យុវជន ហឿយ ករុណា ជាប់អាហារូបករណ៍សិល្បៈសូនរូបដំបូងគេពីមូលនិធិលោកគ្រូ ស្រី បណ្តូល
NEWS one year ago«ករុណា» ជាឈ្មោះរបស់ក្មេងប្រុសកម្លោះវ័យ១៩ឆ្នាំមកពីជនបទនៃខេត្តសៀមរាបម្នាក់ បច្ចុប្បន្នក្លាយជាសិស្សជំនាញផ្នែកសិល្បៈសូនរូបនៃសាលា Phare’s Visual And Applied Arts School របស់អង្គការហ្វារពន្លឺសិល្បៈ ដែលបានក្លាយជាសិស្សអាហារូបករណ៍ជំនាន់ដំបូងបង្អស់ផ្នែកនេះពីមូលនិធិអភិវឌ្ឍន៍សិល្បៈរបស់លោកសាស្រ្តាចារ្យ ស្រីបណ្តូល (Srey Bandaul Art Development Fund)។
បន្ទាប់ពីទទួលបានជោគជ័យអាហារូបករណ៍ដ៏ត្រចះត្រចង់ក្នុងឆាកជីវិតមួយនេះ យុវសិស្សសិល្បៈខាងលើបានបង្ហាញចំណាប់អារម្មណ៍ប្រកបដោយក្តីសោមនស្សរីករាយថា “ចំណុចដែលខ្ញុំរីករាយជាមួយសាលាហ្វារជាងគេគឺបរិស្ថានជុំវិញមណ្ឌលសិក្សា គ្រូបណ្តុះបណ្តាលស័ក្តិសមដែលមានជំនាញគរុកោសល្យល្អប្រសើរ និងមិត្តភ័ក្តិទាំងអស់គ្នាដែលចែករំលែកភាពសប្បាយរីករាយចំពោះសិល្បៈជាមួយខ្ញុំ” ។ ករុណាបានបន្ថែមថា ចំណុចដែលធ្វើឲ្យគេសប្បាយចិត្តបំផុតនោះគឺការពិតដែលរូបគេមានអារម្មណ៍ថាខ្លួនឯងកំពុងរីកចម្រើន និងអាចជួយយិតយោងអ្នកដទៃទៀតបានដូចដែលសិស្សច្បងរបស់គេធ្វើបានដែរ។
Image Courtesy: Phare Ponleu Selpak
ចំពោះមូលហេតុឈានមកដល់ការទទួលអាហារូបករណ៍ជំនាញសិល្បៈនេះ គឺនៅពេលកំពុងរស់នៅស្រុកកំណើតឯខេត្តសៀមរាប លោក អូស្មាន់ ខាវ៉ាចា (Osman Khawaja) នាយកប្រតិបត្តិនៃសាលាហ្វារពន្លឺសិល្បៈ និងសិស្សច្បងជាច្រើនរូបបានទៅធ្វើទស្សនកិច្ចក្នុងកម្មវិធីពិព័រណ៍សិល្បៈមួយដែលធ្វើឲ្យករុណាមានឱកាសអាចស្គាល់ពួកគាត់។ ករុណាបានរំព្ញកថា វាជារឿងរ៉ាវដ៏ល្អនៅពេលពួកគាត់ចែករំលែកឲ្យខ្ញុំនូវរឿងរ៉ាវសិល្បៈដ៏អស្ចារ្យសម្បើមរបស់ពួកគាត់និងណែនាំឲ្យខ្ញុំដាក់ពាក្យស្នើសុំអាហារូបករណ៍ពីមូលនិធិការអភិវឌ្ឍសិល្បៈរបស់លោកគ្រូ ស្រី បណ្តូលទើបខ្ញុំអាចបន្តជីវិតការងាររបស់ខ្ញុំ។ វាជាមូលហេតុដែលញ៉ាំងឲ្យខ្ញុំចុងក្រោយសម្រេចចិត្តដាក់ពាក្យ” ។
តើអ្វីខ្លះជាផលប្រយោជន៍នៃអាហារូបករណ៍ខាងលើ? ជ័យលាភីអាហារូបករណ៍វ័យ១៩ឆ្នាំនេះបានពន្យល់ថា “អាហារូបករណ៍នេះបានផ្តល់អត្ថប្រយោជន៍ជាច្រើន ហើយខ្ញុំពិតជាមានកម្លាំងចិត្តក្នុងការរៀនសម្រាប់ខ្លួនឯង និងដើម្បីគ្រប់គ្នាដែលបានផ្តល់វាឲ្យខ្ញុំ” ។ នៅក្នុងអំឡុងពេលសិក្សានៅទីនេះ ករុណាបានរៀនអំពីប្រភេទគំនូរផ្សេងៗគ្នាជាច្រើន និង ស្ទីលគូរគំនូររបស់វិចិត្រករនានា ដែលត្រូវបានបែងចែកជាលំដាប់លំដោយមេរៀនតាមដំណាក់កាល។ ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមជាសិស្សអាហារូបករណ៍ ករុណាក៏មិនភ្លេចនូវការសម្តែងអំណរគុណចំពោះវីរភាពនៃវិញ្ញាណក្ខ័ន្ធលោកសាស្រ្តាចារ្យ ស្រី បណ្តូល ទោះបីជារូបគេពុំមានអនុស្សាវរីយ៍អ្វីឡើយជាមួយលោកគ្រូ ព្រោះគេបានចូលមករៀននៅទីនេះទើបតែក្នុងខែមករាដើមឆ្នាំនេះទេ ខណៈដែលលោកគ្រូបានទទួលមរណភាពទៅហើយ។ ប៉ុន្តែតាមរយៈការនិយាយប្រាប់ពីគ្រូៗនិងមិត្តភក្តិនៅទីនេះ គេចាត់ទុកលោកគ្រូជាមនុស្សល្អនិងរួសរាយរាក់ទាក់ ហើយជាសាស្រ្តាចារ្យគំរូដែលមានវិធីសាស្រ្តបង្រៀនប្រកបដោយគំនិតច្នៃប្រតិដ្ឋ។
Image Courtesy: Phare Ponleu Selpak
ចំពោះគោលបំណងថ្ងៃអនាគត ករុណាមានក្តីស្រមៃចង់ក្លាយជាវិចិត្រករដែលមានអត្តសញ្ញាណវិសេសភាពផ្ទាល់ខ្លួន ដែលមានស្នាដៃការងារត្រូវបានដាក់តាំងបង្ហាញនៅក្នុងវិចិត្រសាលល្បីៗ ឬបើកវិចិត្រសាលផ្ទាល់ខ្លួន និង ផ្តល់ឱកាសចំពោះសិល្បករដទៃទៀតឲ្យបានបង្ហាញសមិទ្ធផលរបស់ពួកគេ។ គួរបញ្ជាក់ផងដែរថា មូលនិធិអភិវឌ្ឍន៍សិល្បៈ លោកគ្រូ ស្រី បណ្តូល ផ្តល់ជូននូវអាហារូបករណ៍ចំពោះសកម្មភាពសិល្បៈដែលអាចរួមមានដូចជា បង្កើតថ្នាក់បង្រៀនសិល្បៈដល់កុមារនៅតាមសហគមន៍ខ្វះខាត ផ្តល់ឱកាសដល់សិល្បករពន្លកថ្មីតាមរយៈការផ្តល់អាហារូប ករណ៍និងប្រាក់ឧបត្ថម្ភ រៀបចំនិវេសនដ្ឋានសិល្បៈសម្រាប់សិល្បករជាតិនិងអន្តរជាតិ អភិវឌ្ឍគម្រោងជុំវិញសិទ្ធិក្នុងការបង្កើតស្នាដៃ និងអភិវឌ្ឍកម្មវិធី Pare in the City ដើម្បីបង្កើតសិល្បៈឲ្យបានសាយភាយទៅដល់មហាជនទូទៅតាម រយៈកម្មវិធីមហោស្រព វេទិកាជជែកពិភាក្សា និងកម្មវិធីពិព័រណ៍៕
Article by SRIN SOKMEAN Image Courtesy: Hoeuy Karona