កញ្ញា គឺ ស្រីនុត ម្ចាស់ជ័យលាភីធីតាឯកសង្រ្កាន្តរដូវកាលទី៥ ឆ្នាំ២០២៤
NEWS 12 months agoបន្ទាប់ពីបានឆ្លងកាត់ការប្រកួតជាច្រើនវគ្គយ៉ាងស្វិតស្វាញរយៈពេលប៉ុន្មានខែកន្លងមកនេះ ក្នុងចំណោមបេក្ខនារីចូលរួមប្រកួតជាង១០០០នាក់ ទីបំផុតនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ កន្លងផុតទៅថ្មីៗនេះ កម្មវិធីបានរកឃើញម្ចាស់តំណែងធីតាឯកសង្រ្កាន្តរដូវកាលទី៥ ដែលនឹងតំណាងជាតួអង្គទេវតាឆ្នាំថ្មី ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ព្រះនាម មហោទរាទេវី បុត្រីទី៧ នៃកបិលមហាព្រហ្ម ដែលបានទៅលើកញ្ញា គឺ ស្រីនុត ជាធីតាតំណាងខេត្តសៀមរាប។
ជាមួយនឹងជ័យលាភី កញ្ញា គឺ ស្រីនុត បានបង្ហើបពីអារម្មណ៍រំភើបមិនទាន់បាត់នៅឡើយមកកាន់សូវរីនថា “ខ្ញុំពិតជាមានក្តីរំភើប និងមានមោទកភាពចំពោះខ្លួនឯងបំផុតដែលជាធីតាតំណាងឱ្យទឹកដីកំណើត និងអច្ឆរិយ គឺខេត្តសៀមរាប រហូតបានក្លាយមកជាម្ចាស់ជ័យលាភីធីតាឯកសង្រ្កាន្តរដូវកាលទី៥ ឆ្នាំ២០២៤ និងតំណាងជាតួអង្គទេវតាឆ្នាំថ្មីព្រះនាម មហោទរាទេវី។ គ្រប់យ៉ាងសុទ្ធតែកើតឡើងពីការស្រលាញ់ ការតស៊ូ ឆន្ទៈ ភាពក្លាហាន ចំណេះដឹង កម្លាំងកាយ និងកម្លាំងចិត្ត ដែលខ្ញុំបានត្រៀមជាស្រេចសម្រាប់ការប្រកួតមួយនេះ។” ក្នុងនាមជាម្ចាស់មកុដ កញ្ញាបានលើកឡើងបន្តទៀតថា “ខ្ញុំពិតជាអរគុណដល់កម្មវិធី និងក្រុមការងារដែលធ្វើឱ្យខ្ញុំបានស្គាល់នូវមិត្តភាពល្អៗ បទពិសោធន៍ថ្មីៗ ការចងចាំដ៏ល្អ និងផ្តល់ឱកាសដល់រូបខ្ញុំបានបញ្ចេញនូវសមត្ថភាព និងអរគុណដល់អ្នកគាំទ្រកន្លងមក នាងខ្ញុំនឹងប្រើតំណែងមួយនេះឱ្យមានតម្លៃបំផុត។”
ខាងក្រោមនេះជាលំដាប់ជ័យលាភីធីតាឯកទាំង៧នៃកម្មវិធី ធីតាឯកសង្រ្កាន្តរដូវកាលទី៥
- ជ័យលាភីលេខ១ កញ្ញា គឺ ស្រីនុត ធីតាតំណាងខេត្តសៀមរាប
- ជ័យលាភីលេខ២(លំដាប់រងទី១) កញ្ញា ទិត្ត ដាវិ ធីតាតំណាងខេត្តកំពត
- ជ័យលាភីលេខ៣(លំដាប់រងទី២) កញ្ញា ផល ធីតាតំណាងខេត្តកែប
- ជ័យលាភីលេខ៤(លំដាប់រងទី៣) កញ្ញា នៅ គីមលៀង ធីតាតំណាងខេត្តកណ្តាល
- ជ័យលាភីលេខ៥(លំដាប់រងទី៤) កញ្ញា វីរៈ ច័ន្ទសុជាតា ធីតាតំណាងខេត្តកោះកុង
- ជ័យលាភីលេខ៦(លំដាប់រងទី៥) កញ្ញា វ៉ន អេណា ធីតាតំណាងខេត្តរតនៈគិរី
- ជ័យលាភីលេខ៧(លំដាប់រងទី៦) កញ្ញា សុខ ស្រីពេជ្រ ធីតាតំណាងខេត្តប៉ៃលិន៕
Article by SOUNG SOKSAN