ក្នុងចំណោមរមណីយដ្ឋានជាច្រើននៅជុំវិញខេត្តនេះ យើងបានសម្រេចចិត្តទៅឲ្យដល់រមណីយដ្ឋានជនបទប្រចាំស្រុកមួយទៀតនៃខេត្តព្រៃវែង គឺ ស្រុកកំចាយមារ ដែលឆ្ងាយជាងគេ ជាប់ព្រំប្រទល់ខេត្តស្វាយរៀង និង ខេត្តត្បូងឃ្មុំ។ រមណីយដ្ឋានដែលមានឈ្មោះបោះសំឡេងប្រចាំតំបន់នោះមានឈ្មោះថា «រមណីយដ្ឋានស្ទឹងចារ» មានទីតាំងស្ថិតនៅភូមិត្រពាំងរមាស ឃុំជាច ស្រុកកំចាយមារ ចម្ងាយជាង៦០គីឡូម៉ែត្រពីទីរួមខេត្ត ឬ ប្រមាណជាង១០គីឡួម៉ែត្រពីផ្សារទីរួមស្រុកកំចាយមារ។
ដើម្បីទៅដល់ទីនោះ ទេសចរត្រូវធ្វើដំណើរចេញពីក្រុងព្រៃវែងឆ្ពោះទៅកាន់ចំណុចរង្វង់មូលស្វាយ អន្ទរសិនរួចទើបបត់ស្តាំដៃតាមផ្លូវជាតិលេខ៨ក្នុងចម្ងាយប្រហែល៤០គីឡូម៉ែត្រទម្រាំទៅដល់ចំណុចផ្សារកំចាយមារ ។ បន្ទាប់មក ត្រូវបត់ឆ្វេងចេញពីផ្លូវបំបែកផ្សារកំចាយមារទៅតាមផ្លូវចាក់កៅស៊ូមួយខ្សែតម្រង់ទៅឃុំជាច។ មកដល់ឃុំជាច មានផ្លូវបំបែកត្រង់ចំណុចផ្ទះវីងមួយ បត់ឆ្វេងរួចបន្តដំណើររហូតដល់ផ្លូវច្រមុះជ្រូក ត្រូវជិះបត់ឆ្វេងម្តងទៀតទៅត្រង់បន្តិច នឹងមានផ្ទះលក់ប្រហិតក្នុងភូមិតូចមួយនៅខាងឆ្វេងដៃជាប់ផ្លូវវាលស្រែ។ បត់តាមផ្លូវចំហៀងផ្ទះនោះប្រមាណត្រឹម ២០០-៣០០ម៉ែត្រ នោះហើយជាចំណុចគោលដៅ«ស្ទឹងចារ» ដែលយើងប្រាថ្នាចង់រក។
រមណីយដ្ឋានស្ទឹងចារ ជារមណីយដ្ឋានបែបក្យូសមាត់ទឹកជាប់ទំនប់ជនបទកណ្តាលវាលស្រែសុទ្ធសាធ។ នៅរដូវនេះមិនសូវមានភ្ញៀវទៅលេងប៉ុន្មានទេព្រោះមិនទាន់សម្បូរទឹកខ្លាំងសប្បាយលេងនៅឡើយទេ។ បរិយាកាសនៅទីនោះមានលក្ខណៈស្រដៀងនឹងរមណីយដ្ឋានទំនប់គង្គា ខេត្តកំពង់ឆ្នាំង ឬ កៀនស្វាយ ខេត្តកណ្តាល គ្រាន់តែទំហំទឹកតូចជាង។ ទេសចរទៅក្នុងគោលបំណងដើម្បីបានសម្រាកលម្ហែក្នុងក្យូស ជួបជុំក្រុមគ្រួសារនិងមិត្តភក្តិ ទទួលទានអាហារបែបស្រុកស្រែ ដូចជា មាន់ស្រែ កង្កែបអាំង ឆាក្តៅកង្កែប និងភ្លាកំពឹស ជាដើម ព្រមទាំងថតរូបលេងកម្សាន្តនៅលើស្ពានខ្នងទំនប់យ៉ាងសប្បាយរីករាយឥតឧបមា៕
Article by SRIN SOKMEAN