អបអរសាទរទីបំផុត ហង្ស ម៉ានីតា ក្លាយជាបវរកញ្ញាឯកច្រកវាលកម្ពុជាឆ្នាំ២០២២
NEWS 2 years agoការរំពឹងទុករបស់អ្នកគាំទ្រពិតជាមិនខុសមែន ក្រោយការប្រកួតកម្មវិធី Miss Universe Cambodia 2022 រយៈពេលមួយខែ ទីបំផុតកម្មវិធីបានរកឃើញម្ចាស់មកុដកាលពីរាត្រីថ្ងៃទី ១៥ ខែមិថុនា ម្សិលមិញនេះ នោះគឺបានទៅលើបេក្ខភាពពាក់ស្លាកលេខ១៨ កញ្ញា ហង្ស ម៉ានីតា។ យើងពិតជាមានមោទកភាពចំពោះការជ្រើសរើសបានស្ត្រីដ៏ស័ក្តិសម មានទាំងរូបសម្រស់ សមត្ថភាព និងពោរពេញទៅដោយឥទ្ធិពលម្នាក់ទៀតដែលនឹងតំណាងឲ្យកម្ពុជាឆ្ពោះទៅកាន់ឆាកអន្តរជាតិ។ អាចនិយាយបានថា នាងជាស្ត្រីទី៦ហើយដែលនឹងតំណាងឲ្យកម្ពុជាសម្រាប់កម្មវិធីប្រកួតសម្រស់ដ៏ធំលើកទី៧១នាពេលខាងមុខ។
ជាមួយនឹងភាពជោគជ័យ កញ្ញា ហង្ស ម៉ានីតា បានរៀបរាប់ពីអារម្មណ៍រំភើបមកកាន់តែសូវរីនថា “នាងខ្ញុំពិតជាអរគុណ និងពិតជារំភើបរកពាក្យអ្វីបរិយាយពុំបានពីអារម្មណ៍ពេលនេះ។ ការចូលប្រកួតកម្មវិធីបវរកញ្ញាចក្រវាលពិតជាពោរពេញទៅដោយមេរៀន និងបទពិសោធន៍ដែលខ្ញុំនឹងត្រេកអរ និងមិនអាចបំភ្លេចបាននៅក្នុងជីវិត។ ខ្ញុំសូមអរគុណទៅដល់ក្រុមគ្រួសារ មិត្តភក្តិ និងអ្នករាល់គ្នាទាំងអស់ដែលតែងតែគាំទ្រនាងខ្ញុំ ជាមួយភាពជឿជាក់ ការជំរុញទឹកចិត្ត និងគាំទ្រគ្រប់ពេល តាំងពីពេលចាប់ផ្តើមប្រកួតរហូតដល់ទទួលបានមកុដ។ ខ្ញុំមិនអាចធ្វើវាបានដោយគ្មានអ្នកទាំងអស់គ្នាឡើយ"។
ក្នុងនាមជាម្ចាស់មកុដ កញ្ញា ហង្ស ម៉ានីតា លើកឡើងដែរថា “ សម្រាប់មកុដបវរកញ្ញាចក្រវាលកម្ពុជាចំពោះរូបនាងខ្ញុំ គឺជាការតំណាងឲ្យទំនួលខុសត្រូវចំពោះប្រទេសជាតិយើង ហើយក៏ជាការពុះពារយ៉ាងសកម្ម និងលាយឡំទឹកភ្នែកពោរពេញទៅដោយភាពត្រេកអរបំផុត។ ការក្លាយជាម្ចាស់មកុដបវរកញ្ញាចក្រវាលកម្ពុជាគឺជាសុបិនក្លាយជាការពិត ខ្ញុំនឹងព្យាយាមឲ្យកាន់តែខ្លាំងដើម្បីតំណាងប្រទេសយើងឲ្យល្អបំផុត និងឲ្យអស់ពីសមត្ថភាពដើម្បីលើកកម្ពស់ និងធ្វើឲ្យប្រទេសកម្ពុជាយើងមានមោទកភាព”។
បើនិយាយពី ហង្ស ម៉ានីតា នាងជាកូនខ្មែរ-បារាំង រស់នៅទីក្រុងភ្នំពេញ និងមានវ័យ ២៣ឆ្នាំ កម្ពស់ ១,៦៧ ម៉ែត្រ។ នាងមានអាជីពជាបុគ្គលិកការិយាល័យ និងជាអ្នកបង្ហាញម៉ូដដ៏មានប្រជាប្រិយភាពមួយរូបផងដែរ។ នាងបានចាប់ផ្តើមការសិក្សានៅ Lyçée Français René Descartes និងទទួលបានបរិញ្ញាបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុពីសាលា CamEd Business School ។ នាងអាចនិយាយបាន៣ភាសាយ៉ាងស្ទាត់ជំនាញគឺភាសាខ្មែរ អង់គ្លេស និងបារាំង។ ការបោះជំហានលើវិថីប្រកួតសម្រស់មិនមែនជាលើកទីមួយសម្រាប់នាងឡើយ ពោលនាងធ្លាប់បានចូលប្រកួតកម្មវិធី Miss Tourism Metropolitan International 2016 និងជាប់ជ័យលាភីលេខ២។
គួរឲ្យដឹងដែរថា នៅរាត្រីគ្រងមកុដ កញ្ញា ហង្ស ម៉ានីតា ត្រូវបានតុបតែងមុខដោយសិល្បករផាត់មុខដ៏ល្បីជួរមុខនៅកម្ពុជា គឺលោក Maha Virak ធ្វើសក់ដោយ កញ្ញា ឡូឡែន ម៉ន និងជំនួយការ លោក រ៉ា សុបញ្ញា។
ខាងក្រោមនេះជាលំដាប់ជ័យលាភីបវរកញ្ញាទាំង ៥ នៃកម្មវិធី Miss Universe Cambodia 2022៖
- ជ័យលាភីលេខ១ កញ្ញា ហង្ស ម៉ានីតា
- ជ័យលាភីលេខ២ កញ្ញា ហេង សុទ្ធនិស្ស័យ
- ជ័យលាភីលេខ៣ កញ្ញា ហេង បូនីកា
- ជ័យលាភីលេខ៤ កញ្ញា រតនា សុខាវត្តី
- ជ័យលាភីលេខ៥ កញ្ញា ហ៊ុន ហ្គិចឡាង
Article by HEM SOKKHIM