×

«​ឆ​ទាន​»​ ​បម្រើ​កាហ្វេ​ដ៏​មានឱជារស​ ​និង​ផ្តល់​បរិយាកាស​ស្រស់​ត្រកាល​ស្ថិត​នៅកណ្តាល​ក្រុង​

TRAVEL & LIVING 2 years ago
 
 

           បច្ចុប្បន្ន​ហាង​កាហ្វេ​ក្នុង​រាជធានី​ភ្នំពេញ​បាន​កំពុង​រីក​ដុះដាល​ដូច​ផ្សិត​ ​ដោយ​ហាង​នីមួយៗ​បង្កើត​មក​ហាក់​ប្រកួតប្រជែង​ទាំង​រសជាតិ​ ​ទាំង​គំនិត​នៃ​ការ​បង្កើត​ហាង​(Business​ ​concept​) ​ក៏ដូចជា​ការ​តុបតែង​លម្អ​ផ្នែក​ស្ថាបត្យកម្ម​ (​Interior​ ​design​) ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវ​ការ​មនុស្ស​សម័យថ្មី​។​ ​មួយ​ក្នុងចំណោម​នោះ​«​C​h​or​tea​n-​ឆ​ទាន​»​ ​គឺជា​ហាង​កាហ្វេ​មួយ​ដែល​ទើប​បង្ហាញខ្លួន​ថ្មីថ្មោង​មាន​ការរៀបចំ​បែប​ច្នៃ​ប្រតិដ្ឋ​ ​ដែល​សំខាន់​ផ្តួចផ្តើម​ឡើង​ដោយ​សហ​ស្ថាបនិក​មិនមែន​២​ឬ​៣​នាក់​នោះ​ទេ​ ​តែ​រហូតដល់​ទៅ​៨​នាក់​ឯណោះ​។​

          ​ពិតប្រាកដ​ណាស់​ C​h​or​tea​n ​ឬ​ ​ឆ​ទាន​ ​បាន​ផ្តើម​ចេញពី​យុវជន​៨​នាក់​ជា​មិត្តភក្តិ​នឹងគ្នា​តាំងតែពី​រៀន​នៅ​វិទ្យាល័យ​។​ ​អំឡុង​ពេល​សិក្សា​ឲ្យតែ​ពេល​មាន​កិច្ចការ​សាលា​ ​ពួកគេ​តែង​ជ្រើសរើស​ហាង​កាហ្វេ​ណាមួយ​ជា​កន្លែង​សម្រាប់​ជួបជុំ​ ​ដើម្បី​ប្តូរ​បរិយាកាស​ពី​ខាងក្នុង​មក​ខាងក្រៅ​។​ ​យ៉ាងណាមិញ​ ​បរិយាកាស​ពី​ហាង​កាហ្វេ​មួយ​ទៅ​ហាង​កាហ្វេ​មួយទៀត​ហាក់​មិន​ដូច​អ្វី​ដែល​ពួកគេ​ចង់បាន​ឡើយ​ ​ដូច្នេះ​ដើម្បី​បាន​កន្លែងត្រូវ​ចិត្ត​ ​ម្យ៉ាង​កំពុង​មានការ​ស្រឡាញ់​ ​និង​ចាប់អារម្មណ៍​ទៅលើ​អាជីវកម្ម​ហាង​កាហ្វេ​ផង​នោះ​ ​ពួកគេ​ក៏​សម្រេច​ចិត្ត​ចាប់ដៃ​គ្នា​បង្កើត​ហាង​កាហ្វេ​ផ្ទាល់ខ្លួន​មួយ​ដើម្បី​ជា​កន្លែង​ទីពីរ​ដូចដែល​ចង់បាន​ផង​ ​និង​សម្រាប់​ភ្ញៀវ​បាន​មក​ទទួលយក​បទពិសោធន៍​ផង​ដែរ​។

          ​ជា​លទ្ធផល​ ​ផ្ទះល្វែង​តូច​ទាប​ពីរ​ ​ពណ៌​ស​តភ្ជាប់​គ្នា​ ​ប្រក់​ដោយ​ដំបូលស័ង្កសី​ ​ត្រូវ​បាន​រៀបចំ​ដាក់​តុកៅអី​ ​និង​ដេ​គ័រ​ផ្សេងៗ​ប្រែក្លាយ​ជា​ហាង​កាហ្វេ​ច្រឡឹង​មួយ​ក្រោម​ស្លាកយីហោ​ C​h​or​tea​n ​ឬ​ ​ឆ​ទាន​ ​ដែល​ទើប​បើក​ដំណើរការ​កាលពី​ថ្ងៃ​ទី​១​៥​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​២​នេះ​។​ ​ពី​ខាងក្រៅ​មើលទៅ​សាមញ្ញ​និយម​ ​តែ​ពេល​ឈាន​ចូល​ដល់​ខាងក្នុង​យើង​ទទួល​បាន​អារម្មណ៍​ប្លែក​ជាមួយ​ការរចនា​ជញ្ជាំង​បែកបាក់​ដែល​ធ្លុះ​ពី​ម្ខាង​ទៅ​ម្ខាង​ ​អម​ជាមួយ​ការ​ក្រាល​ក្រួស​តាំងពី​បរិវេណ​ក្រៅ​រហូតដល់​ខាងក្នុង​។​ ​ពី​ជញ្ជាំង​មួយ​ទៅ​ជញ្ជាំង​មួយ​ត្រូវ​បាន​វាយ​ទម្លុះ​ ​តែ​ក៏​មានការ​បិត​រដិបរដុប​ ​និង​លាប​ពណ៌​ថ្មី​បីដូច​ជា​សិល្បៈ​រចនា​តុបតែង​ប្លែក​ម្យ៉ាង​ដោយឡែក​។​ ​រុក្ខជាតិ​ពណ៌បៃតង​ខ្ចី​ត្រូវ​បាន​ជ្រើស​មក​តាក់តែង​តាម​ជ្រុង​តិចតួច​ ​មាន​វល្លិ​ ​មាន​ដើម​ ​មាន​ស្លឹក​ ​លម្អ​បង្កើន​សម្រស់​គន់​ទៅ​ត្រជាក់​ភ្នែក​។​ ​នៅ​លើ​ជញ្ជាំង​ក៏មាន​តាំង​រូប​ប៉ុន្មាន​ផ្ទាំង​ផង​ដែរ​ដែល​បង្ហាញ​ពី​ ​របាំ​ ​ប្រាសាទ​ ​រួម​ទាំង​ព្រះបរមរាជវាំង​ ​សុទ្ធ​សឹង​ជា​អត្តសញ្ញាណ​ខ្មែរ​ ​ដែល​ធ្វើឲ្យ​ទីនេះ​កាន់តែ​មាន​សោភ័ណ​ភាព​ឡើង​។​

          ក្រៅពី​ការ​តុបតែង​បង្កើន​បរិយាកាស​ ​ទីនេះ​មាន​បម្រើ​ភេសជ្ជៈ​ក្តៅ​ត្រជាក់​តាំងពី​កាហ្វេ​ ​សូ​ដា​ ហ្វ្រេ​ប​ (​F​rap​p​e​) ​រហូតដល់​តែ​ជាដើម​។​ ​ជា​ហាង​បែប​ ​Open Air​ ​ឬ​មាន​ខ្យល់​ចេញចូល​បែប​ធម្មជាតិ​ ​វា​ស័ក្តិសម​បំផុត​សម្រាប់​ការ​ជួបជុំ​លក្ខណៈ​មិត្តភក្តិ​ ​ឬ​ក្រុម​ការងារ​ ​ក៏ដូចជា​មក​អង្គុយ​លម្ហែ​មួយភ្លែត​ៗ​ឲ្យ​ស្រឡះចិត្ត​សម្រាក​ភ្នែក​ ​និង​អាច​ជា​កន្លែង​ទីពីរ​សម្រាប់​បំ​ពេញការ​ងារ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធ​ភាព​ផង​ដែរ​។​ ​ព្រឹក​អាច​ក្រេប​កាហ្វេ​ក្តៅ​ ​ថ្ងៃ​អាច​ក្រេប​កាហ្វេ​ត្រជាក់​ ​ឬ​រសៀល​អាច​ឆ្លៀត​មក​សាកល្បង​តែ​រសជាតិ​ប្រហើរ​ស្រទន់​ជាប់ចិត្ត​ ​ព្រមនឹង​បរិយាកាស​សាមញ្ញ​បរិសុទ្ធ​ពិតជា​ជួយ​រំសាយ​រាល់​ទុក​កង្វល់​ ​បន្សល់​មកវិញ​នូវ​ថាមពល​កាយ​ ​និង​ថាមពល​ចិត្ត​។​ ​ទីនេះ​បើក​ចាប់ពី​ម៉ោង​៨​ព្រឹក​ដល់ម៉ោង​៥​ល្ងាច​ ​តែ​បើ​ចង់​ជួបជុំ​បែប​ក្រេប​ស្រា​បៀរ​ត្រជាក់​ៗ​អម​នឹង​អាហារ​ក្លែម​រសជាតិ​ឈ្ងុយឆ្ងាញ់​ទៀត​នោះ​ ​អាចម​ក​ពី​ម៉ោង​៦​ល្ងាច​ដល់ម៉ោង​១​២​យប់​៕​

​Article​ ​by​ ​SO​UN​G​ ​SO​KS​AN​


SUGGESTIONS