×

ឡឹ​ម​ ​វណ្ណា​រី​ ​ម្ចាស់​បទ​ ​«​ភារកិច្ច​លក់​ស្រូវ​ជូន​រដ្ឋ​»​ ​ដ៏​ល្បី​រន្ទឺ​ទូទាំង​ប្រទេស​ជំនាន់​ទ​.​វ​.​ឆ្នាំ​១​៩​៨​០​

NEWS 3 weeks ago
 
 

           ​បើ​និយាយ​ពី​ឈ្មោះ​តារា​ចម្រៀង​ ឡឹ​ម​ ​វណ្ណា​រី​ ​ប្រហែលជា​យុវវ័យ​ជំនាន់​នេះ​ក​ម្រ​ស្គាល់​ជាទូទៅ​ណាស់​ ​ប៉ុន្តែ​បើ​យើង​ត្រឡប់​ថយក្រោយ​ទៅកាន់​ជំនាន់​សាធារណរដ្ឋប្រជាមានិត​កម្ពុជា​ ​កាលពី​ខ្ទង់​ជាង​៣​០​ឆ្នាំមុន​វិញ​ ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ហាក់​នៅតែ​ចងចាំ​នូវ​សំឡេង​ចម្រៀង​បដិវត្តន៍​ស្នេហាជាតិ​កសាង​ស្តារ​ប្រទេស​លាន់​ឮ​ចេញពី​ឧគ្ឃោសន​សព្ទ​នៃ​វិទ្យុជាតិ​ជំនាន់​នោះ​ ​តួយ៉ាង​ ​បទ​ ​«​ភារកិច្ច​លក់​ស្រូវ​ជូន​រដ្ឋ​»​ ​និង​បទ​ ​«​កន្សែង​អូន​ប៉ាក់​ជូន​បង​យោធា​»​ ​របស់​តារា​ចម្រៀង​ ឡឹ​ម​ ​វណ្ណា​រី​ ​នេះឯង​។​ ​កាលពី​ខែ​មេសា​ ​ឆ្នាំ​២​០​២​២​ ​កន្លងទៅ​ថ្មីៗ​នេះ​ ​ក្រុម​ការងារ​ទស្សនាវដ្តី​សូវ​រី​ន​បាន​ជួប​តារា​ចម្រៀង​រៀមច្បង​ ឡឹ​ម​ ​វណ្ណា​រី​ ​ដែល​បាត់មុខ​យូរ​ពី​ឆាក​សិល្បៈ​ឆ្ងាយ​ពី​ភ្នែក​ទស្សនិកជន​ ​នៅ​ឯ​ទឹកដី​កំណើត​សិល្បៈ​របស់​លោកស្រី​ក្នុង​ក្រុង​បាត់​ដំបង​។​

          ​ជ្រកកោន​ក្នុង​គេហដ្ឋាន​ដែល​ស្ថិត​តាម​មាត់ច្រាំង​ស្ទឹងសង្កែ​ ​ក្នុង​ភូមិ​សូ​ភី​២​ ​សង្កាត់​រតនៈ​ ​ក្រុង​បាត់​ដំបង​ ​លោកស្រី​ ឡឹ​ម​ ​វណ្ណា​រី​ ​បាន​ផ្តល់​កិច្ច​សម្ភាសន៍​ជាលើកដំបូង​ ​ក្រោយ​ពី​លោកស្រី​ទទួល​បាន​ជំនួយ​ឧបត្ថម្ភ​ថវិកា​សង់ផ្ទះ​នេះ​ពី​ប្រមុខរដ្ឋាភិបាល​ក្នុង​ឆ្នាំ​២​០​១​៩​ ​ខណៈ​ដែល​លោកស្រី​កំពុង​ជួបប្រទះ​បញ្ហា​ជីវភាព​ខុស​ពី​អតីតកាល​ជំនាន់​ទ​.​វ​.​ឆ្នាំ​១​៩​៨​០​-​៩​០​។​ ​លោកស្រី​បាន​រំ​ព្ញ​ក​អំពី​ប្រវត្តិ​សិល្បៈ​ផ្ទាល់ខ្លួន​ថា​ ​ក្នុង​អំឡុង​ឆ្នាំ​១​៩​៧​៩​-​១​៩​៨​០​ ​លោកស្រី​ប្រកបរបរ​លក់ដូរ​កសិផល​ផ្សេងៗ​(​ម៉ៅ​ចម្ការ​)​ចិញ្ចឹមជីវិត​ ​ហើយ​កាលនោះ​លោកស្រី​និយម​ចូលចិត្ត​ច្រៀង​លេង​ក​ម្សាន្ត​តាម​និស្ស័យ​ដែល​ស្រឡាញ់​សិល្បៈ ​ហើយ​នៅ​ក្នុង​ឆ្នាំ​១​៩​៨​០​នោះ​ដែរ​ ​មាន​គេ​រៀបចំ​ពិធី​មង្គលការ​មួយ​នៅ​មាត់​ស្ទឹង​ក្នុង​ទីរួមខេត្ត​បាត់​ដំបង​ ​ហើយ​ក្នុង​ឱកាស​នោះ​លោកស្រី​ក៏បាន​ឡើង​ច្រៀង​ជា​កិត្តិយស​កំដរ​កម្មវិធី​បាន​៦​-​៧​បទ​ទៅតាម​សំណូមពរ​ ​។​ ​ដោយសារ​បាន​ស្តាប់ឮ​ទឹកដម​សំឡេង​ដ៏​ពីរោះ​ក្រអួន​ក្រអៅ​របស់​អ្នកស្រី​ក្នុង​ពិធី​មង្គលការ​នោះ​ហើយ​ ​ស្រាប់តែ​ខាង​មន្ទីរ​ឃោសនា​ ​ការ​ខេត្ត​បាត់​ដំបង​បាន​មក​ទាក់ទង​លោកស្រី​ឲ្យ​ចូល​ច្រៀង​ក្នុង​ក្រុម​ត​ន្រ្តី​ឃោសនាការ​ខេត្ត​បាត់​ដំបង​។​សមាជិក​ក្រុម​ត​ន្រ្តី​ខេត្ត​បាត់​ដំបង​ជំនាន់​គាត់​ចូល​ច្រៀង​នោះ​ ​រួម​មាន​ ​លោក​ ​កៅ​ ​លឹម​ហ៊ា​ង​ ​លោក​ ​គឹម​ ​ឈ​ន​ ​លោក​ ​ហួរ​ ឡា​វី​ ​លោក​ ​សុខ​ ​សំអុល​ ​អ្នកនាង​ ​ជួន​ ​ត្រដែត​ ​និង​អ្នកនាង​ ​ពៅ​ ​ចិន្តា​នី​ ​ជាដើម​។​ ​ក្រោយមក​មួយ​ឆ្នាំ​ ​ទើប​មាន​វត្តមាន​តារា​ចម្រៀង​ ​ឆោម​ ​ឆ​វិ​ន​ ​ចូល​មក​ជា​សមាជិក​ថ្មី​ក្នុង​ក្រុម​នេះ​ ​ដែល​នៅ​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ដល់​សព្វថ្ងៃ​។​

          ​តាម​ការ​ចងចាំ​របស់​លោកស្រី​ ​នៅ​ថ្ងៃ​ទី​២​៦​ ​ខែ​កក្កដា​ ​ឆ្នាំ​១​៩​៨​១​ ​លោកស្រី​បាន​ប្រឡងជាប់​ជ័យ​លា​ភី​លេខ​១​ ​នៅ​ក្នុង​ឱ​កា​សកម្មវិធី​ប្រឡង​ចម្រៀង​ត​ន្រ្តី​សម័យ​ទូទាំង​ប្រទេស​នៅ​សាល​មហោស្រព​ទន្លេ​បាសាក់​ ​រដ្ឋធានី​ភ្នំពេញ​ ​ក្នុង​ជំនាន់​របស់​លោក​ ​ម៉ា​ ​សំកុល​ ​ជា​ប្រធានមន្ទីរ​ឃោសនាការ​ខេត្ត​បាត់​ដំបង​ ​និង​ ​លោក​ ​មុំ​ ​ក្រាត​ ​ជា​អនុប្រធាន​។​ ​លោកស្រី​បាន​បន្ថែម​ថា​ ​ក្រុមភ្លេង​នេះ​ជា​ក្រុមភ្លេង​ដែល​ទំនើប​ជឿនលឿន​ជាងគេ​មួយ​ទូទាំង​ប្រទេស​ ​ព្រោះ​មានលទ្ធភាព​ចំណាយ​រហូតដល់​មាស​៤​៨​តម្លឹង​ទិញ​ឧបករណ៍​ភ្លើង​ទំនើប​យកមក​ប្រគំ​ប្រចាំ​ខេត្ត​ ​ហើយ​ល្បី​ខ្ទរ​ខ្ទរ​ដល់​ទូទាំង​ប្រទេស​។​ ​ដោយឡែក​ ​បទ​ចម្រៀង​ល្បី​ៗ​របស់​គាត់​ដែល​ចេញផ្សាយ​ជំនាន់​ទ​.​វ​.​ឆ្នាំ​១​៩​៨​០​ ​ក្នុង​ក្របខណ្ឌ​មន្ទីរ​ឃោសនាការ​ខេត្ត​បាត់​ដំបង​ ​ដែល​ភាគច្រើន​និពន្ធ​ទំនុកច្រៀង​និង​បទភ្លេង​ដោយ​លោក​ ​ប្រាក់​ ​ប៊ុន​ថន​ ​ជា​ស្វាមី​លោកស្រី​ជំនាន់​នោះ​ដូចជា​ ​បទ​«​ភារកិច្ច​លក់​ស្រូវ​ជូន​រដ្ឋ​»​ ​បទ​ ​«​នឹម​ដែក​អ​ម្រែក​ទុក្ខ​»​ ​បទ​«​ត្នោត​ដុះ​ក្បែរ​អង្គរ​»​ (​ត្នោត​អើយ​) ​និង​បទ​«​សម្រស់​ប៉ៃលិន​»​(​ជ្រោះ​អូរ​តាវៅ​)​។​ល​។​

          ក្រៅពី​ដណ្តើម​បាន​ទង់ជ័យ​លា​ភី​ ​និង​មេដាយ​មាស​ចម្រៀង​សម័យ​ជូន​ខេត្ត​បាត់​ដំបង​ ​កាលពី​អតីតកាល​លោកស្រី​តែងតែ​ត្រូវ​បាន​អញ្ជើញ​ទៅ​ចូលរួម​ក្នុង​កម្មវិធី​សន្និបាត​នានា​របស់​​​ក្រសួង​នៅ​តាម​មហោស្រព​ធំ​ៗ​នៅ​ក្រុងភ្នំពេញ​ ​រួម​មាន​ ​សាល​មហោស្រព​ចេនឡា​ ​និង​ ​សាលសន្និសីទ​ចតុ​មុខ​។​ ​នៅ​អំឡុង​ឆ្នាំ​១​៩​៨​៧​ ​លោកស្រី​បាន​ចូល​ក្របខណ្ឌ​វង់​ត​ន្រ្តី​សាលាក្រុង​ហើយក៏​ធ្លាប់​ថត​ចម្រៀង​ជាច្រើន​ឲ្យ​ផលិតកម្ម​សាយ​ណ្ហា​រា​។​ ​កវីនិពន្ធ​និង​តារា​ចម្រៀង​ជំនាន់​១​៩​៨​០​-​១​៩​៩​០​ ​ដែល​លោកស្រី​ធ្លាប់​ប្រឡូក​អាជីព​ជាមួយ​ ​មាន​ដូចជា​ ​លោក​ ​ហុង​ ​លី​ណូ ​លោក​ ​សួង​ ​ពុទ្រា​ ​លោក​ ​អ៊ុក​ ​សំអាត​ ​លោក​ ហ្វៃ ​សំអាង​ ​លោក​ ​ស៊ី​ន​ ​ច័​ន្ទ​ឆាយា​ ​លោកស្រី​ ​ដួង​ ​ម៉ា​ឡៃ ​និង​លោកស្រី​ ​សន​ ​ចរិយា​។​ ​លើស​ពី​នេះ​ ​លោកស្រី​ធ្លាប់​ជាតា​រា​ចម្រៀង​មាន​ប្រជាប្រិយភាព​នៅ​តាម​រង្គសាល​នានា​ក្នុង​ក្រុងភ្នំពេញ​និង​ធ្លាប់​ចេញទៅ​សម្តែង​នៅ​ក្រៅ​ប្រទេស​ដូចជា​ ​វៀតណាម​ ​និង​ឡាវ​។​

          ​ដោយសារតែ​បញ្ហា​វិបត្តិ​គ្រួសារ​ (​ភ្លើង​ប្រចណ្ឌ​ពី​អតីត​ស្វាមី​) ​ការងារ​សិល្បៈ​តូច​ធំ​របស់​លោកស្រី​ត្រូវ​បាន​រាំង​ស្ទះ​ក្នុង​អំឡុង​ពាក់កណ្តាល​ទ​.​វ​.​ឆ្នាំ​១​៩​៩​០​ ​រហូត​មិន​អាច​ឈាន​ទៅ​ចាប់​ឱកាស​ធ្វើដំណើរ​ទៅ​សម្តែង​នៅ​បរទេស​បាន​គួរឲ្យ​សោកស្តាយ​។​ ​ទោះបីជា​យ៉ាងណា​ ​ក៏​ខាង​ក្រសួង​ក៏ដូចជា​ខាង​មន្ទីរ​វប្បធម៌​ខេត្ត​នៅតែ​ទាក់ទង​លោកស្រី​ម្តងម្កាល​នៅ​ពេល​គេ​ត្រូវការ​លោកស្រី​ទៅ​ច្រៀង​ក្នុង​កម្មវិធី​។​ ​ការ​បាត់បង់​ទី​ផ្សារ​ការងារ​ ​គួបផ្សំ​នឹង​កត្តា​ជីវភាព​និង​ភាព​ខ្មាសអៀន​ផ្ទាល់ខ្លួន​ដែល​មាន​វ័យ​កាន់តែ​ជ្រេ​ផង​នោះ​ ​លោកស្រី​ ឡឹ​ម​ ​វណ្ណា​រី​ ​ក​ម្រ​បង្ហាញ​វត្តមាន​ជា​សាធារណៈ​ដូច​សិល្ប​ការិនី​ផ្សេងៗ​ទៀត​រួម​ជំនាន់​ជាមួយ​លោកស្រី​ណាស់​។​

          លោកស្រី​ក៏​គ្មាន​បំណង​ចង់​ផ្សព្វផ្សាយ​ពី​បញ្ហា​ជីវភាព​ដើម្បី​សុំ​ជំនួយ​ពី​មហាជន​ដែរ​ ​ទោះបីជា​សព្វថ្ងៃ​លោកស្រី​ត្រូវ​តស៊ូ​ដោយ​ស្ងប់ស្ងាត់​និង​មាន​ជំងឺបេះដូង​ប្រចាំ​កាយ​ផង​ក៏ដោយ​។​ ​សម្រាប់​តារា​ចម្រៀង​ជំនាន់​ក្រោយ​ ​លោកស្រី​ចង់ឲ្យ​ពួកគេ​ចេះ​ស្រឡាញ់​គ្នា​ក្នុង​ពិភព​សិល្បៈ ​ចៀសវាង​ការ​ច្រណែន​ឈ្នានីស​គ្នា​ដោយសារតែ​ចង់ល្បី​នោះ​ទើប​សិល្បៈ​ជាតិ​រីក​ចម្រើន​ ​ហើយ​មេត្តា​កុំ​លួច​កាឡៃ​បទ​ចម្រៀង​ពីដើម​របស់​គេ​ឲ្យ​បាត់បង់​លក្ខណៈ​ដើម​ ​ត្រូវ​ចេះ​ឲ្យ​តម្លៃ​ដល់​ម្ចាស់​បទ​ដើម​ផង​៕​

Article by SRIN SOKMEAN


 


SUGGESTIONS