×

សុខ​ ​លឹម​ហេង​ ​កីឡាករ​ជម្រើស​ជាតិ​អុក​ច​ត្រ​ង្គ

NEWS 11 months ago
 
 

​​          ផ្ទាំង​ទស្សនីយភាព​វប្បធម៌​ច្រើន​ទម្រង់​ ​និង​ការ​ក​ម្សាន្ត​ជាច្រើន​ទៀត​ ​បាន​បង្កើត​បរិយាកាស​រីករាយ​នៅ​ក្នុង​ព្រឹតិ្តការណ៍​អង្គរ​សង្ក្រាន្ត​ ​ដែល​ប្រព្រឹត្តទៅ​នៅ​លើទឹក​ដី​ខេត្ត​សៀមរាប​។​ ​អង្គរ​សង្ក្រាន្ត​នៃ​ឆ្នាំ​ទី​១​០​នេះ​ ​រៀបចំ​ឡើង​ក្រោម​ប្រធាន​បទ​ ​«​ក្ដី​ស្រមៃ​ ​និង​ក្ដី​សង្ឃឹម​»​ ​ដែល​ប្រព្រឹត្ត​ឡើង​នៅ​ថ្ងៃ​ទី​១​៤​ ​ដល់​ថ្ងៃ​ទី​១​៦​ ​ខែ​មេសា​ ​កន្លងមក​នេះ​។​ ​ក្នុងចំណោម​កម្មវិធី​ដ៏​អធិកអធម​ជាច្រើន​ប្រភេទ​ក្នុង​នោះ​រួម​មាន​កម្មវិធី​ប្រកួត​ពានរង្វាន់​អង្គរ​ស​ង្រ្កាន្ត​ស្វែងរក​តំណែង​ស្ដេច​អុក​ឆ្នាំ​២០២​៣​។​ ​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ពិតជា​ស្វិតស្វាញ​ខ្លាំង​មែនទែន​ដែល​ត្រូវ​ចំណាយ​ពេលវេលា​រាប់ម៉ោង​ទើប​រក​ឃើញ​ជ័យ​លា​ភី​។​ ​សម្រាប់​អត្ត​បទ​នេះ​ ​សូវ​រី​ន​សូម​ណែនាំ​កីឡាករ​ជម្រើស​ជាតិ​អុកចត្រង្គ​មួយ​រូប​គឺ​ ​លោក​ ​សុខ​ ​លឹម​ហេង​ ​ដែល​បាន​ក្លាយ​ជា​ស្តេច​អុក​អង្គរ​សង្ក្រាន្ត​ ​ឆ្នាំ​២​០​២​៣​៖​

​​          ​កីឡាករ​ជម្រើស​ជាតិ​អុកចត្រង្គ​វ័យ​ ​២​៤​ឆ្នាំ​ ​ដែល​មាន​ស្រុកកំណើត​មកពី​រាជធានី​ ​ភ្នំពេញ​រូប​នេះ​ ​បាន​លើកឡើង​ថា​ “​ខ្ញុំ​ពិតជា​សប្បាយចិត្ត​ពេក​ក្រៃ​ ​ក្នុង​ការបាន​គ្រង​តំណែង​ជា​ស្ដេច​អុក​អង្គរ​សង្ក្រាន្ត​ ​ឆ្នាំ​២​០​២​៣​នេះ​ ​ដោយ​បាន​ផ្ដួល​ដៃគូ​រ​ជើង​ខ្លាំង​ ​និង​មាន​បទពិសោធន៍​ច្រើន​ឆ្នាំ​ម្នាក់​នៅ​ក្នុង​វិ​ស័​យ​នេះ​ដែរ​។​ ​មួយវិញទៀត​ ​ខ្ញុំ​ក៏​សូម​អរគុណ​ដល់​សម្ដេច​អគ្គមហាសេនា​ប​តីតេជោ ​ហ៊ុន​ ​សែន​ ​ឯកឧត្ដម​ ​ហ៊ុន​ ​ម៉ា​នី​(​ប្រធានគណៈកម្មការ​អប់រំ​ ​យុវជន​ ​កីឡា​ ​ធម្មការ​ ​កិច្ចការ​សាសនា​ ​វប្បធម៌​ ​និង​ទេសចរណ៍​នៃ​រដ្ឋសភា​) ​ឯកឧត្ដម​ ​ថោ​ង​ ​ខុន​(​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ ​និង​ជា​អនុប្រធាន​អចិន្រ្តៃយ៍) ​និង​ឯកឧត្ដម​ ​ហ​ង់​ជួន​ ​ណា​រ៉ុ​ន​ (​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​) ​ព្រមទាំង​ក្រុម​ការងារ​ ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ដែល​បាន​រួមចំណែក​ក្នុង​កម្មវិធី​នេះ​។​”


​​          ​ដោយឡែក​ ​ចំពោះ​សមិទ្ធផល​វិញ​ ​កីឡាករ​ជម្រើស​ជាតិ​រូប​នេះ​ ​ធ្លាប់​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​ថ្នាក់​ជាតិ​ ​និង​ថ្នាក់ក្រោម​ជាតិ​ជាច្រើន​ ​ដែល​ទទួល​បាន​មេដាយ​ជាច្រើន​ដូចជា​ ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៣​ ​ក្នុង​កម្មវិធី​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​២​០​១​៧​ ​ទទួល​បាន​មេដាយ​មាស​ ​ក្នុង​កម្មវិធី​ជើងឯក​បុណ្យ​ទន្លេ​ឆ្នាំ​២​០​១​៨​ ​ទទួល​បាន​មេដាយ​មាស​ ​ក្នុង​កម្មវិធី​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២​០​១​៨​ ​ទទួល​បាន​មេដាយ​មាស​ ​ក្នុង​កម្មវិធី​ជើងឯក​បុណ្យ​សមុទ្រ​លើក​ទី​៨​ ​នៅ​ខេត្ត​កំពត​នៅ​ឆ្នាំ​២​០​១​៩​ ​និង​មេដាយ​មាស​ ​ក្នុង​កម្មវិធី​ប្រកួត​ជើងឯក​ជម្រើស​ជាតិ​កីឡា​អុកចត្រង្គ​ ​ឆ្នាំ​២​០​២​២​ ​ដែល​ប្រារព្ធ​ឡើង​នៅ​អំឡុង​ខែកុម្ភៈ​ ​ដើម​ឆ្នាំ​២​០​២​៣​។​ ​ជាពិសេស​ ​តំណែង​ជា​ស្តេច​អុក​ ​កម្មវិធី​ ​អង្គរ​ស​ង្រ្កាន្ត ​ឆ្នាំ​២​០​២​៣​ ​ថ្មីៗ​នេះ​តែម្ដង​។​

​​          ​គួរ​បញ្ជាក់​ថា​ ​លោក​ធ្លាប់​បាន​ចូលរួម​ក្នុង​កម្មវិធី​ប្រកួត​អុកចត្រង្គ​នៃ​ព្រឹត្តិការណ៍​អង្គរ​ស​ង្រ្កាន្ត​នេះ​ ​ម្ដង​រួចមក​ហើយ​ ​កាលពី​ឆ្នាំ​២​០​១​៨​។​ ​ឱប​ជាប់​នូវ​ជំនឿ​ចិត្ត​ចំពោះ​វិ​ស័​យ​នេះ​ ​លោក​សូម​លើកទឹកចិត្ត​ទៅដល់​កីឡាករ​ទាំងអស់​ ​និង​ក្មេងៗ​ជំនាន់​ក្រោយ​ ​ឲ្យ​ជួយ​អភិ​រក្ស​ ​និង​អភិវឌ្ឍ​វិ​ស័យ​អុកចត្រង្គ​ ​ព្រោះ​វា​ជា​កីឡា​ប្រជាប្រិយ​របស់​ខ្មែរយើង​ដែល​បន្សល់ទុក​តាំងពី​សម័យ​បុរាណ​មក​ម្ល៉េះ​។​ ​មួយវិញទៀត​ ​លោក​ក៏មាន​ពាក្យពេចន៍​ផ្តាំផ្ញើ​ដែរ​ថា​ “​ចំពោះ​បងប្អូន​ដែល​គាត់​ចេះ​លេង​អុកចត្រង្គ​ ​ប៉ុន្តែ​មិន​មាន​ភាព​ក្លាហាន​ក្នុង​ការ​ដាក់ពាក្យ​ប្រឡង​ ​យើង​ត្រូវ​គិតថា​ ​ថ្ងៃ​ដែល​យើង​ដាក់ពាក្យ​ចូល​ប្រកួត​ ​វា​មានន័យ​ថា​យើង​ឈ្នះ​បាន​មួយ​ក​ម្រិ​ត​បាត់​ទៅ​ហើយ​។​ ​ដូច្នេះ​ ​សូម​កុំ​មាន​ភាព​ខ្មាសអៀន​”​៕​

Article ​By​ NI CHANNIKA


SUGGESTIONS