បណ្តែតអារម្មណ៍ក្នុងបរិយាកាសបែបសមុទ្រជាមួយរសគ្រឿងសមុទ្រសម្បូរបែបនៅហាង Lé Samot
NEWS 2 years agoនៅពេលស្មុគស្មាញនឹងការងារ ចង់ទៅដើរលេងបន្ធូរអារម្មណ៍ជាមួយបរិយាកាសស្រស់ស្រាយក្បែរឆ្នេរ សមុទ្រមែនទេ? នឹករព្ញកដល់រសជាតិអាហារសមុទ្រស្រស់ៗដ៏ឈ្ងុយឆ្ងាញ់មកពីតំបន់ឆ្នេរមែនទេ? មិនបាច់រង់ចាំ ធ្វើដំណើររហូតដល់៣-៤ម៉ោងទៅកាន់ខេត្តជាប់មាត់សមុទ្រទៀតនោះទេ! គ្រឿងសមុទ្រមកពីតាមបណ្តាខេត្តជាប់ មាត់សមុទ្រទាំង៤នៃប្រទេសសកម្ពុជា រួមជាមួយនឹងរូបមន្តអាហារសមុទ្រពីក្រៅប្រទេស និងបរិយាកាសស្រស់ ស្រាយដូចពិភពមាត់សមុទ្រពិតៗត្រូវបានលាតត្រដាងនាំមកជូនដល់ទីតាំងរាជធានីភ្នំពេញតែម្តងឥឡូវនេះហើយដោយស្នាដៃច្នៃប្រតិដ្ឋថ្មីបែបប្រណីតជាទីបំផុតរបស់ស្ថាបនិកក្នុងស្រុកដ៏ប៉ិនប្រសប់ក្នុងឆ្នាំ២០២២នេះ ដែលមិន ធ្លាប់មានវត្តមានភោជនីយដ្ឋានែបនេះទេពីមុនមកទេក្នុងក្រុងភ្នំពេញយើង។
ភោជនីយដ្ឋានដ៏ប្រណីតខាងលើនេះមានឈ្មោះថា «Lé Samot» ឬ «លើសមុទ្រ» ជាភាសាខ្មែរ។ ដូចដែលបានឃើញអត្ថន័យនៃឈ្មោះហាង ក៏ប្រិយមិត្តអ្នកអានច្បាស់ជាជ្រាបហើយថា Lé Samot សំដៅលើ សមុទ្រ។ ដូចនេះ Lé Samot ជាប្រភេទភោជនីយដ្ឋានដែលផ្តោតលើការផ្គត់ផ្គង់សេវាកម្មបម្រើអាហារសមុទ្រជូនភ្ញៀវជាតិនិងអន្តរជាតិប្រកបដោយគុណភាព ផាសុកភាព និងអនាម័យខ្ពស់។ ភោជនីយដ្ឋានដ៏ប្រណីតថ្មីចុង ក្រោយនេះមានទីតាំងស្ថិតនៅបណ្តាយផ្លូវលេខ ៥៦៦ កែង ផ្លូវលេខ៣៣១ សង្កាត់បឹងកក់ ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ម្តុំក្រោយវិទ្យាល័យឥន្រ្ទទេវី។ ដើម្បីទៅដល់ទីតាំងភោជនីយដ្ឋាន លោកអ្នកអាចជិះតាមផ្លូវចំហៀងវិទ្យាល័យឥន្រ្ទទេវី (ផ្លូវលេខ ៥៩២) រួចបត់ស្តាំក្រោយសាលា ហើយបន្តដំណើរមកត្រង់រហូតដល់កែងផ្លូវ ៥៦៦ជាការស្រេច ឬ អាចជិះពីផ្លូវអតីតរង្វង់មូលទួលគោកមកត្រង់ដល់ចំណុចវិទ្យាស្ថានជាតិសុខភាពសាធារណៈ ទើបបត់ឆ្វេងទៅត្រង់ហួសមន្ទីរសម្ភពចិត្រាបន្តិចនោះ លោកអ្នកនឹងឃើញហាងនៅខាងឆ្វេងដៃ។
ភោជនីយដ្ឋាននេះមានលក្ខណៈពិសេសខុសប្លែកពីភោជនីយដ្ឋានអាហារសមុទ្រដទៃត្រង់សិល្បៈនៃការ តុបតែងលម្អស្ថាបត្យកម្ម និងឯកលក្ខណៈនៃបញ្ជីរាយមុខម្ហូប (Menu) ប្រចាំហាង។ ដោយហេតុស្ថាបនិកហាង មានដើមកំណើតមកពីខេត្តកោះកុងដែលជាខេត្តជាយដែនមាត់សមុទ្រនៃប្រទេសកម្ពុជា មានភាពល្បីល្បាញខាងជលផលសមុទ្រតាំងពីយូរយារណាស់មកហើយ ចងចាំនូវរសជាតិម្ហូបអាហារដែលជាស្នាដៃរបស់ជីដូនរបស់លោកកាលពីលោកនៅវ័យកុមារ លោកក៏សម្រេចចិត្តបើកភោជនីយដ្ឋានផ្តោតលើរសនិយមបែបសមុទ្រនេះឡើង។ បើនិយាយពីផ្នែកស្ថាបត្យកម្ម ភោជនីយដ្ឋាននេះត្រូវបានរចនាឡើងជាអគារកម្ពស់ពីរជាន់លាបពណ៌សប្រៀបដូចជាឆ្នេរខ្សាច់ដ៏សក្បុសនៃតារារះទិសនិរតី។ រានហាលជាន់ខាងលើត្រូវបានលម្អដោយទិដ្ឋភាពកូនឆ្នេរខ្សាច់សិប្បនិម្មិតដ៏ស្រស់ស្អាត និងរុក្ខជាតិមាត់សមុទ្រ ពពួកដើមរំចេកសមុទ្របង្កើតបានជាសោភ័ណភាពស្រស់ស្រាយត្រជាក់ភ្នែកមិនចាញ់ទេសភាពមាត់សមុទ្រពិតៗនោះទេ។ រីឯផ្នែកខាងក្នុង វត្ថុធាតុដើមនៃសំណង់ ភាគច្រើនតុបតែងលម្អដោយសម្ភារឈើនិងថ្មឲ្យមើលទៅដូចជាសម្រស់ធម្មជាតិនៃតំបន់ឆ្នេរពិតៗ ព្រមទាំងការរំលេចរចនាបថទឹករលកនៅលើផ្ទៃជញ្ជាំងថែមទៀតផង។
ដោយឡែកចំពោះមុខម្ហូប មុខម្ហូបជាច្រើនត្រូវបានដកស្រង់ចេញពីវិជ្ជាធ្វើម្ហូបរបស់អ្នកស្រុកដើមសមុទ្រ រស់នៅតាមតំបន់ឆ្នេរក្នុងប្រទេស។ តួយ៉ាង បាយឆាគី ដែលមានគ្រឿងផ្សំសំខាន់ជាងគេ គឺ កាពិ ឬ ផ្អកគី ដ៏មាន ប្រជាប្រិយភាពខ្លាំងប្រចាំខេត្តកោះកុង។ លើសពីនេះ ក្តាមថ្មសមុទ្រប្រចាំហាងទាំងពីរប្រភេទ គឺ ក្តាមថ្មខ្លាញ់ និង ក្តាមថ្មពង។ ក្តាមថ្មខ្លាញ់មានសាច់ណែនសម្បូរដោយខ្លាញ់លឿងដ៏មានឱជារសនិងពេលខ្លះមានសំបកសកខាង ក្នុង។ ឯក្តាមពងដែលភ្ញៀវជាច្រើនពេញនិយម អាចចំហុយជ្រលក់ទឹកត្រីកោះកុងដ៏ឈ្ងុយឆ្ងាញ់ ឬច្នៃឆាពងទាប្រៃ ក៏មានរសជាតិប្លែកមាត់ម្យ៉ាង។ មុខម្ហូបគ្រឿងសមុទ្រដែលគួរឲ្យចង់ណែនាំមួយចំនួនទៀតមានដូចជា ឆាម្រះព្រៅ មឹកសាយហួយមកពីភូមិនេសាទខេត្តព្រះសីហនុ មឹកឆាម្រេចខ្ចីមកពីខេត្តកំពត និងមុខម្ហូបប្រចាំត្រកូលគឺ នំបញ្ចុក ការីក្តាមថ្ម។ ហាងនេះបើកជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង១១ព្រឹក ដល់ម៉ោង១០យប់៕
Article by SRIN SOKMEAN