កម្មវិធីសម្ពោធសៀវភៅ «ដុំហ្វីលមរតក ៖ ស្នាដៃរបស់ផលិតករភាពយន្តកម្ពុជាបួនរូប ១៩៦០-១៩៧៥»
NEWS 10 months agoរាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃសៅរ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ មានព្រឹត្តិការណ៍កម្មវិធីសម្ពោធសៀវភៅដែលមានចំណងជើងថា «ដុំហ្វីលមរតក ៖ ស្នាដៃរបស់ផលិតករភាពយន្តកម្ពុជាបួនរូប ១៩៦០-១៩៧៥» ឬ «Faded Reels ៖ The Art of Four Cambodian Filmmakers 1960-1975» ជាចំណងជើងភាសាអង់គ្លេស ជាផ្លូវការ នៅទីតាំងរោងភាពយន្ត Prime Cineplex សាខា Samai Square ទួលគោក ដែលរៀបចំឡើងដោយដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ។
កម្មវិធីនេះត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាអនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រីបណ្ឌិត អ៊ុំ រ៉ាវី សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ក្រៅពីនេះ កម្មវិធីនេះក៏មានការចូលរួមយ៉ាងច្រើនកុះករពីវត្តមាន សិស្ស និស្សិត ផលិតករភាពយន្ត អ្នកដឹកនាំរឿង អ្នកបម្រើការក្នុងវិស័យភាពយន្ត អ្នកស្នេហាភាពយន្ត និងមហាជនសរុបប្រមាណជាង២០០នាក់។
សៀវភៅ«ដុំហ្វីលមរតក ៖ ស្នាដៃរបស់ផលិតករភាពយន្តកម្ពុជាបួនរូប ១៩៦០-១៩៧៥» គឺជាស្នាដៃ និពន្ធរៀបរៀងដោយលោកស្រីបណ្ឌិត លីនដា សាផាន (Dr. Linda Saphan) ដែលធ្លាប់មានបទពិសោធន៍ស្រាវជ្រាវផ្នែកសិល្បៈវប្បធម៌ខ្មែរនៃសម័យយុគមាសនាពេលកន្លងមក ជាពិសេសធ្លាប់បំពេញតួនាទីជាប្រធានផ្នែកស្រាវជ្រាវនៃគម្រោងខ្សែភាពយន្ត «កុំស្មានបងភ្លេច ខ្មែរបាត់បង់តន្រ្តីរ៉ុក» (Don’t Think I’ve Forgotten : Cambodia’s Lost Rock and Roll) ។ នេះជាសៀវភៅដំបូងនិងតែមួយគត់ផ្តោតលើការវិភាគស៊ីជម្រៅលើមរតកភាពយន្តខ្មែរផលិតមុនឆ្នាំ១៩៧៥ របស់អ្នកដឹកនាំរឿងកម្ពុជាដ៏ល្បីល្បាញចំនួនរូប រួមមាន លោក លី ប៊ុនយីម លោក អ៊ី វ៉ុងហែម លោក ទា លឹមគុណ និងលោកស្រី អួង សីតា (អួង កន់ធួក)។ ឯកសារដ៏មានតម្លៃនេះត្រូវបានបកប្រែនិងកែសម្រួលមកជាភាសាខ្មែរដោយដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនា គមន៍ (DMC) ដែលមានលោក អ៊ុង ប៊ុនអ៊ី ជាប្រធាន។
“សៀវភៅនេះមិនត្រឹមតែផ្តល់ជាចំណេះដឹងបន្ថែមដល់សិស្ស ផលិតករភាពយន្ត អ្នកសេ្នហាភាព យន្ត ក៏ដូចជាបញ្ញវន្តខាងភាពយន្តប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញពីរបៀបស្វែងយល់អំពីភាពយន្តខ្មែរ និងស្វែងយល់ពីការវិភាគក្នុងបរិបទសង្គម នយោបាយ និងប្រវត្តិនៃភាពយន្តនីមួយៗដែលបានផលិត។ ” អ្នកនិពន្ធ លីនដា សាផាន បានពន្យល់។ ទន្ទឹមនឹងនេះ សៀវភៅខាងលើមានរួមបញ្ចូលការចងក្រងបញ្ជីភាពយន្ត ផលិតមុនរបបខ្មែរក្រហម និងភាពយន្តសេសសល់ពីសង្រ្គាម ព្រមទាំងបទសម្ភាសន៍ផ្តាច់មុខជាមួយអ្នកដឹកនាំរឿងជើងចាស់ លោកស្រី អួង សីតា ឬ អួង កន់ធួក។
ឆ្លើយតបទៅនឹងការចងក្រងសៀវភៅនេះឡើង ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា បានថ្លែងក្នុងឱកាសបិទកម្មវិធី ៖ “សូមអបអរ លោកស្រី លីនដា សាផាន ចំពោះការនិពន្ធសៀវភៅដ៏អស្ចារ្យនេះ! …អ្វីដែលលោកស្រីបានធ្វើគឺធ្វើឲ្យអ្វីដែលកើតឡើងតាំងពីឪពុកខ្ញុំនៅក្មេង មកដល់ជំនាន់ខ្ញុំនៅក្មេង មកដល់ជំនាន់កូនខ្ញុំនៅក្មេង បានមើលឃើញតាមរយៈសៀវភៅនេះ។”។ ឯកឧត្តមក៏បានមានប្រសាសន៍រំព្ញកអំពីគុណតម្លៃអប់រំជាច្រើននៃខ្សែភាពយន្តដែលមានអត្ថប្រយោជន៍សម្រាប់ទស្សនិកជនទាំងឡាយ តួយ៉ាង ពុទ្ធិសម្បទា បំណិនសម្បទា ចរិយាសម្បទា និងសោភ័ណសម្បទា ជាដើម។
គួរបញ្ជាក់ថា ក្រៅពីសម្ពោធសៀវភៅផ្លូវការ និងសុន្ទរកថាដ៏មានខ្លឹមសារជ្រាលជ្រៅរបស់គណៈអធិបតី ដេប៉ាតឺម៉ង់ក៏បានរៀបចំកិច្ចពិភាក្សាមួយស្តីពី «ឧស្សាហកម្មភាពយន្តកម្ពុជា ៖ បញ្ហាប្រឈម និងឱកាស» ដោយមានវាគ្មិនកិត្តិយសចំនួន ៤ រូប រួមមាន លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោក ជៀប សុវិជ្ជា នាយកមជ្ឈមណ្ឌលបណ្តុះ បណ្តាលជំនាញនិងទទួលថតភាពយន្តនៅកម្ពុជា កញ្ញា សុធា អ៊ីណេស អ្នកដឹកនាំរឿងឯករាជ្យ និងលោក តែ ឡូយ ផលិតករភាពយន្តនៃផលិតកម្មកងចក្រភីកឈ័រ៕
Article by SRIN SOKMEAN