×

នាដក​ល្ខោន​ខោល ទេស សុខន បង្ហាញ​ចំណាប់​អារម្មណ៍​ជុំវិញ​ខ្លួន​ជា​បុរស​ប៉ុន្តែ​ត្រូវ​សម្ដែង​តួ​ជា​ស្រី

NEWS 2 months ago
 
 

            «សម្រាប់​ចិត្ត​ខ្ញុំ អ្វី​ដែល​គេ​រឹតតែ​ថា គឺ​ខ្ញុំ​រឹតតែ​ធ្វើ! ដូច​រាល់​ការ​សម្តែង​របស់​យើង​អ៊ីចឹង អ្នក​ខ្លះ​គេ​អត់ទាន់​ស្គាល់ គេ​ស្រាប់​តែ​លាន់មាត់…អូហ៍!​ម៉េច​បាន​គេ​យក​ខ្ទើយ​មក​រាំ​អ៊ីចឹង! ហើយ​របាំ​ហ្នឹង​គេ​ឲ្យ​ខ្ទើយ​មក​រាំ​មែន?… អ៊ីចឹង​ហើយ​ បាន​ជា​ខ្ញុំ​រឹតតែ​បារម្ភ​ខ្លាច​ខ្ញុំ​រាំ​ចេញ​មក​វា​មិន​សម​នឹង​នាំ​ឲ្យ​គេ​រឹតតែ​ថា…»

            សម្រង់​សម្តី​ខាង​លើ​គឺ​ជា​អារម្មណ៍​ប៉ះ​ទង្កិច​មួយ​ចំនួន​ដែល​នាដកល្ខោនខោល​វ័យក្មេង​ម្នាក់​ធ្លាប់​បាន​ពើប នឹង​ឮ​ដោយ​ផ្ទាល់ ហើយ​ក៏​ជា​កត្តា​មួយ​ដែល​ជំរុញ​ឲ្យ​នាដ​សម្តែង​ជា​តួនាង​ក្នុង​ទម្រង់​ល្ខោនខោល​រូប​នេះ ចាប់​ផ្តើម​តាំង​ចិត្ត និង​ផ្ចិតផ្ចង់​កាន់​តែ​ខ្លាំង​ឡើងៗ រាល់​ការ​សម្តែង​ម្តងៗ។ សូវរីន នឹង​លើក​យក​រឿងរ៉ាវ​ជុំវិញ​នាដកល្ខោនខោល​វ័យក្មេង​ដ៏​មាន​ទេពកោសល្យ ក៏​ដូច​ជា​ទូទៅ​ភាព​នៃ​ទម្រង់​សិល្បៈ​ល្ខោនខោល មក​ចែក​រំលែក​ជូន​ប្រិមិត្ត​អ្នក​អាន​ដោយ​ក្តី​រីករាយ៖

            សុខន តើ​ប្អូន​អាច​ជួយ​រៀបរាប់​សង្ខេប​ពី​ទិដ្ឋភាព​ល្ខោនខោល​ដែល​ប្អូន​បាន​យល់ ជូន​ដល់​មិត្ត​អ្នកអាន យើង​បាន​ខ្លះ​ទេ?
            «បាទបង អ្វី​ដែល​ជា​ការ​យល់​ឃើញ​របស់​ខ្ញុំ​កន្លង​មក ល្ខោនខោន​នេះ គឺ​ជា​ល្ខោន​សម្តែង​ដោយ​ពាក់​របាំង​មុខ មាន តួ​នាយរោងពាក់មុខ ស្វាពាក់មុខ យក្សពាក់មុខ លើកលែង​តែ​តួនាង​ប៉ុណ្ណោះ។ ទម្រង់​មួយ​នេះ ប្រុស​សុទ្ធ​ជា​អ្នករាំ ហើយ​គេ​កត់​សម្គាល់​ឃើញ​ថា រាល់​ការ​សន្ទនា​ក្នុង​សាច់​រឿង​សម្តែង ច្រើន​តែ​ពោល ដូច​កំណាព្យ​បទពំនោល​អ៊ីចឹង។ ហើយ​បើ​ទោះបី​តួ​សម្តែង​ក្នុង​រឿង​ត្រូវ​ដើរ​តួ​ជាស្រី ក៏​គេ​ត្រូវ​រៀបចំ​តុងតែង​អ្នក​រាំប្រុស​ហ្នុង​ឲ្យ​ដូច​ជា​ស្រីដែរ​។​»

            ចុះ​សមិទ្ធផល​អ្វី​ខ្លះ​ដែល សុខន ទទួល​បាន​នា​ពេល​កន្លង​មក?
            “សម្រាប់​ខ្ញុំ គឺ​ខ្ញុំ​មិនមែន​សិក្សា​តែ​សិល្បៈ​ល្ខោនខោល​មួយ​មុខ​តែ​ប៉ុណ្ណោះ​ទេ​បង ខ្ញុំ​ក៏​បាន​សិក្សា​គ្រប់​ទម្រង់ សិល្បៈ​ទាំង​អស់ នឹង​បាន​ផ្តោត​សំខាន់​លើ​ក្បាច់បាត ហើយ​ក៏​ទទួល​ជោគជ័យ​ច្រើន​លើ​ទម្រង់​ហ្នឹង។ រឹត​តែ​ជាង​នេះ​ទៀត គឺ​ខ្ញុំ​បាន​សម្រេច​បំណង​ប្រាថ្នា។ ឧទាហរណ៍​ថា ពេល​នៅ​ខេត្ត ខ្ញុំ​អត់​ដែល​បាន​រៀន​ពី​ល្ខោនខោល​ទេ តែ​ឥឡូវ​ខ្ញុំ​អាច​ទាំង​សម្តែង​ជូន​អ្នក​តាម​ខេត្ត​ទស្សនា​ថែម​ទៀតផង។”

            តាម​រយៈ​ការ​ឆ្លងកាត់ និង​ការ​ស្វែងយល់​ជា​ច្រើន​ពី​ទម្រង់​សិល្បៈ​ល្ខោនខោល ក៏​ដូច​ជា​ទម្រង់​សិល្បៈ​របាំ​បុរាណ ​តើ​ប្អូន​មាន​ទស្សនទាន​អ្វីខ្លះ​ជុំវិញ​ហ្នឹង?
            “តាម​ការ​អាន​ឯកសារ​ចាស់ៗ​កន្លងមក បូក​រួម​នឹង​ការ​យល់​ឃើញ​ថ្មី​របស់​ខ្ញុំ ទីមួយ​ខ្ញុំ​ចង់​និយាយ​ទាក់ទង​ជា​មួយ នឹង​ភេទពិសេស​ដូច​ខ្ញុំ​ជា​ភេទ​ទីបី។ ដោយ​សារ​យើង​បែប​ហ្នឹង ដូច្នេះ​ហើយ​យើង​មាន​ភាព​ទន់ភ្លន់​ច្រើន​ឯ​ការ​សម្តែង​របាំ​ក៏​វា​ងាយ​នឹង​បត់បែន​ទៅ​តាម​ចរិត​បែប​ធម្មជាតិ​ហ្នឹង​ដែរ។ ដូចខ្ញុំ​អ៊ី​ចឹង ខ្ញុំ​ជា​តួនាង​ស្រាប់​ផង បើ​ត្រូវ​សម្តែង​ជា​តួនាង​សីតា អ៊ីចឹង​ហើយ​ខ្ញុំ​ត្រូវ​មើល​លើ​តួ​សីតា។ គាត់​គឺ​ជា​តួអង្គ​មុនស្ស​កាត់ទេវៈ គឺ​ជា​ស្រីសួគ៍​ដ៏​ស្រស់ស្អាត​ដែល​មក​ចាប់​កំណើត​ជា​មនុស្ស​ម្លោះ​ហើយ​ខ្ញុំ​ត្រូវ​សិក្សា​ពី​តួអង្គ​ហ្នឹង​នឹង​រក​បុគ្គលិកលក្ខណៈ​ហ្នឹង តែ​អាច​និយាយ​បាន​ថា​កែ​ប្រែខ្លះ​ពី​ទម្រង់​មុន ព្រោះ​ដើម្បី​ឲ្យ​វា​ល្អ កុំឲ្យ​សាំ នាំឲ្យ​គេ​សើច​ព្រោះ​ថា បើយើង​ចេញ​មក​រាង​រយីករយោក​គេ​ប្រាកដ​ជា​សើច ហើយ​ចំ​យើង​ជា​ភេទ​ទីបី​ផង​នោះ គេ​ច្បាស់​ជា​សើច​ងាប់​ហើយ! អ៊ី​ចឹង​ហើយ យើង​ត្រូវ​តែ​រក​អ្វី​ឲ្យ​ល្អ​បំផុត​សម្រាប់​សម័យ​នេះ ​ឲ្យ​ទាន់សម័យកាល​ ទាំង​ការ​តុបតែង​ខ្លួន​ពី​ក្បាល​ដល់​ចុង​ជើង គឺ​ត្រូវ​តែ​ខ្ញង់។ ក្រៅ​ពី​ហ្នឹង ខ្ញុំ​យល់​ថា​ក្បាច់​រាំ​របស់​ខ្ញុំ គឺ​ត្រូវ​តែ​មាន​មនោសញ្ចេតនា។ វា​គឺ​ជា​ក្បាច់​រាំ​តួនារី តំណាង​ឲ្យ​ទេវៈស្រី តួយាង តួសីតា។ បើ​ខ្ញុំ​មិន​ព្យាយាម​ស្វែង​យល់​ពី​ចំណុច​នេះ​ចេញ​មក​ឆ្កឹងៗ … ឧទាហរណ៍​ថា បើ​ខ្ញុំ​ចាស់​ទៅ ក្មេង​ជំនាន់​ក្រោយ​មក​បន្ត គេ​នឹង​គ្រវីក្បាល រួច​និយាយ​ថា ចាស់​ជំនាន់​មុន​រាំ​មិន​កើត​ផងហ្នឹង! អ៊ីចឹង​ហើយ​យើង​បាន​តែ​មាន​ឈ្មោះ​ថា ធ្វើ​ឲ្យ​ខូច​តែ​ប៉ុណ្ណឹង​ឯង។»

            សុខន បងចង់​ដឹង​បន្តិច​ទៀត​ថា ប្អូន​ធ្លាប់​ត្រូវ​គេ​រើសអើង​ទេ លើ​បញ្ហា​ភេទ?
            “សម្រាប់​ខ្ញុំ​មាន​ដែរ តែ​មិនមែន​ម្តង​ទេ គឺ​ច្រើនដង​ណាស់​បង។ សម្រាប់​ចិត្ត​ខ្ញុំ អ្វី​ដែល​គេ​រឹតតែ​ថា គឺ​ខ្ញុំ​រឹត​តែ​ធ្វើ! ដូច​រាល់​ការ​សម្តែង​របស់​យើង​អ៊ីចឹង អ្នក​ខ្លះ​គេ​អត់ទាន់​ស្គាល់ គេ​ស្រាប់តែ​លាន់​មាត់…​អូហ៍!​ម៉េច​បាន​គេយក​ខ្ទើយ​មក​រាំ​អ៊ីចឹង! ហើយ​របាំ​ហ្នឹង​គេ​ឲ្យ​ខ្ទើយ​មក​រាំមែន…? អ៊ីចឹង​ហើយ បាន​ជា​ធ្វើ​ឲ្យ​ខ្ញុំ​រឹតតែ​បារម្ភ​ខ្លាច​ខ្ញុំ​រាំ​ចេញ​មក​វា​មិនសម នឹង​នាំ​ឲ្យ​គេ​រឹត​តែ​ថា ហើយ​ធ្វើ​ឲ្យ​វា​បាត់​តម្លៃ​របស់​យើង។ តែ​ខ្ញុំ​នៅ​តែ​ព្យាយាម​ណាបង។ ហើយ​បើ​និយាយ​ពី​ក្បួនខ្នាត​គឺ​ត្រូវ​តែ​គោរព តែខ្ញុំ​ក៏​មាន​ទស្សន​បន្ថែម​ថា ត្រូវ​តែ​បង្កើត​ថ្មី​បន្ថែម​ទៀត…។

            ជា​ការ​ពិត​ណាស់ ល្ខោនខោល គឺ​ជា​ប្រភេទ​ទម្រង់​សិល្បៈ​បុរាណ​មួយ​ប្រភេទ​ដែល​គ្រប់​នាដក ទាំង​អស់ សុទ្ធ​តែជា​ប្រុស (នាដ) ​ផ្ទុយ​គ្នា​ពី​ទម្រង់​សិល្បៈ​បុរាណខ្មែរ​ដែល​មាន​សុទ្ធ​តែ​ស្រី (នាដកា)។  ល្ខោនខោល ឬ​ល្ខោន​ពាក់របាំងមុខ​នេះ (Mask Dance) គឺ​ជា​សិល្បៈ​ល្ខោន​ដែល​មាន​លក្ខណៈ​ចំណាស់​មួយ​ដែរ​របស់​កម្ពុជា នឹង​បាន​ផ្តើម​សម្តែង​មុន​សម័យអង្គរ។ វា​ត្រូវ​គេ​ជឿជាក់​ថា​បាន​ចាប់​ផ្តើម (ប្រហែល) ក្នុង​អំឡុង​សតវត្សរ៍ទី៩ តាម​រយៈ​ចម្លាក់លឹប​នៅ​តាម​ជញ្ជាំង​អង្គរ។ ក្នុង​សម័យ​អង្គរ​ល្ខោនខោល​ត្រូវ​បាន​អភិវឌ្ឍ​ដោយ​បុរស​ទាំងស្រុង ក្នុង​ការ​រាំ​ប្រចាំ​នៅ​ព្រះរាជវាំង​បុរាណខ្មែរ។ ហេតុ​ផល​ដែល​ពិត​ប្រាកដ​នៅ​តែ​មិន​ទាន់​ដឹង​ច្បាស់ ប៉ុន្តែ​អ្នក​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ដោយ​សារ​ការ​ដុះដាល​នៃ​សាសនា ធ្វើ​ឲ្យ​សាសនា​ព្រាហ្មណ៍​មាន​ជម្លោះ​ជា​មួយ​សាសនា​ព្រះពុទ្ធ ក្រោយ​រាជព្រះបាទជ័យវរ្ម័នទី៧ (១២៤៣-១២៩៥)។ ក្នុង​នោះ​មាន​នារីរបាំ​ជា​ច្រើន​ត្រូវ​បាន​សម្លាប់ និង​ធ្វើជា​ស្រី​កំណាន់ ដូច្នេះ​ទើប​មាន​ការ​ហ្វឹកហាត់​អ្នក​របាំបុរស ដើម្បី​បង្កើត​របាំ​នេះ​ផ្អែក​ទៅ​លើ​លិទ្ឋ​អ្នក​កាន់​សាសនាព្រះពុទ្ធ។ រឿង​មួយ​ទៀត ដែល​ជាក់លាក់​អំពី​ការ​សម្ដែង​ដោយ​ល្ខោនខោល គឺ​រឿង​រាមកេរ្តិ៍ ដែល​ជា​រឿង​ព្រេង​សម័យ​រឿង​រាមាយណៈ។ ការ​សម្ដែង​រួម​បញ្ចូល​នូវ​ការ​ប្រាប់​អំពី​អ្នក​និទាន​រឿង​ដែល​ដើរ​តួ​សំខាន់​ក្នុង​ការ​សម្ដែង អម​ដោយ​វង់ភ្លេង​បុរាណខ្មែរ គឺ​វង់ភ្លេង​ពិណពាទ្យ៕

Article by SOVRIN



SUGGESTIONS