×

«​ក​ន្ត្រេ-​ក​ន្រ្ត​ក​»​ ​ហាង​កាហ្វេ​លើកស្ទួយ​ស្ថាបត្យកម្ម​ ​និង​សិប្បកម្ម​ខ្មែរ​នា​ក្រុង​បាត់​ដំបង​

TRAVEL & LIVING 2 years ago
 
 

            «​កន្ត្រក​»​ ​គឺជា​សម្ភារ​ម៉្យាង​សម្រាប់​ត្រង​ ​ឬ​ផ្ទុក​សម្ភារ​ប្រើប្រាស់​ផ្សេងៗ​ជាច្រើន​ក្នុង​ពេល​តែមួយ​ដែល​ប្រជាជន​ខ្មែរ​និយម​ប្រើប្រាស់​នៅ​ពេល​ទៅ​ផ្សារ​ទិញ​បន្លែ​ ​ឬ​ចំណីចំណុក​ផ្សេងៗ​។​ ​យ៉ាងណាមិញ​ ​«​កន្ត្រក​»​ ​ត្រូវ​បាន​ប្រែ​ទៅជា​ឈ្មោះ​របស់​ហាង​កាហ្វេ​មួយ​កន្លែង​ស្ថិតនៅ​ក្នុង​ក្រុង​បាត់​ដំបង​ដែល​មាន​ការរចនា​យ៉ាង​ស្រស់​ស្អាត​ ​និង​ទាក់ទាញ​ជាមួយនឹង​ការ​តុបតែង​នូវ​កន្ត្រក​ ​កាបូប​តម្បាញ​ ​ឬ​ល្អី​តូច​ៗ​ ​អម​ដោយ​ផ្ទាំង​គំនូរ​នានា​ដទៃទៀត​ដែល​ជា​ស្នាដៃ​របស់​សិល្បករ​ខ្មែរ​រស់នៅ​ទីនោះ​ជាដើម​។​ ​ការរៀបចំ​តុបតែង​ ​និង​ប្រើប្រាស់​គ្រឿងបរិក្ខារ​នៅ​ក្នុង​ហាង​កាហ្វេ​នេះ​សុទ្ធសឹងតែ​ជា​គំនិត​ច្នៃ​ប្រតិដ្ឋ​របស់​ស្ថាបនិក​ខ្មែរ​មួយ​រូប​ដែល​ជា​អ្នក​ស្រឡាញ់​សិល្បៈ ​ក៏ដូចជា​អគារ​ចាស់ៗ​ផង​ដែរ​។​

            ​ជំនួប​ជាមួយនឹង​ ​លោក​ ​អៀ​ ​គីម​ប៉ ​ស្ថាបនិក​របស់​ហាង​កាហ្វេ​ប្រណីត​ ​«​ក​ន្ត្រេ-​កន្ត្រក​»​ ​បានឲ្យ​ដឹងផង​ថា​កា​របើក​ដំណើរការ​អាជីវកម្ម​នៅ​ក្នុង​សំណង់​អគារ​ចំណាស់​ដែល​មាន​អាយុកាល​ជាង​មួយ​សតវត្សរ៍​សេសសល់​ពី​សម័យកាល​អាណានិគមនិយម​បារាំង​នេះ​ក៏​ព្រោះតែ​ចង់ឲ្យ​អ្នក​និយម​ទទួល​ទា​កាហ្វេ​អាច​ស្រមៃ​ ​ឬ​ទទួល​បាន​នូវ​អារម្មណ៍​ម៉្យាង​ដែល​កំពុងតែ​ស្ថិតនៅ​ក្នុង​អតីតកាល​នៅ​អំឡុង​ឆ្នាំ​១​៩​៦​៣​ ​ដោយ​ក្រេបរសជាតិ​កាហ្វេ​ឈ្ងុយឆ្ងាញ់​បណ្តើរ​ ​ជជែក​ជាមួយនឹង​មិត្តភក្តិ​បណ្តើរ​ដែល​មាន​បរិយាកាស​ស្ងប់ស្ងាត់​នៅក្នុងផ្ទះ​ចាស់​ប្រៀប​បាន​ដូចជា​ផ្ទះ​របស់​ខ្លួន​ដូច្នេះ​ដែរ​។​ ​«​ក​ន្ត្រេ-​កន្ត្រក​»​ ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​១​២​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​១​ ​ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ប្លុក​ផ្សារណាត់​នា​ផ្លូវ​លេខ​១​.​៥​ ​នៃ​ខេត្ត​បាត់​ដំបង​ជា​ទីក្រុង​ដ៏​សែន​មនោ​រម្យ​សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ​ ​និង​អន្តរជាតិ​តែង​មក​ក​ម្សាន្ត​ជារឿយៗ​ផង​ដែរ​។​ ​ហាង​កាហ្វេ​នេះ​មាន​២​ជាន់​សម្រាប់​ទទួល​អតិថិជន​អាច​សម្រាក​ក​ម្សាន្ត​ពិភាក្សា​ជាមួយនឹង​មិត្តភក្តិ​ ​ឬ​ក្រុម​ការងារ​ជា​លក្ខណៈ​ឯកជន​ ​ក៏ដូចជា​អាច​ចំណាយ​ពេល​អាន​សៀវភៅ​ជាមួយនឹង​បរិយាកាស​ស្ងប់ស្ងាត់​ថែមទៀត​នោះ​កាន់តែ​ពិសេស​។​ ​បរិយាកាស​ដ៏​ល្អឯក​​អម​ដោយ​ការ​តុបតែង​បែប​សិល្បៈ​នេះ​ ​គេ​ពុំដែល​គួរ​រំលង​ភេសជ្ជៈ​ប្រចាំ​ហាង​ដូចជា​៖​ ​កាហ្វេ​ទឹកដោះគោ​ពិសេស​ (K’​t​rok ​Special​) ​កាហ្វេ​ម៉ា​ឆា​ឡាតេ (​Coffee​ ​Match​a​ ​Lat​t​e​) ​កាហ្វេ​ខ្មៅ​ក្រឡុក​ (​Shake​n ​Express​o) ប្ល៊េ​ក​បឺ​រី​ក្រូ​ឆ្មារ​ (​Blackberry​ ​Lemon​a​d​e​) ​តែ​ផ្លែ​ប៉េ​ស​ (K’​t​rok ​P​each​ ​Tea​) ​ដែល​មាន​តម្លៃ​សមរម្យ​ចាប់ពី​ ​៤​០​០​០​រៀល​រហូតដល់​ ​១​០​០​០​០​​រៀល​។​

            ​បើ​ទោះបីជា​ហាង​កាហ្វេ​នេះ​មាន​បរិវេណ​តូចល្មម​ពិតមែន​ ​ប៉ុន្តែ​ស្ថាបនិក​លោក​ ​គីម​ប៉ ​បានឲ្យ​ដឹងផង​ថា​ «​ក​ន្ត្រេ-​កន្ត្រក​»​ ​ក៏មាន​ការរៀបចំ​កន្លែង​ជា​លក្ខណៈ​ឯកជន​ភាព​សម្រាប់​អតិថិជន​ណា​ដែល​មានបំណង​ចង់​រៀបចំ​ការប្រជុំ​ជា​លក្ខណៈ​ក្រុម​ ​ឬ​ពិភាក្សា​ការងារ​សំខាន់​ៗ​ផ្សេងទៀត​ជាឯក​ជន​។​ ​យ៉ាងណាមិញ​ ​សម្រាប់​ម៉ោង​កា​របើក​ដំណើរការ​ ​«​ក​ន្ត្រេ-​កន្ត្រក​»​ ​គឺ​ចាប់ពី​ម៉ោង​៧​ ​និង​៣​០​នាទី​ព្រឹក​ ​រហូតដល់​ម៉ោង​៧​យប់​ផង​ដែរ​៕​

Article​ ​by​ ​PAN​ S​I​V​L​Y​


SUGGESTIONS