×

«​ថុ​ន​ ​មរកត​»​ ​តួ​សម្តែង​ពហុ​ជំនាញ​ជំនាន់​ថ្មី​ពេញដោយ​សមត្ថភាព​ក្នុងរង្វង់​សិល្បៈ

NEWS 3 weeks ago
 
 

           ​តាមរយៈ​ខ្សែភាពយន្ត​រឿង​ ​«​នាង​កែវ​មុខ​សេះ​»​ ​ដែល​កំពុង​ចាក់​បញ្ចាំង​នៅ​លើ​កញ្ចក់ទូរទស្សន៍​ C​T​N ​ជឿជាក់​ថា​ប្រិយ​មិត្ត​តាមដាន​ប្រាកដជា​ចាប់ចិត្ត​យ៉ាង​ខ្លាំង​ទៅលើ​តួឯកស្រី​ដែល​នាង​សម្តែង​ជា​តួអង្គ​៤​បែប​ផ្សេងៗ​គ្នា​រួម​មាន​ ​តួ​ចរិត​ក្មេង​ឡិកឡក់​ ​តួ​មឹះៗ​មិនសូវ​ស្តី​ ​តួ​ស្លូត​ ​និង​តួ​កាច​។​ ​បើ​ក្រឡេក​មក​ជីវិត​ពិត​របស់​តួ​នាង​កែវ​មុខ​សេះ​វិញ​ ​មែនទែន​ទៅ​នាង​មានឈ្មោះ​ថា​ ថុ​ន​ ​មរកត​ ​វ័យ​ទើប​តែ​១​៩​ឆ្នាំ​ ​និង​ជា​និស្សិត​កំពុង​សិក្សា​ផ្នែក​គណនេយ្យ​ ​និង​ហិរញ្ញវត្ថុ​។​ ​បើ​តាម​ការ​ឲ្យដឹង​ពី​តារា​រូប​នេះ​ ​រឿង​ដែលកំពុង​ចាក់​បញ្ចាំង​នេះ​គឺជា​រឿង​ដំបូង​របស់​នាង​ ​ហើយក៏​ជា​ការ​សម្តែង​ភាពយន្ត​លើកទីមួយ​សម្រាប់​នាង​ផង​ដែរ​។​

          ​ប្រឡូក​វិ​ស័យ​សម្តែង​លើកទីមួយ​ ​អាច​ចាត់ទុកថា​ ថុ​ន​ ​មរកត​ ​ជា​អ្នក​សម្តែង​ពហុ​ជំនាញ​ទៅ​ហើយ​ ​ថ្វីបើ​កន្លងមក​នាង​មិនធ្លាប់​ឆ្លងកាត់​ការបង្ហាត់បង្រៀន​ពីសា​លា​បណ្តុះបណ្តាល​ក្តី​។​ ​រំឭក​មុន​ពេល​ក្លាយ​ជាតា​រា​សម្តែង​ ​នាង​គ្រាន់តែ​ជា​អ្នក​ថត​ផ្សព្វផ្សាយ​ឲ្យ​ស​ម្អា​ង​ការប៉ុណ្ណោះ​។​ ​ជា​ឧបនិស្ស័យ​ ​យុវតី​ក​ម្ពស់​១​,​៧​០​ម៉ែត្រ​រូប​នេះ​ ​ត្រូវ​បាន​អ្នកដឹកនាំ​រឿង​ទំនាក់ទំនង​ឲ្យ​សម្តែង​មុខ​កា​មេ​រ៉ា​សាកល្បង​ជា​តួអង្គ​ ​២​ ​ទៅ​ ​៣​បែប​ ​រួច​ក៏​ជាប់​ជា​តួឯក​ក្នុង​រឿង​នាង​កែវ​មុខ​សេះ​នេះ​តែម្តង​។​ ​អាច​ថា​ដោយសារ​នាង​មាន​ទេព​កោ​សល្យ​ពី​ធម្មជាតិ​ ​គួបផ្សំ​នឹង​រូប​សម្រស់​អំណោយផល​ផង​នោះ​ ​ទើបបាន​ផ្តល់​ជា​ឱកាស​សម្រាប់​រូប​នាង​ប្រឡូក​ក្នុង​អាជីព​នេះ​។​ ថុ​ន​ ​មរកត​ ​លើកឡើង​ដែរ​ថា​ ​គ្រានោះ​ដោយ​ឃើញ​ពី​ឱកាស​ហុច​ផល​ទាំង​ការងារ​ផង​ ​ម្យ៉ាង​មានចិត្តចង់​សាកល្បង​ក្នុង​វិ​ស័​យ​សម្តែង​ផង​ ​នាង​ហាក់​មិន​រួញរា​ក្នុង​ការ​ទទួលការ​ងារ​ឡើយ​ ​ដោយ​សុខចិត្ត​ផ្អាក​ការសិក្សា​មក​បំពេញ​បំណង​សិន​។​

          ​ជា​អ្នក​សម្តែង​ថ្មីថ្មោង​ ថុ​ន​ ​មរកត​ ​បាន​ដាក់ចិត្ត​ដាក់​កាយ​ព្យាយាម​រៀនសូត្រ​ពី​តារា​រៀម​ចម្បង​ ​ក៏ដូចជា​ទទួល​បានការ​ចង្អុលបង្ហាញ​ពី​អ្នកដឹកនាំ​រឿង​រហូត​សម្តែង​ចប់​ដោយ​ជោគជ័យ​។​ ​ឆ្លងកាត់​ការ​សម្តែង​រឿង​លើកដំបូង​ ​តួ​នាង​កែវ​មុខ​សេះបា​ន​និយាយ​ដែរ​ថា​ “​រឿង​នេះ​ខ្ញុំ​អាច​សម្តែង​បាន​ ​តែ​តួអង្គ​ដែល​ពិបាក​ជាងគេ​នោះ​គឺ​តួអង្គ​នាង​កែវ​មុនី​កាច​តែម្តង​ ​ព្រោះ​វា​មិនមែន​ជា​អត្តចរិត​ពិត​របស់​ខ្ញុំ​ ​ដែល​សំខាន់​ពិតជា​ពិបាក​នៅ​ពេល​ត្រូវធ្វើ​មុខ​កាច​នៅចំពោះមុខ​មនុស្ស​ច្រើន​នាក់​។​ ​ចំណែក​ឯ​តួ​ងាយស្រួល​សម្តែង​ជាងគេ​គឺ​តួ​ចៅ​មាណព​ ​ព្រោះ​ចរិត​ពិត​ធម្មជាតិ​របស់​ខ្ញុំ​ស៊ី​សង្វាក់​គ្នា​ដែល​មិនសូវ​និយាយ​ច្រើន​ប៉ុន្មាន​ទេ​។​”

          ​កញ្ញា​ក៏បាន​បង្ហើប​អំពី​ផល​លំបាក​មួយ​ចំនួន​ទៀត​អំឡុង​ពេល​សម្តែង​រឿង​នេះ​ដែរ​ថា​ “​រឿង​នេះ​មាន​ប្លង់​ត្រូវ​ថត​ក្នុង​ព្រៃ​ច្រើន​ ​ពេលខ្លះ​ក៏​ដួល​ ​ពេលខ្លះ​ក៏​មុត​បន្លា​ ​ពេលខ្លះ​ក៏​ត្រូវ​ថ្ម​ចេញឈាម​ក៏មាន​។​ ​ហើយ​អ្វី​ដែល​ពិបាក​ជាងគេ​គឺ​ពេល​ឡើងភ្នំ​តែម្តង​ ​ព្រោះ​មាន​ថ្ម​ធំ​ៗ​ ​ខ្ពស់​ៗ​ ​តោង​វល្លិ​ផង​ ​អី​ផង​ ​ត្រូវ​អត់ងងុយ​ច្រើន​ទៀត​។​”

          ​ឆ្លងកាត់​បទពិសោធន៍​រួចមក​ ​កញ្ញា​ ថុ​ន​ ​មរកត​ ​បាន​ចែករំលែក​យ៉ាង​ដូច្នេះ​ “​វា​ធ្វើឲ្យ​ខ្ញុំ​បាន​ដឹង​ច្បាស់​ថា​នៅ​ពីក្រោយ​ការ​ថត​ខ្សែភាពយន្ត​មួយៗ​ទម្រាំ​ថត​បាន​ចាក់​លើក​កញ្ចក់ទូរទស្សន៍​ ​វា​មិនមែន​ជា​រឿង​ងាយស្រួល​ឡើយ​ ​វា​ក៏បាន​ជំរុញ​ឲ្យ​ខ្ញុំ​ត្រូវ​មាន​ទំនួល​ខុសត្រូវ​កាន់តែ​ខ្ពស់​លើ​ការងារ​របស់​ខ្លួនឯង​មិនថា​ការងារ​តូច​ឬ​ធំ​ ​គឺ​ត្រូវ​ចេះ​អត់ធ្មត់​ ​និង​ធ្វើ​វា​ឲ្យបាន​។​” ​ផ្តាំផ្ញើ​តាមរយៈ​សូវ​រី​ន​ ​កញ្ញា​ថា​ពិតជា​អរគុណ​ដល់​អ្នកដឹកនាំ​រឿង​ដែល​បាន​ផ្តល់​ឱកាស​ ​និង​ក្រុម​ការងារ​ដែល​តែងតែ​បង្ហាត់បង្ហាញ​ ​មាន​ការយោគយល់​ដល់គ្នា​ជានិច្ច​។​ ​ការ​ចេះ​សហការ​គ្នា​ពិតជា​មាន​សារៈសំខាន់​ ​និង​នាំឲ្យ​ពួកយើង​ឆ្ពោះទៅ​ដល់​គោលដៅ​រួម​ទាំងអស់គ្នា​។​

          គួរឲ្យ​ដឹង​ដែរ​ថា​ ​តារា​សម្តែង​ជាន់​ថ្មី​ ថុ​ន​ ​មរកត​ ​មាន​ស្រុក​កំណើតនៅ​ក្រុង​តាខ្មៅ​ ​ជា​កូនពៅ​ក្នុងចំណោម​បងប្អូន​ពីរ​នាក់​ ​កើត​ក្នុង​គ្រួសារ​កសិករ​។​ ​បច្ចុប្បន្ន​ ​កញ្ញា​កំពុង​មាន​ទី​ផ្សារ​ជាមួយ​ការ​សម្តែង​ ​និង​ថត​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នានា​៕​

​Article​ ​by​ ​SO​UN​G​ ​SO​KS​AN



SUGGESTIONS