«វីតាផ្ទះទឹក» ភោជនីយដ្ឋានបណ្តែតទឹកល្អផ្តាច់ប្រចាំតំបន់ព្រែកតាមាក់
TRAVEL & LIVING 3 years agoកាលពីមុន បើចង់ផ្លាស់ប្តូរបរិយាកាសទទួលទានអាហារជុំក្រុមគ្រួសារយូរៗម្តងនៅថ្ងៃសៅរ៍-អាទិត្យ ឬ ថ្ងៃឈប់សម្រាករយៈពេលខ្លីណាមួយ អ្នកភ្នំពេញនិយមចេញទៅបាយនៅតាមភោជនីយដ្ឋានជាប់មាត់ទឹកនៅម្តុំត្រើយម្ខាង ព្រែកលៀប-បាក់ខែង។ ប៉ុន្តែបច្ចុប្បន្ន នៅតំបន់នោះ ភោជនីយដ្ឋានលក្ខណៈបែបនេះជាច្រើនត្រូវបានបិទទ្វារ ហើយមនុស្សម្នាក៏នាំគ្នាស្វែងរកកន្លែងថ្មីៗដើម្បីជួបជុំក្រុមគ្រួសារតាមទិសដៅផ្សេងៗគ្នាជុំវិញក្រុងភ្នំពេញ។ គាប់ជួន ក្រុមការងារសូវរីនបានរកឃើញទីតាំងទាក់ទាញទេសចរណ៍ថ្មីដំបូងគេមួយកន្លែង ដែលពីមុនមកមិនដែលមានទាល់តែសោះក្នុងតំបន់ព្រែកតាមាក់ ហើយដែលអ្នកដំណើរភាគច្រើនមិនសូវស្គាល់នៅឡើយទេ ប៉ុន្តែពិតជាមានលក្ខណៈអំណោយផលល្អសម្រាប់អ្នកដំណើរដែលឆ្លងកាត់ស្រុកខ្សាច់កណ្តាល ឬ បណ្តាភ្ញៀវទេសចរពីក្រុងភ្នំពេញ។
«វីតាផ្ទះទឹក» ជាភោជនីយដ្ឋានបណ្តែតទឹកល្អផ្តាច់តែមួយគត់ បណ្តែតកាយក្នុងផ្ទៃទន្លេមេគង្គមិនឆ្ងាយប៉ុន្មានពីស្ពានព្រែកតាមាក់ឡើយ។ បើឆ្លងសាឡាងពីភ្នំពេញទៅអរិយក្សត្រ នោះត្រូវបត់ឆ្វេងតាមផ្លូវមាត់ទន្លេ (ផ្លូវវត្តព្រែកបង្កង) ក្នុងចម្ងាយត្រឹមតែ២០គីឡូម៉ែត្រពីកំពង់ចម្លងអរិយក្សត្រ ឬ ជិះរថយន្តប្រហែល២០នាទីប៉ុណ្ណោះ។ លោកអ្នកក៏អាចធ្វើដំណើរតាមផ្លូវជាតិលេខ៦អា ហើយឆ្លងស្ពានព្រែកតាមាក់រួចបត់ស្តាំដៃតាមផ្លូវមាត់ទន្លេត្រឹមតែប្រមាណ២គីឡូម៉ែត្រទេ។ វត្តពិជ័យរង្ស៊ី ហៅវត្ត អញ្ចែង ជាទីតាំងដែលលោកអ្នកត្រូវបត់ចូលតាមផ្លូវភូមិដែលស្ថិតនៅចំហៀងខាងស្តាំ ឲ្យដល់មាត់ទន្លេ នោះនឹងបានទៅដល់ទីតាំង «វីតាផ្ទះទឹក»ដែលមានស្លាកយីហោលើកយ៉ាងធំតែមួយគត់នៅជាប់មាត់ទន្លេខាងក្រោយវត្តនោះអមដោយទេសភាពម្លប់ឈើធំៗនិងដើមត្រែងយោលស្អាតដូចការពណ៌នាក្នុងបទចម្រៀង។
តើទេសចរអាចធ្វើអ្វីបានខ្លះនៅទីនោះ? ទេសចរជិតឆ្ងាយទាំងឡាយអាចបរិភោគអាហារបែបអាស៊ី (ខ្មែរ-ចិន) និងគ្រឿងក្លែមជាច្រើនមុខ ជាពិសេសគឺម្ហូបដែលចម្អិនពីសាច់ត្រីទន្លេមេគង្គស្រស់ៗដែលរកបាននៅក្នុងតំបន់នោះផ្ទាល់ ឬ លោកអ្នកអាចចំណាយពេលស្ទូចត្រីកម្សាន្ត ហើយយកត្រីដែលស្ទូចបានភ្លាមៗនោះឲ្យចុងភៅប្រចាំហាងចម្អិនច្នៃជាម្ហូបជូនក៏បាន។ ភ្ញៀវអាចស្ទូចបានត្រីតូចធំជាច្រើនប្រភេទដូចជាត្រីពោទន្លេ ត្រីក្អែក ត្រីឆ្លាំង ត្រីខ្យា ជាដើម។ ជួនកាល ភ្ញៀវខ្លះស្ទូចបានបង្កងទន្លេធម្មជាតិថែមទៀតផង។ ចំពោះសេវាកម្មស្ទូចត្រីកម្សាន្តនេះគឺមិនគិតថ្លៃនោះទេ។ រីឯម្ហូបវិញ ភ្ញៀវនិយមម្ហូបដូចជា ស៊ុបកន្ធាយ ស៊ុបអន្ទង់ កន្ធាយចំហុយ ត្រីទន្លេចៀន កង្កែបអាំង និង ជម្រើសម្ហូបកុម្ម៉ង់ជាច្រើនមុខទៀត។ ហាងនេះចាប់បើកបម្រើអតិថិជនចាប់ពីម៉ោង១០ព្រឹករហូតដល់ម៉ោង៩យប់។ គួរបញ្ជាក់ថាទីនេះមានទីធ្លាចំណតរថយន្តធំទូលាយនិងមានសុវត្ថិភាព ហើយមានកន្លែងលេងទឹកសម្រាប់បុត្រធីតាដែលមកជាមួយលោកអ្នកថែមទៀតផង៕