×

ពិព័រណ៍​ប្រវត្តិ​សា​ស្រ្ត ​«​ព្រះរាជ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​បារាំង​របស់​ព្រះបាទ​ ​ស៊ីសុវត្ថិ​»​ ​នៅ​សារមន្ទីរ​ព្រះស្រី​ឦសាន​វរ្ម័ន​

NEWS one year ago
 
 

            ភ្នំពេញ​៖​ ​នៅ​ថ្ងៃចន្ទ​ ​ទី​០​៤​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​២​ ​វេលា​ម៉ោង​៤​ ​រសៀល​ ​នៅ​សារមន្ទីរ​សេដ្ឋកិច្ច​ ​និង​រូបិយវត្ថុ​ ​«​ព្រះស្រី​ឦសាន​វរ្ម័ន​»​ ​ហៅ​កាត់​ថា​ ​សារមន្ទីរ​ ​ស​.​ស​.​រ​ ​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​លេខ​១​០​២​ ​ចំហៀង​ប្រៃសណីយ៍​កម្ពុជា​ ​ស្នាក់​ការ​កណ្តាល​ ​មាន​ ​ការរៀបចំ​កម្មវិធី​សម្ពោធ​ផ្លូវការ​ពិព័រណ៍​ក្រោម​ប្រធាន​បទ​ ​«​ព្រះរាជ​ទស្សនកិច្ច​ទៅ​បារាំង​របស់​ព្រះករុណា​ ​ព្រះ​ស៊ីសុវត្ថិ​ ​គ្រាដំបូង​នៃ​ការ​ស្វែងយល់​គ្នា​រវាង​ខ្មែរ​ ​និង​បារាំង​»​ ​ក្រោមអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​ ​ជា​ ​ចាន់​តូ ​អគ្គទេសាភិបាល​ ​ធនាគារជាតិនៃកម្ពុជា​ ​និង​ឯកឧត្តម​ J​a​cqu​e​s ​Pellet​ ​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​ ​ព្រមទាំង​វត្តមាន​ឥស្សរជន​ខ្មែរ​-​បារាំង​ ​និង​អ្នក​សារ​ព័ត៌មាន​ជាតិ​និង​អន្តរជាតិ​យ៉ាង​ច្រើន​កុះករ​។​

            លោក​ ប្លែ​ស​ ​គី​លី​យ៉​ង់ (B​l​a​i​s​e​ K​i​l​i​an​) ​សហប្រធាន​នៃ​សារមន្ទីរ​ ​ស​.​ស​.​រ​ ​បាន​ថ្លែង​ក្នុង​ឱ​កា​សកម្មវិធី​សម្ពោធ​ពិព័រណ៍​នោះ​ថា​ “ ​ព្រះរាជ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​បារាំង​របស់​ព្រះបាទ​ស៊ីសុវត្ថិ​ក្នុង​ឆ្នាំ​១​៩​០​៦​ ​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​ក្នុង​ប្រវត្តិ​សា​ស្រ្ត​របស់​កម្ពុជា​ក៏ដូចជា​ក្នុង​ប្រវត្តិ​នៃ​ទំនាក់ទំនង​រវាង​ខ្មែរ​និង​បារាំង​។​ ​ជា​លទ្ធផល​ ​ព្រះ​រាជដំណើរ​នេះ​បាន​នាំឲ្យ​ព្រះរាជាណាចក្រកម្ពុជា​និង​វប្បធម៌​ខ្មែរ​លេចធ្លោ​នៅ​លើឆាកអន្តរជាតិ​ ​ជាពិសេស​នៅ​បស្ចិមប្រទេស​ ​ពីព្រោះ​ថា​ ​ព្រះបាទ​ស៊ីសុវត្ថិ​គឺជា​ព្រះមហាក្សត្រ​ខ្មែរ​ដំបូង​គេ​បង្អស់​ដែល​បាន​យាង​ទៅដល់​លោក​ខាងលិច​ […] ” ​។​

            ​លោក​ក៏បាន​បញ្ជាក់​អំពី​បុព្វហេតុ​នៃ​កម្មវិធី​នេះ​ថា​ ​ពិព័រណ៍​បណ្តោះអាសន្ន​នេះ​ជា​សមិទ្ធផល​ដំបូង​នៃ​គម្រោង​រៀបចំ​ពិព័រណ៍​បណ្តោះអាសន្ន​ដែល​នឹង​ត្រូវ​រៀបចំ​ដាក់​តាំង​ជាបន្តបន្ទាប់​ជូន​សាធារណជន​ចូលរួម​ទស្សនា​ ​ជា​ការ​បំពេញ​បន្ថែម​ទៅលើ​ពិព័រណ៍​អ​ចិន្រ្តៃយ៍​នៅ​ក្នុង​សារមន្ទីរ​ព្រះស្រី​ឦសាន​វរ្ម័ន​ (​ស​.​ស​.​រ​) ​នេះ​ ​ក្រោម​គំនិត​ផ្តួចផ្តើម​ដ៏​ខ្ពង់ខ្ពស់​របស់​ថ្នាក់​ដឹកនាំ​ ​ធនាគារជាតិនៃកម្ពុជា​ក្រោម​ការ​​​ដឹកនាំ​របស់​ឯកឧត្តម​ ​ជា​ ​ចាន់​តូ ​អគ្គទេសាភិបាល​ ​ធនាគារជាតិនៃកម្ពុជា​។​

            ​យោង​តាម​របាយការណ៍​របស់​សហប្រធាន​សារមន្ទីរ​ ​កម្មវិធី​ពិព័រណ៍​មិន​អ​ចិន្ត្រៃយ៍​នេះ​មាន​ដាក់​តាំង​វត្ថុ​ចំនួន​៦​៩​មុខ​ ​រួម​មានច្បាប់​ដើម​នៃ​ប័ណ្ណ​ ​ប្រៃសណីយ៍​ ​រូបថត​ ​កាសែត​ ​និង​កាស​មេដាយ​ ​ជាពិសេស​ ​កាស​មេដាយ​ប្រាក់​ដែល​វិទ្យាស្ថាន​បោះ​ប្រាក់​បារាំង​ ​L​a​ ​M​onn​a​i​e​ ​d​e​ ​Par​i​s ​បាន​បោះពុម្ព​ដើម្បី​អបអរ​ព្រះរាជ​ទស្សនកិច្ច​របស់​ព្រះបាទ​ស៊ីសុវត្ថិ​។​ ​លើស​ពី​នេះ​ ​ក៏មាន​​​រូប​ចម្លង​ពង្រីក​ចេញពី​ច្បាប់ដើម​នៃ​ឯកសារ​ប្រវត្តិសាស្ត្រ​ផង​ដែរ​។​

            ​ចំពោះ​ប្រភព​សមុច្ច័យ​នៃ​ពិព័រណ៍​ខាងលើ​ ​វត្ថុ​តាំង​ភាគច្រើន​ជា​សមុច្ច័យ​របស់​សារមន្ទីរ​ ​ស​.​ស​.​រ​. ​ផ្ទាល់​។​ ​វត្ថុ​មួយ​ចំនួនជា​អំណោយ​របស់​អង្គការ​គ្រួសារ​ថ្មី​ដល់​សារមន្ទីរ​ ​ហើយ​មួយ​ចំនួន​ទៀត​ជា​ក​ម្ចី​ពី​សមុច្ច័យ​របស់​លោក​សាស្ត្រាចារ្យ​ O​l​i​vie​r ​d​e​ ​Be​r​non​។​ ​ពិព័រណ៍​បណ្ដោះអាសន្ន​នេះ​ក៏មាន​បង្ហាញ​ផង​ដែរ​នូវ​ខ្សែ​ភាពយន្តឯកសារ​ខ្លី​ៗ​បួន​រឿង​ដែល​ជា​ផលិតកម្ម​របស់​សារមន្ទីរ​ផ្ទាល់​។​ ​ផ្ទាំង​ព័ត៌មាន​នៃ​ពិព័រណ៍​ត្រូវ​បាន​តាក់តែង​ជា​ពីរ​ភាសា​ ​គឺ​ ​ភាសាខ្មែរ​ ​និង​ភាសាបារាំង​ ​ព្រមទាំង​មាន​សៀវភៅ​ណែនាំ​ជា​ភាសា​អង់​ គ្លេ​ស​បន្ថែម​ទៀត​។​

            គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ការ​តាំង​ពិព័រណ៍​នេះ​បើក​ទទួល​ឲ្យ​សាធារណជន​ចូល​ទស្សនា​ដោយសេរី​ចាប់ពី​ថ្ងៃ​ទី​០​៤​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​២​ ​ដោយ​ឥត​គិតថ្លៃ​ ​ចាប់ពី​ម៉ោង​ ​៩​ព្រឹក​ ​ដល់ម៉ោង​ ​៦​ល្ងាច​ ​រៀងរាល់ថ្ងៃ​អង្គារ​ដល់​ថ្ងៃអាទិត្យ​។​ ​ចំពោះ​ភ្ញៀវ​ដែល​មានបំណង​ចូលរួម​ទស្សនា​ ​សូម​ចូល​តាម​ច្រក​ទ្វារ​ក្រោយ​នៃ​សារមន្ទីរ​តាមផ្លូវ​លេខ​ ​១​០​២​ ​ហើយ​ចូល​ទៅកាន់​សាល​ពិព័រណ៍​មិន​អ​ចិន្រ្តៃយ៍​ដែល​ស្ថិតនៅ​ខាងឆ្វេង​ដៃ​ផ្ទាល់​តែម្តង​៕​

Article by SRIN SOKMEAN


SUGGESTIONS