×

តំបន់​ភ្នំ​តា​ម៉ៅ​ ​គោលដៅ​ទេសចរណ៍​លើស​ពី​សួនសត្វ​

NEWS 2 years ago
 
 

           ​នៅ​ពេល​និយាយ​ដល់​ភ្នំ​តា​ម៉ៅ​ ​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​នឹកដល់​សូន​សត្វ​ ​ឬ​ ​ការ​អភិ​រក្ស​សត្វព្រៃ​មុនគេ​ព្រោះ​ទីនេះ​ត្រូវ​បាន​រៀបចំ​ជា​សួនសត្វ​ដ៏​ធំ​ជាងគេ​ប្រចាំ​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ​១​៩​៩​៥​ ​ដែល​មានឈ្មោះ​ជា​ផ្លូវការ​ថា​ ​«​ឧទ្យាន​សួនសត្វ​ ​ភ្នំ​តា​ម៉ៅ​ ​និង​មជ្ឈមណ្ឌល​ស​ង្រ្គោះ​សត្វព្រៃ​»​ (​P​h​no​m​ ​T​am​a​o ​Zoological Garden​ ​And​ ​Wild​life​ ​Rescue​ ​Centre​)​។​ ​តាមការពិត​ ​ក្រៅពី​តែ​ទីតាំង​សួនសត្វ​ ​ភ្នំ​តា​ម៉ៅ​មាន​បង្កប់​នូវ​សក្តានុពល​ទេសចរណ៍​ធម្មជាតិ​និង​ទេសចរណ៍​វប្បធម៌​ចម្រុះ​ជាច្រើន​ដែល​ភ្ញៀវ​ទេសចរ​អាច​ឆៀង​ទៅ​ទស្សនា​លើស​ពី​ដំណើរ​ក​ម្សាន្ត​សព្វ​មួយដង​។​

           ​​ភ្នំ​តា​ម៉ៅ​ជា​រមណីយដ្ឋាន​ដែល​មាន​ប្រាង្គ​ប្រាសាទ​ ​ព្រៃ​ភ្នំ​ ​ធម្មជាតិ​ ​និង​សួនសត្វ​។​ ​តំបន់​នេះ​មានផ្ទៃ​ដី​រហូតដល់​ ​១​២​០​០​ ​ហិកតា​ ​ដែលគេ​ឲ្យឈ្មោះ​ថា​ ​តំបន់​ផ្ទៃដី​ការពារ​ព្រៃឈើ​។​ ​ក្នុង​ចំ​នោម​ផ្ទៃដី​ ​១​២​០​០​ហិច​តា​នេះ​ ​ផ្ទៃដី​ចំនួន​ ​១​២​០​០​ហិច​តា​ ​ត្រូវ​បាន​នាយកដ្ឋាន​រុក្ខា​ប្រមាញ់​ ​រៀបចំ​ដាំ​ដើមឈើ​ ​និង​រៀបចំ​សួនសត្វ​ ​ដែល​មានផ្ទៃ​ដី​ ​៧​០​ហិច​តា​។​ ​ផ្ទៃដី​ ​៧​០​ហិច​តា​នេះ​ ​រួម​មាន​ ​ភ្នំ​ចំនួន​៥​ ​គឺ​ ​ភ្នំ​តា​ម៉ៅ​ ​ភ្នំ​ថ្ម​ដុះ​ ​ភ្នំ​ផ្តៅ​ពន់​ ​ភ្នំ​ឆ​យ​ ​និង​ភ្នំ​បាំង​។​ ​ក្នុងចំណោម​ភ្នំ​ទាំង​ ​៥​ ​នេះ​មាន​ភ្នំ​ចំនួន​ពីរ​ ​ដែល​មាន​ប្រាសាទបុរាណ​ ​គឺ​ ​ប្រាសាទ​ភ្នំ​តា​ម៉ៅ​ ​ស្ថិតនៅ​លើ​កំពូលភ្នំ​តា​ម៉ៅ​ ​និង​ ​ប្រាសាទ​ថ្ម​ដុះ​ ​ស្ថិតនៅ​លើ​កំពូលភ្នំ​ថ្ម​ដុះ​។​ភ្នំ​ទាំងពីរ​នេះ​ស្ថិតនៅ​ទន្ទឹមគ្នា​ ​មាន​គ​ម្លា​ត​មិន​ឆ្ងាយ​ពី​គ្នា​នោះ​ទេ​គឺ​ប្រមាណ​៣​០​០​ម៉ែត្រ​ពី​គ្នា​ប៉ុណ្ណោះ​ ​ក្នុង​ភូមិ​ខ្សាច់​លប់​ ​ឃុំ​ត្រពាំង​សាប​ ​ស្រុក​បាទី​ ​ខេត្ត​តាកែវ​។​

           ​​យោង​តាម​ការ​បកស្រាយ​របស់​លោក​ ​ប្រាក់​ សុ​វណ្ណា​រ៉ា​ ​អគ្គនាយក​រង​បេតិកភណ្ឌ​នៃ​ក្រសួង​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ ​ប្រាសាទ​ទាំងពីរ​នេះ​ត្រូវ​បាន​កសាង​ឡើង​ក្នុង​សម័យកាល​តែមួយ​ ​គឺ​សតវត្សរ៍​ទី​១​១​ ​នៃ​សម័យ​អង្គរ​។​ ​ប្រាសាទ​ភ្នំ​តា​ម៉ៅ​សង់​នៅ​លើ​កូនភ្នំ​ធម្មជាតិ​ ​ក​ម្ពស់​ប្រហែល​៤​០​ម៉ែត្រ​ ​បែរមុខ​ទៅ​ទិសខាងជើង​ ​នៅសល់​តែ​ជញ្ជាំង​ខាងកើត​និង​ខាងជើង​បន្តិច​តែប៉ុណ្ណោះ​ ​ព្រមទាំង​សំណល់​ផ្តែរ​ពីរ​ផ្ទាំង​និង​សសរពេជ្រ​ ​ក្រៅពី​នេះ​ ​បែកបាក់​អស់រលីង​ហើយ​ដោយ​ ​សារ​ការ​ទម្លាក់​គ្រាប់បែក​កាល​ពីសម័យ​ស​ង្រ្គា​ម​។​ ​តាម​ការ​អះអាង​របស់​លោក​ ពេ​ជ​ ឌឿ​ង​ ​ម​ន្រ្តី​ការិយាល័យ​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ស្រុក​បាទី​ ​ប្រាសាទ​នេះ​មាន​ទំហំ​ ​៧​.​៥​ម៉ែត្រ​ ​គុណ​នឹង​ ​៧​.​៥​ម៉ែត្រ​។​ ​នៅ​លើ​ភ្នំ​តា​ម៉ៅ​នេះ​ដែរ​ ​ក៏មាន​វត្តអារាម​ពុទ្ធសាសនា​ដែល​បច្ចុប្បន្ន​មាន​ព្រះសង្ឃ​គង់នៅ​ចំនួន​១​០​អង្គ​ ​ហើយ​ជា​ទីប្រជុំ​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​នា​រដូវ​បុណ្យទាន​ ​ដូចជា​ ​ភ្ជុំបិណ្ឌ​ ​ជាដើម​។​ ​វត្ត​នេះ​ជា​វត្តមាន​វ័យ​ចំណាស់​គួរសម​ដែល​មាន​ប្រវត្តិ​កសាង​និង​រុះរើ​ព្រះវិហារ​ជាច្រើនលើក​មក​ហើយ​ ​ក្នុង​ឆ្នាំ​ ​១​៩​៥​៧​, ​ឆ្នាំ​ ​១​៩​៨​៤​ ​និង​ឆ្នាំ​ ​១​៩​៩​៧​។​

           ​​នៅ​ទិស​ពាយ័ព្យ​នៃ​ភ្នំ​តា​ម៉ៅ​ ​គឺជា​ទីតាំង​ភ្នំ​ថ្ម​ដុះ​ដែល​មាន​ប្រាសាទ​ថ្ម​ដុះ​នៅ​ខាងលើ​។​ ​ប្រាសាទ​តូច​សង់​អំពី​ឥដ្ឋ​តាន់​ក្រហម​នេះ​ ​ប្រហែលជា​ស្ថិតនៅ​ក្នុង​រជ្ជកាល​ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​១​ (​អាច​ឈាន​បន្ត​ចូល​ដល់​រជ្ជកាល​ព្រះ​ឧ​ទ័យ​ទិត្យ​វរ្ម័ន​ទី​២​) ​សម្រាប់​ឧទ្ទិសចំពោះ​លទ្ធិ​ព្រហ្ម​ណ៍​សាសនា​។​ ​កាលពីដើម​ ​ប្រាសាទ​នេះ​មាន​ទំហំ​ ​៧​.​៥​ម៉ែត្រ​ ​គុណ​នឹង​ ​៧​.​៥​ម៉ែត្រ​ ​ក​ម្ពស់​១​៣​ម៉ែត្រ​ ​តែសព្វថ្ងៃ​ ​នៅសល់​ក​ម្ពស់​ប្រហែល​៧​ម៉ែត្រ​ ​ព្រោះ​ប្រាសាទ​នេះ​បាន​បាក់បែក​អស់​មួយ​ចំនួន​ធំ​ទៅ​ហើយ​ ​តែ​ទោះ​យ៉ាងណា​ ​វា​មាន​លក្ខណៈ​ពិសេស​ខុសប្លែក​ពី​ប្រាសាទ​ភ្នំ​តា​ម៉ៅ​ ​និង​បណ្តា​ប្រាសាទ​នានា​ត្រង់ថា​មាន​ថ្មភ្នំ​ដុះ​នៅ​ខាងក្នុង​ចំកណ្តាល​ប្រាសាទ​នេះ​តែម្ដង​ដែល​ត្រូវ​បាន​ចាត់ទុកថា​ជា​លិង្គ​ធម្មជាតិ​ ​តំណាង​សិវលិង្គ​។​

           ​​ក្រៅពី​ប្រាសាទ​ទាំងពីរ​ ​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ដែល​ស្នេហា​ធម្មជាតិ​ចូលចិត្ត​ការ​ផ្សងព្រេង​ដើរ​ឡើងភ្នំ​ដែល​មាន​ទេសភាព​ព្រៃ​ព្រឹក្សា​ស្រស់បំព្រង​អាច​ពិចារណា​ជម្រើស​ឡើងភ្នំ​មួយទៀត​ដែល​ស្ថិតនៅ​ប៉ែក​ខាងត្បូង​ ​ក្នុង​បរិវេណ​តំបន់​សួនសត្វ​ភ្នំ​តា​ម៉ៅ​ ​គឺ​ ​ភ្នំ​ផ្តៅ​ពន់​។​ ​ថ្វី​ដ្បិតតែ​ផ្លូវ​ឡើងភ្នំ​ផ្តៅ​ពន់​ស្ថិតនៅ​រាង​លាក់កំបាំង​បន្តិច​ពី​ភ្នែក​ទេសចរ​ពី​ចម្ងាយ​ ​តែ​ភ្នំ​នេះ​ជា​ទីកន្លែង​ពេញ​និយម​សម្រាប់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​តំបន់​នោះ​ជាពិសេស​ក្នុង​រដូវ​បុណ្យទាន​ជាតិ​ធំ​ៗ​ ​ដោយសារ​នៅ​លើ​កំពូលភ្នំ​នេះ​ ​មាន​អាស្រម​លោកតា​ពេជ្រ​មុន្នី ​ដែល​អ្នកស្រុក​ជិតខាង​មាន​ជំនឿ​ចាត់ទុកថា​ជា​បារមី​ស័ក្តិសិទ្ធិ​ជាងគេ​ប្រចាំ​តំបន់​នេះ​ ​ហើយ​តែងតែ​នាំគ្នា​ទាំង​គ្រួសារ​ៗ​ឡើង​មក​អុជ​ធូប​បែរបន់​សុំ​លាភសក្ការៈ​ ​និង​ ​សេចក្តី​សុខ​ចម្រើន​ជា​រៀងរាល់​ឆ្នាំ​មិនដែល​ខាន​។​

           ​​ដោយឡែក​ចំពោះ​សួនសត្វ​ ​ក្រៅពី​ការ​ដើរ​ទស្សនា​សត្វព្រៃ​ធម្មតា​ ​លោកអ្នក​ក៏​អាច​សាកល្បង​បទពិសោធន៍​ជិះរថយន្ត​ទស្សនា​ជីវិត​សត្វព្រៃ​ចេញ​រកស៊ី​ពិតៗ​ក្នុង​ពេល​រាត្រី​ដែល​លោកអ្នក​មិនដែល​បានឃើញ​ ​ជាមួយនឹង​សេវាកម្ម​ ​មគ្គុទ្ទេសក៍​ទេសចរណ៍​ជំនាញ​ដែល​រៀបចំ​ដោយ​មជ្ឈមណ្ឌល​សួនសត្វ​ផ្ទាល់​តែម្តង​។​ ​ភ្ញៀវ​បរទេស​ជាច្រើន​ពេញចិត្ត​នឹង​ទេសចរណ៍​ប្រភេទ​នេះ​ណាស់​ព្រោះ​ពួកគេ​មាន​អារម្មណ៍​ជិតស្និទ្ធ​ជាមួយ​ពិភព​សត្វព្រៃ​ធម្មជាតិ​។​ ​គួរ​បញ្ជាក់​ថា​ ​កញ្ចប់​ទស្សនកិច្ច​ខាងលើ​មាន​រួមបញ្ចូល​ថ្លៃ​សេវាកម្ម​ហូបចុក​ ​ស្នាក់​នៅ​ ​និង​ការ​គូរ​គំនូរ​លើ​អាវ​ដោយ​សត្វ​ដំរី​ទៀត​ផង​។​ ​ប្រាក់ចំណូល​ទាំងអស់​នឹងបាន​ចូល​ទៅដល់​សួនសត្វ​សម្រាប់​ថ្លៃ​ចំណាយ​អភិ​រក្ស​សត្វព្រៃ​នៅ​ទីនោះ​ផ្ទាល់​តែម្តង​។​ ​ជាង​នេះ​ទៅទៀត​ ​នៅ​ថ្ងៃ​ចុង​ស​ប្តាហ៍​និង​រដូវ​បុណ្យទាន​នានា​ ​មាន​ការរៀបចំ​កម្មវិធី​សម្តែង​ក​ម្សាន្ត​សប្បាយ​ផ្សេងៗ​ ​ដូចជា​ ​ការ​សម្តែង​ដោយ​សត្វ​ដំរី​ឈ្មោះ​ឡាក់​គី​ ​កម្មវិធី​ជិះកង់​ធ្លាក់ទឹក​ ​និង​ ​ការ​លេង​ល្បែងរបាំ​ប្រជាប្រិយ​ផ្សេងៗ​យ៉ាង​សប្បាយ​ ​រីករាយ​។​ ​អ្វី​ដែល​គួរឲ្យ​ចាប់អារម្មណ៍​នោះ​គឺ​ ​រមណីយដ្ឋាន​សួនសត្វ​ភ្នំ​តា​ម៉ៅ​ក៏មាន​រៀបចំ​បន្ថែម​ជា​កូន​ហាង​កាហ្វេ​បែប​ផ្សារភ្ជាប់​នឹង​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​ឈ្មោះថា​ ​កាហ្វេ​ខ្លាដំបង​ (​Tiger​ ​Coffee​)​។​ ​តើ​លោកអ្នក​ធ្លាប់​ចូល​ភ្លក់​ហើយ​ឬនៅ​?

Article by SRIN SOKMEAN


SUGGESTIONS