អង្គុយសមាធិសញ្ជឹងគិតពីចង្វាក់ដង្ហើមចេញចូល បិទភ្នែកស្មិងស្មាធិ៍ស្រូបយកខ្យល់អាកាសដ៏ត្រជាក់រំភើយៗមុខមហោស្របតាកែវ ប្របតាមមាត់បឹង «រកាក្នុង» ក្រោមបរិយាកាសដ៏ស្ងប់ស្ងាត់នាព្រឹកព្រហាមម៉ោងប្រាំមួយ បានធ្វើឲ្យខ្ញុំមានអារម្មណ៍ហាក់មានសន្តិភាពក្នុងចិត្តនិងបានជំរុញឲ្យស្នាមញញឹមបញ្ចេញមកទាំងមិនដឹងខ្លួន។ នេះពិតជាបរិយាកាសដ៏ប្រពៃមួយដែលកម្រនឹងអាចរកបាន និងជាទីកន្លែងដ៏ស្រស់ត្រកាលមួយស័ក្តិសមសម្រាប់អ្នកចូលចិត្តភាពស្ងប់ស្ងាត់ដូចជារូបខ្ញុំចង់ស្នាក់អាស្រ័យនៅជាទីបំផុត។ ខុសប្លែកពីក្រុងដទៃដែលមានមនុស្សអ៊ូអរ ដូនកែវថ្វីដ្បិតតែមានឈ្មោះថាជាក្រុងមួយ ក៏ប៉ុន្តែបែរជាមានសភាពស្ងប់ស្ងាត់មិនសូវមានចរាចរណ៍មមាញឹកហើយក៏មិនសូវមានសកម្មភាពអ្វីជាដុំកំភួនច្រើននោះដែរ។ គ្មានឡើយនូវរថយន្តក្រុង ដែលមានគោលដៅសំដៅឆ្ពោះទៅក្រុងដូនកែវ និងគ្មានឡើយនូវក្រុមហ៊ុនដឹកអ្នកដំណើរណាមួយដែលជូនភ្ញៀវទៅដល់ក្រុងដ៏ស្ងប់ស្ងាត់មួយនេះ អ្វីដែលយើងអាចរំពឹងថាជាមធ្យោបាយធ្វើដំណើរនោះគឺមានតែម៉ូតូឬឡានជាលក្ខណៈឯកជន និងរថយន្តឈ្នួលបន្តិចបន្តួចជាទីបំផុត ដែលអាចនាំផ្លូវយើងទៅកាន់ក្រុងដែលមានចម្ងាយប្រមាណ៧០គីឡូម៉ែត្រពីភ្នំពេញមួយនេះ។ រង្វង់មូលព្រះ វិស្ណុ ដែលជារូបតំណាងនៃខេត្តតាកែវ មិនមែនជាកន្លែងដែលយើងធ្លាប់តែឃើញមានមនុស្សអ៊ូអរដូចនៅភ្នំពេញឡើយ តែជារូបសំណាកមួយដែលឈរសម្តែងឫទ្ធិយ៉ាងសង្ហាតែម្នាក់ឯងនិងគ្មានការរំខានពីមនុស្សម្នាទាំងឡាយដែលរស់នៅទីនោះឡើយ ក៏ប៉ុន្តែរង្វង់វិមានឯករាជ្យដែលជាស្នូលកណ្តាលនៃក្រុងដូនកែវបែរជាមានសកម្មភាពខ្លះៗដូចជាការលក់ដូរចំណីចំណុក ការអង្គុយ និយាយគ្នាលេងតាមបែបផែននៃជីវិតរស់នៅរបស់ប្រជាជននៃក្រុងដូនកែវនាពេលរាត្រី។ ក្រុងដូនកែវនេះចំជាកន្លែងដ៏ល្អមួយសម្រាប់អ្នកដែលមិនសូវចូលចិត្តមនុស្សអ៊ូអរ អគារខ្ពស់ៗដូចនៅភ្នំពេញដែលពោរពេញទៅដោយផ្សែងពុល និងកម្ទេចធូលីល្អិតៗដែលបង្កមកពីយានយន្ត និងទោចក្រយានយន្តផ្សេងៗនោះឡើយ។
ជាក្រុងដែលទើបតែបង្កើតឡើងនៅក្នុងសម័យអាណានិគមបារាំងដែលដូននិងតាមួយគូឈ្មោះកែវបានផ្តល់ដីមួយកន្លែងឲ្យទៅបារាំងដើម្បីបង្កើតជាសាលាខេត្ត ហើយត្រូវបារាំងបានប្រើប្រាស់នាមរបស់លោកតាកែវជាឈ្មោះនៃខេត្ត និងជីដូនកែវជាក្រុងដូនកែវដែលគេហៅរហូតមកដល់សព្វថ្ងៃ។ អគារសាលាខេត្តនេះហើយដែលស្ថិតនៅក្នុងបរិវេណយ៉ាងធំទូលាយនៅកណ្តាលក្រុង គឺជាកន្លែងសម្រាប់ចៅហ្វាយខេត្តបំពេញតួរនាទី ហើយសព្វថ្ងៃនេះបានក្លាយជាអគារសម្រាប់ក្រុមប្រឹក្សាក្រុងមកបំពេញភារកិច្ច។ ក្រុងនេះមានបីសង្កាត់ធំៗដូចជា៖ សង្កាត់បារាយ សង្កាត់រកាក្នុង និងសង្កាត់រកាក្រៅ ដែលបែងចែកជាបីទិសហាក់មានសភាពខុសប្លែកពីគ្នាស្រឡះ។ ទិសបូព៌នៃក្រុងជាតំបន់ដែលសម្បូរទៅដោយសំណង់អគារចាស់ៗបែប Colonial ដែលនៅសេសសល់តាំងពីសម័យបារាំងនិងសង្គមរាស្ត្រនិយម ហើយមើលទៅហាក់នៅមានសភាពរឹងមាំជាទីបំផុត។ អគារខ្លះក៏នៅតែប្រើប្រាស់ក្នុងក្របខណ្ឌរដ្ឋ ក្លាយជាអគារដ្ឋបាលដែលមានមនុស្សម្នាចេញចូលជារៀងរាល់ថ្ងៃឥតឈប់ឈរ តួយ៉ាងដូចជា សាលាដំបូងខេត្តតាកែវ ដែលមានរចនាប័ទ្មនៅតែស្រស់ស្អាតដដែល។ ក៏មានផងដែរនូវ ផ្ទះស្នាក់នៅរបស់ប្រជាជនសាមញ្ញកាលពីសម័យនោះ ដែលមានទ្វាដែករុញបញ្ចូលគ្នា និងមានក្បាច់ផ្កាតាមលំនាំរចនាប័ទ្មកាត់ចិនខ្លះៗ។ ឃ្លាតឆ្ងាយបន្តិចទៅភាគខាងកើតគឺជា ផ្សារណាត់ដែលមានតែដំបូលថ្មទ្រវែងតូចមួយដែលអាជីវករភាគច្រើន បានជួញដូរបន្លែបន្លុកនិង ត្រី។ ផ្សារតូចនេះមិនសូវជាអ៊ូអរប៉ុន្មាន ក៏ប៉ុន្តែវាបែរក្លាយជាកន្លែងទេសចរណ៍ដ៏គួរឲ្យទាក់ទាញមួយ ដែលនរណាៗក៏មកទស្សនានិងផ្តិតរូបភាពសកម្មភាពនិងរចនាប័ទ្មនៃផ្សារចំណាស់នេះគ្រប់ៗគ្នា។ រវល់តែគយគន់មើលទិដ្ឋភាពដ៏គួរឲ្យចង់ទស្សនានេះ ទ្រនិចនាឡិកាក៏បានចង្អុលត្រឹមម៉ោង១២ ដែលនេះហាក់ជាសញ្ញាប្រាប់យើងថាដល់ពេលដែលយើងគួរតែទៅទទួលទានបាយថ្ងៃត្រង់ហើយ។ ភោជនីយដ្ឋាន ជំនោរមាត់បឹង គឺជាកន្លែងដែលក្រុមការងារសូវរីនបានជ្រើសរើស ដើម្បីភ្លក់នូវវត្ថុទិព្វមួយដែលល្បីសុះសាយពេញក្រុងដូនកែវ។ បង្កងទន្លេដែលនរណាៗដែលបានមកក្រុងចំណាស់មួយនេះក៏លាន់មាត់ថាឆ្ងាញ់នោះគឺជាអាហារដ៏ល្បីនិងពេញនិយមជាទីបំផុតសម្រាប់ទេសចរទាំងឡាយ ហើយវាក៏ជានិមិត្តរូបនៃខេត្តមួយផលិតផលមួយរបស់ខេត្តតាកែវទាំងមូលថែមទៀតផង។ បង្កងក្រុងដូនកែវ ដ្បិតមានតម្លៃថ្លៃបន្តិចមែនក៏ប៉ុន្តែវាបែរជាធ្វើឲ្យភ្ញៀវសប្បាយរីករាយក្នុងការទទួលទានជាទីបំផុតជាមួយនឹងឱជារសដ៏ឈ្ងុយឆ្ងាញ់នៃសាច់បង្កងដ៏ណែនផ្អែមល្អនិងស្រស់ៗទាំងនោះ។ ក្រោយពីបានទទួលបាយថ្ងៃត្រង់ហើយយើងក៏បានសម្រាកមួយស្របក់លើអង្រឹងក្រោមម្លប់ឈើត្រឈឹងត្រឈៃបំពេរអារម្មណ៍ដោយវាយោមាត់បឹងដ៏ត្រជាក់ហាក់ធ្វើឲ្យការសម្រាកលម្ហែមួយនេះប្រព្រឹត្តិទៅយ៉ាងមានសុភមង្គលជាទីបំផុត។
រសៀលម៉ោង ២ជាពេលមួយដែលប្រជាជនក្រុងដូនកែវទាំងចាស់ទាំងក្មេងនាំគ្នាទៅប្រកបមុខរបរ និងបំពេញការងាររៀងៗខ្លួនដែលនេះរឹតតែធ្វើឲ្យក្រុងដែលមិនសូវមានចរាចរណ៍ស្រាប់ផងនោះកាន់តែស្ងាត់ថែមមួយកម្រិតទៀត។ ទីកន្លែងតែមួយគត់ដែលយើងអាចទៅស្វែងរកមនុស្សម្នាអ៊ូអរនោះគឺមានតែនៅភាគខាងលិចនៃក្រុងដែលជាផ្សារដ៏ធំមួយ មានស្លាកថា «ផ្សារតាកែវ»។ ជុំវិញផ្សារសុទ្ធតែជាភោជនីយដ្ឋាន ហាងលក់ទូរសព្ទ និងហាងកាហ្វេមួយចំនួនដែលមានមនុស្សចេញចូលនិងឆ្លងកាត់ទៅវិញទៅមក។ នៅពីមុខផ្សារគឺមានផ្លូវបំបែកជាច្រើនខ្សែដែលប្រសព្វជាមួយនឹងផ្លូវជាតិលេខពីរ ដែលមានរង្វង់មូលផ្កាឈូកជារូបតំណាងហើយនេះជាកន្លែងសម្រាប់ប្រជាជនបន្តដំណើរទៅកាន់ទីកន្លែងគោលដៅនានាផងដែរ។ ចំនួនតិចតែរួសរាយរាក់ទាក់ ប្រជាជនក្រុងដូនកែវ តែងតែនិយាយជាមួយភ្ញៀវប្រកបដោយសម្តីពិរោះពិសាលាយឡំនឹងស្នាមញញឹមពព្រាយជាប់មាត់ជានិច្ច។
រសៀលកាន់តែជ្រាលជ្រេ ព្រះសុរិយារៀបនឹងអស្តង្គតនារសៀល ថ្ងៃទី៦ កើត ខែផល្គុន អាកាសធាតុក្រុងដូនកែវពិតជាផ្តល់នូវអំណោយផលយ៉ាងល្អជាមួយនឹងសម្រស់ផ្ទៃមេឃដ៏ស្រស់ស្អាតចាំងផ្លាតជាមួយនឹងពន្លឺព្រះទិនករពណ៌ក្រហមឆ្អិនឆ្អៅនាឯជើងមេឃ និងពណ៌ខៀវស្រងាត់ផាត់ពីលើ បានបង្កើតជាផ្ទាំងទស្សនីយភាពដ៏ស្រទន់មួយបែប ដូចរូបគំនូរមួយផ្ទាំងដ៏ស្រស់ល្អផូរផង់គួរជាទីគយគន់បំផុត។ ត្រលប់មកសួនច្បារក្បែរមាត់បឹងវិញ យើងក៏ចាប់ផ្តើមឃើញមានមនុស្សច្រើនឡើងៗ មកសម្រាកលម្ហែកាយ ខ្លះមកធ្វើលំហាត់ប្រាណ ខ្លះមកជជែកគ្នាលេង សំឡេងធុងបាស់ក៏ចាប់ផ្តើមបន្លឺឡើង បានផ្លាស់ប្តូរទីក្រុងកម្សត់មួយនេះ ក្លាយជាមានភាពអ៊ូអរឡើងវិញមួយរំពេច។ «សួនកុមារ» ដែលបង្កើតឡើងតាំងពីឆ្នាំ ២០១២ ដែលមានឧបករណ៏ក្មេងលេង ដូចជារថភ្លើងក្រឡាប់ចក្រ ឡានបុកគ្នា ប៉ុងលោតលេង និងកន្លែងកម្សាន្តជាច្រើនទៀតក៏ចាប់ផ្តើមមានសកម្មភាពយ៉ាងមមាញឹក។ មិនយូរប៉ុន្មាន ស្បៃរាត្រីអន្ធិកាក៏បានយាងមកគ្របដណ្តប់មេឃា បាំងអស់ពន្លឺព្រះអាទិត្យជំនួសមកវិញនូវដួងតារារះភ្លឹបភ្លែត។ មនុស្សម្នាក៏កាន់តែអ៊ូអរឡើងៗ បានធ្វើឲ្យសួនច្បារនៅខាងមុខមហោស្របតាកែវកាន់តែដូចក្រុងភ្នំពេញ។ បើទោះបីជាមនុស្សច្រើនយ៉ាងណាក្តី ក៏គេមិនឃើញមានឡើយនូវសំរាមពាសវាលពាសកាលដែលបង្កឡើងពីមហាជនទូទៅដែរ។ ភ្លើងរាត្រីបានបំភ្លឺគ្រប់ទីកន្លែង បើទោះបីជាក្រុងដ៏តូចដែលមានប្រជាជនតិចយ៉ាងណាក៏ដោយ ហើយនេះពិតជាបានឲ្យគេពិនិត្យឃើញនូវការអភិវឌ្ឍន៍នៃថ្នាក់ដឹកនាំខេត្ត ដែលបានរៀបចំក្រុងបានយ៉ាងល្អផងដែរ។ វេលាម៉ោង ១០ យប់ផ្លូវក៏ចាប់ផ្តើមស្ងាត់ឡើងវិញ ក៏ប៉ុន្តែអាជីវករដែលលក់អាហារតាមចិញ្ចើមផ្លូវដូចជា មីឆា លតឆា បបរស គុយទាវ ក៏ដូចជាទឹកក្រឡុក និងភេសជ្ជៈជាច្រើនទៀតដែលនៅក្បែរបរិវេណនៃរង្វង់មូលវិមានឯករាជ្យ នៅតែបើកភ្លើងបន្តលក់យ៉ាងព្រោងព្រាតដដែល។
បទពិសោធន៍នៃការកម្សាន្តមួយថ្ងៃពេញនៅក្នុងក្រុងដូនកែវបាន ធ្វើឲ្យក្រុមការងាររបស់យើងដក់អារម្មណ៍និងចងចាំរាល់សកម្មភាពទាំងឡាយដែលបង្កើតនូវអនុស្សាវរីយ៍ជាច្រើនដែលមិនអាចបំភ្លេចបាន។ ទាំងអស់នេះពិតជាមិនបានធ្វើឲ្យពួកយើងមានអារម្មណ៍ថាធុញទ្រាន់ឬឯកាឡើយ បើទោះបីជាស្ងប់ស្ងាត់យ៉ាងណាក្តី ក៏ប៉ុន្តែវាបែរជាធ្វើឲ្យយើងមានសេចក្តីសុខផ្លូវចិត្ត ផ្លូវកាយ និងបំបាត់អស់ទុក្ខកង្វល់ទាំងឡាយដែលបង្កឡើងពីសម្ពាធការងារនៅក្នុងប្រអប់ទីក្រុងដែលហ៊ុមព័ទ្ធទៅដោយអគារខ្ពស់ៗជាច្រើនបានមួយគ្រាផងដែរ៕
Article by KEO SONG