«MFree»សមិទ្ធករ«ពណ៌»ដែលយិតយោងវីដេអូ-ភាពយន្តយើងឲ្យឆ្ងាយពីការកែពណ៌ពឹងផ្អែកអ្នកបច្ចេកទេសពីស្រុកក្រៅ
NEWS one year agoនៅក្នុងរង្វង់វិស័យសិល្បៈទី៧ ឬ វិស័យភាពយន្ត-វីដេអូ ក្នុងស្រុក កាលពីពីរបីទសវត្សរ៍មុន សម្រាប់ដំណាក់កាលក្រោយការផលិត (Post-production) ផលិតករធំៗច្រើននិយមយកស្នាដៃដែលថតរួចទៅកាត់តកែសម្រួលពណ៌នៅប្រទេសជិតខាងដោយសារកត្តាកង្វះអ្នកជំនាញក្នុងវិស័យនេះដើម្បីធ្វើឲ្យវីដេអូ ឬស្ប៉តពាណិជ្ជកម្មនោះមានគុណភាពស្តង់ដារឆ្លើយតបនឹងសម័យកាល។ ផ្ទុយទៅវិញ ដោយសារភាពទំនើបនៃបច្ចេកវិទ្យានិងកំណើនសមត្ថភាពធន ធានមនុស្សក្នុងស្រុក បច្ចុប្បន្នយើងសង្កេតឃើញថា កម្ពុជាយើងក៏អាចកែសម្រួលពណ៌ក្នុងឧស្សាហកម្មខាងលើដោយប្រើប្រាស់អ្នកជំនាញក្នុងស្រុក ដោយមិនបាច់ពិបាកចំណាយពេលរង់ចាំយកទៅកែដល់ប្រទេសជិតខាងទៀតឡើយ។
រហស្សនាម «MFree» ត្រូវបានគេស្គាល់យ៉ាងទូលាយក្នុងចំណោមផលិតករភាពយន្ត ឬ ម្ចាស់ក្រុមហ៊ុនថតស្ប៉តក្នុងស្រុកធំៗក្នុងពេលបច្ចុប្បន្ន ដោយសារតែទេពកោសល្យការងារប្រកបដោយគុណភាពស្តង់ដារមិនចាញ់បរទេសរបស់គាត់ចាប់តាំងពីឆ្នាំ២០១៩មក។ យុវជន«MFree» មានឈ្មោះពិតថា សៀង ស៊ីលាង បច្ចុប្បន្នមានតួនាទីជាផលិតករ និងជាអ្នកបច្ចេកទេសកែពណ៌។ ស្នាដៃសំខាន់ៗរបស់គាត់ដែលទស្សនិកជនជាច្រើនធ្លាប់ទស្សនា រួមមានជាអាទិ៍ វីដេអូភាគ «ពន្លឺនៃក្តីស្រមៃ» (Yellow Light) សម្តែងដោយ សាយ (Sai) និង ក. យូ កាម៉ុនរ៉ាត់, វីដេអូពាណិជ្ជ កម្ម«១០ឆ្នាំ អច្ឆរិយភាពនៃផលិតផលជាតិខ្មែរ» របស់ក្រុមហ៊ុនទឹកបរិសុទ្ធ វីតាល់, «មីជាតិញ៉ាំម៉េចក៏ជាតិ» របស់ក្រុមហ៊ុនមីជាតិ និង«សង្ក្រាន្ត SmartNas» របស់ក្រុមហ៊ុន Smart Axiata។ ក្រៅពីនេះ លោកក៏បម្រើការក្រៅម៉ោងឲ្យផលិត កម្មក្នុងស្រុកផងដែរ ដែលមានស្នាដៃកែពណ៌ ក្នុងបទ «ជំនាន់ទូរទស្សន៍សខ្មៅ» ដោយ តន់ ចន្ទសីម៉ា, បទ «ហ្សឹម» ដោយ ខេម និងបទ «លក់ឡានប្រញាប់» ដោយ ព្រាប សុវត្ថិ ft.តន់ ចន្ទសីម៉ា ។ល។
តើលោកឆ្លងកាត់ការសិក្សាជំនាញកែពណ៌ពីណាដែរ? លោកឆ្លើយតបថា ដំបូងឡើយ លោករៀនខាងព័ត៌មានវិទ្យា (IT) ទេ ប៉ុន្តែក្រោយមកលោកមានឱកាសបានប្រឡូកការងារខាងថតរូបឲ្យក្រុមហ៊ុន Sabay ក្នុងឆ្នាំ២០១៥។ ក្រោយមក ដោយសារមានទំនាក់ទំនងជាមួយអ្នកជំនាញផ្នែកក្រោយផលិត លោកតែងព្យាយាមសង្កេតលើការងាររបស់ពួកគេ បន្ថែមលើក្តីស្រឡាញ់ចំពោះផ្នែកនេះដែលលោកមានស្រាប់។ ដើម្បីអភិវឌ្ឍសមត្ថភាពខ្លួនឯងឲ្យកាន់តែស៊ីជម្រៅក្នុងវិស័យនេះ តាមរយៈទំនាក់ទំនងជាមួយរៀមច្បងនៅស្រុកក្រៅ លោកបានសម្រេចចិត្តវិនិយោគពេលវេលាទៅសិក្សាផ្នែក Color Grading វគ្គខ្លី នៅប្រទេសថៃ ក្នុងឆ្នាំ២០១៩។ នៅឆ្នាំ ២០២០ លោកបានបញ្ចប់ថ្នាក់កែពណ៌ របស់វិទ្យាស្ថាន «International Colorist Academy» នៅសិង្ហបុរី ហើយបានទទួលលិខិតបញ្ជាក់ពីក្រុមហ៊ុន «Blackmagic Design» (Davinci Resolve: Color Correction Certified End User)។ ឆ្នាំ២០២១-២០២២ លោកបានបញ្ចប់វគ្គសិក្សាខ្លីលើជំនាញកែពណ៌ភាពយន្តលក្ខណៈ Feature Film, កែវីដេអូពាណិជ្ជកម្មនិងគ្រប់គ្រងពណ៌ ជាមួយអ្នកជំនាញកែពណ៌ជើងចាស់ ដែលមានបទពិសោធន៍វិជ្ជាជីវៈនៅអឺរ៉ុប និងហូលីវូដ។
Image Courtesy MFree
ចំពោះមូលហេតុដែលជំរុញទឹកចិត្តលោកឲ្យដើរលើវិថីជាអ្នកកែពណ៌អាជីព លោកបានបញ្ជាក់ថា «អ្វីដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍ជា Colorist ដោយសារពីមុនខ្ញុំធ្លាប់មានបញ្ហាលើផ្នែក color grading ហើយម្យ៉ាងទៀតដោយសារខ្ញុំឃើញថា នៅ(ស្រុក)យើង ត្រូវការផ្នែកនេះ។ នៅពេលខ្ញុំចូលធ្វើការលើផ្នែក color grading នៅយើងគឺវាមានភាពខ្វះខាតច្រើន និងពុំសូវមានអ្នកស្គាល់និងឲ្យតម្លៃលើផ្នែកនេះ ហើយម្យ៉ាងទៀត ភាគច្រើនពេលត្រូវការ color grading ត្រូវបញ្ជូនទៅប្រទេសជិតខាង»។ លោកក៏បានពន្យល់ដែរថា ជាទូទៅ នៅប្រទេសកម្ពុជា មហាជនភាគច្រើនយល់ច្រឡំថា ការងារកែពណ៌ ជាការងាររបស់អ្នកកាត់តវីដេអូ (Video Editor) តែតាមពិត បើយើងសិក្សាឲ្យស៊ីជម្រៅ អ្នកជំនាញទាំងពីរផ្នែកនេះមានទំនួលខុសត្រូវការងារខុសគ្នា។ ម្យ៉ាងទៀត នៅស្រុកយើង ចំពោះវីដេអូ-ភាពយន្ត ផលិតករពីមុនមកច្រើនទម្លាប់យកពន្លឺពណ៌សៗឲ្យស្បែកតួអង្គមើលទៅឃើញសស្អាត ដែលប្រាសចាកពីរូបារម្មណ៍ នៃឈុតឆាកនីមួយៗ(ឧទា: ក្រីក្រលំបាក សោកសៅ ភ័យខ្លាច សង្រ្គាមប្រយុទ្ធ…) ក្នុងវីដេអូឬភាពយន្តជាក់ស្តែងដាច់ស្រឡះ។
ការងារស្នូលរបស់អ្នកជំនាញកែពណ៌ គឺ កែសម្រួលពណ៌ ហើយវាជាផ្នែកមួយនៅក្នុង Post-Production សម្រាប់ភាពយន្ត, វីដេអូចម្រៀង និង ស្ប៉តពាណិជ្ជកម្ម ដែលមានសារ:សំខាន់ដូចទៅនឹងផ្នែកសំឡេង(Sound/ SFX/ Music) និងការសម្តែងរបស់តួ (Acting) ព្រោះ Color Grading ក៏ផ្នែកមួយនៃការប្រាប់សាច់រឿងតាមរយ:ពណ៌និងជួយជំរុញអារម្មណ៍របស់អ្នកទស្សនាឲ្យដល់ចំនុចរបស់សាច់រឿងនិងស្របទៅតាមគោលបំណងរបស់ អ្នកដឹកនាំ (Director) និងអ្នកដឹកនាំប្លង់ថត/អ្នកបច្ចេកទេសប្លង់ថត (DOP/Director of Photography) ហើយគេត្រូវតែធ្វើការសហការជាមួយ Director, Director of Photography, Art-Director, Production Design និងផ្នែក VFX (Visual effects)។ «អ្នកទាំងអស់គ្នាដែលចាប់អារម្មណ៍នៅក្នុងភាពយន្ត ឬ Music Video មានពណ៌ខុសៗគ្នា ហើយពណ៌ទាំងអស់ហ្នឹង ពេលខ្លះវាជួយឲ្យយើងមានអារម្មណ៍ផ្សេងៗដោយមិនដឹងខ្លួន ដូចជាពេលខ្លះមានអារម្មណ៍សប្បាយរីករាយ ខឹង ជាដើម ហើយនេះវាការងាររបស់ Colorist» លោកបានបន្ថែម។
ថ្វីបើការងាររបស់លោកដើរដល់ចំណុចដែលមហាជននិងអ្នកធ្វើការក្នុងវិស័យភាពយន្តទទួលស្គាល់ច្រើនហើយក៏ដោយ ក៏លោកនៅតែបន្តវិធីសាស្រ្តអភិវឌ្ឍន៍ខ្លួនឯងជាប្រចាំតាមរយៈការទស្សនាភាពយន្តបរទេស ស្វ័យសិក្សាស្រាវជ្រាវ រៀនសូត្រពីឧបករណ៍មុខងារថ្មីៗ និងសិល្បៈនៃការលាយបញ្ចូលពណ៌ពីវិចិត្រករថែមទៀតផង។ លោកមានទឹកចិត្តសប្បាយរីករាយនឹងបន្តបេសសកកម្មកាងារមួយនេះ ខណៈដែលលោកតែងតែទទួលបាននូវការកោតសរសើរពីមនុស្សជុំវិញជាពិសេសអ្នកជំនាញរៀមច្បងទាំងក្នុងនិងក្រៅស្រុក។ លោកចង់ឲ្យទាំងអស់គ្នាយល់ពីសារៈសំខាន់និងសង្វាក់នៃការងារនេះ ព្រមទាំងឲ្យតម្លៃចំពោះអ្នកធ្វើការផ្នែកនេះ ព្រោះប្រសិនបើអ្នកយល់ដឹងពីរឿងនេះ អ្នកនឹងក្លាយជាមនុស្សមានគំនិតច្នៃប្រតិដ្ឋហើយផ្តោតលើគុណភាព។ ជាចុងក្រោយ លោកប្តេជ្ញាចិត្តថាមិនបោះ បង់ការងារនេះឡើយ ព្រោះលោកមានជំនឿសុទិដ្ឋិនិយមថាវិស័យភាពយន្តក្នុងស្រុកយើងនឹងមិនដើរថយក្រោយនោះទេ ដោយសម្អាងថា ទោះបីក្នុងវិបត្តិកូវីដ១៩កន្លងមក ក៏ភាពយន្តយើងនៅតែអាចមានឱកាសជាប់ក្នុងមហោស្រពភាពយន្ត និងទទួលពានរង្វាន់ច្រើនដែរ៕
Article by SRINSOKMEAN