×

ហាង​កាហ្វេ​ ​«​ភូមិ​ចាស់​»​ ​លាក់ខ្លួន​កណ្តាលវាល​ស្រែ​ក្នុង​ភូមិ​ចាស់​មួយ​ជាយក្រុង​កំពត​

TRAVEL & LIVING 11 months ago
 
 

            កំពុង​នឹង​ចង់​ដើរលេង​នៅ​ខេត្ត​កំពត​ ​តែ​មិន​ចង់​ទៅ​តែ​ទីតាំង​រមណីយដ្ឋាន​ដដែល​ៗ​មែនទេ​? ​គោលដៅ​សម្រាក​ ​លម្ហែ​និង​ថតរូប​លេង​ក​ម្សាន្ត​ថ្មី​មួយ​កន្លែង​កំពុង​រង់ចាំ​ស្វាគមន៍​អ្នកដំណើរ​ជិត​ឆ្ងាយ​ដែល​មក​ទស្សនា​ខេត្ត​កំពត​ហើយ​! ​នោះ​គឺ​ ​ហាង​កាហ្វេ​ ​«​ភូមិ​ចាស់​»​ ​ដែល​លើស​ពី​ហាង​កាហ្វេ​ទូទៅ​នៅ​តាម​ទីប្រជុំជន​ ​ឬ​ទីរួមខេត្ត​ផ្សេងៗ​ ​ក៏ដូចជា​ហាង​ ​កាហ្វេ​តាម​បណ្តា​រមណីយដ្ឋាន​នានា​ដែល​លោកអ្នក​ធ្លាប់​ចូល​ទៅ​អង្គុយ​សាក​នា​ឱកាស​កន្លងមក​។​

            ​ហាង​កាហ្វេ​ដែល​ទើប​បើក​ដំណើរការ​មិនដល់​មួយ​ឆ្នាំ​ផង​នោះ​មួយ​កន្លែង​នេះ​ ​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ទឹកដី​ឃុំ​ថ្មី​ស្រុក​ទឹក​ឈូ​ ​ខេត្ត​កំពត​ ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ក្រុង​កំពត​ឡើយ​។​ ​ប្រសិនបើ​លោកអ្នក​ធ្វើដំណើរ​ពី​រាជធានី​ភ្នំពេញ​តាម​ផ្លូវជាតិ​លេខ​៣​មុន​ទៅដល់​រង្វង់​មូល​ទុរេន​ទីរួមខេត្ត​ ​នៅ​ពេល​ជិះ​ដល់​ម្តុំ​ផ្សារ​រ៉ៃ​ញ្ញា​ណ​ ​ត្រូវ​ជិះ​ហួស​ទៅមុខ​បន្តិច​ ​មានផ្លូវ​តូច​មួយ​បត់​ចូល​ភូមិ​នៅ​ខាងស្តាំ​ដៃ​ ​ដែល​មាន​ស្លាក​សញ្ញា​ហាង​កាហ្វេ​ ​«​ភូមិ​ចាស់​»​ ​ជា​ចំណាំ​។​ ​បន្ទាប់មក​ ​ត្រូវ​បត់​ចូល​តាមផ្លូវ​នោះ​ទៅ​ក្នុង​ប្រមាណ​ជាជាង​ពីរ​គីឡូម៉ែត្រ​ពី​ផ្លូវជាតិ​ (​មាន​ស្លាក​សញ្ញា​សម្គាល់​ជាហូរហែ​តាមផ្លូវ​ទៅ​ក្នុង​) ​កាត់តាម​ភូមិ​អ្នកស្រុក​ ​រហូតដល់​ទី​តាំងហាង​មាន​លក្ខណៈ​ជា​ដី​ចម្ការ​ក្នុង​ភូមិ​ ​ដែល​ស្ថិតនៅ​ខាងឆ្វេង​ដៃ​។​

            ​នៅ​ពេល​ឈានជើង​ចូលក្នុង​បរិវេណ​ភូមិ​ចាស់​នេះ​ភ្លាម​ ​យើង​មាន​អារម្មណ៍​ស្រស់ស្រាយ​ដ្បិត​បានឃើញ​ផ្ទៃដី​ធំ​ទូលាយ​ ​មាន​ម្លប់​ដើមឈើ​ហូប​ផ្លែ​ ​និង​សម្រស់​រុក្ខជាតិ​ដាំ​លម្អ​តូច​ធំ​ប្រកបដោយ​សោភ័ណ​ភាព​និង​សណ្តាប់ធ្នាប់​រៀប​ ​រយ​គួរឲ្យ​ចង់​ទាញ​កា​មេ​រ៉ា​មក​ផ្តិត​យក​រូបភាព​ភ្លាម​ៗ​តែម្តង​។​ ​យើង​ក្រឡេក​ភ្នែក​ទៅ​ឃើញ​មាន​ដើមត្នោត​ ​ដើម​ព្រីង​ ​ដើមចេក​ ​ដើម​ប៉ប្រក​ ​និង​ផ្កា​ចម្រុះ​ពណ៌​ដុះ​លាយឡំ​គ្នា​ ​បង្កើត​បានជា​ទិដ្ឋភាព​សួនច្បារ​ត្រូពិក​យ៉ាង​ស្រស់​ត្រកាល​។​ ​នៅចន្លោះ​ដើមឈើ​តូច​ធំ​ទាំងឡាយ​ ​យើង​ឃើញ​មាន​រោង​អង្គុយលេង​ ​អង្រឹង​ចង​ក្រោម​ដើមឈើ​ ​និង​តូប​លក់​អាហារ​សង់​ ​ពី​ឈើ​បែប​ជនបទ​ស្រុកស្រែ​ ​ប្រៀបបានទៅ​នឹង​កូន​ភូមិ​ដ៏​សុខសាន្ត​មួយ​នៅ​ឯ​ស្រុកកំណើត​របស់យើង​ដូច្នោះ​ដែរ​។​

            ជាពិសេស​ ​នៅ​ទីនេះ​ក៏មាន​អាហារដ្ឋាន​និង​តៀម​កាហ្វេ​ធ្វើពីឈើ​លាយ​ស័ង្កសី​យ៉ាង​សាមញ្ញ​ៗ​ ​សមស្រប​នឹង​ ​បរិយាកាស​ជុំវិញ​នេះ​ណាស់​ ​ព្រមទាំង​មាន​ដាក់​តាំង​លម្អ​នូវ​របស់របរ​ប្រើប្រាស់​ជំនាន់​មុន​ ​ដូចជា​ ​ទូរទស្សន៍​ចាស់ៗ​ ​ឧបករណ៍​ត​ន្រ្តី​បុរាណ​ខ្មែរ​ ​ឧបករណ៍​នេសាទ​ប្រពៃណី​ ​និង​ ​ផ្ទាំង​រូបថត​ខេត្ត​កំពត​ពី​អតីតកាល​ ​ជាដើម​ ​កួចចិត្ត​ទេសចរ​ទាំងឡាយ​ឲ្យ​ចង់​ដើរ​ក្រវែល​មើល​ត្រង់នេះ​បន្តិច​ ​ត្រង់នោះ​បន្តិច​ ​មិន​ចេះ​ជិនណាយ​សោះឡើយ​។​ ​ហាង​កាហ្វេ​ ​«​ភូមិ​ចាស់​»​មាន​បម្រើ​សេវាកម្ម​ម្ហូបអាហារ​ ​ចំណីចំណុក​បែប​បុរាណ​ខ្មែរ​ ​ជាច្រើន​ប្រភេទ​យ៉ាង​សម្បូរ​បែប​ ​រួម​មាន​ជាអាទិ៍​ ​នំបញ្ចុក​សម្ល​ខ្មែរ​ ​នំបញ្ចុក​សម្ល​ការី​ ​នំបញ្ចុក​ទឹក​ម្ហិ​ច​ប្រចាំ​ខេត្ត​កំពត​ ​នំគ្រក់​ ​បាញ់ឆែវ​ ចា​យ៉​បំ​ពង​ ​សាច់គោ​អាំង​ ​បុក​ល្ហុង​ ​ទឹកកក​ឈូស​ ​និង​បាយ​សម្ល​ទាំង​បី​ពេល​ ​តាម​តម្រូវ​ការ​របស់​ភ្ញៀវ​។​ ​លើស​ពីនេះទៅ​ទៀត​ ​លោកអ្នក​ក៏​អាច​គេង​បោះ​ ​តង់​ក​ម្សាន្ត​ក្នុង​បរិវេណ​នេះ​យ៉ាង​សប្បាយរីករាយ​ថែមទៀត​ផង​៕​

Article by SRIN SOKMEAN


SUGGESTIONS