«ផង់-Phong» ជាឈ្មោះអាជីវកម្មអនឡាញទាន់សម័យដែលទើបបង្កើតថ្មីដោយក្រុមយុវជនតូចមួយរស់នៅលើទឹកដីក្រុងបាត់ដំបង។ កាលពីដើមឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ ក្រុមយុវជនបរិស្ថាននិយមដ៏ឆ្នើមមួយនេះបានក្លាយជាម្ចាស់ជ័យលាភីលេខ១ ផ្នែកធុរកិច្ចថ្មីក្នុងកម្មវិធីឈ្មោះ «Enterprise Battambang Starter 2» បង្កើតឡើងដោយចលនាគាំទ្រសហគ្រិនក្នុងខេត្តបាត់ដំបងឈ្មោះ «ភូមិអ៊ីមផេកបាត់ដំបង» (Phum Impact Battambang) ឧបត្ថម្ភធំដោយ «សហគ្រិនខ្មែរ» ឬ «Khmer Enterprise» ដែលជាស្ថាប័នក្រោមចំណុះរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងគាំទ្រដោយ Impact Hub Phnom Penh។
ក្រោមពាក្យស្លោកអាជីវកម្ម «សិល្បៈនៃការកែច្នៃ ចង់បានអ្វីកុំភ្លេចផង់» ផង់-Phong ជាប្រភេទអាជីវកម្មផ្តោតលើក្រដាសធ្វើពីដើមចេកដែលអាចកែច្នៃធ្វើជាសម្ភារផ្សេងៗមានអត្ថប្រយោជន៍សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ជាអាទិ៍រួមមាន ប្រអប់ក្រដាស ស្នៀតសៀវភៅ (Bookmark) កាតប៉ូស្តាល់ (postcard) កាតរូបថត (photo card) និង ស្លាកផលិតផល (label) ជាដើម។ ឈ្មោះផង់នេះ ដែលក្នុងវចនានុក្រម ជួន ណាត កំណត់អត្ថន័យថាជា ការចាត់ជាបំណែកតូចៗ នោះត្រូវបានជ្រើសរើសធ្វើជាឈ្មោះធុរកិច្ចថ្មីនេះដោយសារតែអាជីវកម្មផង់មានការបែងចែកផលិតផលច្រើនបែប ច្រើនទម្រង់ រួមបញ្ចូលគ្នា ជាពិសេសគឺអតិថិជនអាចកុម្ម៉ង់ ម៉ូដបានយ៉ាងសម្បូរបែបតាមចំណង់ចំណូលចិត្តរៀងៗខ្លួន។ ម្យ៉ាងវិញទៀត ក្រុមនេះក៏បានបែងចែកតួនាទីការងារគ្នាដើម្បីបំពេញប្រតិបត្តិការអាជីវកម្មថ្មីនេះប្រៀបបានទៅនឹងបំណែកតូចៗ ឬ ផង់ នេះឯង។
Image Courtesy by Phong
សមាជិកក្រុមផង់ មានចំនួន៤នាក់ គឺ យុវជន ថុន រិទ្ធី កញ្ញា សោ គឹមឡាង កញ្ញា អ៊ុល សុធារី និងកញ្ញា ស៊ិន ផៃលីន។ ពួកគេមានគំនិតផ្តួចផ្តើមចង់ជួយផ្សព្វផ្សាយក្រដាសដើមចេកឲ្យមានទីផ្សារ និងជួយជំរុញឲ្យវាកាន់តែរីកសុសសាយ ទទួលបាននូវការពេញនិយមពីសំណាក់ប្រជាពលរដ្ឋខ្មែរទាំងឡាយ ព្រមទាំងរិះរកគំនិតថ្មីៗក្នុងការកែច្នៃដើម្បីបំពេញតម្រូវការអតិថិជន។ មូលហេតុដែលជំរុញពួកគេឲ្យយកចិត្តទុកដាក់ចំពោះការកែច្នៃដើមចេកបែបនេះ ក៏ព្រោះតែក្រុមនេះបានចុះទៅស្រាវជ្រាវព័ត៌មានពីប្រជកសិករខ្មែរយើងនៅឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ហើយបានរកឃើញថាកសិករបានកាប់ដើមចេកចោល បន្សល់ជាកាកសំណល់គរចោលមិនបានប្រើប្រាស់ឲ្យអស់លទ្ធភាព។
អាស្រ័យហេតុនេះហើយ ទើបពួកគេខំស្រាវជ្រាវបន្ថែមរកឃើញទីតាំងសិប្បកម្មផលិតក្រដាសដើមចេកចំនួនពីរកន្លែង ដែលមិនទាន់ត្រូវបានគេស្គាល់ទូលំទូលាយនៅឡើយ ដើម្បីចងក្រងបង្កើតជាអាជីវកម្មឈានទៅកាត់បន្ថយកាកសំណល់ក្នុងប្រទេសតាមលទ្ធភាពដែលអាចធ្វើបាន គួបផ្សំនឹងគំនិតច្នៃប្រតិដ្ឋបែបសិល្បៈក្នុងការរចនាតុបតែងលម្អបន្ថែមរបស់ពួកគេឲ្យកាន់តែមានសោភ័ណភាពគួរឲ្យចង់ជាវ។“ពួកយើងពិតជារំភើបដែលបានរួមគ្នាជាក្រុម ហើយរកឃើញផលិតផលថ្មីមួយ និងមានភាពសោមនស្សរីករាយជាខ្លាំងដែលជំហានដំបូងរបស់ពួកយើងទទួលបានសមិទ្ធផលល្អលើសពីការរំពឹងទុក” រិទ្ធី តំណាងក្រុមបានបង្ហាញចំណាប់អារម្មណ៍។ ឆ្លៀតក្នុងឱកាសនេះ យុវជនរូបនេះបានបន្ថែមថា “ពួកយើងពិតជាអរគុណចំពោះការគាំទ្ររបស់អតិថិជនដែលបានជាវផលិតផលពីផង់។ ចំពោះអតិថិជនដែលមិនទាន់បានជាវ លោកអ្នកនឹងទទួលបានបទពិសោធន៍ថ្មីក្នុងការប្រើប្រាស់ផលិតផលមួយនេះ” ។
ចំពោះប្រិយមិត្តអ្នកអានដែលមានចំណាប់អារម្មណ៍ចង់ជួយគាំទ្រផលិតផលកែច្នៃក្នុងស្រុករបស់ផង់ អាចសាកសួរព័ត៌មានបន្ថែមតាមរយៈទំព័រហ្វេសប៊ុកផ្លូវការ «ផង់-Phong» ឬ លេខទូរសព្ទ ០៩៦ ៥៦២ ៦៧០៥/ ០៧១ ៤២៨ ៣១៩៤ ។ តម្លៃផលិតផល ចន្លោះត្រឹមតែ ២០០០-៤០០០រៀល ប៉ុណ្ណោះ! អាចរកជាវបាននៅក្នុងផេកផ្ទាល់ ឬ នៅទីតាំងហាង La Pizza ក្រុងបាត់ដំបង៕
Article by SRINSOKMEAN