×

ស្ថាបនិក​មកពី​ខេត្ត​កំពង់ឆ្នាំង​បង្កើត​អាជីវកម្ម​ច្នៃ​បំពង់បឺត​បែប​ធម្មជាតិ​យីហោ​ ​«​អាទិករ​»​

TRAVEL & LIVING 2 years ago
 
 

            ទុ​យោ​បរិស្ថាន​ច្រើន​ប្រភេទ​ត្រូវ​បាន​ផលិត​ឡើង​យ៉ាង​យកចិត្តទុកដាក់​បំផុត​សម្រាប់​អ្នកប្រើប្រាស់​ ​និង​ ជា​ផ្នែក​មួយ​ដែល​បានការ​ពារ​បរិស្ថាន​ផង​ដែរ​។​ ​ជាក់ស្តែង​ ​នៅ​តាម​ភោជនីយដ្ឋាន​ ​ឬ​ហាង​កាហ្វេ​មួយ​ចំនួន​ក្នុង​ពេល​បច្ចុប្បន្ននេះ​ក៏បាន​ផ្លាស់ប្តូរ​សម្ភារ​ដែល​ច្នៃ​ពី​សារធាតុ​ប្លាស្ទិក​យ៉ាង​ដូច្នេះ​ដែរ​ ​តួយ៉ាង​ ​គេ​ប្រើប្រាស់​សម្ភារ​ដែល​មានការ​ច្នៃ​ពី​ក្រដាស​ ​ឬ​ធនធានធម្មជាតិ​នានា​ ​ដើម្បី​ប​ញ្ជៀ​ស​នូវ​ការប្រើប្រាស់​សារធាតុ​ធ្វើ​ពី​ប្លាស្ទិក​ ​កត្តា​នេះ​ដែរ​បាន​ជំរុញ​ទឹកចិត្ត​ឲ្យ​ប្រជាជន​ខ្មែរ​ចាប់ផ្តើម​រួមចំណែក​ថែរក្សា​បរិស្ថាន​បន្តិចម្តងៗ​គួរឲ្យ​កត់​សម្គាល់​។​

            ​ផ្តើម​ចេញពី​អ្នក​ដែល​ស្រឡាញ់​ផលិតផល​ធ្វើ​ដោយដៃ​ក្នុងស្រុក​ ​និង​ការ​ស្រឡាញ់​បរិស្ថាន​មួយ​រូប​ ​អ្នកនាង​ហៃ​ ​សុជាតិ​ ​វឌ្ឍ​នា​ ​មាន​ស្រុកកំណើត​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​បាន​បង្ហាញ​ពី​ទ​ស្សនៈវិ​ស​័​យ​ ​ក៏ដូចជា​បទពិសោធន៍​របស់​ខ្លួន​មួយ​ចំនួន​ទាក់ទង​នឹង​ការ​ចាប់ផ្តើម​ស្រាវជ្រាវ​ពី​វិធីសាស្ត្រ​ ​និង​ធនធានធម្មជាតិ​ដែល​អាច​ផលិត​ទុ​យោ​បរិស្ថាន​ប្រកបដោយ​គុណភាព​ ​សុវត្ថិភាព​ ​និង​មាន​តម្លៃ​សមរម្យ​ជាដើម​។​ ​ទន្ទឹម​នឹង​នេះ​ ​អ្នកនាង ​វ​ឌ្ឍ​នា​ ​បាន​បង្ហាញ​ ​សូវ​រី​ន​ ​ឲ្យដឹង​ថាអ្នកនាងជា​អតីត​បុគ្គលិក​ក​ក្រុមហ៊ុន​ឯកជន​មួយ​រូប​ប៉ុណ្ណោះ​ ​ប៉ុន្តែ​រហូតមកដល់​ចុង​ឆ្នាំ​២​០​២​១​ ​អ្នកនាងបាន​សិក្សាស្រាវជ្រាវ​ ​និង​បាន​ចុះ​ផ្ទាល់​ទៅកាន់​តំបន់​ដែល​ជា​ប្រភព​ធនធានធម្មជាតិ​អាច​ច្នៃ​ឡើង​ធ្វើជា​ទុ​យោ​ស្មៅ​ធម្មជាតិ​ផង​ដែរ​។​ ​ជា​ការពិត​ណាស់​ ​ពេលវេលា​កាន់តែ​ដើរទៅ​មុខ​បន្តិចៗ​ម្តង​ ​រីឯ​ក្តី​ស្រឡាញ់​ចំពោះ​ផលិតផល​ធម្មជាតិ​កាន់តែ​កើន​ឡើង​ជាបន្តបន្ទាប់​ដែល​បាន​ជំរុញ​ទឹកចិត្ត​ឲ្យ​អ្នកស្រី​ចាប់ផ្តើម​បើក​អាជីវកម្ម​មួយ​ផលិត​ទុ​យោ​ស្មៅ​នៅ​ពាក់កណ្តាល​ឆ្នាំ​២​០​២​២​ ​នេះ​។​

​            «​អាទិករ​»​ ​ជា​ឈ្មោះ​សិប្បកម្ម​មួយ​កន្លែង​មានន័យ​ថា​ ​«​ជា​អ្នក​ចាប់ផ្តើម​»​ ​ដែល​មាន​ផលិត​ ​និង​ផ្តល់​ការ​ផ្គត់ផ្គង់​ទុ​យោ​ស្មៅ​ធម្មជាតិ​ក្នុងស្រុក​។​ ​ស្ថាបនិក​ ​វ​ឌ្ឍ​នា​ ​បាន​មានប្រសាសន៍​សំខាន់​ៗ​បន្ថែម​ទាក់ទង​នឹង​ការ​ចាប់ផ្តើម​នេះ​យ៉ាង​ដូច្នេះ​ថា​ ​«​ការ​ចាប់ផ្តើម​ដំបូង​នោះ​កើត​ចេញពី​ក្តី​ស្រឡាញ់​ទាំង​ផលិតផល​ក្នុងស្រុក​ ​រួម​ទាំង​បរិស្ថាន​ ​ហើយ​មួយវិញទៀត​ខ្ញុំ​បាន​សង្កេតឃើញ​ថា​អាកាសធាតុ​នៅ​លើ​ពិភពលោក​បច្ចុប្បន្ន​មានការ​ប្រែប្រួល​ខុសប្រក្រតី​ជា​ខ្លាំង​ ​រួម​ទាំង​ប្លាស្ទិក​ក៏​កាន់តែ​កើន​ឡើង​ ​ដូច្នេះ​ដើម្បី​ជា​ចំណែក​ថែរក្សា​បរិស្ថាន​ខ្ញុំ​ចាប់ផ្តើម​ធ្វើ​ការស្រាវជ្រាវ​នានា​ទាក់ទង​នឹង​ផលិតផល​នេះ​ខ្ញុំ​បានឃើញ​ថា​មាន​ប្រភេទ​ដើម​ចចូត​ស្រស់​ម៉្យាង​ដែល​អាច​ធ្វើជា​ទុ​យោ​ ​ដូច្នេះ​ខ្ញុំ​ក៏​ចាប់ផ្តើម​ធ្វើ​ការពិសោធន៍​ដោយ​ជំហាន​ដំបូង​ស​ម្អា​ត​ផ្នែក​ខាងក្រៅ​ដោយដៃ​ថ្នមៗ​ ​រួម​បក​ស្រទាប់​ចេញ​ ​បន្ទាប់មក​ទៀត​ចាប់ផ្តើម​ស​ម្អា​ត​ផ្នែក​ខាងក្នុង​។​»​ ​អ្នកនាងក៏បាន​បន្ត​ថា​ ​«​បន្ទាប់ពី​បាន​ធ្វើការ​ស​ម្អា​ត​រួច​ ​ខ្ញុំ​ចាប់ផ្តើម​ដាក់​វា​ក្នុង​ម៉ាស៊ីនសម្ងួត​​ប្រមាណ​ជា​ ​៤​ម៉ោង​ ​ទៅ​៥​ម៉ោង​ រួចប្រើម៉ាស៊ីន​សម្លាប់​មេ​រោគ​ប្រព័ន្ធ UVC ​ជា​លទ្ធផល​ទុ​យោ​ស្មៅ​របស់យើង​បាន​ផលិត​ដោយ​សុ​វត្ថិភាព​ ​និង​ស្តង់​ដារ​ខ្ពស់​ផង​ដែរ​»​។​ ​បន្ថែម​ពីនេះទៅ​ទៀត​ ទុ​យោ​ស្មៅ​ ​ក៏​ត្រូវ​បាន​បែង​ចែកចេញជា​៣​ទំហំ​ ​តួយ៉ាង​ ​ទំហំ​តូច​ ​ទំហំ​កណ្តាល​ ​និង​ទំហំ​ធំ​ ​រីឯ​មួយ​ប្រអប់​តូច​គឺ​មាន​ទុ​យោ​ចំនួន​ ​២​០​ ​ដើម​ដែល​មាន​ទំហំ​ចម្រុះ​ដែល​ផ្តល់​ភាព​ងាយស្រួល​ដល់​អ្នកប្រើប្រាស់​អាច​សាកល្បង​ទៅ​តាមចំណូលចិត្ត​របស់​គេ​។​ ​ម៉្យាងវិញទៀត​ ​សម្រាប់​ប្រអប់​ធំ​វិញ​គឺ​មាន​ទុ​យោ​ស្មៅ​ចំនួន​១​០​០​ដើម​ ​ក្នុង​នោះ​អ្នកជា​វក​៏​អាច​ជ្រើសរើស​ទំហំ​ទៅតាម​តម្រូវ​ការ​របស់​គេ​ផង​ដែរ​។​ ​មិន​ត្រឹម​តែប៉ុណ្ណោះ​ ​លក្ខណៈ​ពិសេស​របស់​ទុ​យោ​​ស្មៅ​នេះ​គឺ​មាន​ក្លិន​ប្រហើរ​ ​មិន​ប៉ះពាល់​ដល់​រសជាតិ​ភេសជ្ជៈ​ឡើយ​ ​មួយវិញទៀត​ ​គេ​អាច​ថែរក្សា​គុណភាព​រហូត​បាន​ទៅដល់​ ​៦​ ​ខែ​ទៅ​ ​១​២​ ​ខែ​ ​ប៉ុន្តែ​ទុ​យោ​នេះ​គឺ​អាច​ប្រើប្រាស់​បាន​តែម្តង​ប៉ុណ្ណោះ​។​

            ​ជាចុងក្រោយ​ ​អ្នកនាង​ ​វ​ឌ្ឍ​នា​ ​ស្ថាបនិកា​ ​«​អាទិករ​»​ ​ក៏​បានឲ្យ​ដឹងផង​ថា​ ​វត្តមាន​របស់​ទុ​យោ​ស្មៅ​នេះ​គឺជា​ការ​ចូល​រួមចំណែក​ក្នុង​កិច្ចការពារ​បរិស្ថាន​ ​កាត់បន្ថយ​សំណល់​ប្លាស្ទិក​ ​កាត់បន្ថយ​ផល​ប៉ះពាល់​ដល់​ជី​វ​ចម្រុះ​ ​ដើម្បី​ប្រទេស​យើង​កាន់តែ​មាន​សោ​ភណ្ឌ​ភាព​ ​ប្រជាជន​យើង​រស់នៅ​ប្រកបដោយ​សុខ​មាល​ភាព​ ​ហើយក៏​ជា​ផ្នែក​មួយ​ដែល​គាំទ្រ​ដល់​ការប្រើប្រាស់​ដោយ​និរន្តរភាព​នូវ​ធនធានធម្មជាតិ​ ​តាមរយៈ​ការ​កែច្នៃ​ឲ្យ​មក​ជា​ប្រយោជន៍​ដល់​ការរស់នៅ​របស់​ប្រជាជន​ ​ក្នុង​ការ​លើក​ក​ម្ពស់​ជីវភាព​ប្រជាជន​ក្នុង​សហគមន៍​ ​ក៏ដូចជា​បង្ហាញ​អំពី​សមត្ថភាព​របស់​ស្រ្តី​ក្នុង​វិ​ស​័​យ​ការងារ​ ​និង​ជា​ការចូលរួម​ក្នុង​ការ​ថែរក្សា​ភព​​​ផែនដី​យើង​ដែល​មានតែ​១​ ​ផង​ដែរ​៕​

Article by PAN SIVLY

Image Courtesy: អាទិករ​


SUGGESTIONS