×

«​ផ្ទះ​ស្នាក់​ម៉ែ​រី​»​ ​ដែល​ទេសចរ​និយម​ស្នាក់​នៅ​ ​ម្តុំ​តំបន់​ប្រាសាទ​បាគង​

TRAVEL & LIVING one year ago
 
 

          ​ការ​ស្នាក់​នៅ​តាម​ផ្ទះសំណាក់​ ​និង​ ​សណ្ឋាគារ​ ​ក្លាយ​ជា​ទម្លាប់​សាមញ្ញ​ទៅ​ហើយ​សម្រាប់​ដំណើរ​ក​ម្សាន្ត​ទៅតាម​ខេត្ត​នានា​ ​ជាពិសេស​ ​ខេត្ត​សៀមរាប​ ​ដែល​យើង​និយម​ទៅលេង​នៅ​អំឡុង​រដូវ​បុណ្យទាន​ធំ​ៗ​។​ ​ការ​ស្នាក់​នៅ​របៀប​ ​Home​stay​ ​ឬ​ ​ផ្ទះ​ស្នាក់​បែប​ខ្មែរ​ ​ដែល​ផ្តល់​បរិយាកាស​ជិតស្និទ្ធ​ល្អ​បំផុត​រវាង​អ្នក​ពី​ចម្ងាយ​និង​ប្រជា​សហគមន៍​ដែល​រស់នៅ​ផ្ទាល់​ក្នុង​តំបន់​គោលដៅ​ដែល​លោកអ្នក​ទៅដល់​ ​នោះ​រឹត​តែ​បង្កើន​រស​និយម​បទពិសោធន៍​ប្លែកៗ​ ​ជួយ​ញ៉ាំង​ឲ្យ​ ​ទស្សនាចរ​ណ៍​របស់​លោកអ្នក​កាន់តែ​មានន័យ​ស៊ី​ជម្រៅ​ពិបាក​នឹង​បំភ្លេច​។​ ​«​ផ្ទះ​ស្នាក់​ម៉ែ​រី​»​ ​ជា​មន្ត​ស្នេហ៍​ជនបទ​បែប​ ​អ្នកស្រុក​សៀមរាប​ម្ចាស់​ដើម​ពិតៗ​ ​ទាំង​បរិយាកាស​ស្នាក់​នៅ​បែប​ភូមិ​ខ្មែរ​ ​ទាំង​សេវាកម្ម​ម្ហូបអាហារ​ប្រចាំ​តំបន់​ ​និង​ទាំង​ស្នាម​ញញឹម​រាក់ទាក់​នៃ​គ្រួសារ​ម្ចាស់ផ្ទះ​ស្នាក់​ ​ដែល​លោកអ្នក​មិន​ងាយ​រក​បានទេ​នៅ​ក្នុង​ក្រុង​សៀមរាប​។​

          ​មុន​ពេល​ទៅដល់​ទីរួមខេត្ត​សៀមរាប​ ​ជិះ​បត់​តាមផ្លូវ​ខាងឆ្វេង​ដៃ​ (​ម្តុំ​តូប​លក់​មាន់អាំង​ជាប់​ផ្លូវ​) ​ត្រង់​ចំណុច​ផ្លូវ​ទៅកាន់​ប្រាសាទ​បាគង​ ​ទៅ​ក្នុង​ចម្ងាយ​ប្រមាណ​៥​-​៦​គីឡូម៉ែត្រ​ ​សហគមន៍​ទេសចរណ៍​មួយ​ដែល​មានឈ្មោះ​ថា​ ​«​សហគមន៍​ទេសចរណ៍​បឹង​ទទឹងថ្ងៃ​»​ (Bo​e​n​g​ ​Tort​o​e​n​g​ ​T​h​n​g​a​i​ ​Community​ ​Tourism​) ​ជា​ទីតាំង​ដែល​លោកអ្នក​ត្រូវ​ឈប់​សំចត​ដើម្បី​ចូល​ទៅ​ទទួលយក​សេវាកម្ម​ស្នាក់​នៅ​ឯ​ផ្ទះ​ស្នាក់​មួយ​កន្លែង​ជាប់មាត់​បឹង​បុរាណ​របស់​សហគមន៍​ ​គឺ​ ​«​ផ្ទះ​ ​ស្នាក់​ម៉ែ​រី​»​ ​នោះ​ឯង​។​ ​ផ្ទះ​ស្នាក់​ម៉ែ​រី​ ​ក្នុង​បរិវេណ​សហគមន៍​ទេសចរណ៍​ធម្មជាតិ​នេះ​ ​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ទឹកដី​ភូមិ​គោក​ស្រុក​ ​ឃុំ​រលួស​ ​ស្រុក​ប្រាសាទ​បាគង​ ​ខេត្ត​សៀមរាប​ ​ដែល​មាន​ចម្ងាយ​ត្រឹមតែ​ជាង​១​០​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ក្រុង​សៀមរាប​។​

          ​លោក​ ​ឆាត​ ​សំបូរ​ ​ម្ចាស់ផ្ទះ​ស្នាក់​ខាងលើ​ ​បាន​ប្រាប់​សូវ​រី​ន​ថា​ ​សហគមន៍​នេះ​ចាប់​បង្កើត​ឡើង​ក្នុង​អំឡុង​ឆ្នាំ​ ​២​០​១​៤​ ​ហើយ​បើក​ដំណើរការ​ទទួល​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​រហូតមកដល់​បច្ចុប្បន្ន​។​ ​នៅ​ទីនេះ​ ​ភ្ញៀវ​ទាំងឡាយ​ដែល​អញ្ជើញ​ធ្វើដំណើរ​មកដល់​អាច​ស្នាក់​នៅ​លម្ហែ​កាយ​ជា​ក្រុម​ឯកជន​ក្នុង​លំនៅ​ស្ថាន​ខ្មែរ​បែប​ជនបទ​ស្រុកស្រែ​ក្នុង​តម្លៃ​ត្រឹមតែ​២​០​-​៣​០​ ​ដុល្លារ​ ​ក្នុង​មួយ​កញ្ចប់​ក្រុម​ដែល​អាច​មាន​គ្នា​៥​នាក់​។​ ​បើ​គិតទៅ​ ម្នាក់ៗចំណាយ​ត្រឹម​ប្រហែល​៥​ដុល្លារ​តែប៉ុណ្ណោះ​ ​ធូរ​ថ្លៃ​ជាង​បើ​ធៀប​នឹង​សេវាកម្ម​ស្នាក់​នៅ​នៅ​ទីរួមខេត្ត​។​ ​ការ​ស្នាក់​នៅ​នៅ​ទីនេះ​អាចឲ្យ​ភ្ញៀវ​ស្វែងយល់​ពី​ជីវភាព​អ្នកភូមិ​ពិតៗ​ ​ព្រោះ​ភ្ញៀវ​ស្នាក់​នៅ​ក្នុង​ភូមិ​គោក​ស្រុក​ ​ដែល​មាន​ប្រជាកសិករ​ដាំដំណាំ​បន្លែ​ ​បង្ការ​បែប​ធម្មជាតិ​ ​ដូចជា​ ​ដំណាំ​ជីរ​ ​និង​ដំណាំ​គូឆាយ​ ​ជាដើម​។​ ​ទន្ទឹម​នឹង​នេះ​ ​ពួកគាត់​អាច​ទទួលទាន​អាហារ​ដែល​រៀបចំ​ច​ម្អិ​ន​ដោយ​ស្នាដៃ​ម្ចាស់ផ្ទះ​ផ្ទាល់​ ​ហើយ​គ្រឿងផ្សំ​ ​បន្លែ​ ​ត្រី​សាច់​ ​ភាគច្រើន​រក​បាន​ក្នុង​បរិវេណ​ភូមិ​និង​ផ្សារ​របស់​សហគមន៍​។​ ​ម្ហូប​ដែល​ភ្ញៀវ​និយម​កុម្ម៉ង់​ឲ្យ​ច​ម្អិ​ន​ជូន​ពួកគាត់​ ​រួម​មាន​ជាអាទិ៍​ ​ហហ្មុក​ត្រី​ ​សម្ល​ស្ងោរ​ត្រឡាច​ ​ផ្សិត​បំពង​ ​នំបញ្ចុក​ទឹក​ប្រហុក​ត្រី​អ​ណ្តែ​ង​អាំង​ ​និង​បុក​មាន់​ ​ព្រមទាំង​មុខ​បង្អែម​ខ្មែរ​គ្រប់​ប្រភេទ​តាម​តម្រូវ​ការ​។​

          ​ក្រៅពី​សេវាកម្ម​ស្នាក់​និង​ហូបចុក​ ​សហគមន៍​មាន​រៀបចំ​ជា​សេវាកម្ម​ក​ម្សាន្ត​ជាច្រើន​ប្រភេទ​មិន​ឲ្យ​ភ្ញៀវ​អផ្សុក​នឿយណាយ​នោះ​ទេ​ក្នុង​អំឡុង​ពេល​ស្នាក់​នៅ​នៅ​ទីនេះ​។​ ​សេវាកម្ម​ទាំងនោះ​រួម​មាន​ ​សេវាកម្ម​ជួល​កង់​ជិះ​ ​សេវាកម្ម​ជួល​រទេះគោ​ជិះ​ទស្សនា​ភូមិ​អ្នកស្រុក​ ​សេវាកម្ម​ជួល​ទូក​ជិះ​ក​ម្សាន្ត​បឹង​ទទឹងថ្ងៃ​ ​សេវាកម្ម​មគ្គុទ្ទេសក៍​ជូន​ទៅ​ប្រាសាទ​ (​ប្រាសាទ​ត្រពាំង​ផុង​ ​ប្រាសាទ​ទទឹងថ្ងៃ​) ​និង​សេវាកម្ម​ថ្នាក់​បង្រៀន​ធ្វើម្ហូប​។​ ​សេវាកម្ម​ទាំងនេះ​តម្រូវ​ឲ្យ​ភ្ញៀវ​កក់​ទុកមុន​ដើម្បី​សហគមន៍​ងាយស្រួល​រៀបចំ​ជូន​តាម​បំណង​របស់​ភ្ញៀវ​ឲ្យបាន​ទាន់ពេល​វេលា​ ​និង​កុំ​ឲ្យខ្វះ​ចន្លោះ​។​ ​សម្រាប់​ការ​កក់​ទុកមុន​ ​សូម​មេត្តា​ធ្វើ​ទំនាក់ទំនង​តាមរយៈ​លេខទូរសព្ទ​ ​០​១​១​ ​៣​៥​៥​ ​៩​៦​៦​/ ​០​៩​៦​ ​៥​១​ ​៥​៨​ ​១​៩​៥​។​

          ​តាមរយៈ​គេហទំព័រ​សូវ​រី​ន​ ​ម្ចាស់ផ្ទះ​ស្នាក់​ខាងលើ​សង្ឃឹម​ថា​នឹង​មាន​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​អញ្ជើញ​មក​ទទួលយក​បទពិសោធន៍​ថ្មីៗ​ពី​ទីនេះ​ឲ្យ​កាន់តែ​ច្រើនឡើង​វិញ​ក្រោយ​វិបត្តិ​កូ​វី​ដ​១​៩​ ​ដើម្បី​ជួយ​ចូល​រួមចំណែក​លើកស្ទួយ​ ​កិត្យានុភាព​កំណប់​ទ្រព្យ​ទេសចរណ៍​នៃ​តំបន់​នេះ​ឲ្យ​ពិភពលោក​ស្គាល់​កាន់តែ​ច្បាស់​។​ ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​វិញ​ ​លោក​​​មានបំណង​ចង់​រៀបចំ​បន្ថែម​ឲ្យ​មាន​កន្លែង​លក់​វត្ថុ​អនុ​ស្សា​វ​រី​យ៍​ជូន​ភ្ញៀវ​ទេសចរ​ដែល​មក​ទីនេះ​។​

Article by SRIN SOKMEAN


SUGGESTIONS