ស្រុកស្អាងជាស្រុកមួយស្ថិតក្នុងដែនរដ្ឋបាលនៃខេត្តកណ្តាលក្នុងចំណោមស្រុក-ក្រុងទាំង១១។ ស្អាងប្រៀបដូចជាគ្រាប់គជ់លាក់សម្រស់តាមបណ្តោយដងទន្លេបាសាក់ត្រើយទាំងសងខាង ឆ្លងកាត់ដោយផ្លូវជាតិលេខ២១អា នៅត្រើយខាងលិច និងផ្លូវជាតិលេខ២១បេ នៅត្រើយខាងកើត អមដោយភោគផលដំណាំកសិកម្មបន្លែបង្ការខួបប្រាំងខួបវស្សាដោយសារលក្ខណៈអំណោយផលល្អនៃដីល្បាប់ទន្លេដ៏មានជីរជាតិ។ យើងនៅតែដឹងថាស្រុកទន្លេមួយនេះមានបង្កប់នូវសក្តានុពលទេសចរណ៍ធម្មជាតិ វប្បធម៌-ប្រវត្តិសាស្រ្ត និងរមណីយដ្ឋានកែច្នៃមួយចំនួនដែលភ្ញៀវទេសចរក្មេងជិតឆ្ងាយអាចឆ្លៀតពេលទៅទស្សនាកម្សាន្តលក្ខណៈវិលល្ងាចបានដោយសារស្រុកនេះមានចម្ងាយមិនលើសពី៥០គីឡូម៉ែត្រពីរាជធានីភ្នំពេញឡើយ។
ចេញដំណើរពីរាជធានីភ្នំពេញតាំងពីម៉ោងប្រហែល៦ យើងធ្វើដំណើរដោយរ៉ឺម៉កកង់បីតាមបណ្តោយមហាវិថីព្រះនរោត្តម ឆ្ពោះតម្រង់ទៅកាន់ស្ពានអាកាសក្បាលថ្នល់។ គោលដៅទេសចរណ៍ដែលសំខាន់បំផុតប្រចាំស្រុកស្អាងដែលភ្ញៀវមិនអាចរំលងបាននោះគឺ ស្អាងភ្នំ ដែលជារមណីយដ្ឋានទេសចរណ៍បែបវប្បធម៌ធម្មជាតិ។ រមណីយដ្ឋាននេះមានទីតាំងស្ថិតនៅក្នុងភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាងដែលមានចំងាយប្រមាណ២៣គីឡូម៉ែត្រ ពីទីរួមខេត្ត។ ដើម្បីធ្វើដំណើរទៅដល់ ភ្ញៀវទេសចរត្រូវធ្វើដំណើរពីក្រុងតាខ្មៅតាមផ្លូវជាតិលេខ ២១ អា កាត់តាមតំបន់វាលទំនាបទួលក្រសាំង។ ដល់វត្តឈូងលៀប ត្រូវបន្តដំណើរទៅដល់ ផ្សារស្អាងព្រែកតូច ទើបមានផ្លូវបំបែកចូលខាងស្តាំដៃមូយដែលមានស្ថានីយ៍ប្រេងឥន្ធនៈមួយជាសម្គាល់។ ធ្វើដំណើរតាមផ្លូវនោះចម្ងាយ ២.៥ គីឡូម៉ែត្រដល់ខ្លោងទ្វារវត្ត រួមមានផ្លូវបំបែកចូលខាងស្តាំបន្តិច ទើបដល់រមណីយដ្ឋាននោះ។ ស្អាងភ្នំមានវត្តមួយសង់នៅលើកំពូលភ្នំ ដែលគេមើលទៅឃើញទិដ្ឋភាពល្អប្លែកជុំវិញតំបន់នោះ។ នៅជុំវិញវត្ត មានបឹងយ៉ាងធំមួយដែលមានវារីជាតិ រំចង់ ព្រលិត ដុះពីធម្មជាតិរស់រវើកបង្កើតបានជាផ្ទាំងទស្សនីយភាពដ៏ល្អក្រៃ។ លើសពីនេះ នៅក្នុងបឹងជុំវិញភ្នំនេះ គឺសំបូរពពួកមច្ឆជាតិតូចធំច្រើនណាស់។ ទេសចរដែលទៅកម្សាន្តនៅទីនោះ ក្រៅពីជិះទូកលេង គឺពួកគេទៅស្ទូចត្រីផងដែរ។ នៅរដូវវស្សាស្អាងភ្នំប្រៀបបីដូចជាកូនកោះមួយដែលព័ទ្ធជុំវិញទៅដោយផ្ទៃទឹកធំល្វឹងល្វើយ។
តំបន់ស្អាងភ្នំជាទីប្រជុំពុទ្ធសាសនិកជនហូរហែមិនចេះដាច់ដោយហេតុតែទីនេះមានវត្តមួយសម្រាប់ប្រារព្ធពិធីបុណ្យទាននានានៅជើងភ្នំ និង នៅលើកំពូលភ្នំមានអាស្រមព្រះគោព្រះកែវដែលជាទីសក្ការបូជាបួងសួងបែរបន់សុំលាភសុំជ័យយ៉ាងសំខាន់ប្រចាំទីនេះ។ ក្រៅពីនេះ ក៏មានអាស្រមរូបសំណាកបង់បត់បារមីថែរក្សាព្រៃភ្នំជាច្រើនកន្លែងតាំងពីជើងភ្នំរហូតដល់កំពូលភ្នំអមតាមកាំជណ្តើរឡើងភ្នំធ្វើពីបេតុងអារមេយ៉ាងស្រស់ស្អាត ក្នុងនោះរួមមាន បារមីភ្នំស្អាង លោកតាមុនីឥសីប្រោសសត្វ លោកសច្ចំរូងពើង លោកតាក្រហមក លោកតាស លោកយាយសក់កណ្តាញ់ និង លោកយាយកញ្ចក់ទិព្វ ឬ លោកយាយក្រពុំឈូក។ល។ នៅរមណីយដ្ឋានស្អាងភ្នំ សម្បូរម្ហូបបែបជនបទស្រុកស្រែឈ្ងុយឆ្ងាញ់ជាច្រើនមុខសម្រាប់ផ្គាប់ចិត្តភ្ញៀវទេសចរ ដូចជា មាន់ដុតខ្ចប់ស្លឹកឈូក ឆាត្រកួនស្រែប្រេងខ្យង ខ្យងស្រែអាំង កង្កែបបោប ត្រីអណ្តែងអាំង ខ្លាញ់ក្តាមដុត ។ល។ ចំពោះមុខម្ហូបធ្វើពីសាច់មាន់ អ្នកលក់នៅទីនោះបានប្រាប់សូវ រីនថា នៅចំថ្ងៃដែលលក់ដាច់ ពួកគាត់អាចលក់មាន់បានរហូតដល់៣០-៤០ក្បាលឯណោះក្នុងមួយថ្ងៃ។
គ្រាន់តែឮឈ្មោះភូមិទឹក ទាំងអស់គ្នាប្រាកដជាដឹងថា «ទឹក» ជាចំណុចសំខាន់ទាក់ទាញភ្ញៀវឲ្យមកកម្សាន្តសម្រាកលម្ហែនៅទីនេះ។ ប្រឡាយទឹកមួយត្រូវបានជីកកណ្តាលបរិវេណអមដោយក្យូសអង្គុយលេងធំទូលាយសង់លើមាត់ទឹក ថែមទាំងមានទឹកបាញ់ឲ្យត្រជាក់ពីដំបូលសម្រាប់ភ្ញៀវដើម្បីទប់ទល់នឹងអាកាសធាតុក្តៅទៀតផង។ នៅត្រង់ផ្លូវចូលមានដាំផ្កាធម្មជាតិចម្រុះពណ៌ ពណ៌ស្វាយ ពណ៌ត្របែកព្រៃ ពណ៌ស៊ីជម្ពូ ពណ៌ស ពណ៌លឿង និងពណ៌ក្រហម ព្យួរយ៉ាងមានរបៀបរៀបរយមិនចាញ់សួនផ្កានៅបរទេសនោះឡើយ។ទីនោះក៏មានបម្រើនូវម្ហូបអាហារបែបស្រុកស្រែ រួមមាន មាន់ដុត ត្រីបំពង កង្កែបអាំង សម្លម្ជូរគ្រឿង សម្លម្ជូរស្រែ សម្លកកូរ សម្លម្ជូរព្រៃ ឆាក្តៅសាច់មាន់-សាច់គោ-កង្កែប ឆាត្រកួនគ្រឿងក្នុងមាន់ និងមុខម្ហូបជាច្រើនមុខទៀត។
បើនិយាយអំពីវិស័យទេសចរណ៍ យើងសង្កេតឃើញជារួមថាសក្តានុពលទេសចរណ៍សំខាន់ៗរបស់ភូមិភាគនេះគឺ តំបន់ឆ្នេរខ្សាច់ក្បាលកោះ តំបន់ចំការកសិកម្មចុងកោះ និងប្រពៃណីតម្បាញកន្ទេលរបស់ប្រជាជនមួយចំនួននៅលើកោះនេះ។ អាជីវករបម្រើសេវាកម្មម្ហូបអាហារម្នាក់ឈ្មោះ សុខ គ្រី អ្នកបង្កើតខ្ចុះបណ្តែតទឹកដំបូងគេបង្អស់នៅតំបន់ឆ្នេរខ្សាច់ក្បាលកោះបានប្រាប់ថា កាលពីមុន គាត់បានរៀបចំបង្កើតក្យូសសម្រាប់ទទួលភ្ញៀវចំនួនតែ៧ប៉ុណ្ណោះ តែដោយសារតែមានកំណើនភ្ញៀវទេសចរច្រើន គាត់បានបង្កើនចំនួនក្យូសច្រើនជាងមុន។ ដោយសារតែរបរនេះកាក់កបទើបធ្វើឲ្យមានប្រជាជនផ្សេងៗទៀតបានប្រកបរបរដូចនេះដែរ៕
Article by SRIN SOKMEAN