×

ពិព័រណ៍​សៀវភៅ​កម្ពុជា​លើក​ទី​៩​

NEWS one year ago
 
 

            ពិព័រណ៍​សៀវភៅ​កម្ពុជា​លើក​ទី​ ​៩​ ​កំពុង​បើកទ្វារ​ឱ្យ​សាធារណជន​ចូលរួម​ជា​ផ្លូវការ​ចាប់ពី​ថ្ងៃ​ទី​​៩​ ​នេះ​ ​រហូតដល់​ថ្ងៃ​ទី​ ​១​១​ ​ខែ​ធ្នូ​ ​២​០​២​២​។​ ​ចំពោះ​កម្មវិធី​នេះ​ ​មហាជន​អាច​ចូលរួម​ដោយសេរី​ចាប់ពី​ម៉ោង​ ​៧​:​០​០​​ព្រឹក​ ​រហូតដល់​ម៉ោង​ ​៧​:​០​០​យប់​ ​ដែល​មាន​ទីតាំងនៅ​ឯ​បណ្ណាល័យ​ជាតិ​កម្ពុជា​ ​សង្កាត់​វត្តភ្នំ​ ​ខណ្ឌ​ដូនពេញ​រាជធានី​ភ្នំពេញ​ ​ជាប់នឹង​សណ្ឋាគារ​ឡឺរ៉ូ​យ៉ា​ល់ (​ខាងលិច​វត្តភ្នំ​)​។​

            ​កម្មវិធី​ពិព័រណ៍​នេះ​រៀបចំ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ផ្សព្វផ្សាយ​សៀវភៅ​គ្រប់​ប្រភេទ​ដើម្បីឲ្យ​មាន​ទី​ផ្សារ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ក៏ដូចជា​ជួយ​ចូល​រួមចំណែក​ជំរុញ​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​មាន​ទម្លាប់​អាន​និង​ស្គាល់​គុណ​តម្លៃ​នៃ​អំណាន​សៀវភៅ​ផង​ដែរ​។​ ​ក្នុងឆ្នាំនេះ​ ​កម្មវិធី​មាន​ដាក់​ស្ដង់​សៀវភៅ​ចូលរួម​ចំនួន​១​៩​៧​។​ ​សៀវភៅ​ចម្រុះ​ជាច្រើន​ប្រភេទ​ ​មិនថា​ប្រលោមលោក​ ​ទស្សនវិជ្ជា​ ​នយោបាយ​ ​ប្រវត្តិ​សា​ស្រ្ត ​សេដ្ឋកិច្ច​ ​ឬ​ ​សៀវភៅ​កុមារ​នោះ​ទេ​ ​នឹង​មាន​ដាក់​តាំង​លក់​នៅ​ក្នុង​អំឡុង​ថ្ងៃ​តាំង​ពិព័រណ៍​ចំនួន​បី​ថ្ងៃ​ជាប់គ្នា​នេះ​ ​ជាពិសេស​ ​នឹង​មានការ​លក់​បញ្ចុះតម្លៃ​ថែមទៀត​ផង​។​

            សម្រាប់​ថ្ងៃ​ទីពីរ​ត្រូវនឹង​ថ្ងៃ​ទី​១​០​ ​ខែ​ធ្នូ​ ​២​០​២​២​ ​ខាងមុខ​ ​តារា​កិត្តិ​យ​សកម្មវិធី​ ​គឺ​កញ្ញា​ ​ចិត្ត​ ​ក​ញ្ច​នា​ ​ព្រម​ ​ទាំង​សិល្បករ​ ​សិល្ប​ការិនី​ ​ត​ន្រ្តី​សម័យ​នានា​ ​នឹង​មក​ចូលរួម​ច្រៀង​អង្រួន​បេះដូង​អ្នក​ទាំងអស់គ្នា​ក្នុង​កម្មវិធី​ប្រគំ​ត​ន្រ្តី​ពេលល្ងាច​ដើម្បី​ញ៉ាំង​ព្រឹត្តិការណ៍​ឲ្យ​កាន់តែ​គគ្រឹកគគ្រេង​។​ ​ក្រៅពី​តន្ត្រី​សម័យ​ ​គណៈកម្មការ​រៀបចំ​ក៏​មិន​ភ្លេច​នូវ​វប្បធម៌​ដ៏​ផូរផង់​របស់​ដូនតា​យើង​ដែរ​ ​គឺ​នឹង​មាន​ការចូលរួម​សម្ដែង​ល្ខោន​ស្រមោល​ស្បែក​តូច​ជូន​ពុក​ម៉ែ​បងប្អូន​ទស្សនា​យ៉ាង​សប្បាយរីករាយ​។​ ​លោកអ្នក​នឹង​មាន​អារម្មណ៍​ដូច​បាន​ត្រលប់​ទៅ​អតីតកាល​វិញ​គឺ​អនុ​ស្សា​វ​រី​យ៍​អង្គុយបត់ជើង​មើលល្ខោន​តាម​វាលស្រែ​កាល​ពីសម័យ​មុន​។​

            ​គួរ​បញ្ជាក់​ដែរ​ថា​ ​ឆ្នាំនេះ​ ​គណៈកម្មការ​រៀបចំ​រំពឹង​ទទួល​បាន​អ្នកចូលរួម​១​០​ម៉ឺន​នាក់​ ​ខណៈ​លើក​ទី​៨​ ​កាលពី​ឆ្នាំ​២​០​១​៩​ ​មាន​អ្នកចូលរួម​ចំនួន​ ​១​៨​ម៉ឺន​នាក់​។​ ​កម្មវិធី​នេះ​ត្រូវ​បាន​ខកខាន​រយៈពេល​២​ឆ្នាំ​ដោយសារ​ ​ស្ថានភាព​វិបត្តិ​កូ​វី​ដ​១​៩​។​ ​ពិព័រណ៍​ឆ្នាំនេះ​មាន​សកម្មភាព​សំខាន់​ៗ​ចំនួន​៧​គឺ​ ​កា​រដាក់​តាំង​សៀវភៅ​, ​វេទិកា​ស្ដីពី​ការ​បោះពុម្ពផ្សាយ​ជា​អេ​ឡិច​ត្រូនិ​ក​, ​ការ​ធ្វើ​បទ​បង្ហាញ​ទាក់ទង​នឹង​អក្សរសាស្ត្រ​ ​អក្សរ​សិល្ប៍​ខ្មែរ​ ​និង​វិទ្យាសាស្ត្រ​, ​ការ​និពន្ធ​សៀវភៅ​ជា​ខ្សែភាពយន្ត​និង​ការ​អភិវឌ្ឍ​ជំនាញ​នៃ​ការ​អាន​ចាប់ពី​ដើមដំបូង​នៃ​ជីវិត​, ​ការ​ជួបពិភាក្សា​ជាមួយ​អ្នកនិពន្ធ​ល្បី​ៗ​, ​ការ​អាន​រឿង​និង​ល្បែង​សិក្សា​សម្រាប់​កុមារ​ ​ព្រមទាំង​ការ​ប្រគំ​ត​ន្រ្តី​និង​សំណួរ​ចម្លើយ​៕​

Article by SRIN SOKMEAN


SUGGESTIONS