Phnom Penh Designers Week ត្រៀមបង្ហាញម៉ូដសម្លៀកបំពាក់រដូវរងា នាចុងឆ្នាំ២០២៤នេះ
NEWS 4 weeks agoកម្មវិធីបង្ហាញម៉ូដ PPDW រដូវរងាឆ្នាំ២០២៤ នឹងត្រៀមប្រពឹ្រត្ដឡើងនាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ នៅឯមជ្ឍមណ្ឌល Connexion កោះពេជ្រ ដោយនឹងមានការចូលរួមបង្ហាញប្រជុំម៉ូដសរុប ៦ ម៉ាកពីអ្នកច្នៃម៉ូដប្រចាំនៅភ្នំពេញដែលពោរពេញដោយទេពកោសល្យ។
ក្រោមប្រធានបទមានចំណងជើងថា “FASHION lN A CHANGING WORLD” (ហ្វេហ្សិនក្នុងពិភពលោកប្រែប្រួល) ឆ្លុះបង្ហាញពីឥទ្ធិពលលើវប្បធម៍និងសោភ័ណភាពនាបច្ចុប្បន្នកាលគឺស្មុកស្មាញជាខ្លាំងទៅតាមដំណើរពេលវេលា និងធ្វើឱ្យយើងអាឡោះអាល័យទៅអតីតកាល។ ការប្រែប្រួលនិងផ្លាស់ប្តូរដដែរៗ ត្រលប់ទៅត្រលប់មក បានចាក់គ្រឹះក្នុងបរិយាកាសសង្គមបច្ចុប្បន្ននៃពិភពលោកក្រោយរងការរាតត្បាតនៃជម្ងឺកូវីដ។ យើងសង្កេតឃើញថាគ្រប់គ្នាហាក់ពីដូចជាកំពុងបង្កើតស្ទីលមួយដែលមានកំណត់ក្នុងរង្វង់វដ្ដនៃការប្រែប្រួលនោះ។
សម្រាប់ការបង្ហាញឈុតនារីដ៏ទាក់ទាញ គឺចាប់ផ្ដើមពីម៉ូដឆើតឆាយនៃនារីភាពរបស់ SCT; ការលាយចម្រុះស្ទីលបែប Boho ពី A.N.D.; និងទំនោរបែបតិចនិយមលើឈុតនារីរបស់ Don Protasio។
រីឯការបង្ហាញឈុតបុរសវិញ មានប្រជុំម៉ូដសម្លៀកបំពាក់ស្ទីលបែបអ្នកទីក្រុងរបស់ Ambre Men; ចំណែក Drewe Taylor នឹងបង្ហាញម៉ូតសម្លៀកបំពាក់ដែលមានពណ៌ស្រាលស្រទន់ (Pastel Color); ហើយចុងក្រោយ Christine Gauthier បានត្រលប់មកវិញជាមួយនឹងហ្វេហ្សិនបុរសពោរពេញដោយភាពច្នៃប្រតិដ្ឋបំផុត។ វាពិតជាប្លែកភ្នែក និងទាក់ទាញអារម្មណ៍អ្នកទស្សនាឱ្យនឹកស្មានមិនដល់ជាមិនខាន។
កម្មវិធីបង្ហាញម៉ូដ Phnom Penh Designers Week រៀបចំឡើងដោយ Fashion Lab Magazine ហើយចួលរួមសហការដោយ Connexion, OCIC, Minerva TV, Samai and Luxee Academy & Beauty Center និងទស្សនាវដ្ដី SOVRIN Magazine៕
Article by LENG CHANREASEY