យឹម ច័ន្ទវេហា កូនខ្មែរទីមួយដែលឈ្នះការប្រកួតវគ្គផ្តាច់ព្រ័ត្រគណិតវិទ្យាអន្តរជាតិពិភពលោក (WIMO)
NEWS one year agoការប្រឡងជាប់ជាសិស្សពូកែមួយរូបវាមិនមែនជារឿងងាយស្រួលនោះទេ ហើយបើចង់ក្លាយជាសិស្សពូកែលំដាប់អន្តរជាតិទៀតនោះកាន់តែជារឿងមួយដ៏លំបាក ក៏ព្រោះវាទាមទារទាំងសមត្ថភាព ក៏ដូចជាចំណេះដឹងកម្រិតខ្ពស់។ យ៉ាងណាមិញ កូនខ្មែរជាសិស្សពូកែគណិតវិទ្យាមួយរូបមានស្រុកកំណើតមកពីខេត្តតាកែវពិតជាអាចធ្វើបាន ដោយប្រកួតប្រជែងជាមួយនឹងសិស្សដទៃមកពីជុំវិញពិភពលោករហូតឈានដល់វគ្គផ្តាច់ព្រ័ត្រ ដែលនេះគឺជាមោទកភាពមួយសម្រាប់កម្ពុជាយើង។
យុវជន យឹម ច័ន្ទវេហា មានអាយុ ១៨ឆ្នាំ ជាសិស្សថ្នាក់ទី១២នៃវិទ្យាល័យជាស៊ីមសាមគ្គី ខេត្តតាកែវ កំពុងត្រៀមបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាពេលឆាប់ៗខាងមុខ។ សិក្សាវិទ្យាល័យនៅឡើយ វេហា បានចូលប្រកួតប្រជែងក្នុងកម្មវិធីប្រឡងគណិតវិទ្យា WIMO ដែលមានសិស្សមកពី១៨ប្រទេសចូលរួម ក្នុងនោះ វេហា បានប្រឡងឈានដល់វគ្គផ្តាច់ព្រ័ត្រក្នុងចំណោមសិស្សប្រមាណ៦២នាក់សុទ្ធសឹងមានសមត្ថភាពខ្ពស់។ តាមរយៈការប្រឡងនេះ វេហា បានលើកឡើងថា “ខ្ញុំមិនរំពឹងឡើយថាខ្ញុំអាចឈ្នះការប្រកួតនេះ តែវាក៏មិនមែនជារឿងចៃដន្យដែរ ព្រោះទម្រាំឈានមកដល់ចំណុចនេះខ្ញុំបានព្យាយាមរៀនបន្ថែមជាច្រើនមិនថារៀននៅសាលាឬរៀនបន្ថែមខ្លួនឯងនៅផ្ទះនោះទេ។”
បើនិយាយពីការប្រឡងគណិតវិទ្យាលំដាប់អន្តរជាតិ WIMOដែលទើបទទួលបានជោគជ័យនេះវិញ វេហា បានរៀបរាប់ថា WIMO មានឈ្មោះពេញជាភាសាអង់គ្លេស World International Mathematical Olympiad មុនឈានដល់វគ្គផ្តាច់ព្រ័ត្រ ដំបូងយុវសិស្សរូបនេះត្រូវឆ្លងកាត់ការប្រឡងពីរដំណាក់កាលជាមុនសិន ទើបអាចមកដល់វគ្គ WIMO នេះបាន។ សម្រាប់វគ្គជម្រុះដំបូង (Heat Round) គឺត្រូវប្រឡងជម្រុះបេក្ខជននៅតាមប្រទេសរៀងៗខ្លួន ក្រោយមកទើបបេក្ខជនដែលជាប់តាមបណ្តាប្រទេសត្រូវប្រឡងជាមួយគ្នាបន្តទៀតនៅវគ្គ HKIMO (Hong Kong International Mathematical Olympiad)។ ក្នុងការប្រឡងវគ្គ HKIMO គឺតម្រូវជ្រើសយកតែបេក្ខជនដែលប្រឡងជាប់បានមេដាយមាសប៉ុណ្ណោះសម្រាប់ទៅប្រឡងវគ្គផ្តាច់ព្រ័ត្រមួយទៀតហៅថា WIMO ដែលជាវគ្គចុងក្រោយ។ ជាក់ស្តែង ជាលទ្ធផលយុវសិស្សខ្មែរ យឹម ច័ន្ទវេហា អាចយកឈ្នះឈានមកដល់វគ្គនេះ។
សម្រាប់ការចូលប្រកួត វេហា ថាមិនមែនត្រៀមខ្លួនត្រឹមរយៈពេលខ្លីអាចគ្រប់គ្រាន់នោះទេ ពោលការប្រឡងនេះទាមទារឲ្យចេះស្ទាត់ទាំងមុខវិជ្ជាគណិតវិទ្យា និងភាសាផងដែរ ដោយសារវិញ្ញាសាសុទ្ធសឹងជាភាសាអង់គ្លេស។ វេហាបានរំឭកដូច្នេះ “ពីមុនខ្ញុំធ្លាប់ចូលរួមការប្រឡងនេះដែរ តែមិនបានជាប់ដល់វគ្គ HKIMO ទេ ព្រោះកាលនោះខ្ញុំនៅខ្សោយភាសាអង់គ្លេស ដូច្នេះបើចេះតែដោះស្រាយលំហាត់តែមួយមុខហើយខ្សោយភាសាក៏ពិបាកដែរ។ ក្រោយមកខ្ញុំបានរៀនភាសាអង់គ្លេសបន្ថែម ទាំងការស្តាប់ ការសរសេរ និងការនិយាយដើម្បីត្រៀមខ្លួនចូលប្រឡងម្តងទៀត។ ទីបំផុតលើកនេះខ្ញុំក៏ទទួលបានជោគជ័យដូចអ្វីដែលខ្ញុំបានប្រឹងប្រែងកន្លងមក។” វេហា ឆ្លៀតបន្ថែមទៀតថា ដើម្បីពង្រឹងសមត្ថភាព ១ខែមុនប្រឡងគេតែងយកវិញ្ញាសាប្រឡងឆ្នាំមុនៗមកអនុវត្តឡើងវិញម្តងហើយម្តងទៀត និងសុំការណែនាំពីលោកគ្រូអ្នកគ្រូ និងសិស្សដែលធ្លាប់ប្រឡងពីមុន។ រួចហើយសល់១សប្តាហ៍ចុងក្រោយគឺទន្ទេញរូបមន្តណាដែលសំខាន់ៗឲ្យចាំច្បាស់។
មែនទែនទៅនេះមិនមែនជាការប្រឡងលើកទីមួយសម្រាប់វេហាឡើយ តួយ៉ាងកន្លងមកយុវសិស្សដែលមានឪពុកជាគ្រូបង្រៀនគីមីវិទ្យារូបនេះបានប្រឡូកកម្មវិធីប្រកួតសិស្សពូកែជាច្រើនដល់ទៅ១២ការប្រកួត។ ក្នុងនោះវេហាទទួលបានមេដាយប្រាក់ចំនួន២ មេដាយសំរិទ្ធចំនួន៧ មេដាយមាសចំនួន២ ព្រមទាំងចំណាត់ថ្នាក់លេខ១ក្នុងការប្រឡងគណិតវិទ្យា MOSC(Mathematics Outstanding Students Cambodia) ការប្រឡងសិស្សពូកែទូទាំងខេត្ត(តាកែវ)លេខ៤ និងការប្រឡងសិស្សពូកែទូទាំងប្រទេសចំណាត់ថ្នាក់លេខ៣។ អាចនិយាយបានថា វេហា គឺជាសិស្សឆ្នើមវ័យក្មេងមួយរូបដែលមានសមត្ថភាពខ្ពស់ក្នុងចំណោមសិស្សពូកែវ័យក្មេងនៅកម្ពុជា។
ជាមួយបទពិសោធន៍ប្រកួតកន្លងមក វេហា បានចែករំលែកថា “ដើម្បីក្លាយជាសិស្សពូកែដំបូងគឺផ្តើមចេញពីខ្លួនយើងផ្ទាល់ ត្រូវកំណត់វិន័យខ្លួនឯង និងលើកទឹកចិត្តខ្លួនឯងជាមុនសិន បន្ទាប់មកគឺរៀនពីគ្រូ រៀនបន្ថែមនៅផ្ទះ និងពិភាក្សាជាមួយមិត្តភក្តិ ព្រោះយើងមិនអាចចេះទាំងអស់នោះទេ។ មួយវិញទៀត មិនចាំបាច់រៀនគ្រប់ពេលទេ តែត្រូវរៀបចំពេលរៀនជាប្រចាំទើបល្អ ដើម្បីងាយស្រួលទាំងក្នុងការរៀន ទាំងមានគំនិតថ្មីៗ ថែមទាំងជួយការគិតឲ្យបានលឿន និងចងចាំល្អជាងមុនផងដែរ។ គួរចូលរួមការប្រកួតប្រជែងនានា មិនថាការប្រឡងសិស្សពូកែថ្នាក់ខេត្ត ថ្នាក់ជាតិឬអន្តរជាតិនោះទេ ដែលវានឹងធ្វើឲ្យយើងមានភាពក្លាហាន និងទទួលបានបទពិសោធន៍ច្រើន ជាប្រយោជន៍សម្រាប់អភិវឌ្ឍសមត្ថភាពខ្លួនឯងបន្ថែមទៀត។ អ្វីដែលមិនអាចចោលបាននោះគឺការសិក្សាភាសាបរទេសបន្ថែម ព្រោះវាមិនត្រឹមតែប្រើក្នុងការប្រឡងអន្តរជាតិទេ តែក៏ចាំបាច់ប្រើជាផ្លូវការផ្សេងៗផងដែរ”៕
Article by SOUNG SOKSAN