×

ជ័យ​លា​ភី​ពានរង្វាន់​គ្រូបង្រៀន​ល្អ​គ​ណិ​ត​វិទ្យា​ថ្នាក់​បឋមសិក្សា​ចំណាត់ថ្នាក់​លេខ​១​

NEWS a month ago
 
 

             ក្នុង​ទិវា​គ្រូបង្រៀន​ ​៥​ ​តុលា​ ​ឆ្នាំ​កន្លងទៅ​ ​គ្រូបង្រៀន​ថ្នាក់​បឋមសិក្សា​នៅ​សាលាបឋមសិក្សា​ក្នុង​ខេត្ត​កំពង់ឆ្នាំង​មួយ​រូប​ទទួល​បាន​កិត្តិយស​ដ៏​ធំធេង​ក្នុង​អាជីព​វិជ្ជាជីវៈ​ផ្នែក​អប់រំ​របស់​លោកស្រី​គួរ​ជាទី​មោទកភាព​ក្រៃលែង​សម្រាប់​សាលា​ផ្ទាល់​ក៏ដូចជា​សម្រាប់​ខេត្ត​កំពង់ឆ្នាំង​ទាំងមូល​ផង​ដែរ​ ​ព្រោះ​មិនមែន​នរណា​ៗ​ក៏​អាច​ទទួល​បាន​នូវ​ពានរង្វាន់​ពី​នាយក​រដ្ឋ​ម​ន្រ្តី​ដ៏​ខ្ពង់​ ​ខ្ពស់​មួយ​នេះ​ទេ​។​ ​តើ​ម្ចាស់​ពានរង្វាន់​គ្រូបង្រៀន​ល្អ​ផ្នែក​គ​ណិ​ត​វិទ្យា​ចំណាត់ថ្នាក់​លេខ​១​រូប​នេះ​មាន​ប្រវត្តិ​ការសិក្សា​ ​និង​បទពិសោធន៍​បង្រៀន​ដូចម្តេច​ខ្លះ​ទម្រាំ​បាន​ក្លាយ​ជា​ជ័យ​លា​ភី​ប្រចាំ​ឆ្នាំ​? ​តើ​គាត់​មានការ​ប្តេជ្ញា​ចិត្ត​ចំពោះ​អាជីព​នេះ​យ៉ាងណា​ដែរ​បន្ទាប់ពី​ទទួល​បាន​ពានរង្វាន់​ខាងលើ​? ជួប​សម្ភាសន៍​ជាមួយ​អ្នក​គ្រូ​ ​ឈុំ​ ណៃ​គា​ ​ម្ចាស់​ជ័យ​លា​ភី​ផ្ទាល់​ ​នៅ​សាលាបឋមសិក្សា​សាលា​លេខ​ប្រាំ​ ​ក្នុង​ភូមិ​សាលា​លេខ​ប្រាំ​ ​ឃុំ​អូរ​ប្ញស្សី ​ស្រុក​កំពង់​ត្រឡាច​ ​ខេត្ត​កំពង់ឆ្នាំង​ ​ដែល​ជា​កន្លែង​អ្នក​គ្រូ​កំពុង​បំ​ពេញការ​ងារ​សព្វថ្ងៃនេះ​ ​អ្នក​គ្រូបា​ន​សម្តែង​ក្តី​សោមនស្ស​រីករាយ​ប្រកបដោយ​ស្នាម​ញញឹម​ “​នេះ​គឺជា​លើកទីមួយ​ហើយដែល​នាងខ្ញុំ​ទទួល​បាន​ពានរង្វាន់​សម្ដេច​តេជោ ​សែន​ ​ក្នុង​វិ​ស័​យ​អប់រំ​។​ ​នាងខ្ញុំ​មាន​អារម្មណ៍​រំភើប​ ​និង​សប្បាយរីករាយ​ខ្លាំង​ណាស់​ដែល​បាន​ក្លាយ​ជា​ម្ចាស់​ជ័យ​លា​ភី​គ្រូបង្រៀន​ល្អ​ ​គ​ណិ​ត​វិទ្យា​ ​ថ្នាក់​ទី​២​ ​ចំណាត់ថ្នាក់​លេខ​១”។​ ​អម​ដោយ​បរិយាកាស​ស្រស់បំព្រង​នៃ​ ​បរិស្ថាន​សាលាបឋមសិក្សា​សាលា​លេខ​ប្រាំ​ ​ក៏ដូចជា​ភាព​ស្រស់​ស្អាត​និង​មានសណ្តាប់ធ្នាប់​របៀបរៀបរយ​នៃ​ថ្នាក់​បង្រៀន​របស់​អ្នក​គ្រូ​ផ្ទាល់​ ​អ្នក​គ្រូ​ថ្នាក់​ទី​២​ ​វ័យ​៣​០​ឆ្នាំ​ ​រូប​នេះ​ ​បាន​បញ្ជាក់​ប្រាប់​ពី​មូលហេតុ​ដែល​នាំឲ្យ​លោកស្រី​ទទួល​បាន​ជ័យ​ ​លា​ភី​នេះ​ថា​ ​ការ​ប្រកួត​នេះ​ ​ជាបឋម​ត្រូវ​ឆ្លងកាត់​ការ​ចុះ​វាយ​តម្លៃ​ការ​បង្រៀន​ពីសំណាក់​នាយិកា​សាលា​ដើម្បី​ដាក់​ពិន្ទុ​ ​មុននឹង​ឈាន​ដល់​ការ​វាយ​តម្លៃ​ជាបន្តបន្ទាប់​តាមលំដាប់​ចាប់តាំង​ពី​ការិយាល័យ​អប់រំ​ស្រុក​ ​មន្ទីរអប់រំ​ខេត្ត​ ​រហូត​ឈាន​ដល់​ថ្នាក់​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​នៅ​ជុំ​ផ្តាច់ព្រ័ត្រ​។​ ​ដើម្បី​បាន​ក្លាយ​ជា​បេក្ខភាព​ ​អ្នក​គ្រូ​ត្រូវ​ត្រៀម​ខ្លួន​រួចជាស្រេច​គ្រប់ជ្រុងជ្រោយ​ ​ទាំង​ការរៀបចំ​ថ្នាក់រៀន​ ​ការ​អង្គុយ​របស់​សិស្ស​ ​ការងារ​រដ្ឋបាល​ ​ការងារ​បរិស្ថាន​ ​ទំនាក់ទំនង​ល្អជា​មួយ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ​ជាពិសេស​ការ​បង្រៀន​តែម្ដង​។​

​             អ្នក​គ្រូបា​ន​ពន្យល់​បន្ថែម​ឲ្យ​យើង​ដឹង​ថា​ ​នៅ​ក្នុង​ថ្នាក់​របស់​អ្នក​គ្រូ​ ​ពីមុន​មាន​បញ្ហា​ខ្វះខាត​សម្ភារ​មួយ​ចំនួន​ ​តែ​ឥឡូវនេះ​ ​ក្រោម​កិច្ច​ដឹកនាំ​គ្រប់គ្រង​របស់​អ្នក​គ្រូ​ ​បញ្ហា​ទាំងនេះ​ត្រូវ​បាន​ដោះស្រាយ​រួចហើយ​ ​ដោយមាន​ការចូលរួម​ពីសំណាក់​អង្គការ​ដៃគូ​ ​«​Save​ ​t​h​e​ ​Child​r​e​n​»​និង​មាតាបិតា​សិស្ស​ដែល​បាន​ជួយ​ផ្ដល់​ជា​ទូ​រដាក់​សម្ភារ​បង្រៀន​ ​រៀប​ការ៉ូ​ ​បំពាក់​កង្ហារ​ ​ដែល​ធ្វើឲ្យ​ការ​រៀន​និង​បង្រៀន​កាន់តែ​ប្រសើរ​។​ ​នាងខ្ញុំ​ប្ដេជ្ញា​ចិត្តនឹង​ខិតខំ​សិក្សាស្រាវជ្រាវ​រក​វិធី​ថ្មីៗ​ ​ដើម្បី​បង្រៀន​កូន​ៗ​ឱ្យ​ក្លាយ​ជា​ធនធាន​មាន​តម្លៃ​សម្រាប់​ប្រទេសជាតិ​។​ “​ចំណុច​លេចធ្លោ​របស់​នាងខ្ញុំ​ ​គឺ​ការ​បង្រៀន​ដោយ​យកចិត្តទុកដាក់​ ​ការ​ជួយ​សិស្ស​រៀន​យឺត​ ​ការប្រើប្រាស់​សម្ភារ​ងាយ​ៗ​ដែល​មាន​ក្នុង​ជីវភាពរស់នៅ​របស់​កុមារ​ជាក់ស្ដែង​ ​និង​ការ​ទំនាក់ទំនង​ល្អជា​មួយ​មាតាបិតា​សិស្ស​ ​ព្រមទាំង​បាន​អញ្ជើញ​មាតាបិតា​សិស្ស​មក​ចូលរួម​ប្រជុំ​ទាក់ទង​និង​ការសិក្សា​របស់​កូន​របស់​គាត់​ ​និង​លើកទឹកចិត្ត​ឲ្យ​គាត់​បង្រៀន​កូន​នៅផ្ទះ​បន្ថែម​ ” ​អ្នក​គ្រូបា​ន​សង្កត់ធ្ងន់​ពី​សមត្ថភាព​ការងារ​ដែល​ជា​កត្តា​ជំរុញ​ជោគជ័យ​នេះ​។​

             ​ចំពោះ​ប្រវត្តិរូប​របស់​ម​ន្រ្តី​អប់រំ​ដ៏​ឆ្នើម​ដែល​មាន​ដើមកំណើត​ចេញពី​ទឹកដី​កំពង់ឆ្នាំង​នេះ​វិញ​ ​លោកស្រី​ ​កើត​នៅ​ថ្ងៃ​ទី​១​៥​ ​ខែ​តុលា​ ​ឆ្នាំ​១​៩​៩​១​ ​នៅ​ភូមិ​ឧកញ៉ា​ប៉ាង​ ​ឃុំ​លង្វែក​ ​ស្រុក​កំពង់​ត្រឡាច​ ​ខេត្ត​កំពង់ឆ្នាំង​។​ ​គាត់​បាន​ចាប់ផ្តើម​ការសិក្សា​នៅ​សាលាបឋមសិក្សា​បន្ទាយលង្វែក​ ​ចន្លោះ​ឆ្នាំ​១​៩​៩​៩​-​២​០​០​៤​។​ ​បន្ទាប់មក​ ​គាត់​បាន​បន្ត​ការសិក្សា​នៅ​អនុវិទ្យាល័យ​ ​លង្វែក​ (​២​០​០​៤​-​២​០​០​៧​) ​និង​ ​វិទ្យាល័យ​ ​ហ៊ុន​ ​សែន​ ​កំពង់​ត្រឡាច​ (​២​០​០​៧​-​២​០​១​០​)​។​ ​បន្ទាប់មក​ទៀត​ ​គាត់​បាន​ឆ្លងកាត់​ការ​បណ្តុះបណ្តាល​ជំនាញ​អប់រំ​នៅ​សាលា​គរុ​កោ​សល្យ​និង​វិក្រឹ​ត​ការ​ខេត្ត​កំពង់ឆ្នាំង​ ​អំឡុង​ឆ្នាំ​២​០​១​០​-​២​០​១​២​។​ ​នៅ​ឆ្នាំ​ ​២​០​១​៣​ ​គាត់​បាន​ទទួល​វិញ្ញា​បន​ប​ត្រ​កុំព្យូទ័រ​រដ្ឋបាល​ពីសា​លា​ភាសា​អន្តរជាតិ​ ​និង​កុំព្យូទ័រ​។​ ​នៅ​ឆ្នាំ​២​០​១​៧​ ​គាត់​ ​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ឯកទេស​ជី​វ​វិទ្យា​ ​នៅ​ឯ​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា​។​  

             ​ចុះ​អ្នក​គ្រូ​ទទួល​បាន​អ្វីខ្លះ​បន្ទាប់ពី​ជាប់​ជ័យ​លា​ភី​នេះ​? ​អ្នក​គ្រូបា​ន​ឆ្លើយតប​ថា​ ​នៅពេលដែល​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​បាន​ប្រកាស​ផ្សាយ​លទ្ធផល​តាមរយៈ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​​​ក្រសួង​អប់រំ​នោះ​ ​ទាំង​មាតាបិតា​សិស្ស​ ​លោកគ្រូ​អ្នក​គ្រូ​ ​គណៈ​គ្រប់គ្រង​សាលា​ ​ការិយាល័យ​អប់រំ​ស្រុក​ ​មន្ទីរអប់រំ​ខេត្ត​ ​សុទ្ធតែ​បាន​ចូលរួម​អប​អរសាទរ​តាមរយៈ​សារ​ ​ការ​ផុស​លើ​គណនេយ្យ​ហ្វេសប៊ុក​ ​និង​ផេ​ក​ (​Page​) ​សាលារៀន​ ​ជាដើម​។​ ​សម្រាប់​ជ័យ​លា​ភី​ ​អ្នក​គ្រូ​ទទួល​បាន​ពាន​ជ័យ​ ​លា​ភី​ចំនួន​មួយ​គ្រឿង​ ​ព្រមទាំង​ទឹកប្រាក់​ចំនួន​ប្រាំ​លាន​រៀល​។​ ​ក្នុង​ឱកាស​នេះ​ដែរ​ ​អ្នក​គ្រូក៏​បាន​ប្ដេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ថា​នឹង​ខិតខំ​សិក្សាស្រាវជ្រាវ​រក​វិធី​ថ្មីៗ​ដើម្បី​បង្រៀន​សិស្សានុសិស្ស​ទាំងអស់​ឲ្យ​ក្លាយ​ជា​ធនធាន​មាន​តម្លៃ​សម្រាប់​ប្រទេស​ជាតិ​យ៉ាង​ពិតប្រាកដ​។​

             ​ជាចុងក្រោយ​ ​អ្នក​គ្រូ​ ​ឈុំ​ ណៃ​គា​ ​សូម​អរគុណ​ដល់​លោកគ្រូ​ ​អ្នក​គ្រូ​ ​គណៈ​គ្រប់គ្រង​សាលា​ ​ការិយាល័យ​អប់រំ​ស្រុក​ ​និង​មន្ទីរអប់រំ​ខេត្ត​កំពង់ឆ្នាំង​ ​ដែល​បាន​ផ្ដល់​អនុសាសន៍​ល្អ​ៗ​និង​លើកទឹកចិត្ត​ចំពោះ​អ្នក​គ្រូ​នា​ពេល​កន្លងមក​។​ ​ក្នុងនាម​ជា​អ្នកអប់រំ​ដ៏​ជោគជ័យ​ម្នាក់​ ​អ្នក​គ្រូក៏​សូមឲ្យ​លោកគ្រូ​អ្នក​គ្រូ​ទាំងអស់​ធ្វើការ​តាំងចិត្ត​ខិតខំ​បង្រៀន​សិស្ស​ដោយ​បេះដូង​ ​ហើយ​អ្នក​គ្រូក៏​សូម​ជំរុញលើកទឹកចិត្ត​លោកគ្រូ​អ្នក​គ្រូ​ឲ្យ​ចូលរួម​ប្រកួតប្រជែង​គ្រូបង្រៀន​ល្អ​បន្ត​នា​ឆ្នាំក្រោយៗ​ទៀត​។​ ​ទន្ទឹម​នឹង​នេះ​ ​សូម​លើកទឹកចិត្ត​មាតាបិតា​សិស្ស​ឲ្យ​ជួយ​ជំរុញ​និង​បង្រៀន​កូន​ៗ​បន្ថែម​នៅផ្ទះ​ដើម្បីឲ្យ​ការសិក្សា​របស់​ពួកគេ​កាន់​ ​តែ​ប្រសើរ​ឡើង​ទ្វេ​ដង​៕​

Article​ ​by​ SR​IN​ ​SO​K​MEAN​


SUGGESTIONS