយាម​រិះរក​វិធី​អភិវឌ្ឍ​ខ្លួនឯង​ ​ដោយ​ស្វែងរក​អាហារូបករណ៍​ថ្នាក់​អនុ​បណ្ឌិត​ខាង​គំនូរ​បន្ថែម​ទៀត​។​ ​លោក​បាន​ដាក់​អាហារូបករណ៍​ទៅក្រៅ​ប្រទេស​ជា​ច្រើនលើកច្រើនសា​រ​ ​តែ​បីដូច​ជា​មិន​មានការ​ឆ្លើយតប​ពី​ខាងណា​មួយ​ឡើយ​។​ ​ក្រោយមក​នៅ​ក្នុង​ឆ្នាំ​២​០​២​១​ ​ខណៈ​នៅ​ក្នុង​ប្រទេស​យើង​មានបើ​ក​វគ្គសិក្សា​ថ្នាក់​អនុ​បណ្ឌិត​ខាង​ផ្នែក​គំនូរ​លើកដំបូង​នៅ​រាជបណ្ឌិតសភា​កម្ពុជា​ ​លោក​ក៏បាន​សម្រេច​ចិត្ត​ចូលរៀន​ជំនាន់​ទី​១​ពី​ពេល​នោះ​មក​។

            “​ខ្ញុំ​ចង់​ដឹង​ចង់​យល់​ពី​វា​ឲ្យ​កាន់តែ​ស៊ី​ជម្រៅ​ ​ហើយ​ចង់​ដឹង​ថា​តើ​ការ​រៀន​ថ្នាក់​អនុ​បណ្ឌិត​ផ្នែក​គំនូរ​នេះ​គេ​សិក្សា​បែប​ណា​ ​មាន​ការស្រាវជ្រាវ​អ្វីខ្លះ​? ​ណាមួយ​ខ្ញុំ​ដឹង​ថា​អាជីព​ជា​ជាងគំនូរ​នេះ​វា​នឹង​នៅ​ជាមួយ​ខ្ញុំ​រហូតដល់​ចាស់​ ​ទើប​ខ្ញុំ​នៅតែ​មានចិត្តចង់​រៀន​ពី​វា​បន្ថែម​ ​ដើម្បី​អភិវឌ្ឍ​សមត្ថភាព​ឲ្យ​ឆ្ពោះទៅ​លំដាប់​មួយ​ក​ម្រិ​ត​ទៀត​។​”​លោក​ ​សួ​ ​គឹម​សាន​បាន​លើកឡើង​។​

            បើ​និយាយ​ពី​ការ​ប្រឡូក​ក្នុង​វិ​ស័​យ​គំនូរ​ ​កន្លងមក​លោក​បាន​ចូលរួម​បង្ហាញ​ស្នាដៃ​ជាមួយ​ក្រុម​សិល្បករ​ដទៃ​តាមរយៈ​កម្មវិធី​ពិព័រណ៍​ជាច្រើន​។​ ​ក្នុង​នោះ​កម្មវិធី​សំខាន់​ៗ​រួម​មាន​ ​ពិព័រណ៍​ ​«​Memory​»​ ​នៅ​មជ្ឈមណ្ឌល​បុប្ផា​ណា​ដែល​ធ្វើឡើង​ជា​ក្រុម​រៀបចំ​ឡើង​ដោយ​លោក​ផ្ទាល់​ ​និង​ធ្វើឡើង​រៀងរាល់​មួយ​ឆ្នាំ​ម្តង​, ​ពិព័រណ៍​ ​«​សិល្បៈ​វប្បធម៌​ជាតិ​ ​គំនូរ​វិចិត្រកម្ម​ពណ៌​ទឹក​ ​២​០​២​២​»​ ​នៅ​សាល​មហោស្រព​ចតុ​មុខ​ ​ដែល​ទើប​តែ​បញ្ចប់​កាលពី​ពេលថ្មីៗនេះ​។​ ​លើស​ពី​នេះ​ ​លោក​បាន​យក​ស្នាដៃ​ទៅ​ដាក់​បង្ហាញ​នៅ​ក្រៅ​ប្រទេស​ផង​ដែរ​រួម​មាន​ ​ប្រទេស​ជប៉ុន​ ​កូរ៉េ​ខាងត្បូង​ ​និង​ចិន​ជាដើម​។​
​តាមរយៈ​សូវ​រី​ន​ ​លោក​​​មាន​ជា​ពាក្យពេចន៍​ផ្តាំផ្ញើ​ដែរ​ថា​ “​ជាដំបូង​ខ្ញុំ​សូម​លើកទឹកចិត្ត​ដល់​អ្នក​ដែល​ស្រលាញ់​ផ្នែក​គំនូរ​ ​និង​ប្អូន​ៗ​ជំនាន់​ក្រោយ​ ​ប្រសិនបើ​យើង​ដាក់ចិត្ត​ថា​ស្រលាញ់​វា​ហើយ​ ​សូម​ប្រឹងប្រែង​រៀនសូត្រ​ ​ស្រាវជ្រាវ​ពី​វា​ឲ្យបាន​ច្រើន​។​ ​ត្រូវ​ពង្រឹង​សមត្ថភាព​ខ្លួនឯង​ ​កាលណា​យើង​មាន​សមត្ថភាព​ ​មាន​ជំនាញ​ពិតប្រាកដ​គេ​នឹង​មើលឃើញ​យើង​មិនខាន​។​ ​មួយវិញទៀត​ខ្ញុំ​សូម​សំណូមពរ​ដល់​ក្រសួង​ ​និង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ជួយ​លើក​តម្កើង​វិ​ស័​យ​សិល្បៈគំនូរ​នេះ​ ​ដោយ​បង្កើត​ជា​កម្មវិធី​ផ្សេងៗ​ដូចជា​ ​ពិព័រណ៍​គំនូរ​ ​ឬ​ការប្រកួតប្រជែង​ស្នាដៃ​ជាដើម​ ​ដើម្បី​ជំរុញ​ឲ្យ​មហាជន​កាន់តែ​យល់​ដឹង​ពី​វិ​ស័​យ​នេះ​។​ ​មួយវិញទៀត​ ​គួរ​បញ្ចូល​មុខវិជ្ជា​នេះ​ទៅ​ថ្នាក់​សិក្សា​តូច​ៗ​ ​ព្រោះ​វាក៏​អាច​ជា​ការ​ផ្តល់​ឱកាស​ការងារ​មួយ​ដល់​អ្នក​ដែល​បាន​រៀន​បញ្ចប់​ផ្នែក​គំនូរ​ផង​ដែរ​”​៕

​Article by SOUNG SOKSAN

Image Courtesy: ​សួ​ ​គឹម​សាន


SUGGESTIONS