×

កញ្ញា ញ៉ែម សុភាព បំពេញ​ក្តី​ស្រមៃ​ក្លាយ​ជា​អ្នក​របាំ​តាម​រយៈ​សិល្បៈ​​គំនូរ

NEWS 2 years ago
 
 

          ដោយ​មាន​និស្ស័យ​លើ​វិស័យ​គំនូរ ក្រោយ​ឈាន​ចូល​វ័យ​ជំទង់​ក្នុង​ឆ្នាំ​២០១៣​ កញ្ញា ញ៉ែម សុភាព បាន​ចូល​សិក្សា​គំនូរ​នៅ​សាលា Yamada School of Art ​។ នៅ​ឆ្នាំ​២០១៣-២០១៤ សុភាព បាន​ចូល​រួម​ប្រកួត​ក្នុង​កម្មវិធី​គំនូរ​របស់​ជប៉ុន «Dream Girl» ចំនួន​ពីរ​លើក ដោយ​លើក​ទី១​ទទួល​បាន​ជ័យ​លាភី​លេខ​៣ ឯ​លើក​ទី​២ទទួល​បាន​ជ័យ​លាភី​លេខ​១។ មែន​ទែន​ទៅ សុភាព ធ្លាប់​ប្រកួត​គំនូរ​តាំង​តែ​ពី​វ័យ​កុមារ ពោល​កាល​រៀន​នៅ​ថ្នាក់​ទី​៦ ប្រកួត​គំនូរ​មាត់​ធ្មេញ​ទទួល​បាន​ចំណាក់​ថ្នាក់​លេខ​១ ហើយ​ពេល​រៀន​ថ្នាក់​ទី​៨ក៏​ប្រកួត​គំនូរ​នេះ​ម្តង​ទៀង​ទទួល​បាន​លេខ​១​ផង​ដែរ។ ពី​ឆ្នាំ​២០១៣​​មក សុភាព បាន​ចូល​រួម​បង្ហាញ​ស្នាដៃ​តាម​រយៈ​ពិព័រណ៍​គំនូរ​នានា​ទាំង​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស​ដូចជា ជប៉ុន និង​កូរ៉េ ជា​ដើម។​

          បច្ចុប្បន្ន កញ្ញា ញ៉ែម សុភាព គឺ​ជា​សិល្បករ​ឯករាជ្យ ដែល​មាន​ជំនាញ​ទៅ​លើ​គំនូរ​ពណ៌​ប្រេង ហើយ​គំនូរ​របស់​ខ្លួន​ទៀត​សោត​មាន​លក្ខណៈ​ជា Realistic (គំនូរ​មើល​ឃើញ) លាយ​ឡំ​បែប Impressionist និង​បែប Romanticism។  ជាក់​ស្តែង តាម​រយៈ​គំនូរ​ក្រោម​ចំណង​ជើង «A Ceremony in 1959» ដែល​ដាក់​តាំង​បង្ហាញ​នៅ​ក្នុង​ពិព័រណ៍​ប្រធាន​បទ «Memory» នៅ​ឯ​មជ្ឈមណ្ឌល​បុប្ផា​ណា​កាល​ពី​ដើម​ខែ​មេសា​កន្លង​ទៅ​ កញ្ញា​បាន​គូរ​តួ​អង្គ​​របាំ​ចំនួន​ពីរ​ផ្ទាំង​ស្ថិត​ក្នុង​សម្លៀក​បំពាក់​ទ្រង់​គ្រឿង​យ៉ាង​ល្អ​វិចិត្រ ដែល​លម្អិត​ដោយ​ពណ៌​ផាត់​ចម្រុះ​មិន​សូវ​ជា​ច្បាស់ តែ​គន់​យូរៗ​ទៅ ទាំង​ទឹក​មុខ ​ទាំង​កែវ​ភ្នែក ហាក់​បី​ដូច​ជា​រស់​រវើក​មាន​វិញ្ញាណ​ពិតៗ​យ៉ាង​ដូច្នោះ។ ម្ចាស់​ស្នា​ដៃ​នេះ​បាន​ឲ្យ​ដឹង​ថា ​គំនូរ​នេះ​គឺ​ជា​ការ​បង្ហាញ​ស្នាដៃ​ឡើង​វិញ បន្ទាប់​ពី​ខ្លួន​បាន​ផ្អាក​ប្រឡូក​ការងារ​គំនូរ​អស់​រយៈ​ពេល​ប្រមាណ​៣-៤​ឆ្នាំ ដោយ​ហេតុ​ជាប់​ធុរៈ​ការងារ​ផ្ទាល់​ខ្លួន។

          ​រូប​គំនូរ​របស់​សុភាព​ភាគ​ច្រើន​គូរ​អំពី​តួ​អង្គ​របាំ​បុរាណ ជា​ពិសេស​របាំ​ព្រះ​រាជ​ទ្រព្យ។ ទាក់​ទង​នឹង​តួ​អង្គ​គំនូរ​នេះ ​សុភាព​បាន​បរិយាយ​ថា ពី​ដំបូង​ឡើយ​បំណង​ប្រាថ្នា​របស់​ខ្លួន​គឺ​ចង់​ក្លាយ​ជា​នាដកា តែ​ដោយសារ​គ្មាន​ឱកាស​ កញ្ញា​ក៏​បាន​ចាប់​យក​ជំនាញ​គំនូរ​វិញ។ ថ្វី​បើ​មិន​​បាន​ក្លាយ​ជា​នាដកា ​តែ​សុភាព​នៅ​តែ​ចិញ្ចឹម​ចិត្ត​មិន​បោះបង់​ភក្តីភាព​ចំពោះ​របាំ​ឡើយ ដោយ​ងាក​មក​ប្រើ​ចំណេះ​ជំនាញ ក៏​ដូច​ជា​ទេព​កោសល្យ​ទាំង​ប៉ុន្មាន បង្កើត​ជា​ស្នាដៃ​គំនូរ​ជាមួយ​រូបភាព​តួអង្គរ​របាំ​ដូច​ដែល​ខ្លួន​ធ្លាប់​ស្រមៃ។ កញ្ញា​បាន​លើក​ហេតុផល​យ៉ាង​ដូច្នេះ “ហេតុ​ផល​ដែល​ភាគ​ច្រើន​ខ្ញុំ​គូរ​ទៅ​លើ​របាំ​ និង​វប្បធម៌ នេះ​ក៏​ព្រោះ​ខ្ញុំ​ស្រឡាញ់​ចូល​ចិត្ត​របាំ​ហើយ​ក៏​ចង់​ក្លាយ​ជា​អ្នក​របាំ​ផ​ងដែរ។ មួយ​វិញ​ទៀត ​ខ្ញុំ​មើល​ឃើញ​​​ពី​ការ​លះបង់​របស់​សិល្បករ​ជំនាន់​មុនៗ​ដែល​ពួក​គាត់​ខិត​ខំ​ហ្វឹ​ក​ហាត់ និង​ចង​ក្រង​ទុក​ជាមត៌ក​មក​ដល់​បច្ចុប្បន្ន។” ជាមួយ​គំនូរ​តួអង្គនាង និង​ទេព​មនោរម្យ​សុទ្ធ​សឹង​ចំណោម​របាំ​ព្រះ​រាជទ្រព្យ  សុភាព ថា​រូប​នីមួយៗ​ផ្តោត​លម្អិត​ទៅ​លើ​សម្លៀក​បំពាក់ និង​គ្រឿង​អលង្ការ ហើយ​ក៏​ជា​រូប​បុរាណ​ជាង​១០០​ឆ្នាំ​មុន។ ទន្ទឹម​នឹង​នេះ កញ្ញា​ក៏​បាន​បង្ហើប​ថា “គំនូរ​យើង​មិន​អាច​ចម្លង​រូប​ដើម​ទាំង​ស្រុង​ទេ បើ​ចម្លង​ទាំង​ស្រុង​វា​នឹង​មើល​ទៅ​មិន​មាន​ជីវិត​ឡើយ។ ជា​ទូទៅ​បើ​យើង​រៀន​ពី​ ​សរីរាង្គ​សាស្ត្រ(anatomy) ឬ​អារម្មណ៍​នៃ​សិល្បៈ ​យើង​នឹង​ចេះ​ដាក់​ព្រលឹង ដាក់​វិញ្ញាណ​ឲ្យ​រូប ជាក់​ស្តែង​ដូច​រូប​ដែលខ្ញុំ​គូរ​ ពេល​មើល​កែវ​ភ្នែក ទឹក​មុខ គឺ​មាន​អារម្មណ៍​ហាក់​ដូច​ជា​មាន​ជីវិត។ ដោយឡែក គំនូរ​ខ្លះ​ចម្លង​ពី​រូប​ថត​ទាំង​ស្រុង វា​ស្អាត វា​ត្រូវ វា​ដូច​មែន តែ​មិន​មាន​វិញ្ញាណ​នៅ​ក្នុ​ង​ហ្នឹង​ទេ។” សុភាព​ថា​គំនូរ​របស់​ខ្លួន​មិន​ផ្តោត​លើ​ការ​ច្បាស់​១០០​ភាគ​រយ​ទេ ហើយ​ក៏​មិន​ចាំ​បាច់​ផ្តោត​គូរ​ទម្រង់​ច្បាស់​ឬ​ភ្នែក​មុត​ដែរ សំខាន់​ធ្វើ​យ៉ាង​ម៉េច​បញ្ចូល​មនោ​សញ្ចេតនា និង​ធ្វើ​យ៉ាង​ណា​ឲ្យ​រូប​មើល​ទៅ​មាន​ជីវិត ពណ៌​អ្វី​ស្អាត​សម​ទៅ​នឹង​ស្រមោល​គឺ​គ្រប់​គ្រាន់។“ “របៀប​ដែល​ខ្ញុំ​គូរ​ ខ្ញុំ​តែង​ទៅ​កន្លែង​មួយ​ស្ងប់​ស្ងាត់​ហើយ​ស្តាប់​ភ្លេង ពេល​ខ្ញុំ​ស្លុង​ជាមួយ​គំនូរ​ទើប​ធ្វើ​ឲ្យ​រូប​ចេញ​មក​រស់​រវើក ដូច​ជា​កែវ​ភ្នែក​មើល​ទៅ​ដូច​សម្លឹង​មក​យើង​ពិតៗ។ នៅ​ពេល​យើង​ដាក់​មនោ​សញ្ចេតនា នៅ​​ពេល​យើង​ចូល​ស៊ុប​ជាមួយ​រូប ​យើង​នឹង​អាច​ធ្វើ​វា​ចេញ​ទៅ​មាន​ភាព​រស់​រវើក និង​មាន​ជីវិត។”

          យ៉ាង​ណា​មិញ ក្រោយ​ពី​ត្រឡប់​មក​ជាមួយ​ស្នាដៃ​​គំនូរ​របាំ​ប៉ុន្មាន​ផ្ទាំង បច្ចុប្បន្ន វិចិត្រករ ញ៉ែម សុភាព បាន​កំពុង​មមាញឹក​ជាមួយ​គម្រោងពិព័រណ៍​ទោល​ផ្ទាល់​ខ្លួន​មួយ​ក្រោម​ប្រធាន​បទ «ទេព​អប្សរ​នៃ​អង្គរ» ដែល​នឹង​ធ្វើ​ឡើង​នៅ​ឆ្នាំ​ក្រោយ​ជា​មួយ​រូប​គំនូរ​របាំ​ប្រមាណ​៣០ផ្ទាំង។ អាច​ថា​នេះ​ជា​ពិព័រណ៍​ទោល​លើក​ដំបូង​របស់​ខ្លួន សម្រាប់​ជា​ការ​បើក​បង្ហាញ​ការ​វិល​ចូល​ក្នុង​វិស័យ​សិល្បៈ​វិញ​ឲ្យ​កាន់​តែ​ធំ​ជាង​មុន ហើយ​ក៏​សង្ឃឹម​ថា មហាជន​នឹង​កាន់​តែ​ស្គាល់​ស្នា​ដៃ ទន្ទឹម​នឹង​ការ​ឲ្យ​តម្លៃ​ទៅ​លើ​សិល្បៈ​បុរាណ ក៏​ដូច​ជា​ចូលរួម​ថែរក្សា​ទាំងអស់​គ្នា៕


​Article by Hem Sokkhim


SUGGESTIONS