×

ទេព​ ស្ទី​វ​យុទ្ធ​ថា​ណា​ ​កីឡាករ​កា​រ៉ា​តេ​ជម្រើស​ជាតិ​កម្ពុជា​

NEWS 12 months ago
 
 

           ​បច្ចុប្បន្ន​ ​យើង​សង្កេតឃើញ​ថា​ វិ​ស័យ​កីឡា​នៅ​ប្រទេស​កម្ពុជា​យើង​បាន​រីក​ចម្រើន​គួរឲ្យ​កត់​សម្គាល់​ ​តួយ៉ាង​ ​កីឡាករ​ ​កីឡា​ការិនី​សុទ្ធសឹងតែ​មាន​សមត្ថភាព​ ​ការ​ផ្សព្វផ្សាយ​មាន​ភាព​ទូលំទូលាយ​ ​ហើយក៏​មានការ​គាំទ្រ​ច្រើន​ពីសំណាក់​ប្រជាជន​ផង​ដែរ​។​ ​មិនតែប៉ុណ្ណោះ​ ​សម្រាប់​ការ​ប្រកួត​ស៊ី​ហ្គេ​ម​លើក​ទី​៣​២​នេះ​ ​កម្ពុជា​បាន​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ ​ដែល​នេះ​ជាម​ហា​កិត្តិយស​ក៏​ធំធេង​ ​ក្រោយ​ពី​រង់ចាំ​អស់​រយៈ​៦​៤​ឆ្នាំ​មកនេះ​។​ ​ជា​ការពិត​ ​កីឡាករ​ ​កីឡា​ការិនី​គ្រប់រូប​បាន​យកចិត្តទុកដាក់​ក្នុង​ការ​ហ្វឹកហាត់​ពង្រឹង​សមត្ថភាព​យ៉ាង​ស្វិតស្វាញ​ ​ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​ក្នុង​ប្រវត្តិ​សា​ស្រ្ត​។​ ​ជាក់ស្តែង​ ​កីឡាករ​កា​រ៉ា​តេ​មួយ​រូប​បាន​បង្ហើប​ប្រាប់​មកកាន់​សូវ​រី​ន​អំពី​ការ​ហ្វឹកហាត់​ ​ការ​ត្រៀម​ខ្លួន​ ​និង​ដំណើរ​ដើមទង​ដែល​លោក​ចូល​ប្រឡូក​ក្នុង​វិ​ស័យ​នេះ​។​

           ​មាន​ឈាមជ័រ​ពី​លោក​ឪពុក​ដែល​ជា​អតីត​កីឡាករ​កា​រ៉ា​តេ ​លោក​ ​ទេព​ ស្ទី​វ​យុទ្ធ​ថា​ណា​ ​មាន​ចំណូលចិត្ត​ហាត់​កី​ឡាតាំង​ពីក្មេង​មក​ម្ល៉េះ​។​ “​កាល​ខ្ញុំ​មាន​អាយុ​១​០​ឆ្នាំ​ ​ខ្ញុំ​បាន​ចូល​ហាត់​កីឡា​កង់​ភ្នំ​ (​Mountain​ ​Bike​) ​គឺ​អំឡុង​ឆ្នាំ​២​០​០​៧​ ​តែ​ដល់​ឆ្នាំ​២​០​១​២​ខ្ញុំ​ក៏​ចាប់ផ្តើម​ចូល​ហាត់​កីឡា​កា​រ៉ា​តេ​វិញ​។​” ​កីឡាករ​ដែល​មាន​វ័យ​២​៥​ឆ្នាំ​រូប​នេះ​បាន​រំលឹក​ប្រាប់​ ​និង​បន្ត​ទៀត​ថា​ ​ក្រោយ​លោក​ហាត់​បាន​កន្លះ​ឆ្នាំ​ក៏​ចេញទៅ​ប្រកួត​នៅ​ប្រទេស​ថៃ​ដែល​ទទួល​បាន​មេដាយ​ប្រាក់​។​ ​រហូតដល់​ឆ្នាំ​២​០​១​៧​ ​លោក​ ​ទេព​ ស្ទី​វ​យុទ្ធ​ថា​ណា​ ​បាន​សម្រេច​ចិត្ត​ចូល​ប្រឡងប្រជែង​ចូល​ជា​ក្រុម​ជម្រើស​ជាតិ​កា​រ៉ា​តេ​កម្ពុជា​។​ ​ជា​លទ្ធផល​ ​លោក​ក៏បាន​ប្រឡងជាប់​ ​និង​បាន​បង្ហាញខ្លួន​ក្នុងនាម​ជា​កីឡាករ​កា​រ៉ា​តេ​ពេញ​សិទ្ធិ​ចាប់តាំង​ពី​ពេល​នោះ​មក​។​ ​កន្លងមក​កីឡាករ​ ​ទេព​ ស្ទី​វ​យុទ្ធ​ថា​ណា​ ​ក៏​ធ្លាប់​បាន​ចូលរួម​ក្នុង​ការ​ប្រកួត​ធំ​ៗ​ទាំង​ថ្នាក់​ជាតិ​ ​និង​អន្តរជាតិ​​ជាច្រើន​ដង​ដូចជា​ ​ការ​ប្រកួត​ជើងឯក​កា​រ៉ា​តេ​អាស៊ី​អាគ្នេយ៍​ឆ្នាំ​២​០​១​៧​ ​ទទួល​បាន​មេដាយ​ប្រាក់​១​ ​ការ​ប្រកួត​កីឡា​ជាតិ​​លើក​ទី​២​ ​ទទួល​បាន​មេដាយ​មាស​១​ ​និង​មេដាយ​ប្រាក់​១​ ​ការ​ប្រកួត​ជើងឯក​កា​រ៉ា​តេ​អាស៊ី​អាគ្នេយ៍​លើក​ទី​ឆ្នាំ​២​០​១​៩​ ​ទទួល​បាន​មេដាយ​សំរឹទ្ធ​ ​ការ​ប្រកួត​ជើងឯក ទីក្រុង​​Tur​in​ ​នៅ​ប្រទេស​អ៊ីតាលី​ឆ្នាំ​២​០​១​៩​ ​ទទួល​បាន​មេដាយ​សំរឹទ្ធ​ ​រួម​ទាំង​ការ​ប្រកួត​ផ្សេងៗ​ទៀត​ផង​ដែរ​។​

           ​​ងាក​មក​ជ​ជីកសួរ​អំពី​ការ​ប្រកួត​ស៊ី​ហ្គេ​ម​លើក​ទី​៣​២​នេះ​វិញ​ ​តើ​លោក​​​មាន​អារម្មណ៍​យ៉ាងណា​ ​បន្ទាប់ពី​បាន​ជ្រាប​ថា​ ​កម្ពុជា​នឹង​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​? ​ឆ្លើយតប​ទាំង​ទឹកមុខ​ញញឹម​ពោរពេញ​ដោយ​ក្តី​រំភើប​មិនទាន់​បាត់​នៅឡើយ​ “​គ្រាន់​តែ​លឺ​ថា​ចូលរួម​ប្រកួត​ស៊ី​ហ្គេ​ម​គឺ​ខ្ញុំ​ចង់​ចូលរួម​មែនទែន​ ​ហើយ​ខ្ញុំ​កាន់តែ​ចង់​ចូលរួម​ថែមទៀត​ ​ព្រោះ​លើក​នេះ​ប្រទេស​កម្ពុជា​យើង​ធ្វើជា​ម្ចាស់ផ្ទះ​ផ្ទាល់​តែម្តង​ ​និយាយរួម​គឺ​សប្បាយចិត្ត​ខ្លាំង​ (​សើច​)​។​” ​លោក​ ​ទេព​ ស្ទី​វ​យុទ្ធ​ថា​ណា​ ​ក៏បាន​បញ្ជាក់​ដែរ​ថា​ ​បច្ចុប្បន្ន​គឺ​លោក​​​មាន​ភាព​មមាញឹក​ទៅលើ​ការ​ហ្វឹកហាត់​ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​ ​ពោល​គឺ​ក្នុង​១​ស​ប្តាហ៍​លោក​ត្រូវ​ហាត់​ចំនួន​៦​ថ្ងៃ​ ​ហើយ​ក្នុង​១​ថ្ងៃ​ត្រូវ​ហាត់​២​ពេល​។​ ​រយៈពេល​នេះ​ ​ក្រៅពី​ការ​ហ្វឹកហាត់​ ​លោក​ថា​ក៏​ត្រូវ​យក​ចិត្ត​ទុកដាក់​ចំពោះ​របប​អាហារ​ផង​ដែរ​ ​ទទួលទាន​អាហារ​ណា​ដែល​សម្បូរ​ជីវជាតិ​ល្អ​សម្រាប់​សុខភាព​ ​ជាពិសេស​ការ​សម្រាក​​ឲ្យបាន​គ្រប់គ្រាន់​ដើម្បីឲ្យ​មាន​ថាមពល​ពេញលេញ​។​

           ​បើ​និយាយ​ពី​ឆន្ទៈ​នៃ​ការ​ប្រកួត​ស៊ី​ហ្គេ​ម​នេះ​វិញ​ ​កីឡាករ​កា​រ៉ា​តេ ​លោក​ ​ទេព​ ស្ទី​វ​យុទ្ធ​ថា​ណា​ ​ថា​ខ្លួន​នឹង​ខំប្រឹង​ឲ្យអស់​ពី​សមត្ថភាព​ ​និង​ប្តេជ្ញា​យក​មេដាយ​ជូន​ជាតិ​ឲ្យបាន​។​ ​លោក​ក៏មាន​ពាក្យ​ផ្តាំផ្ញើ​​ ​និង​ជូនពរ​ទៅដល់​កីឡាករ​ ​កីឡា​ការិនី​របស់​កម្ពុជា​យើង​ដែរ​ “​ខ្ញុំ​រំពឹង​ថា​ ​យើង​ទាំងអស់គ្នា​នឹង​ធ្វើ​បាន​ល្អ​គ្រប់​វិញ្ញាសា​ ​ព្រោះ​ពួកគាត់​រួម​ទាំង​ខ្ញុំ​គឺ​បាន​ខិតខំ​ហ្វឹកហាត់​ណាស់​ ​ហើយក៏​ត្រៀម​ខ្លួន​រួចរាល់​ដែរ​។​ ​ទោះបីជា​ទទួល​បាន​មេដាយ​អ្វី​ក៏ដោយ​ ​ទាំងនេះ​សុទ្ធសឹងតែ​ជា​សមិទ្ធផល​ដែល​យើង​ទទួល​បាន​ទាំងអស់គ្នា​ ​មិន​សម្រាប់​តែខ្លួន​ឯង​ ​តែ​ក៏​សម្រាប់​ប្រទេសជាតិ​យើង​ទាំងមូល​។​”

           ​​ចំពោះ​គោលបំណង​ទៅ​ថ្ងៃ​អនាគត​ ​លោក​ ​ទេព​ ស្ទី​វ​យុទ្ធ​ថា​ណា​ ​ដែល​មាន​ស្រុកកំណើត​មកពី​រាជធានី​ភ្នំពេញ​រូប​នេះ​ ​បាន​បង្ហើប​ប្រាប់​មកកាន់​សូវ​រី​ន​ថា​ ​ទោះបី​លោក​ឈប់​លេង​ជា​កីឡាករ​ ​ក៏​លោក​នឹង​ចូល​ធ្វើជា​គ្រូ​បង្វឹក​លើ​កីឡា​កា​រ៉ា​តេ​ផង​ដែរ​ ​គឺ​នៅ​ក្នុង​វិ​ស័​យ​នេះ​ដដែល​ ​ដោយហេតុថា​លោក​​​មានចិត្ត​ស្រលាញ់​ ​និង​ចូលចិត្ត​ការ​លេង​កីឡា​៕​

Ar​ticle by​ ​SOUNG SOKSAN


SUGGESTIONS