×

«​មីសួ​រ​ផ្កា​រំយោល​»​ ​អាហារ​បែប​សិស្ស​​វិទ្យា​ល័​យ​​ធ្លាប់​​ពេញ​​និយម​​ជា​យូរ​ប្រចាំ​ក្រុង​កំពត​

TRAVEL & LIVING one year ago
 
 

​          ​«​មីសួ​រ​ផ្កា​រំយោល​»​ជា​យីហោ​តូប​លក់​មី​ស៊ុប​ធ្លាប់​មាន​ប្រជាប្រិយភាព​ជាយូរមកហើយ​ប្រចាំ​ទីរួមខេត្ត​កំពត​។​ ​ដូចដែល​ដឹង​ស្រាប់​មក​ហើយ​ថា​ ​ក្រុង​កំពត​ជា​ទីក្រុង​ចាស់​ដែល​មាន​ប្រជាជន​ខ្មែរ​កាត់​ចិន​រស់នៅ​លាយឡំ​គ្នា​ត​ ​ជំនាន់​ ​ហើយក៏​សម្បូរទៅដោយ​អាហារ​ប្រចាំ​តំបន់​ប្លែកៗ​គួរឲ្យ​ចាប់អារម្មណ៍​ពីសំណាក់​ភ្ញៀវ​ទេសចរ​ពី​ចម្ងាយ​មក​ពីគ្រប់ទិស​ទី​។​ ​មួយ​ក្នុងចំណោម​នោះ​គឺ​ ​«​មីសួ​រ​ផ្កា​រំយោល​»​ ​នេះ​ហើយដែល​ប្រជាជន​រស់នៅ​ក្រុង​កំពត​ ​ក៏ដូចជា​អ្នក​មកពី​ចម្ងាយ​និយម​ចូល​ហូប​ភ្លក់​រសជាតិ​តាម​ពាក្យ​តំណាល​ល្បី​ត​ៗ​គ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ​។​

​          ​ស្ថិត​តាម​បណ្តោយ​ផ្លូវ​ខេត្ត​លេខ​ ​៧​១​០​ ​កែង​ផ្លូវ​លេខ​ ​៧​២​៨​ ​ភូមិ​ ​១​ ​ឧសភា​ ​សង្កាត់​កំពង់​កណ្តាល​ ​ក្រុង​កំពត​ ​ខេត្ត​កំពត​ (​ម្តុំ​ក្រោយ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​កំពត​) ​ក្រោម​សំយាប​ដំបូល​ផ្ទះតៀម​កន្តាំង​នៅ​ចំ​កែង​ផ្លូវ​នោះ​ ​តូប​លក់​អាហារ​ពេលព្រឹក​បែប​មី​ស៊ុប​ដ៏​សាមញ្ញ​មានតែ​តុ​ពីរបី​មួយ​នេះ​ ​មាន​អតិថិជន​ឈរ​និង​អង្គុយ​រង់ចាំ​ត្រៀបត្រា​ ​ហើយ​អ្នក​លក់​ក៏​មមាញឹក​ស្រុះ​មី​ដាក់ឲ្យ​ភ្ញៀវ​ជាបន្តបន្ទាប់​។​ ​អ្នកមីង​ ​លៀប​ ​ជា​ម្ចាស់​អាជីវកម្ម​អាហារដ្ឋាន​នេះ​ ​បាន​ប្រាប់​សូវ​រី​ន​កាលពី​ខែវិច្ឆិកា​កន្លងទៅ​ថា​ ​ចំពោះ​ប្រវត្តិ​ហាង​ ​«​មីសួ​រ​ផ្កា​រំយោល​»​ ​នេះ​ ​គាត់​លក់​នៅ​ទីតាំង​នេះ​ជាប់​ខ្ទង់​២​០​ឆ្នាំ​មក​ហើយ​។​ ​កាលពីដើម​ឡើយ​ ​អាហារដ្ឋាន​នេះ​មិន​មាន​ដាក់ឈ្មោះ​អ្វី​ឡើយ​ ​ប៉ុន្តែ​ ​ក្រោយមក​ ​ដោយសារ​នៅត្រង់​កែង​ទល់មុខ​នេះ​ ​មាន​បារ​បារាំង​មួយ​ឈ្មោះ​ ​«​បារ​ផ្កា​រំយោល​»​ ​ទើប​ភ្ញៀវ​ដែល​មក​ហូប​ចេះតែ​និយម​ណាត់គ្នា​ថា​ ​មក​ហូប​មីសួ​រ​នៅ​បារ​ផ្កា​រំយោល​ ​ហើយ​ហៅ​ជាប់មាត់​កាត់​ខ្លី​មក​​​ថា​ ​«​មីសួ​រ​ផ្កា​រំយោល​»​ ​ដល់​សព្វថ្ងៃ​។​ ​អ្នកមីង​បញ្ជាក់​ថា​ ​រឿងរ៉ាវ​ប្រវត្តិ​ឈ្មោះ​គឺ​បែប​នេះឯង​ ​មិន​ពាក់ព័ន្ធ​នឹង​មាន​ដាំ​ដើមផ្កា​រំយោល​ជា​ចំណាំ​ ​ឬ​ ​គ្រឿងផ្សំ​ធ្វើ​ពី​ផ្កា​រំយោល​ ​ដូច​អ្នកខ្លះ​ធ្លាប់​កាត់​ន័យ​យល់​ច្រឡំ​នោះ​ទេ​។​

​          ​​ដោយឡែក​ ​ចំពោះ​វិសេសភាព​នៃ​មុខម្ហូប​លក់​នៅ​ទីនេះ​ ​គឺជា​ ​ស៊ុប​មីសួ​រដែ​ល​ទទួល​បាន​នូវ​ការ​ពេញ​និយម​ជាងគេ​ ​ទោះបីជា​ការពិត​ទីនេះ​មាន​លក់​ប្រភេទ​មី​ផ្សេងៗ​ ​មិនមែន​លក់​តែមួយមុខ​គត់​ក៏ដោយ​។​ ​តាម​ការ​កត់​សម្គាល់​ដោយ​ផ្ទាល់​ ​យើង​សង្កេតឃើញ​ថា​ ​មីសួ​រដែ​លលក់​នោះ​មិនមែន​ជា​ប្រភេទ​មីសួ​រ​កញ្ចប់​ដូច​គេ​លក់​ទូទៅ​នៅ​ភ្នំពេញ​ឡើយ​ហើយ​គាត់​យក​មីសួ​រ​នោះ​មក​ត្រាំទឹក​ឲ្យ​ទន់​មុននឹង​ស្រុស​ជាមួយ​ទឹកស៊ុប​ក្តៅ​ៗ​ដាក់​ចាន​ឲ្យ​អតិថិជន​។​ ​រីឯ​មី​កញ្ចប់​វិញ​ ​គាត់​ប្រើ​ប្រភេទ​មី​កញ្ចប់​ក្រដាស​រូប​បង្គា​ធ្លាប់​ពេញ​និយម​លក់​តាម​សាលារៀន​នានា​ជំនាន់​ទ​.​វ​.​១​៩​៩​០​ ​ដែល​មាន​រសជាតិ​ឆ្ងាញ់​ខុស​ពី​មី​ម៉ា​ម៉ា​បច្ចុប្បន្ន​។​ ​ម្យ៉ាង​វិញទៀត​ ​គាត់​ប្រើ​ត្រកួន​ឈូស​ ​សណ្តែកបណ្តុះ​ ​និង​ ​ការ៉ុត​ជា​បន្លែ​ដូច​មី​ស៊ុប​វិទ្យាល័យ​ដែល​យុវវ័យ​ភាគច្រើន​ចូលចិត្ត​ ​គួបផ្សំ​នឹង​ជម្រើស​សាច់​ជាច្រើន​ ​រួម​មាន​ ​គ្រឿង​ ​ក្នុង​ជ្រូក​ ​ប្រហិត​សាច់គោ​ ​និង​ប្រហិត​ត្រី​ចៀន​ ​ជាដើម​។​

​          ​​ចំពោះ​តម្លៃ​វិញ​ ​គឺ​សមរម្យ​អាច​ទទួលយក​បាន​ ​ចន្លោះ​ពី​ ​៨​០​០​០​រៀល​-​១​០​០​០​០​រៀល​ ​អាស្រ័យ​លើ​ការ​កុម្ម៉ង់​ ​បរិមាណ​សាច់​តិច​ឬ​ច្រើន​។​ ​អាហារដ្ឋាន​នេះ​បើក​ដំណើរការ​ចាប់ពី​ម៉ោង ៧​ព្រឹក ​រហូតដល់​ម៉ោង​២​រសៀល​៕​

Article by SRIN SOKMEAN


SUGGESTIONS