នៅពេលស្បែកចាប់ផ្តើមឡើងស្នាមបន្ទាត់ ជ្រីវជ្រួញ ខ្មៅស្រអាប់ វាសុទ្ធសឹងបង្ហាញពីភាពទ្រុឌទ្រោមនៃស្បែកដែលវិវឌ្ឍទៅតាមវ័យ។ ស្ត្រីគ្រប់រូបរមែងខ្លាចបំផុតនូវភាពចាស់ ដែលនេះធ្វើឲ្យពួកគេស្វះស្វែងរកវិធីណាមួយក្នុងការពន្យារតាមដែលអាចធ្វើទៅបាន។ ការឡើងសញ្ញាភាពចាស់នៃស្បែក មិនមែនកើតឡើងពីកត្តាអាយុតែមួយមុខប៉ុណ្ណោះទេ សូម្បីទម្លាប់រស់នៅ អារម្មណ៍ រួមនឹងបរិយាកាសមជ្ឈដ្ឋានជុំវិញខ្លួន ក៏រួមចំណែកធ្វើឲ្យសម្រស់ឆាប់ជ្រីវជ្រួញមុនអាយុផងដែរ។ ខណៈវិធីពន្យារភាពចាស់មិនអាចបិទបាំងសញ្ញាលើផ្ទៃមុខទាំងស្រុង ទន្ទឹមគ្នានេះយើងក៏អាចប្រើប្រាស់តិចនិចក្នុងការផាត់មុខដែលអាចបិទបាំងមើលទៅស្រស់ស្អាតហើយក្មេងជាងវ័យ។ ចុះតើតិចនិចទាំងនោះមានអ្វីខ្លះ?
• ផ្តល់សំណើម
ការផ្តល់សំណើមដល់មុខមុនពេលផាត់មុខជាទម្លាប់មួយដែលអ្នកជំនាញផាត់មុខជាច្រើនតែងណែនាំ។ អ្នកជំនាញអះអាងថា វិធីបិទបាំងស្នាមជ្រីវជ្រួញល្អបំផុតគឺការផ្តល់ជាតិទឹកដល់ស្បែកពីខាងក្នុងមកខាងក្រៅ ដូចនេះក្រៅពីលាបឡេឬសេរ៉ូមផ្តល់សំណើមបន្ទាប់ពីលាងសម្អាតមុខ និងនៅមុនពេលផាត់មុខហើយនោះ ក៏ត្រូវរួមបញ្ចូលការទម្លាប់ផឹកទឹកឲ្យបានច្រើនដើម្បីជំនួយស្បែកឲ្យមានសំណើមភ្លឺថ្លាពីខាងក្នុងផងដែរ។ ប្រសិនបើអ្នកមានអាយុ៤០ឆ្នាំឡើង ការផ្តល់សំណើមតែមួយមុខដោយការលាបឡេគឺមិនគ្រប់គ្រាន់សម្រាប់ការពន្យារដំណើរស្បែកចាស់នោះទេ អ្នកត្រូវលាបសេរ៉ូមមុនរួចលាបឡេផ្តល់សំណើមមួយជាន់ទៀត។ គួរជ្រើសរើសសេរ៉ូមណាដែលមានសារធាតុផ្សំចម្បងមួយគឺ អីុយ៉ាលុយរ៉ូនិកអាស៊ីត (hyaluronic acid) ដែលវាជួយរក្សាជាតិទឹកនៅក្នុងស្បែកបានល្អ។ នៅពេលផ្ទៃមុខត្រូវបានផ្តល់សំណើមល្អហើយនោះ មិនត្រឹមតែស្នាមជ្រីវជ្រួញទេដែលបន្ថយសឹងមើលមិនឃើញ សូម្បីការផាត់មុខក៏មើលទៅម៉ដ្ឋរលោងស្រស់ស្អាតផងដែរ។
• ប្រើ Silicone Primer
រាល់ការផាត់មុខគួរមិនរំលងឡើយនូវការលាបឡេទ្រនាប់ ឬ Primer ក៏ព្រោះវាមានតួនាទីជួយឲ្យការផាត់ជំហានបន្តបន្ទាប់ជ្រាបចូលបានល្អ និងរក្សាសម្រស់ផាត់ឲ្យជាប់បានយូរ។ គួរជ្រើសរើស Primer ប្រភេទ Silicone Primer ដោយសារវាមានសាច់ល្មៃ ស្តើង និងអាចជ្រាបចូលទៅក្នុងសាច់បានយ៉ាងងាយ ហើយវាក៏អំណោយផលសម្រាប់ការលាបម្សៅទ្រនាប់ផងដែរ។ Primer ប្រភេទនេះអាចជួយលុប និងបាំងបិទស្នាមបន្ទាត់ និងភាពជ្រីវជ្រួញសម្រាប់ស្បែកឈានចូលវ័យចំណាស់។ វិធីលាប Primer ល្អបំផុតគឺត្រូវប្រើម្រាមដៃឬក៏ជក់។ ដូចនេះ បន្ទាប់ពីផ្តល់សំណើមមុខ គួរប្រើ Primer លាបទៅលើចំណុចសំខាន់ៗដូចជា កណ្តាលថ្ងាស ច្រមុះ ថ្ពាល់ និងចង្កា ហើយធ្វើការលញ់ទៅលើកន្លែងណាដែលមានស្នាម។ ទុក Primer ឲ្យជ្រាបប្រហែល២-៣នាទីសឹមលាបម្សៅទ្រនាប់រួមទាំងគ្រឿងតុបតែងផ្សេងៗតាមក្រោយ។
• ប្រើម្សៅទ្រនាប់សាច់ស្តើង
ការផាត់បិទបាំងស្នាមជ្រីវជ្រួញមិនមែនមានន័យថាទាល់តែផាត់ក្រាស់ៗទើបបាត់នោះទេ ផ្ទុយមកវិញវានឹងធ្វើឲ្យស្នាមលេចកាន់តែច្បាស់ឡើង។ ជ្រើសរើសប្រើម្សៅទ្រនាប់ប្រភេទសាច់ស្តើង ប្រើបរិមាណតិចតួច និងធ្វើការតប់ដោយប្រើអេប៉ុងដើម្បីជួយឲ្យសាច់ម្សៅចូលម៉ដ្ឋស្មើសាច់ល្អ។ ឬមួយទៀតអាចអនុវត្តការផាត់មុខបែបស្តើងៗទាំងអស់រាប់តាំងពីការលាបផលិតផលផ្តល់សំណើម Primer ម្សៅទ្រនាប់ ម្សៅផាត់ រហូតដល់ពណ៌ផាត់ជាដើម។
• ប្រើម្សៅបិទបាំងស្នាម
និយាយដល់ការបិទបាំងស្នាម សុភាពនារីនឹងគិតដល់ម្សៅ Concealer មុនគេ។ ម្សៅនេះមានតួនាទីកែកុនពណ៌ស្បែកឲ្យស្មើគ្នា ជាពិសេស បញ្ហាស្បែកក្រហម រង្វង់ភ្នែកខ្មៅ និងស្នាមជាំខ្មៅជាដើម។ Concealer មានច្រើនពណ៌ដែលតម្រូវកែកុនទៅតាមពណ៌ស្នាមនីមួយៗនៅលើផ្ទៃមុខ តែយ៉ាងណាបើពិបាកពិចារណាច្រើនអាចជ្រើសរើសប្រភេទពណ៌ Chiffon ឬចំណោមពណ៌ស្រស់ៗដូចជា លឿង ក្រហម ឈូក និងទឹកក្រូច ដែលវានឹងលុបបំបាត់ពីលើស្នាមជ្រួញ និងស្នាមជាំគ្រប់ប្រភេទតែម្តង។
• លាលែងម្សៅផាត់
ស្ត្រីមានស្នាមជ្រីវជ្រួញគួរតែបោះបង់ការផាត់ម្សៅចេញ ព្រោះការផាត់ម្សៅនឹងធ្វើស្នាមបន្ទាត់ និងស្នាមជ្រួញលេចឡើងកាន់តែច្បាស់។ តែបើខានមិនបាន គួរជៀសវាងផាត់ទៅលើតំបន់ណាដែលមានស្នាមជ្រីវជ្រួញ ជាពិសេសកន្ទុយភ្នែក។
• ការផាត់ភ្នែក
អ្នកមានកន្ទុយភ្នែកជ្រួញគួរជ្រៀងវាងបិតរោមភ្នែកសិប្បនិម្មិត ដោយហេតុវានឹងធ្វើឲ្យផ្តោតការចាប់អារម្មណ៍ខ្លាំងទៅលើកន្ទុយភ្នែក។ អាចជំនួសមកត្រឹមការពត់រោមភ្នែកឲ្យងហើយលាបម៉ាស្ការ៉ាជាការស្រេច។ ចំណែក Eyeliner ជៀសវាងប្រើប្រភេទទឹក ដោយងាកមកប្រើប្រភេទស្ងួតបែបខ្មៅដៃ និងគូរតែត្របកភ្នែកខាងលើ។ សម្រាប់ការផាត់ភ្នែកវិញ គួរជៀសវាងប្រើពណ៌ភ្លឺផ្លេកដោយជំនួសមកចាប់ផ្តើមពីការលាប Primer ប្រភេទស្ងួត ឬលាប Concealer ស្តើងៗ បន្ទាប់មកប្រើពណ៌សាច់រាងភ្លឺមកផាត់ពេញត្របកភ្នែក និងចុងក្រោយប្រើពណ៌ត្នោតឬពណ៌ប្រផេះផាត់កាត់ពីលើគន្លាក់ត្របកភ្នែកដើម្បីឲ្យមើលទៅឃើញភ្នែកមុត និងស្រឡះល្អ។
• បង្កើតមន្តស្នេហ៍លើផែនថ្ពាល់
ងាកមកបង្កើតមន្តស្នេហ៍ទាក់ទាញនៅលើផែនថ្ពាល់ ដើម្បីធ្វើឲ្យស្នាមជ្រីវជ្រួញ និងស្បែកយារធ្លាក់លែងមានការចាប់អារម្មណ៍។ ហាយឡាយប្រភេទគ្រីម គឺជាជម្រើសល្អបំផុតសម្រាប់លាបនៅលើផែនថ្ពាល់មុនពេលផាត់ពណ៌ថ្ពាល់ ដោយសារវានឹងរក្សាពណ៌ផាត់ពីលើឲ្យមើលទៅរលោងបាំងបិទស្នាមជ្រីវជ្រួញ និងស្នាមបន្ទាត់នៃស្បែក។ ការលាបហាយឡាយគ្រីមនេះ អាចប្រើតែបន្តិចដោយប្រើម្រាមដៃនាងតប់ថ្នមៗ៣ទៅ៤ដងជាការស្រេច រួចទើបចាប់ផ្តើមផាត់ពណ៌ថ្ពាល់ពីលើតាមក្រោយ។ នៅពេលផាត់ថ្ពាល់ គួរតែជ្រើសរើសការប្រើពណ៌ និងផាត់ទៅលើទីតាំងដែលត្រឹមត្រូវ។ ជាក់ស្តែង ពណ៌ផ្កាឈូកបែកស្វាយ និងផ្កាឈូកបែកទឹកក្រូចស័ក្តិសមសម្រាប់អ្នកសម្បុរស្បែកស រីឯពណ៌ផ្កាឈូក ផ្កាឈូកបែកទឹកក្រូច និងផ្កាឈូកបែកស្វាយស្រគាំ ស័ក្តិសមសម្រាប់អ្នកសម្បុរស្បែកសណ្តែកបាយ ចំណែកឯពណ៌ ក្បឿង ទឹកក្រូច និងក្រហមបែបកុលាប ស័ក្តិសមសម្រាប់អ្នកសម្បុរស្បែកស្រអែម។ ការផាត់ពណ៌ថ្ពាល់គួរជៀសវាងផាត់ទាបជាងចុងច្រមុះ ព្រោះវានឹងធ្វើឲ្យឃើញមុខបាក់ និងមើលទៅកាន់តែចាស់។ អាចផាត់នៅលើឆ្អឹងថ្ពាល់ និងផាត់ឲ្យម៉ដ្ឋល្អ។
• ក្រែមបបូរមាត់
ដូចគ្នាទៅនឹង Primer លាបផ្ទៃមុខដែរ ការលាប Primer សម្រាប់បបូរមាត់នឹងជួយឲ្យបបូរមាត់ទន់ ពិសេសជួយឲ្យពណ៌ក្រែមជាប់បានយូរ។ លើសពីនេះ ការគូររឹមបបូរមាត់ដោយប្រើពណ៌ដូចទៅនឹងពណ៌ក្រែមអាចជួយការពារមិនឲ្យក្រែមហៀរទៅកន្លែងជ្រួញជុំវិញបបូរមាត់។ ដូចនេះ នៅពេលលាប Primer រួច ចាប់ផ្តើមគូររឹមបបូរមាត់ បន្ទាប់មកលាបក្រែមនៅក្រោមខ្សែរឹមបបូរមាត់នោះឲ្យសព្វជាការស្រេច។ ជៀសវាងប្រើក្រែមប្រភេទ Mattes ឬសាច់ស្ងួត ដោយសារវាមិនមានជាតិសំណើមដែលអាចបណ្តាលឲ្យស្នាមជ្រួញលេចឡើងច្បាស់។
• កុំភ្លេចបរិវេណក
ពេលតុបតែងមុខស្អាតហើយ គួរមិនភ្លេចឡើយតុបតែងនៅបរិវេណកផងដែរ។ បើមិនដូច្នោះទេវានឹងទាញសម្រស់ឲ្យធ្លាក់មកវិញដដែលមិនខាន។ អ្នកមិនចាំបាច់ផាត់អ្វីច្រើននោះទេ ប្រើតែម្សៅធម្មតាពណ៌ឲ្យស៊ីគ្នានឹងការផាត់មុខជាការស្រេច។ បើទោះមិនជួយអ្វីបានច្រើន តែវាក៏ជួយបិទបាំងស្នាមឆ្នូត និងមើលទៅស្បែកម៉ដ្ឋស្អាតមួយកម្រិតផងដែរ។ អូ! មុនពេលផាត់ម្សៅកុំភ្លេចលាបឡេផ្តល់សំណើមផងណា៎។
• ពិនិត្យម្តងទៀត
ពេលផាត់មុខរាល់ដង តើអ្នកផាត់នៅកន្លែងណា? នៅក្នុងបន្ទប់គេង ឬក្នុងបន្ទប់ទឹក? ប្រសិនបើឲ្យអ្នកជំនាញផាត់មិនជាថ្វី តែបើទម្លាប់ផាត់ដោយខ្លួនឯង គួរតែគិតគូរទៅលើទីតាំងពន្លឺ ព្រោះជួនផាត់ក្នុងបន្ទប់ក្រោមភ្លើងស្រទំឃើញស្អាត តែដល់ពេលចេញក្រៅបែរជាឃើញច្បាស់ៗឬគេតែងនិយាយថាមុខហោះនោះឯង។ គួរព្យាយាមផាត់មុខនៅទីតាំងមានពន្លឺធម្មជាតិ ឬមានភ្លើងឃើញភ្លឺច្បាស់ល្អ។ ហើយត្រូវឆែកមើលម្តងទៀតនៅទីតាំងមានពន្លឺផ្សេងគ្នាដើម្បីប្រាកដថាទាំងការផាត់ម្សៅ និងការផាត់ពណ៌ស្មើសាច់ស័ក្តិសមឥតខ្ចោះ។ ពិសេសពេលចេញក្រៅត្រូវមានកញ្ចក់តូចមួយដាក់តាមខ្លួនដើម្បីពិនិត្យមើលម្តងទៀត៕
Article by HEM SOKKHIM