កេសរផ្កាសាហ្វ្រន់(Saffron)គឺជាគ្រឿងទេសមួយដែលមានប្រភពមកពីផ្កាមួយឈ្មោះថា Crocus sativus ដែលត្រូវបានគេស្គាល់ថាជា Saffron crocus។ វាត្រូវបានគេចាត់ទុកជាគ្រឿងទេសដែលមានតម្លៃថ្លៃជាងគេលើពិភពលោក ដែលសាហ្វ្រន់១ផោន(៤៥០ក្រាម) មានតម្លៃពីចន្លោះ៥០០ដុល្លារទៅ៥០០០ដុល្លារ។ បើនិយាយពីឈ្មោះមិនសូវជាមានអ្នកស្គាល់ប៉ុន្មានទេ តែបើបានដឹងអំពីអត្ថប្រយោជន៍របស់វា ជឿជាក់ថាអ្នកប្រាកដជាចង់សាក ចង់ទិញយកមកប្រើប្រាស់មិនខាន។
1. ការពារពីជំងឺមហារីក៖ កេសរផ្កាសាហ្វ្រន់មានផ្ទុកសារធាតុ Carotene ដែលមានពណ៌លឿងនៅពេលដែលដាក់វាទៅក្នុងទឹកឬហៅថា Crocin។ វាមានតួនាទីប្រឆាំងអុកស៊ីតកម្មខ្ពស់ ជួយបន្សាបរ៉ាឌីកាល់សេរីដែលបង្កគ្រោះថ្នាក់កើតជាជំងឺរ៉ាំរ៉ៃដូចជាជំងឺមហារីកជាដើម។ វេជ្ជបណ្ឌិតជំនាញបានបង្ហាញថា សមាសធាតុរបស់សាហ្វ្រន់បានជំរុញក្នុងការបង្កើតកោសិកា Lymphocytes ដែលជាកោសិកាភាពស៊ាំជួយសម្លាប់កោសិកាមហារីកឬទប់ស្កាត់ការលូតលាស់របស់វា។ វាជួយកាត់បន្ថយពីជំងឺមហារីកមួយចំនួនទៀតដូចជា មហារីកពោះវៀនធំ មហារីកខួរឆ្អឹង ក្រពេញប្រូស្តាត សួត សុដន់ មាត់ស្បូន និងមហារីកផ្សេងទៀត។
2. ជំនួយផ្លូវចិត្តនិងការចងចាំ៖ ការសិក្សាថ្មីៗបានបង្ហាញថា សារធាតុដែលមានផ្ទុកក្នុងសាហ្វ្រន់ ជាពិសេស Crocin របស់វាមានប្រយោជន៍ក្នុងការព្យាបាលបញ្ហាផ្លូវចិត្ត។ នៅប្រទេសជប៉ុនវាត្រូវបានប្រើសម្រាប់ព្យាបាលជំងឺបាត់បង់ការចងចាំ និងការរលាកជាដើម។ មិនតែប៉ុណ្ណោះវាជួយធ្វើឲ្យអារម្មណ៍ស្រស់ថ្លា មានថាមពល និងល្អសម្រាប់អ្នកកំពុងមានជំងឺបាក់ទឹកចិត្តឲ្យឆាប់បានធូរស្រាលមកវិញ។
3. ជំនួយសុខភាពផ្លូវភេទ៖ សាហ្វ្រន់ត្រូវបានអ្នកជំនាញបង្ហាញថា វាមានប្រសិទ្ធភាពជួយទៅដល់សុខភាពផ្លូវភេទ។ ប្រសិនបើអ្នកមានចំណង់ផ្លូវភេទធ្លាក់ចុះឬខ្សោយអ្នកអាចសាកល្បងទទួលទានសាហ្វ្រន់បាន។ ងាយៗ គ្រាន់តែយកសាហ្វ្រន់លាយជាមួយទឹកដោះគោស្រស់មួយកែវ រួចទទួលទានមុនចូលគេងជាការស្រេច។
4. ជួយបណ្តុះសក់៖ ប្រសិនបើអ្នកកំពុងជួបបញ្ហាជ្រុះសក់ សក់ស្តើងឬទំពែក កេសរផ្កាសាហ្វ្រន់អាចជួយបានយ៉ាងមានប្រសិទ្ធភាព។ គ្រាន់តែយកសាហ្វ្រន់លាយជាមួយស្រា និងទឹកដោះគោ ហើយយកល្បាយនោះមកលាបលើស្បែកក្បាល ឬត្រង់បរិវេណណាដែលអ្នកចង់ឲ្យសក់ដុះ នោះវានឹងជំរុញឲ្យឫសសក់អាចដុះឡើងវិញបាន។
5. ជួយព្យាបាលជំងឺផ្តាសាយ៖ លើសពីអត្ថប្រយោជន៍ខាងលើ សាហ្វ្រន់ក៏ជាឱសថដែលអាចជួយព្យាបាលពីជំងឺផ្តាសាយ និងគ្រុនក្តៅបានផងដែរ។ យកសាហ្វ្រន់លាយជាមួយទឹកដោះគោ ហើយយកមកលាបលើថ្ងាស វានឹងជួយបញ្ចុះកម្តៅ និងធ្វើឲ្យយើងមានអារម្មណ៍ធូរស្រាលបានឆាប់រហ័ស។
6. កាត់បន្ថយចំណង់អាហារ ជួយឲ្យស្រកទម្ងន់៖ ប្រសិនបើគ្រប់គ្រងការញ៉ាំមិនបានត្រឹមត្រូវ នោះវានឹងអាចធ្វើឲ្យឡើងទម្ងន់មិនខាន។ ការសិក្សាមួយបានរកឃើញថាការទទួលទានសាហ្វ្រន់អាចជួយកាត់បន្ថយចំណង់ឃ្លាន និងទទួលទានតិចជាងមុន ហើយវាជួយជំរុញឲ្យខ្លាញ់ក្នុងរាងកាយចុះទាបផងដែរ។
7. បន្ថែមជីវជាតិក្នុងអាហារ៖ ដោយសារសាហ្វ្រន់មានពណ៌លឿងពីធម្មជាតិ រសជាតិស្រទន់ និងមានក្លិនប្រហើរផងនោះ យើងក៏អាចយកវាទៅចម្អិនម្ហូបអាហារដោយបន្ថែមបានទាំងសោភ័ណភាព ក៏ដូចជាធ្វើឲ្យអាហារកាន់មានឱជារសឈ្ងុយឆា្ងញ់។
បរិយាយប៉ុន្មានចំណុចខាងលើរួចមក អាចចាត់ទុកថាសាហ្វ្រន់ប្រៀបបាននឹងឱសថបុរាណមួយដែលមានអត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាព។ ទន្ទឹមនឹងមានអត្ថប្រយោជន៍ច្រើន យ៉ាងណាមិញយើងក៏គួរប្រើប្រាស់វាក្នុងបរិមាណសមរម្យផងដែរ។ ជាដំបូន្មាន មុនពេលប្រើប្រាស់គួរធ្វើការពិភាក្សាជាមួយគ្រូពេទ្យឬអ្នកជំនាញជាមុនសិន៕
Article by SOUNG SOKSAN