×

T​h​e​ B​arista​ ​លើស​ពី​ហាង​កាហ្វេ​ ​ពេញ​និយម​សម្រាប់​អ្នក​ការិយាល័យ​

TRAVEL & LIVING 2 years ago
 
 

           ​សម្រាក​កាយ​ថ្ងៃ​ចុង​ស​ប្តាហ៍ ​បន្ទាប់ពី​បំ​ពេញការ​ងារ​ហត់នឿយ​ជាច្រើន​ថ្ងៃ​កន្លងមក​ ​ដល់ពេល​ដែល​យើង​គួរតែ​ស្វែងរក​កន្លែងណា​មួយ​លម្ហែ​អារម្មណ៍​ ​ដើម្បី​ប៉ះប៉ូវ​មកវិញ​នូវ​ថាមពល​កាយ​និង​ថាមពល​ចិត្ត​។​ ​រាល់​ទិសដៅ​ថ្មី​ឬ​កន្លែង​ថ្មី​ ​សូវ​រី​ន​ ​មិនដែល​រំលង​ឡើយ​ក្នុង​ការ​នាំ​ប្រិយ​មិត្ត​ឆ្ពោះទៅ​ដល់​ ​មិនថា​កន្លែង​នោះ​លាក់ខ្លួន​ពួន​សម្ងំ​នៅ​ម្តុំ​ណា​ឡើយ​។​ ​ពិតប្រាកដ​ណាស់​ ​ថ្ងៃនេះ​យើង​នឹង​នាំ​ប្រិយ​មិត្ត​ទៅ​ស្គាល់​ហាង​កាហ្វេ​ថ្មី​មួយ​កន្លែង​ដែល​ស័ក្តិសម​ទាំង​សម្រាប់​ការ​លម្ហែ​ ​និង​អាច​ជា​កន្លែង​ទីពីរ​សម្រាប់​បំ​ពេញការ​ងារ​ផង​ដែរ​។​

          ​ស្ថិត​តាម​បណ្តោយ​ដង​វិថី​ ​ព្រះអង្គ​ផា​នុ​វង្ស​(​២​៤​០​) ​ខណ្ឌ​ដូនពេញ​នៃ​រាជធានី​ភ្នំពេញ​ ​ហាង​តូច​ច្រឡឹង​ពណ៌​ស​មួយ​បាន​កំពុង​តាំងខ្លួន​បង្អួត​សម្រស់​ជាមួយ​ការ​តុបតែង​កាត់​បែប​បារាំង​ ​លាយឡំ​នឹង​ពន្លឺភ្លើង​ពណ៌លឿងទុំ​ឆ្លុះ​ពី​ខាងក្នុង​ប៉ប្រិម​ធ្វើឲ្យ​ទីនេះ​មាន​សោភ័ណ​ភាព​កាន់តែ​ក្លា​ស៊ិ​ក​ឡើង​។​ ​តាមរយៈ​ស្លាកយីហោ​ ​ទីនេះ​មានឈ្មោះ​ថា​ ​បារី​ស្តា​ ​ឬ​ ​T​h​e​ B​arista​ ​ជា​ហាង​កាហ្វេ​ដ៏​ប្រណីត​ស្ថិត​នៅកណ្តាល​ទី​ក្រុងភ្នំពេញ​តែម្តង​។​

          ​ពី​ខាងក្រៅ​អាច​មើលទៅ​តូច​ទាប​ ​តែ​ពេល​បាន​បោះជំហាន​ចូល​មកដល់​ខាងក្នុង​ភ្លាម​ ​យើង​ទទួល​បាន​អារម្មណ៍​ស្រឡះ​ត្រជាក់ចិត្ត​រហ័ស​ភ្លែត​ ​យើង​ចាប់អារម្មណ៍​ទៅ​នឹង​ផ្ទៃ​ការ៉ូ​មាន​សភាព​ចាស់​ដែល​អាច​សម្គាល់​ថា​ជា​ម៉ូដ​សល់​តាំងពី​ជំនាន់​បារាំង​។​ ​ការ​តាក់តែង​ ​ភ្លើង​ ​ពណ៌​ ​មើល​មក​ស្រទន់​ផ្សំនឹង​គ្រឿង​តាំង​លម្អ​ដូចជា​គំនូរ​ជាដើម​ដែល​បង្ហាញ​ពីរ​ស​និយម​សិល្បៈ​ផង​ដែរ​។​ ​ខាងមុខ​មាន​បញ្ឈរ​ទូ​តាំង​បង្ហាញ​គ្រឿងផ្សំ​ ​គ្រឿងទេស​ ​និង​គ្រឿង​សាច់​ផ្សេងៗ​ ​ឯ​នៅ​លើ​ធ្នើរ​ឈើ​ជាប់​ជញ្ជាំង​ខាងស្តាំ​មាន​តាំង​ស្រា​ជាច្រើន​ម៉ាក​ច្រើន​ដប​ ​អាច​និយាយ​បាន​ថា​ទីនេះ​មិន​ត្រឹមតែ​ជា​ហាង​កាហ្វេ​ប៉ុណ្ណោះ​ទេ​ ​តែ​ជា​ភោជនីយដ្ឋាន​ ​និង​ជា​ឡោ​ញ​ ​ដូចជា​ពាក្យ​មួយ​ឃ្លា​សរសេរ​នៅ​ជាប់នឹង​ស្លាកយីហោ​ថា​ ​«​Not​ ​Just​ ​Coffee​»​ ​ឬ​ ​«​លើស​ពី​កាហ្វេ​»​ ​នោះ​ឯង​។​

          ​មកដល់​ទីនេះ​ ​យើង​ទទួល​បានការ​ស្វាគមន៍​ពី​ ​លោក​ ​ឡៅ​ ​សារ៉ាត់​ ​ដែល​ជាស​ហ​ស្ថាបនិក​ប្រចាំ​ហាង​។​ ​មែនទែន​ទៅ​មុន​មកដល់​ ​យើង​ក៏បាន​ទំនាក់ទំនង​សហ​ស្ថាបនិក​រួចមក​ហើយ​ ​ដោយ​លោក​បាន​អញ្ជើញ​ក្រុម​ការងារ​យើង​មក​ទទួលយក​បទពិសោធន៍​ដល់កន្លែង​ផ្ទាល់​តែម្តង​។​ ​ជំនួប​ជ​ជីកសួរ​អំពី​ ​T​h​e​ B​arista​ ​លោក​ ​ឡៅ​ ​សារ៉ាត់​ ​រៀបរាប់​ថា​៖​ ​T​h​e​ B​arista​ ​ទើប​បើក​ដំណើរការ​បាន​រយៈពេល​ប្រមាណ​២​ខែ​ប៉ុណ្ណោះ​។​ ​បើ​និយាយ​ពី​ការ​គាំទ្រ​អាច​ថា​លើស​ពី​ការ​រំពឹង​ទុក​ ​មាន​ទាំង​ភ្ញៀវ​ខ្មែរ​ ​ភ្ញៀវ​បរទេស​ ​ចេញចូល​មិនចេះដាច់​សុទ្ធ​សឹង​អ្នកធ្វើការ​ការិយាល័យ​ ​និង​អ្នកមានមុខមាត់​ក្នុង​សង្គម​។​ ​ហាង​នេះ​បើក​ដោយ​ស្ថាបនិក​ពីរ​រូប​គឺ​ ​លោក​ ​និង​សហ​ស្ថាបនិក​មួយ​រូប​ទៀត​ជា​ជនជាតិ​អង់គ្លេស​។​ ​លោក​ ​និង​សហ​ស្ថាបនិក​ ​បាន​ចាប់ដៃ​គ្នា​បង្កើត​ហាង​នេះ​ឡើង​ ​ដោយ​ផ្តើម​ចេញពី​រូបលោក​ដែល​មាន​បទពិសោធន៍​ច្រើន​ឆ្នាំ​លើ​វិ​ស័​យ​ម្ហូបអាហារ​ ​រីឯ​ដៃគូ​ជា​អ្នក​និយម​ចូលចិត្ត​កាហ្វេ​។

លោក​ ​ឡៅ​ ​សារ៉ាត់ សហស្ថាបនិក The Barista

          ​ជា​ហាង​កាហ្វេ​ផ្តោត​លើ​គុណភាព​ ​និង​រសជាតិ​ ​សហ​ស្ថាបនិក​ ​T​h​e​ B​arista​ ​បានឲ្យ​ដឹង​ថា​ ​កាហ្វេ​របស់​ ​T​h​e​ B​arista​ ​បាន​សម្រាំង​រសជាតិ​យ៉ាង​ល្អិតល្អន់​បំផុត​ ​ដោយ​ជ្រើសរើស​កាហ្វេ​គុណភាព​ខ្ពស់​មកពី​ប្រភព​ល្បីល្បាញ​ផ្សេងគ្នា​ដូចជា​ ​កាហ្វេ​ចា​វ៉ា​លាយ​កាហ្វេ​អាហ្វ្រិក​ខាងត្បូង​ ​កាហ្វេ​អេត្យូ​ពី​ ​និង​កូឡុំ​ប៊ី​។​ ​លោក​ថា​ ​ថ្វីបើ​កាហ្វេ​ទាំងនេះ​មាន​តម្លៃ​ខ្ពស់​ ​ប៉ុន្តែ​លោក​ចង់​ចម្រាញ់​បាន​រសជាតិ​ដែល​មានគុណ​ភាពជា​ចម្បង​។​ ​ជាក់ស្តែង​ ​ទម្រាំ​ជ្រើស​បាន​រសជាតិ​កាហ្វេ​ប្រចាំ​ហាង​ ​លោក​និង​ដៃគូ​សហ​ស្ថាបនិក​បាន​ធ្វើការ​ភ្លក់​តេ​ស្ត​ម្តង​ហើយ​ម្តងទៀត​ចាយ​ពេល​ដល់ទៅ​មួយ​អាទិត្យ​ឯណោះ​។​ ​ជា​លទ្ធផល​ ​លោក​បាន​បង្កើត​ ​Men​u ​មាន​កាហ្វេ​ក្តៅ​ត្រជាក់​ចម្រុះ​មុខ​ទៅតាម​តម្រូវ​ការ​ ​ព្រមទាំង​មានតែ​ ​ទឹក​ផ្លែឈើ​ស្រស់​ ​និង​ភេសជ្ជៈ​សម្រាប់​សុខភាព​ផោ្ត​ត​លើ​ការ​បញ្ចុះ​ជាតិពុល​ផង​ដែរ​។​ ​ក្លែម​រសជាតិ​នឹង​ភេសជ្ជៈ​ទាំងនេះ​ ​នៅ​លើ​ ​Men​u ​ក៏មាន​ជា​នំ​ខេ​ក​ ​និង​សូ​កូឡា​។​ ​ដោយឡែក​ចំពោះ​ស្រា​មាន​ជម្រើស​ជា​ ​ស្រាក្រហម​ ​ស្រា​ក្រឡុក​ ​និង​ ​ពពួក​Spirit​ ​ព្រមទាំង​មាន​អាហារ​បរទេស​ច្រើនមុខ​យ៉ាង​សម្បូរ​បែបដូចជា​ ​សាលាដ​ ​សាំង​វិច​ ​ពិសេស​មុខម្ហូប​ប្រចាំ​ហាង​គឺ​ ​Sesame​ ​Bag​e​l​។​

          ​សហ​ស្ថាបនិក​សម្បុរ​ស្រអែម​ស្រស់​វ័យ​២​៦​ឆ្នាំ​បាន​លើកឡើង​ទៀត​ថា​ ​ថ្វី​ដ្បិត​អាហារ​ ​និង​ភេសជ្ជៈ​មាន​ច្រើន​បែប​ ​ប៉ុន្តែ​លោក​បាន​ផ្តោត​ចម្រាញ់​រើស​យក​មុខម្ហូប​ ​និង​ភេសជ្ជៈ​មួយ​ចំនួនជា​មួយ​រូបមន្ត​ពិសេស​ ​ចំណែក​ឯ​គ្រឿងផ្សំ​ស្រស់​ៗ​ភាគច្រើន​ជា​ប្រភេទ​សរីរាង្គ​។​

          អង្គុយ​ក្នុង​បរិយាកាស​ត្រជាក់ចិត្ត​ត្រជាក់​ភ្នែក​ ​អម​ដោយ​តន្ត្រី​កំដរ​អារម្មណ៍​ស្រាល​ៗ​ផ្លាស់ប្តូរ​ចង្វាក់​ទៅតាម​វេលា​ ​ក្រេប​ភេសជ្ជៈ​ត្រជាក់​ៗ​ត្រូវចិត្ត​ផង​ ​ក្លែម​អាហារ​ត្រូវមាត់​ផង​ ​ពិតជា​ទី​ស័ក្តិសម​សម្រាប់​ការ​លម្ហែ​រំសាយ​ភាព​តានតឹង​មិនថា​តែ​ថ្ងៃ​ចុង​ស​ប្តាហ៍ ​តែ​ថែមទាំង​អាច​ជា​កន្លែង​បន្ទាប់​មួយទៀត​សម្រាប់​បំ​ពេញការ​ងារ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធ​ភាព​ផង​ដែរ​។​

​គួរឲ្យ​ដឹង​ដែរ​ថា​ ​T​h​e​ B​arista​ ​បើក​ដំណើរការ​រៀងរាល់ថ្ងៃ​ចាប់ពី​ម៉ោង​ ​៦​កន្លះ​ព្រឹក​ដល់ម៉ោង​ ​៨​កន្លះ​យប់​៕​

Article​ ​by​ ​SO​UN​G​ ​SO​KS​AN​


SUGGESTIONS