×

សន្និសីទ​សារ​ព័ត៌មាន​ស្តីពី​ការ​ចេញផ្សាយ​សៀវភៅ​ ​«​T​H​E​ ​FIRST​ ​ROYAL​ ​A​P​S​AR​A​»​ (​តួ​អប្សរា​ព្រះរាជទ្រព្យ​ដំបូង​)

NEWS 2 years ago
 
 

            ភ្នំពេញ​៖​ ​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ ​ថ្ងៃព្រហស្បតិ៍​ ​ទី​០​៧​ ​ខែ​កក្កដា​ ​នេះ​ ​នៅ​ឯ​ទីតាំង​បន្ទប់​គ្រី​ស្តា​ល់ (​Crystal​ ​Room​) ​នៃ​សណ្ឋាគារ​ឡឺរ៉ូ​យ៉ា​ល់ ​សង្កាត់​វត្តភ្នំ​ ​ខណ្ឌ​ដូនពេញ​ ​រាជធានី​ភ្នំពេញ​ ​មាន​ការរៀបចំ​កម្មវិធី​សម្ពោធន៍​សៀវភៅ​ក្រោម​ចំណងជើង​ថា​ ​«​T​H​E​ ​FIRST​ ​ROYAL​ ​A​P​S​AR​A​»​ ​ឬ​ ​មានន័យ​ថា​ ​បឋម​រាជ​អប្សរា​ (​តួ​អប្សរា​ព្រះរាជទ្រព្យ​ដំបូង​) ​ជា​ភាសាខ្មែរ​ ​ក្រោម​ការចូលរួម​ជា​កិត្តិយស​ពីសំណាក់​អ្នកនិពន្ធ​ ​សែ​រាជវង្ស​ សា​ស្រ្តាចារ្យ​របាំ​បុរាណ​ ​អ្នក​សារ​ព័ត៌មាន​ខ្មែរ​ និង​បរទេស​ ព្រមទាំង​ភ្ញៀវពន្លឺ​ជាច្រើន​រូប​ទៀត​យ៉ាង​ក្នុង​បរិយាកាស​សោមនស្ស​រីករាយ​ក្រៃលែង​ចំពោះ​សមិទ្ធផល​ស្តីពី​ព្រះ​ជីវប្រវត្តិ​លម្អិត​របស់​ទេពនាដ​វ​ដ្តី​ឯក​ដែល​ទើប​ចេញផ្សាយ​ថ្មី​ចុងក្រោយ​ជា​ប្រវត្តិ​សា​ស្រ្ត​មួយ​ចំណងជើង​នេះ​។​

            ឯកឧត្តម​ ហ៊្សូលី​អូ​ ​អា​.ហ្សេដ្រេស៍ (Ju​l​i​o ​A​. J​e​l​d​r​e​s) ​ជី​វ​ប្រវត្តិវិទូ​ និង​ជា​ទីប្រឹក្សា​អម​ព្រះរាជ​ខុទ្ទកាល័យ​ព្រះមហាក្សត្រ​ ​បាន​អញ្ជើញ​ថ្លែងសុន្ទរកថា​ក្នុង​កម្មវិធី​នោះ​ថា​ “​គំនិត​នៃ​ការ​បង្កើត​សៀវភៅ​នេះ​បាន​ចាប់ផ្តើម​នៅ​ខែវិច្ឆិកា​ ​ឆ្នាំ​១​៩​៩​១​ ​ពេល​ដែល​សម្តេច​ព្រះរាជបុត្រី​ព្រះរៀម​ ​នរោត្តម​ ​បុប្ផា​ទេវី​ ​និង​ខ្ញុំ​អម​ព្រះ​រាជដំណើរ​ព្រះ​បរម​រត​ន​កោដ្ឋ​ ​នរោត្តម​ ​សី​ហ​នុ ​ក្នុង​ដំណើរ​មាតុភូមិនិវត្តន៍​របស់​ទ្រង់​មកកាន់​ប្រទេស​កម្ពុជា​វិញ​ ​បន្ទាប់ពី​ការ​ឡាយ​ព្រះ​ហ​ស្ថ​លេខា​លើ​កិច្ចព្រមព្រៀង​សន្ធិសញ្ញា​ក្រុង​ប៉ា​រី​ស​។​ ​ពួកយើង​ពិភាក្សា​គំនិត​នេះ​ម្តងទៀត​នៅ​អំឡុង​ពេល​អាហារ​ថ្ងៃត្រង់​ ​នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា​ ​ក្នុង​ខែ​ធ្នូ​ ​១​៩​៩​១​។​ ​ពេល​នោះ​ទ្រង់​មាន​ព្រះទ័យ​ចង់បាន​សៀវភៅ​មួយ​ក្បាល​ស្តីពី​របាំ​ព្រះរាជទ្រព្យ​ […]”​។​ ឯកឧត្តម​បាន​មានប្រសាសន៍​បន្ត​ថា​ ​ទ្រង់​ពុំដែល​មាន​ព្រះទ័យ​ចង់ឲ្យ​សរសេរ​សៀវភៅ​លើក​អំពី​ទ្រង់​ទេ​ ​ប៉ុន្តែ​ជា​សៀវភៅ​អំពី​របាំ​ព្រះរាជទ្រព្យ​ខ្មែរ​។​ ​ទ្រង់​បាន​ពិភាក្សា​រឿង​នេះ​ជា​លើក​ចុងក្រោយ​កាលពីដើម​ឆ្នាំ​២​០​១​៨​។​ ​ប៉ុន្តែ​ជាអកុសល​ ​ទ្រង់​ក៏បាន​សោយ​ព្រះ​ពិរាល័យ​ក្រោយពេល​ទ្រង់​បាន​ព្រមព្រៀង​ទៅលើ​គម្រោង​ថវិកា ​និង​កាលវិភាគ​សរសេរ​ចងក្រង​សៀវភៅ​ឯកសារ​នេះ​ឡើង​រួច​។​ ​ទោះបីជា​យ៉ាងនេះ​ក្តី​ ​ក៏​ព្រះអង្គម្ចាស់​ ​ស៊ីសុវត្ថិ​ វាក់​ជី​រ៉ា​វុឌ្ឍ (​ឯកសារ​ខ្លះ​សរសេរ​ថា​ ​ព្រះអង្គម្ចាស់​ ​ស៊ីសុវត្ថិ​ វិជ្ជ​រ៉ា​វុឌ្ឍ) ​ព្រះ​ប្រធាន​សមាគម​សប្បុរស​ធម៌​ ​បុប្ផា​ទេវី​ ​និង​ជា​ព្រះ​បុត្រា​ពៅ​របស់​ទ្រង់​បាន​ស្នើ​ឲ្យ​ឯកឧត្តម​សរសេរ​អំពី​ព្រះ​ជីវប្រវត្តិ​របស់​មាតា​ទ្រង់​បោះពុម្ព​ជា​សៀវភៅ​នេះ​ឡើង​។​

            “​សៀវភៅ​នេះ​ជាឯក​សារព្រះ​ជីវប្រវត្តិ​ដំបូង​នៃ​សម្តេច​ព្រះរាជបុត្រី​ ​ព្រះរៀម​ ​នរោត្តម​ ​បុប្ផា​ទេវី​។​ ​ខ្ញុំ​ពិតជា​សម្តែង​អំណរគុណ​ចំពោះ​ឯកឧត្តម​រាជទូត​ Ju​l​i​o J​e​l​d​r​e​s ​ដែល​បាន​ធ្វើ​ការស្រាវជ្រាវ​ប្រវត្តិ​សា​ស្រ្ត​ពី​ព្រះ​ឆាយា​លក្ខណ៍​និង​ព្រះ​ជីវប្រវត្តិ​របស់​ព្រះរៀម​។​ ​ព្រះអង្គម្ចាស់ក្សត្រី​ទ្រង់​បាន​បូជា​ព្រះជន្ម​ចំពោះ​បុព្វហេតុ​សិល្បៈ​និង​បេតិកភណ្ឌ​ជាតិខ្មែរ​ ​ដែល​ក្មេង​ជំនាន់​ក្រោយ​ត្រូវតែ​មាន​មោទកភាព​ចំពោះ​ទ្រង់​ដែល​បាន​ធ្វើឲ្យ​របាំ​ព្រះរាជទ្រព្យ​និង​របាំ​អប្សរា​ល្បីល្បាញ​និង​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​មនុស្សជាតិ​ដោយ​យូ​នេស្កូ (UN​E​S​CO​)” ​ព្រះអង្គម្ចាស់​ ​ស៊ីសុវត្ថិ​ តេស្សូ ​ព្រះ​ប្រធាន​សាលា​របាំ​បុប្ផា​ទេវី​ ​ទ្រង់​បាន​មាន​បន្ទូល​។​ ​ទន្ទឹម​នឹង​នេះ​ ​ព្រះអង្គម្ចាស់​ទ្រង់​ក៏មាន​ព្រះទ័យ​ចង់ឲ្យ​មាន​បំ​ណ​ក​ប្រែ​សៀវភៅ​នេះ​ទៅជា​ភាសាខ្មែរ​នៅ​ថ្ងៃ​អនាគត​សម្រាប់​ប្រជាជន​កម្ពុជា​បាន​អាន​ទាំងអស់គ្នា​ប្រសិនបើ​មានលទ្ធភាព​ហិរញ្ញវត្ថុ​បន្ថែម​ទៀត​។​

            គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​កម្មវិធី​នេះ​ចាប់ផ្តើម​ដោយ​សុន្ទរកថា​ស្វាគមន៍​របស់​ព្រះអង្គម្ចាស់​ ​ស៊ីសុវត្ថិ​ តេស្សូ ​និង​ ​លោកស្រី​សា​ស្រ្តាចារ្យ​របាំ​ ​ឱម​ យុ​វ​ណ្ឌី ​មកពី​សាលា​របាំ​បុប្ផា​ទេវី​ ​ព្រមទាំង​ចំណាប់​ព្រះទ័យ​របស់​ព្រះអង្គម្ចាស់​ ​ស៊ីសុវត្ថិ​ ​វាក់​ជី​រ៉ា​វុឌ្ឍ ​បន្ត​ដោយ​ការ​ធ្វើ​បទ​បង្ហាញ​អំពី​មាតិកា​សំខាន់​ៗ​នៃ​សៀវភៅ​ដោយ​ ​ឯកឧត្តម​ ហ្ស៊ូ​លី​អូ​ ​អា​.ហ្សេដ្រេស៍ ​និង​បទសម្ភាសន៍​ ​ហើយ​បញ្ចប់​ដោយ​ការ​ចុះហត្ថលេខា​របស់​អ្នកនិពន្ធ​និង​ចែក​សៀវភៅ​ជូន​ចំពោះ​អ្នកចូលរួម​តំណាង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​៕​

Article​ ​by​ SR​IN​ ​SO​K​MEAN​


SUGGESTIONS