ពងមាន់អាំងល្បីប្រចាំផ្សារត្រាចខេត្តកំពង់ឆ្នាំងទាក់ចិត្តអ្នកដំណើរគ្រប់ទិសទី
TRAVEL & LIVING one year agoពងមាន់អាំងជាអាហារសម្រន់ក្លែមមាត់ពេលរសៀលដែលជាញឹកញយយើងប្រទះគេធ្វើលក់តាមផ្លូវ តាមភូមិស្រុក និងខេត្តក្រុងនានា។ បើនិយាយពីរសជាតិក៏ខុសគ្នាតែបន្តិចបន្តួចឆ្លាញ់ប្លែកដោយឡែកផងដែរ។ យ៉ាងណាមិញ ថ្ងៃនេះ សូវរីន សូមនាំប្រិយមិត្តទៅស្គាល់ពងមាន់អាំងមួយកន្លែងរសជាតិពិសេស សំខាន់ល្បីល្បាញយូរឆ្នាំប្រចាំខេត្តកំពង់ឆ្នាំងនោះគឺ «ពងមាន់អាំងផ្សារត្រាច»។
អ្នកដែលធ្វើដំណើរទៅមកតាមផ្លូវជាតិលេខ៥ ទិសដៅភ្នំពេញ-កំពង់ឆ្នាំង-បាត់ដំបង តែងតែឈប់ឡានឈានចូលទិញតិចឬច្រើនមិនសូវខាន ឯអ្នកខ្លះក៏មិនដែលដឹងដែរថាពងមាន់អាំងនៅទីនោះមានរសជាតិពិសេសបែបណា ដោយឃើញនឹកស្មានតែពងមាន់អាំងលក់ដូចកន្លែងទូទៅ។ បើយើងធ្វើដំណើរពីភ្នំពេញប្រមាណ៥០គីឡូម៉ែត្រឬចម្ងាយជិត៧គីឡូម៉ែត្រពីរមណីយដ្ឋានភ្នំឧដុង្គ យើងនឹងទៅដល់ទីប្រជុំជនផ្សារត្រាចដែលស្ថិតនៅឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ឃើញមានអ្នកលក់ពងមាន់អាំងក្រោមឆ័ត្រលើចញ្ចើមថ្នល់ហូរហែទាំងសងខាងផ្លូវ។ ពងមាន់អាំងហុយៗក្តៅៗតម្រៀបដោតជាចង្កាក់ៗបណ្តាក់ លើកត្រឡប់ប្រែបង្ហើរក្លិនឈ្ងុយ កំពុងបង្អួតរាងលើរងើកធ្យូងនៃចន្ទាសអាំងដែលមានអ្នកស្រុកនៅទីនោះកំពុងចម្អិនផ្ទាល់ដៃ។
លោកយាយម្នាក់វ័យ៩០ឆ្នាំប្លាយដែលជាអ្នកលក់ពងមាន់អាំងនៅម្តុំនោះមុនគេបានប្រាប់ថា គាត់ប្រកបមុខរបរនេះអស់រយៈពេល១០ឆ្នាំជាងមកហើយ។ ដំបូងឡើយគាត់ធ្វើលក់តែនៅតាមវត្តពេលមានបុណ្យទានឬលក់នៅពេលមានគេបញ្ចាំងកុនតាមភូមិតែប៉ុណ្ណោះ។ ក្រោយមកឃើញថាពងមាន់អាំងលោកយាយក៏ក្លាយជាអាហារដ៏ពេញនិយមប្រចាំភូមិស្រុកនោះតែម្តង រួចមកទើបអ្នកស្រុកអ្នកភូមិចាប់ផ្តើមធ្វើពងមាន់អាំងនេះលក់តៗគ្នា។ ហើយលោកយាយក៏បានដាក់លក់នៅទីតាំងមុខផ្ទះលើចញ្ចើមថ្នល់មកដល់សព្វថ្ងៃ។ ពងមាន់អាំងរបស់លោកយាយលក់ដាច់ណាស់ ពោលគឺមួយថ្ងៃអាចលក់បានជាមធ្យមពី៥០ចង្កាក់ទៅ១០០ចង្កាក់ បើគិតចំនួនគ្រាប់ពី២០០ទៅ៣០០គ្រាប់ឯណោះ។ បើក្នុងរដូវកាលបុណ្យទានឬថ្ងៃឈប់សម្រាកធំៗដែលមានអ្នកធ្វើដំណើរជិតឆ្ងាយឆ្លងកាត់ទៅតាមបណ្តាខេត្តនានាច្រើនផងនោះ គាត់អាចលក់បានច្រើនជាងនេះទៅទៀត ព្រោះគេឈប់ទិញច្រើនជាងថ្ងៃធម្មតា។
អតិថិជនពងមាន់អាំងម្នាក់ដែលធ្វើដំណើរមកពីទីក្រុងភ្នំពេញបាននិយាយថា “ពងមាន់អាំងនៅផ្សារត្រាចនេះមានរសជាតិឆ្ងាញ់ម៉្យាងពីរសជាតិដែលខ្ញុំធ្លាប់ញុំានៅកន្លែងផ្សេងៗ គឺវាទន់ៗ និងមិនមានក្លិនឆ្អាបពងមាន់ទេ។ ឲ្យតែខ្ញុំធ្វើដំណើរឆ្លងកាត់ទីនេះ គឺមិនជិះហួសឡើយ ឈប់ទិញតែរហូតនឹង។” ដោយសារតែរសជាតិឆ្ងាញ់ប្លែកពីគេនៃពងមាន់អាំងផ្សារត្រាចនេះ ទើបធ្វើឲ្យរបរតាមចិញ្ចើមផ្លូវនេះ ចេះតែរីកចម្រើនអាចឈរជើងជាប់រហូត១០ឆ្នាំជាង ហើយទទួលបានការគាំទ្រពីអ្នកដំណើរប្រុសស្រីទាំងក្មេងចាស់ និងប្រជាជនដែលរស់នៅម្តុំនោះផងដែរ។ បើចង់បានរសជាតិដើម សូមមកទទួលទានផ្ទាល់ ធានាថារសជាតិខុសពីកន្លែងផ្សេងដែលអ្នកធ្លាប់ទទួលទានកន្លងមក។ តម្លៃត្រឹមតែ១៥០០រៀលប៉ុណ្ណោះក្នុងមួយចង្កាក់ បើបានឆ្លងកាត់កុំភ្លេចចូលសាកល្បងណា៎!
Article by SOUNG SOKSAN