«តម្លៃ» ជាម៉ាកស្លាកយីហោសម្លៀកបំពាក់ដែលស្ថិតលាក់ខ្លួននៅលើផ្ទះល្វែងជាន់ទី១ក្នុងអគារសហគមន៍សហគ្រិនជួយសង្គម «ផ្ទះចាស់» (Pteah Chas) តាមបណ្តោយវិថីព្រះអង្គឌួង (ផ្លូវលេខ១១០) ជិតផ្សារចាស់ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ក្រោមការគ្រប់គ្រងរបស់ស្ថាបនិកា អ្នកស្រី ឆែម សារ៉ូន បានឲ្យដឹងថា «តម្លៃ» ចាប់ផ្តើមបើកដំណើការនៅក្នុងខែកក្កដា ឆ្នាំ២០២១ ជាអាជីវកម្មគាំទ្រផលិតផលក្នុងស្រុក ហើយថែមទាំងបានផ្តល់ឱកាសការងារដល់ស្ត្រីដែលរស់នៅទីជនបទអាចរកប្រាក់កម្រៃយ៉ាងងាយស្រួលផងដែរ។
តាមការលើកឡើងរបស់ស្ថាបនិកា សារ៉ូន បានបង្ហាញពីអត្ថន័យស្លាកយីហោរបស់ខ្លួនឲ្យដឹងថា «តម្លៃ» គឺជាការផ្តល់គុណតម្លៃទៅលើការប្រើប្រាស់វត្ថុធាតុដើមពុំមានសារធាតុគីមីដែលអាចប៉ះពាល់បរិស្ថាននោះឡើយ តួយ៉ាង សម្ភារ ផលិតផលថែរក្សាសម្រស់ សាច់ក្រណាត់ដែលត្រូវច្នៃជាសម្លៀកបំពាក់ រួមទាំងការប្រើប្រាស់ល័ក្ត (ដានកាបូន) នៅលើក្រណាត់ជាដើម។ យ៉ាងណាមិញ អ្នកស្រីក៏បានបង្ហើបឲ្យដឹងថា អាជីវកម្មនេះបើកដំណើរការនៅអំឡុងពេលរីករាលដាលនៃជំងឺកូវីដ ១៩ ដែលជាកត្តាមួយដ៏គួរឲ្យបារម្ភ និងអាចមានមហាភ័យខ្ពស់ ក៏ព្រោះតែមនុស្សគ្រប់រូបបានកាត់បន្ថយការចេញដំណើរមកកាន់ទីប្រជុំជនដែលផ្នែកមួយប៉ះពាលដល់ប្រាក់ចំណូលដល់អាជីវកម្មខ្នាតតូចនេះ។
ទោះបីជាយ៉ាងនេះក្តី អ្នកស្រីនៅតែប្រកាន់គោលជំហររឹងមាំក្នុងការគ្រប់គ្រងអាជីវកម្មនេះតាមរយៈការផ្លាស់ប្តូរបរិបទនៃការច្នៃម៉ូដសម្លៀកបំពាក់សម្រាប់ធ្វើដំណើរកម្សាន្ត ទៅជាម៉ូដសម្លៀកបំពាក់នៅផ្ទះបែបទាន់សម័យ និងមានភាពងាយស្រួលក្នុងការស្លៀកពាក់ផងដែរ។ ក្រៅពីនេះ អ្នកស្រីក៏បានលើកឡើងបញ្ជាក់ថា «យើងក៏បានទទួលដេរភួយ ច្នៃម៉ូដសម្លៀកបំពាក់ផ្សេងៗ និងមានទទួលជួសជុលសម្លៀកបំពាក់ចាស់ៗទៅតាមតម្រូវការរបស់អតិថិជនផងដែរ។ មួយវិញទៀតនោះ គឺ «តម្លៃ» ក៏ប្រមូលនូវសម្ភារប្រើប្រាស់ដូចជា៖ កាបូប មួក ក្រណាត់ស្ត្រី ដែលមកពីស្លាកយីហោផ្សេងៗមកពីតាមបណ្តាខេត្តនានាដាក់លក់នៅទីនេះ ដើម្បីជាចំណែកមួយជួយដល់សហគមន៍អាចរកប្រាក់កម្រៃឲ្យកាន់តែប្រសើរជាងសព្វដង»។
បច្ចុប្បន្ននេះ ហាងសម្លៀកបំពាក់ប្រកបដោយនិរន្តរភាព «តម្លៃ» ចាប់ផ្តើមបើកហាងរៀងរាល់ថ្ងៃពីម៉ោង ៩ព្រឹក ដល់ម៉ោង ៥ និង៣០នាទីល្ងាចផងដែរ។ ជាចុងក្រោយ អ្នកស្រី ឆែម សារ៉ូន ក៏បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនយ៉ាងដូច្នេះថា «ខ្ញុំសង្ឃឹមថាប្រជាជនខ្មែរងាកមកប្រើប្រាស់ផលិតផលក្នុងស្រុកកាន់តែច្រើន ជាពិសេស ផលិតផល ឬសម្ភារដែលមិនប៉ះពាល់ដល់បរិស្ថានតែម្តង។ ដូច្នេះប្រសិនបើយើងរួមគ្នាម្នាក់មួយចំណែកនោះ យើងគឺជាវីរជនដ៏សំខាន់ចំពោះបរិស្ថានផងដែរ»៕
Article by PAN SIVLY