“បើករូបទៅលេងសមុទ្រម្ដងៗ ដូចជាឃើញឈុតស្រដៀងៗគ្នា មិនខុសពីគេបុ៉ន្មានសោះ” ប្រិយមិត្តយើងមួយចំនួនប្រហែលជាមានអារម្មណ៍បែបនេះជាក់ជាមិនខាន ចឹងសាកមកប្ដូរស្ទីលថ្មីទៅមើល៌ កុំឲ្យគេថាយើងផុសតែរូបចាស់ៗ។
ស្ទីល Boho ឬ Boho Chic ឬ Bohemian គឺម៉ូដហ្វេហ្សិនមួយបែបដែលនៅតែទទួលបានការពេញនិយមរហូតមក តាំងពីចុងសតវត្សរ៍ទី១៩។ កាលនោះ វាជាឈុតស្លៀកពាក់ប្រចាំថ្ងៃដែលពេញនិយមរបស់ក្រុមពនេចរពីប៉ែកអឺរ៉ុប ក្រោយមកក៏សាយភាយទៅប្រទេសនានាជាបន្តបន្ទាប់ ហើយក៏ចាប់ផ្ដើមទទួលបានការពេញនិយមខ្លាំង នៅដើមសតវត្សរ៍ទី២០។ វាជាម៉ូដសម្លៀកបំពាក់ដែលមានសាច់រលុងៗ មិនរឹបរាងខ្លាំង(ផ្ទុយពីអ្វីដែលពេញនិយមនាជំនាន់នោះ) និងចម្រុះពណ៌ ឬលេងពណ៌ឆ្លាស់គ្នា មិនចាំត្រូវតាមក្បួនខ្នាតនៃពណ៌អ្វីឡើយ។ និយាយរួម គឺសេរីភាពខ្ពស់ ហើយមានភាពងាយស្រួលស្លៀក មិនចាំបាច់ក្បូរក្បាច់ច្រើន (ដោយជំនាន់មុន គេនិយមស្លៀករូបរឹតចង្កេះ សំពត់ប៉ោង)។ ហេតុនេះ ហ្វេហ្សិនបែបងាយៗ និងប្លែកពីគេនេះបានលេចធ្លោ ហើយឈរជើងមកដល់ពេលនេះ។
ដោយហេតុខាងលើ ការប្រើហ្វេហ្សិននេះសម្រាប់ការកម្សាន្ដនៅឯឆ្នេរសមុទ្រនារដូវក្ដៅនេះ គឺជាជម្រើសដ៏ល្អមួយ គឺថាសក្ដិសមទាំងមុខងារនៃសាច់ក្រណាត់ ទាំងអារម្មណ៍នៃការដើ់រលំហែ។ សាច់ក្រណាត់ស្ដើង ទន់រលោង រំផាយរំផាត់ ពិតជារូ៉មេនទិចណាស់ជាមួយនឹងជំនោរសមុទ្រ ហើយក៏មិនថប់ ក្ដៅស្អុះផងដែរ។ រ៉ូប Boho ក្រឡេក្រឡា ដាក់មួយឈុតជាមួយនឹងកន្សែងបង់ក ឬយកមកជួតក្បាលក៏បាន។ ឬមួយក៏អាចលេងជាមួយនឹងមួកធំៗ ដើម្បីបាំងពន្លឺព្រះអាទិត្យដ៏ចែងចាំង។ ប្រិយមិត្តក៏អាច ស្លៀកជាមួយនឹងខោរលុងៗ បន្ថែមមន្ដស្នេហ៍មួយបែបទៀត ឬរុំស្បៃស្ដើងចម្រុះពណ៌ក៏ឡូយម្យ៉ាងផងដែរ។ ស្បែកជើងផ្ទាត់ ស្បែកចំពាម ឬស្បែកជើងសង្រែក គឺសក្ដិសមនឹងហ្វេហ្សិននេះបំផុត។ ចំណែកឯការប្រើគ្រឿងអលង្កាធំៗ បែបប្លែកៗ គឺរឹតតែស៊ីមេត្រីនឹងហ្វេហ្សិន BOHO នេះ។ អ៊ីចឹងចាំអីទៀត ប្រិយមិត្តអាចបញ្ចេញភាពច្នៃប្រតិដ្ឋរបស់ខ្លួនត្រៀមឈុតទៅលេងសមុទ្រចុះសប្តាហ៍នេះតែម្ដងទៅ!
Article by LENG CHANREASEY