×

អេង​ ​ភិរុណ​ ​អតីត​តួឯក​ល្ខោន​វិទ្យុ​ល្បី​ខ្លាំង​ប្រចាំ​ទ​.​វ​.​ឆ្នាំ​១​៩​៩​០​

NEWS one year ago
 
 

            ប្រជាជន​ខ្មែរ​ដែល​ធំ​ពេញវ័យ​កាលពី​ទ​.​វ​.​ឆ្នាំ​១​៩​៨​០​ ​ឬ​ ​ដើម​ទ​.​វ​.​ឆ្នាំ​ ​១​៩​៩​០​ ​ច្បាស់ជា​ចងចាំ​នូវ​អនុ​ស្សា​វ​រី​យ៍​ស្តាប់វិទ្យុ​ ​មិនថា​នៅ​ទីក្រុង​ ​ឬ​ ​តាម​ខេត្ត​នានា​នោះ​ទេ​ ​ព្រោះ​នៅ​ក្នុង​សម័យកាល​នោះ​ ​ប្រទេស​យើង​មិនទាន់​សម្បូរ​ទូរទស្សន៍​គ្រប់​ផ្ទះ​ដូច​សព្វថ្ងៃនេះ​ឡើយ​។​ ​កាលបើ​និយាយ​ដល់​កម្មវិធី​ល្ខោន​វិទ្យុ​ក្នុង​ជំនាន់​នោះ​ ​ពុក​ម៉ែ​មា​មីង​ច្បាស់ជា​នឹកឃើញ​ដល់​ទឹកដម​សំឡេង​តួឯក​ប្រុស​ដ៏​ល្បីល្បាញ​ ​គឺ​ ​លោក​ ​អេង​ ​ភិរុណ​ ​សម្តែង​ជា​តួអង្គ​កុមារា​ ​«​គោ​»​ ​និង​ ​«​សម្បត្តិ​»​ ​ក្នុង​រឿង​«​ដង្ហើម​បឋមវ័យ​»​ ​ដែល​ជា​ស្នាដៃ​តំណាង​កេរ្តិ៍ឈ្មោះ​ពេញ​របស់​លោក​ក្នុង​សិល្បៈ​តែម្តង​។​ ​អស់​រយៈពេល​ប្រមាណ​៣​០​ឆ្នាំ​កន្លង​ផុត​ ​លោក​ ​អេង​ ​ភិរុណ​ ​ជាទី​នឹក​រំ​ព្ញ​ក​របស់​អ្នក​ស្នេហា​ល្ខោន​វិទ្យុ​សម័យ​មុន​ ​បាន​ត្រឡប់មក​បង្ហាញ​វត្តមាន​សាជាថ្មី​តាមរយៈ​សូវ​រី​ន​ក្នុង​ដើម​ឆ្នាំ​​២​០​២​៣​ ​នេះ​។​

            តាមរយៈ​បទសម្ភាសន៍​ផ្ទាល់​ជាមួយ​លោក​ ​លោ​កកើត​ឆ្នាំ​១​៩​៥​៧​ ​នៅ​សង្កាត់​ស្ទឹង​មានជ័យ​ ​ខណ្ឌ​ដង្កោ​ (​បច្ចុប្បន្ន​ ​ខណ្ឌ​មានជ័យ​) ​ក្រុងភ្នំពេញ​ ​។​ ​លោក​បាន​ចូល​សិក្សា​ដំបូង​នៅ​សាលាបឋមសិក្សា​ស្ទឹង​មានជ័យ​។​ ​បន្ទាប់មក​ ​លោក​បាន​បន្ត​រៀន​នៅ​វិទ្យាល័យ​យុវជនស្រោចស្រង់ជាតិ​ ​និង​វិទ្យាល័យ​តារា​សា​ស្រ្ត ​រហូតដល់​ដើម​ឆ្នាំ​១​៩​៧​៥​។​ ​ក្នុង​របប​ខ្មែរក្រហម​ ​លោក​ត្រូវ​បាន​ជម្លៀស​ទៅ​រស់នៅ​ស្រុក​បាភ្នំ​។​ ​ក្រោយ​របប​នោះ​ដួល​រលំ​ ​លោក​បាន​វិល​មក​ភ្នំពេញ​ហើយ​បន្ត​ការសិក្សា​នៅ​សាលា​កម្ពុជ​បុត្រ​ ​និង​សាលា​បឹង​ត្របែក​ ​រហូត​ជិតដល់​បាក់ឌុប​ ​មុននឹង​បាន​ទទួល​អា​ហា​រូប​ ​ករ​ណ៍​ទៅ​បន្ត​ការសិក្សា​ជំនាញ​តម្បាញ​នៅ​វៀតណាម​ ​រហូតដល់​ឆ្នាំ​១​៩​៨​៧​។​

            លោក​ធ្លាប់​ចូល​ប្រឡង​ចម្រៀង​សម័យ​នៅ​វិទ្យុជាតិ​ក្នុង​អំឡុង​ឆ្នាំ​១​៩​៧​២​-​៧​៣​ ​ដោយ​លើកយក​បទ​ ​«​ស្អែក​លា​ម៉ែ​ចូល​ធ្វើទាហាន​»​ ​មក​ច្រៀង​ ​ហើយក៏​ធ្លាប់​ចូល​សម្ភាសន៍​នៅ​វិទ្យុជាតិ​ក្នុង​កម្មវិធី​ ​«​ជួប​ជាមួយ​អ្នក​ចម្រៀង​ថ្មី​»​ ​តែ​អាក់ខាន​ក្នុង​ការ​ចាក់​ផ្សាយ​ដោយសារ​កត្តា​អស្ថេរភាព​ស្រុកទេស​។​ ​ក្នុង​ឆ្នាំ​ ​១​៩​៨​៧​ ​លោក​បាន​វិលត្រឡប់​ពីរៀន​នៅ​វៀតណាម​វិញ​ ​ហើយ​ចេញ​បម្រើ​ការ​នៅ​រោងចក្រ​ ​ត​៤​ ​ក្នុង​ក្របខណ្ឌ​ក្រសួង​ឧស្សាហកម្ម​។​ ​បានតែ​ប៉ុន្មាន​ខែ​ ​ក៏​សម្រេច​ចិត្ត​ផ្លាស់​ចូល​ជួរ​កងទ័ព​វិញ​។​ ​ក្នុង​ក្របខណ្ឌ​ក្រសួង​ដំបូង​ ​លោក​ធ្លាប់​និពន្ធ​ល្ខោន​បាន​មួយ​រឿង​ដែរ​ ​គឺ​រឿង​ ​«​ថ្ងៃ​អស្តង្គត​»​។​ ​ក្នុង​អំឡុង​ឆ្នាំ​១​៩​៨​៨​-​១​៩​៨​៩​ ​លោក​ត្រូវ​បាន​ថ្នាក់លើ​ចាត់​ឲ្យ​និពន្ធ​សាច់រឿង​ល្ខោននិយាយ​ដើម្បី​ផ្សាយ​ក្នុង​វិទ្យុ​កងទ័ព​។​ ​រឿង​ ​«​របួស​ដួងចិត្ត​»​ ​និង​រឿង​ ​«​បេះដូង​បរិសុទ្ធ​»​ ជា​ស្នាដៃ​និពន្ធ​និង​សម្តែង​ល្ខោន​ដំបូង​ៗ​របស់​លោក​កាល​នៅ​បម្រើ​ក្នុង​ជួរ​កងទ័ព​នោះ​។​

Image Courtesy: ​អេង​ ​ភិរុណ​

            លុះដល់​ដើម​ ​ទ​.​វ​.​ឆ្នាំ​១​៩​៩​០​ ​ស្រប​ពេល​ដែល​ស្រុក​យើង​ផ្លាស់ប្តូរ​ស្ថានការណ៍​នយោបាយ​ហើយ​មក​ ​លោក​បាន​និពន្ធ​រឿង​ ​«​ដង្ហើម​បឋមវ័យ​»​ ​ដោយ​យក​ទីតាំង​សំខាន់​គឺ​ ​ខេត្ត​បាត់​ដំបង​ ​ដែល​លោក​ធ្លាប់​មាន​អនុ​ស្សា​វី​យ៍​កាលពី​វ័យ​កុមារ​។​ ​ក្រោយ​ចេញផ្សាយ​ភ្លាម​ ​រឿង​នេះ​ផ្ទុះ​ល្បី​ទូទាំង​ប្រទេស​ហើយ​ស្ថិត​ក្នុង​ការ​ចងចាំ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ធ្លាប់​ឆ្លងកាត់​សម័យ​នោះ​ ​ព្រោះ​ល្ខោន​រឿង​នេះ​ជា​របត់​សំខាន់​នៃ​វិ​ស័​យ​សិល្បៈ​ល្ខោននិយាយ​ខ្មែរយើង​ក្រោយ​ ​១​៩​៧​៩​ ​តាមរយៈ​ការ​វិលត្រឡប់​មក​ប្រើ​ភាសា​ស្នេហា​អូន​បង​ឡើងវិញ​ជំនួស​ពាក្យ​ ​«​សមមិត្ត​»​ ​ដែល​ធ្លាប់​ប្រើ​ក្នុង​សម័យ​សាធារណរដ្ឋប្រជាមានិត​កម្ពុជា​កន្លងទៅ​។​ ​លោក​បាន​អះអាង​ថា​ ​រឿង​នេះ​ល្បី​ខ្លាំង​រហូត​មាន​មិត្ត​អ្នកស្តាប់​តាម​ស្វែងរក​ដល់​អង្គភាព​កងទ័ព​ហើយ​ពួកគេ​លាន់មាត់​ភ្ញាក់ផ្អើល​នៅ​ពេល​ដឹង​ថា​អ្នកនិពន្ធ​មាន​វ័យក្មេង​ជាង​ការ​រំពឹង​ទុក​របស់​ពួកគេ​ព្រមទាំង​មាន​សំបុត្រ​ជាច្រើន​ផ្ញើ​មក​ខាង​វិទ្យុ​ស្នើសុំ​ឲ្យ​ចាក់​ផ្សាយ​រឿង​នេះ​ឡើងវិញ​។​ ​ដោយសារ​រឿង​នេះ​ហើយ​ ​ទើប​ញ៉ាំង​ឲ្យ​បទ​ ​«​អនុ​ស្សា​វ​រី​យ៍​បាត់​ដំបង​»​ (​អនុ​ស្សា​វ​រី​យ៍​វត្ត​ដំរីស​) ​ចម្រៀង​ពី​សង្គមចាស់​ដែល​ត្រូវ​បាន​បញ្ចូល​អម​សាច់រឿង​នោះ​ ​ល្បី​ទទួល​បានការ​ពេញ​និយម​ពីសំណាក់​មិត្ត​អ្នកស្តាប់​ជាថ្មី​ម្តងទៀត​។​ ​ក្រៅពី​នេះ​ ​លោក​ក៏បាន​បន្ត​និពន្ធ​រឿង​ផ្សេងៗ​ទៀត​ដូចជា​«​កំហុស​អ្នកណា​»​ ​និង​«​វាសនា​អូន​»​។​ល​។​ ​ទន្ទឹម​នឹង​ការងារ​វិទ្យុ​ ​លោក​ធ្លាប់​សម្តែង​ចម្រៀង​កាយវិការ​ក្នុង​អំឡុង​ឆ្នាំ​ ​១​៩​៩​៣​-​៩​៤​ ​សម្រាប់​ចាក់​ផ្សាយ​ក្នុង​រោងភាពយន្ត​មុននឹង​បញ្ចាំងកុន​ទៀត​ផង​។​

            ដៃគូ​សម្តែង​សំខាន់​របស់​លោក​គឺ​ ​អ្នកស្រី​ ជៀ​ម​ ​ស៊ីណាត​។​ ​នៅ​ឆ្នាំ​១​៩​៩​៥​ ​លោក​បាន​បន្ថែម​ការងារ​នៅ​ខាង​វិទ្យុ​ ​F​M​ 99 ​ដ៏​ល្បី​ដាច់គេ​ជំនាន់​នោះ​។​ ​លោក​បាន​បន្ត​អាជីព​នេះ​រហូតដល់​ចូលនិវត្តន៍​ពី​ខាង​វិទ្យុជាតិ​ក្នុង​ដើម​ឆ្នាំ​២​០​១​៦​ ​។​ ​ស្នាដៃ​សម្តែង​ល្ខោន​វិទ្យុ​ចុងក្រោយ​របស់​លោក​គឺ​ ​រឿង​ ​«​ផ្សែង​ម​រណៈ​»​ ​និង​ ​«​ប្រុស​ចិត្ត​ព្រាន​»​។​ ​សិល្បករ​ជើងចាស់​រូប​នេះ​ក៏​ធ្លាប់ធ្វើ​ជា​គ្រូបង្ហាត់​ផ្នែក​វិទ្យុ​នៅ​សាលា​មួយ​បាន​សិស្ស​៤​ជំនាន់​ផង​ដែរ​មុននឹង​សម្រេច​ចិត្ត​ផ្អាក​ការងារ​ក្នុងឆ្នាំនេះ​ដោយសារ​កត្តា​សុខភាព​។​

            សព្វថ្ងៃ​លោក​កំពុង​រស់នៅ​ក្នុង​ជីវិត​ជា​និវត្តន៍​ជន​ជួយ​មើល​ថែទាំ​ចៅ​តូច​ៗ​នៅ​គេហដ្ឋាន​។​ ​ជាចុងក្រោយ​ ​លោក​ផ្តែផ្តាំ​ឲ្យ​សិល្បករ​រួម​អាជីព​ជំនាន់​ក្រោយ​ឲ្យ​ចេះ​អត់ធ្មត់​នឹង​ការងារ​ ​មិន​ចុះញ៉ម​នឹង​ឧបសគ្គ​ ​ព្រមទាំង​ព្យាយាម​ស្រាវជ្រាវ​ថ្លឹងថ្លែង​ឲ្យបាន​ល្អិតល្អន់​ក្នុង​ការ​និពន្ធ​សាច់រឿង​នីមួយៗ​ ​និង​គោរព​តាម​ក្បួនខ្នាត​នៃ​ការ​សរសេរ​ផង​។​ “​ខ្ញុំ​សូម​អរគុណ​ជាពន្លឹក​អនេកប្បការ​ដល់​មហាជន​ដែល​គាំទ្រ​ ​ឲ្យយោបល់​ផ្តល់​គំនិត​ ​ជា​គ្រូ​របស់​ខ្ញុំ​! ​អ្នកស្តាប់​ជា​គ្រូ​របស់​ខ្ញុំ​ ​ព្រោះ​គ្រប់​រឿង​ដែល​ទទួល​បាន​ជោគជ័យ​ដល់​សព្វថ្ងៃនេះ​ ​ដោយសារ​អ្នកស្តាប់​ ” ​លោក​បាន​សម្តែង​អំណរគុណ​ជា​ចុង​បញ្ចប់​៕​

Article by SRIN SOKMEAN


SUGGESTIONS