×

​Well​a​ ​Jade​n ​អ្នក​ច្នៃ​ម៉ូដ​ជាន់​ថ្មី​បង្កើត​ឈុត​ហ្វេ​ហ្សិ​ន​ប្លែកៗ​កំពុង​ទទួល​បាន​ការចាប់អារម្មណ៍​

NEWS 2 years ago
 
 

          ​Well​a​ ​Jade​n ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​ច្នៃ​ម៉ូដ​កម្ពុជា​វ័យក្មេង​មួយ​រូប​ដែល​ទើប​លេច​មុខ​ ​និង​កំពុង​ទទួល​បាន​ការចាប់អារម្មណ៍​ខ្លាំង​តាមរយៈ​ការ​បង្កើត​ឈុត​ប្លែកៗ​បែប​ហ្វេ​ហ្សិ​ន​។​ ​បង្ហាញមុខ​ថ្មីថ្មោង​ ​តែ​អាច​និយាយ​ថា​ ​Well​a​ ​Jade​n ​គឺជា​អ្នក​ច្នៃ​ម៉ូដ​ជំនាន់​ថ្មី​ដែល​មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់​ ​ពោល​ឈុត​នីមួយៗ​មើល​មក​មិន​ច្រឡំ​គេ​ ​និង​មាន​លក្ខណៈ​ទាក់​ភ្នែក​ពោរពេញ​ដោយ​ភាព​នឹកស្មាន​មិនដល់​។​ ​ភាព​ច្នៃ​ប្រតិដ្ឋ​នេះ​បាន​ធ្វើឲ្យ​អ្នក​ច្នៃ​ម៉ូដ​រូប​នេះ​ចាប់ផ្តើម​មាន​ទី​ផ្សារ​ក្នុងរយៈពេល​ដ៏​ខ្លី​ ​ពិសេស​កំពុង​ត្រូវចិត្ត​បំផុត​ពីសំណាក់​ ​តារា​សិល្បៈ ​ចង្កោម​ ​Influence​r ​និង​អ្នក​ហ្វេ​ហ្សិ​ន​និយម​។​


          ​ជំនួប​សម្ភាសន៍​ផ្ទាល់​ជាមួយ​ក្រុម​ការងារ​ ​សូវ​រី​ន​ ​អ្នក​ច្នៃ​ម៉ូដ​ ​Well​a​ ​Jade​n ​បាន​រៀបរាប់​ថា​ ​មែនទែន​ទៅ​លោក​​​មានឈ្មោះ​ពិត​ថា​ ​ស្រី​ ​រតនៈ​ ​ជា​និស្សិត​កំពុង​សិក្សា​ផ្នែក​ហ្វេ​ហ្សិ​ន​ឌី​ហ្សា​ញ​ឆ្នាំ​ទី​៤​នៃ​សាកលវិទ្យាល័យ​លី​ម​កុក​វី​ង​។​ ​រតនៈ​ទើប​ចាប់ផ្តើម​មាន​គេ​ស្គាល់​នៅដើម​ឆ្នាំនេះ​ ​គឺ​នៅ​ពេល​ធ្វើ​ឈុត​ឲ្យ​ ​Influence​r ​ដ៏​មាន​ប្រជាប្រិយភាព​ម្នាក់​គឺ​កញ្ញា​ ​D​a​a​ ​d​a​o ​ដែល​ជា​ឈុត​ដកស្រង់​ពី​សត្វ​សមុទ្រ​សម្រាប់​ស្លៀកពាក់​ចូលរួម​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​ដ៏​ធំ​មួយ​ប្រចាំ​ឆ្នាំ​។​ ​ពី​មួយ​កម្មវិធី​ទៅ​មួយ​កម្មវិធី​ ​ស្នាដៃ​ច្នៃ​ម៉ូដ​ឲ្យ​ ​Influence​r ​ចេះតែ​ផ្ទុះ​ការចាប់អារម្មណ៍​កាន់តែ​ខ្លាំង​ឡើងៗ​ ​រហូត​មាន​អ្នក​ទំនាក់ទំនង​ឲ្យ​ធ្វើ​ឈុត​ជាច្រើន​ ​ជាពិសេស​ចង្កោម​ ​Influence​r ​អ្នក​ហ្វេ​ហ្សិ​ន​និយម​ ​រួម​ទាំង​តារា​ចម្រៀង​ល្បី​ៗ​ដូចជា​ ​កញ្ញា​ ​ទេព​ ​បូ​ព្រឹក្ស​ ​និង​លោក​ ​នី​កូ ​ជាដើម​។​

          ​អ្នក​ច្នៃ​ម៉ូដ​វ័យ​២​២​ឆ្នាំ​ ​ស្រី​ ​រតនៈ​ ​បាន​បង្ហើប​អំពី​ស្ទា​យ៌​ផ្ទាល់ខ្លួន​តាមរយៈ​ភាសា​អង់គ្លេស​៣​ពាក្យ​ថា​៖​ ​Bold​(​មើលទៅ​ខ្លាំង​មាំមួន​), ​Structure​ (​មាន​ទម្រង់​ច្រើន​) ​និង​ ​Rebellious​ (​ប្លែក​ពី​គេ​)​។​ ​រីឯ​ការ​ដកស្រង់​ (​inspire​) ​មាន​លក្ខណៈ​រាង​ប្លែក​ពី​គេ​បន្តិច​ដោយ​ភាគច្រើន​ ​ប្រើ​ការស្រមើស្រមៃ​ ​ផ្អែក​ទៅតាម​អារម្មណ៍​ ​និង​ទីកន្លែង​។​ ​អ្នក​ច្នៃ​ម៉ូដ​រូប​នេះ​ចង់ឲ្យ​អ្នក​បាន​ស្លៀក​ឈុត​របស់​លោក​​​មាន​អារម្មណ៍​ថា​ ​ស្អាត​ ​ឆ្លាត​ ​ខ្លាំង​ ​ឯករាជ្យ​ ​និង​កាន់តែ​មានទំនុក​ចិត្ត​។​ ​«​គេ​កាន់តែ​មើល​នាង​ ​នាង​នឹង​កាន់តែ​មានទំនុក​ចិត្ត​»​។​

          ​ទន្ទឹម​នឹង​បោះជំហាន​មកដល់​ចំណុច​នេះ​ ​ពិតមែន​ទៅ​អ្នក​ច្នៃ​ម៉ូដ​ ​ស្រី​ ​រតនៈ​ ​ក៏​ធ្លាប់​ជួប​ផល​លំបាក​សមគួរ​រហូត​សឹងតែ​បោះបង់​ទៅ​ហើយ​។​ ​តួយ៉ាង​ ​មុន​ផ្ទុះ​ស្នាដៃ​ច្នៃ​ម៉ូដ​ដូច​បច្ចុប្បន្ន​ ​រតនៈ​ធ្លាប់​បាន​យក​ការងារ​ទៅ​ដាក់ពាក្យ​ហាត់​ការ​(​Inter​n) ​២​ទៅ​៣​កន្លែង​ ​តែ​ចៃដន្យ​ខាងគេ​មិន​ទទួលយក​ការងារ​នោះ​ឡើយ​។​ ​រតនៈ​បាន​ផ្តល់​ក្តី​សង្ឃឹម​ឲ្យ​ខ្លួនឯង​ម្តង​ហើយ​ម្តងទៀត​ដែរ​ ​ប៉ុន្តែ​នៅ​ពេល​ដាក់ពាក្យ​បន្ទាប់​ក៏​នៅតែ​មិន​ជាប់​ដដែល​ ​ដែល​ធ្វើឲ្យ​បាក់ទឹកចិត្ត​ដល់​សម្រេច​ចិត្ត​បោះបង់​ ​រួច​ងាក​មក​ស្វែងរក​ការងារ​ជំនាញ​ផ្សេង​ជំនួស​វិញ​។​ ​ជា​កូន​កើត​ក្នុង​គ្រួសារ​ពេទ្យ​ ​គ្រានោះ​រតនៈ​ចាប់ផ្តើម​នឹកដល់​ពាក្យ​ដែល​គ្រួសារ​ធ្លាប់​និយាយ​ពេល​ខ្លួន​សម្រេច​ចិត្ត​រៀន​ផ្នែក​ហ្វេ​ហ្សិ​ន​ឌី​ហ្សា​ញ​ដែរ​ថា​ “​រៀនចប់​ពី​នឹង​ទៅណា​? ​រៀន​ហើយ​ធ្វើការ​អី​? ​តិច​ប្រយ័ត្ន​អត់​ការងារ​ធ្វើ​”​។​ ​រតនៈ​ថា​នឹង​បង់​ការសិក្សា​ទៅ​ហើយ​ ​តែ​ជា​សំណាងល្អ​ស្រប​ពេល​កំពុង​ដាក់ពាក្យ​ធ្វើការ​កន្លែង​ខុស​ជំនាញ​ ​ស្រាប់តែ​ ​Influence​r ​កញ្ញា​ ​D​a​a​ ​D​a​o ​ទំនាក់ទំនង​ឲ្យ​ធ្វើ​ឈុត​ ​រួច​ក៏​ចាប់ផ្តើម​ផ្ទុះ​មាន​គេ​ស្គាល់​រហូត​ជំរុញចិត្ត​ត្រឡប់មក​ចាប់ផ្តើម​អាជីព​ច្នៃ​ម៉ូដ​ជាថ្មី​វិញ​។​

          ​យ៉ាងណាមិញ​ ​ការ​ជួប​បញ្ហា​កន្លងមក​បាន​ជំរុញ​ឲ្យ​អ្នក​ច្នៃ​ម៉ូដ​ម្នាក់​នេះ​កាន់តែ​ខ្លាំង​ជាង​មុន​ ​និង​មិន​ចុះចាញ់​នូវ​ការ​គិត​របស់​ខ្លួន​។​ “​យើង​ត្រូវ​ជឿជាក់​លើ​ខ្លួនឯង​ថា​នឹង​មាន​អ្វីមួយ​កើតឡើង​ទោះ​យូរ​ឬ​ឆាប់​ ​ដែល​សំខាន់​យើង​ត្រូវ​ហ្វឹកហាត់​ដុះ​ខាត់​ខ្លួនឯង​បន្ថែម​ទៀត​។​ ​មិន​សំខាន់​ទៅលើ​ទី​ផ្សារ​ ​សំខាន់​យើង​ជា​អ្នកបង្កើត​ទី​ផ្សារ​ដោយខ្លួនឯង​ ​បើ​យើង​ធ្វើឲ្យ​ខ្លួនឯង​ល្អ​ ​យើង​នឹង​ជ្រៀតចូល​ទី​ផ្សារ​បាន​។​” ​ស្រី​ ​រតនៈ​ ​លើកឡើង​។​

          ​បើ​និយាយ​ពី​ការ​ចូល​សិក្សា​ផ្នែក​ច្នៃ​ម៉ូដ​ ​រតនៈ​ទទួល​បានការ​លើកទឹកចិត្ត​ពី​បងស្រី​បង្កើត​ ​ដែល​ដើមឡើយ​ហាក់​ស្ទាក់ស្ទើរ​ដោយសារ​កើត​ក្នុង​គ្រួសារ​ពេទ្យ​។​ ​រតនៈ​មាន​ទេពកោសល្យ​លើ​ផ្នែក​ដេរ​តាំងតែពី​តូច​ ​ចេះ​ប្រើ​ម៉ាស៊ីនដេរ​តាំងពី​រៀន​ថ្នាក់​ទី​៣​ដែល​ហាក់បីដូចជា​កា​ដូ​ដ៏​វិសេស​មួយ​ផ្តល់​ពី​កំណើត​ដូច្នោះ​ដែរ​។​ ​កាល​នៅ​រៀន​រតនៈ​ចូលចិត្ត​ម៉ោង​គេ​ហ​វិទ្យា​ជាងគេ​ ​ដោយ​ពូកែ​ ​និង​ហ្មត់ចត់​បំផុត​ទៅលើ​ការ​ដេរ​។​ ​សំខាន់​ទៀត​នោះ​ ​ចំណោម​បងប្អូន​៤​នាក់​ ​រតនៈ​ជា​កូន​ទី​៣​ដែល​មានការ​ចូលចិត្ត​ស្លៀកពាក់​ប្លែក​ពី​គេ​ជានិច្ច​។​ ​ទាំងនេះ​ហើយ​ជាហេតុ​ផល​ធ្វើឲ្យ​មនុស្ស​មាន​ទេព​កោ​ល្យ​ម្នាក់​នេះ​មិន​រួញរា​ក្នុង​ការ​សម្រេច​ចិត្ត​ចាប់​ជំនាញ​នេះ​។​ “​ទៅ​ថ្ងៃមុខ​ខ្ញុំ​នៅតែ​រក្សា​ស្ទី​ល​របស់​ខ្ញុំ​ ​ហើយ​ខ្ញុំ​នឹង​ព្យាយាម​សាកល្បង​នូវ​អ្វី​ដែល​ថ្មី​ដើម្បី​យកមក​អភិវឌ្ឍ​វិ​ស័យ​ហ្វេ​ហ្សិ​ន​ស្រុក​យើង​ឲ្យ​កាន់តែ​រីក​ចម្រើន​ឡើង​”​៕​

​Article​ ​by​ ​HEM SOKKHIM


SUGGESTIONS