×

«​Cam​bo​farm​ ​Rabbit​r​y​»​ ​កសិដ្ឋាន​ចិញ្ចឹម​ទន្សាយ​ដំបូងបង្អស់​នៅ​កម្ពុជា​

NEWS 12 months ago
 
 

            ឆ្នាំ​ថ្មី​ឆ្នាំថោះ​ជា​វេលា​ដ៏​ស័ក្តិសម​ជាទីបំផុត​ដែល​មហាជន​គួរ​ឈ្វេងយល់​អំពី​ពូជសត្វ​ទន្សាយ​ដែល​ជា​ថនិកសត្វ​តូច​មួយ​ប្រភេទ​ដែល​ខ្មែរយើង​ក៏ដូចជា​ប្រជាជន​ក្នុង​សកល​លោកនិយម​យកមក​ចិញ្ចឹម​ ​ក្រៅពី​ឆ្កែ​និង​ឆ្មា​។​ ​បើ​និយាយ​អំពី​សត្វ​ទន្សាយ​ចិញ្ចឹម​ ​កាលពីដើម​ឡើយ​ ​នៅ​ប្រទេស​យើង​ ​មានតែ​ដាក់​លក់​ក្នុង​ចំនួន​តិចតួច​នៅ​តាម​បណ្តា​ហាង​លក់​ចិញ្ចឹម​ក្នុង​ទីក្រុង​ឬ​ទីរួមខេត្ត​ធំ​ៗ​តែប៉ុណ្ណោះ​។​ ​គេ​ពុំដែល​ឃើញ​មាន​កន្លែង​ចិញ្ចឹមសត្វ​នេះ​ដាច់ដោយឡែក​សម្រាប់​បង្កាត់ពូជ​លក់​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ដូច​កសិដ្ឋាន​ចិញ្ចឹម​គោ​ ​មាន់​ ​ទា​ ​នោះ​ទេ​។​ ​ប៉ុន្តែ​ក្នុង​អំឡុង​១​ទសវត្សរ៍​ចុងក្រោយ​ ​គេ​ឃើញ​មាន​វត្តមាន​ស្វាមីភរិយា​ជន​ជាតិខ្មែរ​មួយគូ​បាន​ចាប់ដៃ​គ្នា​ប្រកបរបរ​អាជីវកម្ម​ផ្គត់ផ្គង់​សត្វ​ចិញ្ចឹម​ប្រភេទ​នេះ​ដើម្បី​តម្រូវ​ការ​ទី​ផ្សារ​សត្វ​ចិញ្ចឹម​ក្នុងស្រុក​ប្រកបដោយ​ភាព​ជោគជ័យ​យ៉ាង​ខ្លាំង​។​

​            កសិដ្ឋាន​ដែល​បាន​រៀបរាប់​ខាងលើ​នេះ​មានឈ្មោះ​ថា​ ​«​កសិដ្ឋាន​ចិញ្ចឹម​ទន្សាយ​ ខេ​ម​បូ​ហ្វា​ម​»​ ​ឬ​ ​ជា​ភាសា​អង់គ្លេស​ ​«​Cam​bo​farm​ ​Rabbit​r​y​»​ ​មាន​អាសយដ្ឋាន​ស្ថិតនៅ​ភូមិ​ព្រែក​តា​ឡុង​ ​សង្កាត់​ចាក់​អង្រែ​ក្រោម​ ​ខណ្ឌ​មានជ័យ​ ​រាជធានី​ភ្នំពេញ​ ​។​ ​កសិដ្ឋាន​ដែល​មានដំណើរ​ការ​អាជីវកម្ម​ចិញ្ចឹម​ពូជ​ទន្សាយ​ធំ​មុនគេ​បង្អស់​នៅ​កម្ពុជា​នេះ​ ​ត្រូវ​បាន​បង្កើត​ឡើង​ដំបូង​កាលពីដើម​ឆ្នាំ​២​០​១​៤​ ​ដោយ​លោក​ ​ស្រេង​ សុ​វណ្ណា​រិន​ ​និង​អ្នកនាង​ ​កែវ​ ​ម៉ា​ឡែ​ន​ ​គូ​ស្វាមីភរិយា​ដែល​មាន​ទីលំនៅ​នៅ​ក្រុងភ្នំពេញ​ផ្ទាល់​។​

            លោក​ ​ស្រេង​ សុ​វណ្ណា​រិន​ ​បាន​រំ​ព្ញ​ក​ប្រាប់​សូវ​រី​ន​ថា​ ​កាលពី​ឆ្នាំ​២​០​១​២​ ​លោក​បាន​ចិញ្ចឹម​ទន្សាយ​ធ្វើជា​សត្វ​ចិញ្ចឹម​លេង​ក​ម្សាន្ត​ផ្ទាល់ខ្លួន​ដោយសារតែ​រូបលោក​​​មាន​ចំណង់ចំណូលចិត្ត​ចាប់អារម្មណ៍​លើ​ទន្សាយ​នេះ​ជាយូរមកហើយ​ ​។​ ​ក្រោយមក​ ​ដោយសារតែ​ចំនួន​កូន​ទន្សាយ​ចេះតែ​កើន​ឡើង​ជាបន្តបន្ទាប់​ ​លោក​ក៏​សម្រេច​ចិត្ត​យកកូន​ទន្សាយ​ទាំងនោះ​ទៅ​លក់​ឲ្យ​ហាង​លក់​សត្វ​ចិញ្ចឹម​។​ ​ដោយសារតែ​កា​រលក់​នោះ​ជំនាន់​នោះ​ទទួល​បាន​តម្លៃ​ថ្លៃ​គួរសម​ដែរ​ ​លោក​ក៏​បែកគំនិត​ចង់​រកស៊ី​បង្កាត់ពូជ​ទន្សាយ​លក់​តែម្តង​ទៅ​។​

ស្ថាបនិក​ ស្រេង សុវណ្ណារិន

​            ដោយសារ​មានគំនិត​ចង់បើ​ក​អាជីវកម្ម​នេះ​ដោយខ្លួនឯង​លោក​ក៏បាន​ចំណាយ​ពេល​ធ្វើដំណើរ​ទៅ​សិក្សា​បន្ថែម​អំពី​បច្ចេកទេស​ចិញ្ចឹម​ទន្សាយ​ពូជ​ផ្សេងៗ​នៅ​កសិដ្ឋាន​ចិញ្ចឹម​ទន្សាយ​ក្នុង​ប្រទេស​ថៃ​។​ ​ក្រោយ​ពី​យល់​ដឹង​កាន់តែ​ស្ទាត់ជំនាញ​ពី​បច្ចេកទេស​ទាំងនោះ​ ​លោក​ក៏បាន​ត្រឡប់មក​អនុវត្ត​វា​នៅ​ក្នុង​ប្រទេស​កម្ពុជា​វិញ​។​ ​គិត​មកដល់​ឆ្នាំ​២​០​២​៣​នេះ​ ​កសិដ្ឋាន​របស់​លោក​បាន​បន្ថែម​ពូជ​សរុប​ចំនួន​ ​១​០​ពូជ​ ​រួម​មាន​ដូចជា​ ​ពូជ​ទន្សាយ​ក្នុងស្រុក​ ​ពូជ​ទន្សាយ​តូច​ ​ពូជ​ទន្សាយ​ត្រចៀក​វែង​ ​ពូជ​ទន្សាយ​រោម​កម្ញី​ ​ពូជ​ទន្សាយ​រោម​ស្រមូវ​ ​ពូជ​ទន្សាយ​រោម​វែង​ ​ពូជ​ទន្សាយ​យក្ស​ ​ជាដើម​ ​ក្នុង​គោលបំណង​ដើម្បី​ទាក់​ទាញចិត្ត​អតិថិជន​ឲ្យ​កាន់តែ​ច្រើន​។​

            លោក​បាន​ពន្យល់​ថា​ការ​ចិញ្ចឹម​ទន្សាយ​មាន​លក្ខណៈ​ងាយស្រួល​ជាង​ការ​ចិញ្ចឹម​ឆ្កែ​ឆ្មា​ត្រង់ថា​សត្វ​នេះ​មិន​ទាមទារ​ចាក់​វ៉ាក់សាំង​ទេ​ ​ព្រោះ​វា​មិន​ងាយ​មាន​ជំងឺឆ្លង​ទៅកាន់​ទន្សាយ​ដទៃ​ ​ប៉ុន្តែ​វា​ត្រូវការ​ជម្រើស​របប​ចំណីអាហារ​សម្រិតសម្រាំង​ជាង​ឆ្កែ​ឆ្មា​។​

            “​ពូជ​ទន្សាយ​មាន​ច្រើន​ប្រភេទ​ណាស់​ ​ហើយក៏​មាន​ច្រើន​តម្លៃ​ដែរ​! ​ប៉ុន្តែ​ប្រភេទ​នៅ​ក្នុង​កសិដ្ឋាន​បែប​នេះ​ ​មាន​តម្លៃ​ខ្ពស់​ជាង​ខាងក្រៅ​ (​ទី​ផ្សារ​​​ដែល​គ្មាន​ប្រភព​ពូជ​ច្បាស់លាស់​) ​។​ ​ភ្ញៀវ​ខ្លះ​ឆ្ងល់​ថា​ ​ហេតុអ្វីបានជា​ថ្លៃ​ជាង​? ​យើង​ក៏​ពន្យល់​ប្រាប់​គាត់​ថា​ ​ក្នុង​កសិដ្ឋាន​នេះ​ប្រើ​តែ​ពូជ​ដែល​សុទ្ធ​ៗ​ ​តែ​ពូជសុទ្ធ​ហើយ​ ​តម្លៃ​វាក​៏​តាម​ហ្នឹង​ដែរ​។​ ​ហើយ​បើ​ពូជ​ដែល​អត់​សុទ្ធ​ ​តម្លៃ​វា​គឺ​ទាប​ហើយ​ ​មិន​ខុស​ពី​ឆ្កែ​ឆ្មា​នោះ​ទេ​ ” ​លោក​បាន​ពន្យល់​ប្រៀបធៀប​។​

            នេះ​ជា​ចំណុច​ខ្លាំង​របស់​អាជីវកម្ម​របស់​លោក​គឺ​ផ្តោត​សំខាន់​បំផុត​លើ​គុណភាព​សុខភាព​នៃ​សត្វ​ចិញ្ចឹម​នីមួយៗ​ដែល​ធ្វើឲ្យ​ភ្ញៀវ​គ្រប់រូប​មានទំនុក​ចិត្ត​ក្នុង​ការ​ជាវយក​ទៅ​ចិញ្ចឹម​។​ ​អាស្រ័យហេតុនេះ​ ​សត្វ​ដែល​ទិញ​យកទៅ​ពី​កសិដ្ឋាន​ក៏​នឹង​មាន​អាយុកាល​រស់​បាន​យូរអង្វែង​តាម​នោះ​ដែរ​។​ ​ក្រៅពី​ទទួល​បាន​នូវ​ពូជសុទ្ធ​ដែល​មាន​សុខភាព​ល្អ​ធន់​នឹង​ជំងឺ​តម្កាត់​ ​អ្វី​ដែល​អតិថិជន​ទទួល​បាន​ពី​កសិដ្ឋាន​ព្រម​ជាមួយ​នោះ​គឺ​ ​វិធី​សា​ស្រ្ត​ថែទាំ​និង​ឲ្យ​ចំណី​ទន្សាយ​ឲ្យបាន​ត្រឹមត្រូវ​ ​ខុស​ពី​ទម្លាប់​ធម្មតា​នៅ​ខាងក្រៅ​ ​តួយ៉ាង​ ​ការ​ផ្តល់​ចំណី​គ្រាប់​និង​ស្មៅស្ងួត​សុខភាព​សម្រាប់​ទន្សាយ​ ​ជំនួស​ត្រកួន​និង​ការ៉ុត​ ​ដែល​ងាយ​បង្ក​ជំងឺ​ផ្សេងៗ​ដល់​ទន្សាយ​ ​បណ្តាលឲ្យ​វា​ងាយ​ងាប់​មុន​អាយុកាល​កំណត់​របស់​វា​។​

​            សព្វថ្ងៃ​ ​កសិដ្ឋាន​នេះ​មាន​ទន្សាយ​សរុប​ចំនួន​រហូតដល់​ជាង​ ​១​០​០​០​ក្បាល​ឯណោះ​។​ ​ពូជ​ដែល​ប្រជាជន​ខ្មែរយើង​និយម​ទិញ​យកទៅ​ចិញ្ចឹម​ជាងគេ​ ​រួម​មាន​ជាអាទិ៍​ ​ទន្សាយ​ពូជ​តូច​ ​ទន្សាយ​រោម​កម្ញី​ ​ទន្សាយ​ត្រចៀក​ធ្លាក់​ ​និង​ទន្សាយ​ពូជ​យក្ស​។​ ​ចំពោះ​គម្រោង​សម្រាប់​ឆ្នាំ​ថ្មី​នេះ​ ​កសិដ្ឋាន​នឹង​ត្រៀម​បើក​សួន​ក​ម្សាន្ត​ដែល​មាន​ហាង​កាហ្វេ​តម្រូវ​តាម​សេចក្តីត្រូវ​ការ​របស់​ក្រុម​គ្រួសារ​​​ដែល​មាន​បុត្រ​ធីតា​តូច​ៗ​ចង់​មកលេង​ទន្សាយ​ផង​ ​និង​អាច​ទទួលទាន​ភេសជ្ជៈ​ផ្សេងៗ​ផង​ក្នុងពេលជាមួយគ្នា​។​ ​ទន្ទឹម​នឹង​នេះ​ ​កសិដ្ឋាន​ក៏​នឹង​បន្ថែម​ពូជ​ថ្មីៗ​ទៀត​ដើម្បី​បំពេញចិត្ត​រាល់​អតិថិជន​ដែល​តែងតែ​គាំទ្រ​និង​ផ្តល់​ទំនុក​ចិត្ត​ដល់​កសិដ្ឋាន​តាំងពី​ដើម​រៀងមក​៕​

Article by SRIN SOKMEAN


SUGGESTIONS