«ភូមិ៥១» រមណីយដ្ឋានទើបបើកថ្មីតាមបណ្តោយផ្លូវ៥១ ជិតភ្នំឧដុង្គ
TRAVEL & LIVING one year agoកាលពីជំនាន់មុនៗ បើទៅលេងឧដុង្គ អ្នកទេសចរគ្រប់គ្នាមានជម្រើសតែមួយកន្លែងប៉ុណ្ណោះសម្រាប់ដើរកម្សាន្តគឺ ភ្នំឧដុង្គ ឬ ភ្នំព្រះរាជទ្រព្យ ហាក់ដូចជាមិនមានតំបន់ទេសចរណ៍ណាផ្សេងឲ្យយើងអាចបន្លាយពេលចូលជ្រៀតជ្រកសម្រាកលម្ហែបានទៀតទេនៅក្បែរៗនោះ។ ប៉ុន្តែគិតមកដល់ឆ្នាំ២០២២នេះ តំបន់អភិវឌ្ឍន៍ផ្លូវជាតិលេខ៥១ព្រំប្រទល់ស្រុកពញាឮ ខេត្តកណ្តាល និងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ កំពុងត្រូវប៉ាន់ ហើយរមណីយដ្ឋានក្នុងប្លុកនោះក៏ត្រូវបានអភិវឌ្ឍលេចរូបរាងជាបណ្តើរៗស្របពេលជាមួយគ្នាដែរ។ ក្នុងចំណោមនោះ យើងសូមណែនាំឲ្យអ្នកទាំងអស់គ្នាបានស្គាល់កន្លែងទាក់ទាញខ្លាំងមួយប្រចាំតំបន់នោះ ឈ្មោះថា «ភូមិ៥១» ដែលជាតារាទេសចរណ៍កំពុងរះល្បីលើ បណ្តាញសង្គម។
រមណីយដ្ឋានខាងលើមានទីតាំងស្ថិតនៅភូមិស្តុកឈូក ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល។ ដើម្បីទៅដល់ទីនោះ អ្នកទេសចរគ្រាន់តែចំណាយពេលជិះចេញពីរាជធានីភ្នំពេញប្រហែល១ម៉ោង តាមបណ្តោយផ្លូវជាតិលេខ៥។ ហួសច្រកចូលរមណីយដ្ឋានភ្នំឧដុង្គបន្តិច ត្រូវបត់ឆ្វេងតាមផ្លូវលេខ ៥១ ចូលទៅក្នុងតម្រង់ទិសដៅផ្សារបាត់ដឹង។ ក្នុងចម្ងាយប្រមាណជាង១០គីឡូម៉ែត្រ មុនទៅដល់ទីប្រជុំជនបាត់ដឹង ឬ ខាងជើងផ្សារបាត់ដឹងចម្ងាយ១៥០០ម៉ែត្រ លោកអ្នកនឹងឃើញស្លាកយីហោរមណីយដ្ឋានភូមិ ៥១ យ៉ាងធំជាប់នឹងផ្លូវជាតិតែម្តង មិនពិបាករកទីតាំងជាក់ស្តែងនោះទេ។
វាជាប្រភេទសួនកម្សាន្តលក្ខណៈគ្រួសារដ៏ធំមួយកន្លែង មានវិសាលភាពផ្ទៃដីរហូត ១០ហិកតា (ទើបអភិវឌ្ឍជាជំហានដំបូងបាន ៥ ហិកតា) ដែលផ្តល់សកម្មភាពនិងសេវាកម្មទេសចរណ៍ជាច្រើនប្រភេទដល់ភ្ញៀវជាតិនិងអន្តរជាតិ ជាអាទិ៍រួមមាន សេវាកម្មអាហារពេលព្រឹក ពេលថ្ងៃត្រង់ និងពេលល្ងាច ស្ទូចត្រី ជិះទូកកម្សាន្ត ជិះកង់ ជិះឡានអាគុយ ជិះស៊ីក្លូលេង ទស្សនាត្រីចិញ្ចឹមក្នុងស្រះ ទស្សនាកសិដ្ឋានចិញ្ចឹមបង្កងតាមគោលការណ៍ធម្មជាតិ ដើរភ្លក់រសជាតិចំណីចំណុកនៅភូមិអាហារ (ទឹកអំពៅ ពងទាកូន សាច់គោអាំង នំបញ្ចុក…) ដើរលេងក្នុងសួនច្បារ កន្លែងក្មេងលេងដែលមានតាំងលម្អរូបតុក្កតាសម្រាប់បុត្រធីតាតូចៗជាទីស្រឡាញ់របស់លោកអ្នក និងតំបន់ថតរូបសម្រាប់មិត្តយុវវ័យ។ នៅក្នុងបរិវេណនោះ ក៏មានវត្តមានហាងកាហ្វេទំនើបដ៏ធំស្កឹមស្កៃក្នុងរចនាបថភូមិគ្រឹះខ្មែរប្រកបដោយសោភ័ណភាព។
តាមការឲ្យដឹងរបស់លោក ហ៊ួត ប៊ុននី ស្ថាបនិកនិងជាអ្នកគ្រប់គ្រងទូទៅរមណីយដ្ឋាន រមណីយដ្ឋាននេះទើបតែបានបើកដំណើរការជាសាធារណៈកាលពីថ្ងៃទី២៧ ខែមីនា ដើមឆ្នាំ២០២២នេះ ប៉ុន្តែទទួលការគាំទ្រពេញនិយមជាហូរហែពីសំណាក់អតិថិជនជិតឆ្ងាយ ទាំងអ្នកភ្នំពេញនិងអ្នករស់នៅជុំវិញតំបន់នេះ។ ភ្ញៀវភាគច្រើនមកជាលក្ខណៈគ្រួសារដើរលម្ហែនៅថ្ងៃសៅរ៍-អាទិត្យ ហើយពួកគេស្ញើចសរសើរចំពោះសេវាកម្មម្ហូបអាហារជាច្រើនមុខដែលបើកបម្រើទាំងបីពេលតែម្តង ចាប់តាំងពីម៉ោង៧ព្រឹករហូតដល់ម៉ោង១០យប់ គួបផ្សំនឹងបរិយាកាសស្អាតល្អអំណោយផលដល់ការមកកម្សាន្ត “ ភ្ញៀវគាត់ឃើញមានបរិយាកាស អង្គុយមាត់ទឹក ហើយបើកញ្ចុះណាដែលអត់ជាប់មាត់ទឹក យើងមនដើមឈើច្រើន។ អ៊ីចឹងទៅ គាត់មានអារម្មណ៍ថា ពេលគាត់នាំកូនៗមកលេង គាត់ទទួលបានអារម្មណ៍ល្អ ” ។
ពិសេសជាងនេះទៅទៀត រមណីយដ្ឋាន ភូមិ៥១ នឹងពាំនាំមកជូនអ្នកទេសចរនូវសេវាកម្មស្នាក់នៅបែបបាំងហ្គាឡូ និងកន្លែងបោះតង់តាមសេចក្តីត្រូវការរបស់លោកអ្ននាពេលឆាប់ៗខាងមុខ។ សូមរង់ចាំតាមដានតាមរយៈទំព័រហ្វេសប៊ុកផ្លូវការ Facebook Page: រមណីយដ្ឋាន ភូមិ 51 ដោយក្តីសោមនស្សរីករាយ៕
Article by SRIN SOKMEAN