×

​វិចិត្រករ​ដ៏ឆ្នើម ​ទាង​ ​បូ​រិន​ ​​ម្ចាស់​ស្នាដៃ​គំនូរ​ ​«​អប្សរា​អត់​មុខ​»​

NEWS 10 months ago
 
 

          ​លោក​ ​ទាង​ ​បូ​រិន​ ​ឬ​មានឈ្មោះ​ក្រៅ​ថា​ ​Din​ ​លោក​គឺជា​វិចិត្រករ​មួយ​រូប​ដែលគេ​តែង​ស្គាល់​ ​និង​ហៅ​លោក​ថា​ ​ជា​ម្ចាស់​ស្នាដៃ​គំនូរ​អប្សរា​អត់​មុខ​។​ ​លោក​ ​មាន​ស្រុកកំណើត​មកពី​ខេត្ត​កំពត​ ​ហើយក៏​បាន​បញ្ចប់​ការសិក្សា​បរិញ្ញាបត្រ​ផ្នែក​ស្ថាបត្យកម្ម​នៅ​ឆ្នាំ​២​០​០​៥​។​ ​ចង់​ដឹង​ថា​ ​តើការ​ចាប់ផ្តើម​ប្រឡូក​ចូលក្នុង​វិ​ស័យ​គំនូរ​របស់​លោក​​​មានដំណើរ​ដើមទង​យ៉ាងណា​នោះ​ ​យើង​ទៅ​អាន​បន្ត​ជាមួយ​សូវ​រី​ន​ទាំងអស់គ្នា​។​

          ​ជំនួប​សំណេះសំណាល​ជាមួយ​ក្រុម​ការងារ​សូវ​រី​ន​ ​ស្ថិតនៅ​ទីតាំង​ ​Din​ ​Art​ ​Gallery​ ​ដែល​ជាទី​បណ្តុំ​នៃ​គំនូរ​អប្សរា​ជាច្រើន​ផ្ទាំង​កំពុង​តាំង​បង្ហាញ​បង្អួត​សម្រស់​យ៉ាង​ស្រស់​ប្រណីត​ ​លោក​ ​ទាង​ ​បូ​រិន​ ​បាន​រំលឹក​ថា​ ​រូបលោក​ស្រលាញ់​ ​និង​អាច​គូរ​គំនូរ​បាន​តាំងពី​លោក​​​មាន​អាយុ​៤​ឆ្នាំ​មក​ម៉្លេះ​។​ ​រាល់​ពេល​នៅ​សាលារៀន​មាន​កម្មវិធី​ការ​ប្រកួត​គំនូរ​ម្តងៗ​ ​កុមារា​ ​បូ​រិន​ ​តែង​ប្រឡង​បាន​ចំណាត់ថ្នាក់​ល្អ​ជានិច្ច​ ​ហើយ​លោក​តែង​ចិញ្ចឹម​ចិត្ត​ថាទៅ​ថ្ងៃ​អនាគត​លោក​ចង់​ក្លាយ​ជា​វិចិត្រករ​ដ៏​មាន​ទេពកោសល្យ​មួយ​រូប​។​ ​កន្លង​ផុត​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ ​រហូតដល់​លោក​បាន​បញ្ចា​ប់​ការសិក្សា​ថ្នាក់ទី១​២​នៅ​ឆ្នាំ​១​៩​៩​៩​ ​លោក​បាន​បន្ត​ការសិក្សា​បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ​មួយ​កន្លែងនៅ​ទី​ក្រុងភ្នំពេញ​។​ ​ថ្វីបើ​លោក​រៀន​ជំនាញ​ជា​ស្ថាបត្យកម្ម​មែនពិត​ ​តែ​លោក​ក៏​នៅតែ​បន្ត​ការ​នូ​រ​គំនូរ​រាល់​ពេលទំនេរ​ពី​ការសិក្សា​។​ ​អំឡុង​ពេល​នោះ​ ​ដោយ​កំពុង​មាន​ជីវភាព​ខ្វះខាត​ផង​នោះ​ ​យុវជន​ ​ទាង​ ​បូ​រិន​ក៏បាន​ឆ្លៀតពេល​ខ្លះ​គូរ​គំនូរ​សម្រាប់​ដាក់​លក់​ដើម្បី​បាន​ក​ម្រៃ​។​ “​ពេល​ខ្ញុំ​ឡើង​មក​ភ្នំពេញ​ ​មាន​ថ្ងៃមួយ​ខ្ញុំ​បានឃើញ​គេ​ស្លៀកពាក់​តុបតែង​តួអង្គ​អប្សរា​ ​ស្អាត​មែនទែន​ ​វា​ជា​លើកទីមួយ​ហើយដែល​ខ្ញុំ​បានឃើញ​ផ្ទាល់​។​ ​វា​បាន​ធ្វើ​ឱ្យ​អារម្មណ៍​ខ្ញុំ​ដក់ជាប់​នឹង​តួអង្គ​អប្សរា​ ​ហេតុនេះ​ហើយ​ទើប​គំនូរ​ខ្ញុំ​តែង​គូរ​ជា​រូប​អប្សរា​។​” ​វិចិត្រករ​រូប​នេះ​បាន​លើកឡើង​ ​និង​បន្ត​ថា​ ​ស្នាដៃ​ដែល​នាំ​ឱ្យ​គេ​ស្គាល់​លោក​ដំបូង​គេ​នោះ​ ​គឺជា​ស្នាដៃ​រូប​ទម្រង់​អប្សរា​ដែល​លោក​បាន​គូ​រលក់​តាម​ហាង​នៅ​ពេល​កំពុង​សិក្សា​នៅ​សាកល​វិទ្យា​នេះឯង​។​

          ​ក្រោយ​បញ្ចប់​ការសិក្សា​ ​និង​ធ្វើការ​ផ្នែក​គូរ​ប្លង់​អស់​រយៈ​៨​ឆ្នាំ​ ​នៅ​ឆ្នាំ​២​០​១​៥​ ​លោក​ ​ទាង​ ​បូ​រិន​ ​បាន​ងាក​មក​គូររូប​ ​ដែល​ជា​អាជីព​ក្នុង​ក្តី​ស្រមៃ​លោក​វិញ​។​ ​លោក​បាន​បង្កើត​វិចិត្រសាល​របស់​ខ្លួនឯង​ដែល​មានឈ្មោះ​ថា​ ​«​Din​Art​»​ ​និង​បាន​បញ្ចេញស្នាដៃ​ជាបន្តបន្ទាប់​។​ ​ស្នាដៃ​គំនូរ​រូប​អប្សរា​របស់​លោក​ជាច្រើន​ផ្ទាំង​ ​ដែល​បាន​បង្ហាញ​ក្បាច់​ជាច្រើន​ទម្រង់​ដោយដៃ​ស្រឡូន​ទាំងគូ​ ​រាំ​យ៉ាង​ល្វត​ល្វន់​ ​ក្នុង​ឈុត​ស​ម្លៀ​ក​បំពាក់​ខ្មែរ​ ​រុំ​ដោយ​សំពត់​ស្បៃ​ចង​ល្បាប់​ ​ហាក់​អង្រួន​ចិត្ត​អ្នក​ដែល​បាន​ទស្សនា​ហើយ​ ​សរសើរ​មិន​ដាច់​ពី​មាត់​ពី​ទឹក​ដៃ​របស់​វិចិត្រករ​។​ ​រូបគំនូរ​ដែល​នៅ​ស្ងៀម​ ​តែ​ហាក់​រស់រវើក​ទាំងនេះ​ហើយ​ ​ដែល​បាន​ធ្វើ​ឱ្យ​រូបលោក​​​មាន​កេរ្តិ៍ឈ្មោះ​ជា​វិចិត្រករ​ដ៏​មាន​ភាព​ប៉ិនប្រសប់​រហូតមកដល់​បច្ចុប្បន្ន​។​ ​លោក​បាន​បន្ថែម​ដែរ​ថា​ ​ស្រប​ជាមួយនឹង​អាជីព​ដែល​លោក​ស្រលាញ់​នេះ​ ​វាក​៏​ជា​ចំណែក​មួយ​ដែល​លោក​អាច​បញ្ចូល​ ​និង​ថែរក្សា​នូវ​អ្វី​ដែល​ជា​របស់​ខ្មែរ​ចូល​ទៅ​ក្នុង​ស្នាដៃ​របស់​លោក​ដែល​អាច​ឱ្យ​បរទេស​បាន​ស្គាល់​ផង​ដែរ​។​ “​ជាក់ស្តែង​ពេល​មួយ​ ​មាន​ជនជាតិ​បរទេស​គេ​ឃើញ​រូបគំនូរ​អប្សរា​នេះ​ហើយ​ ​គឺ​ពួកគាត់​បាន​សួរនាំ​ខ្ញុំ​អំពី​អប្សរា​ខ្មែរ​ ​ហើយ​ពួកគាត់​ពិតជា​ចង់​ទស្សនា​ដោយ​ផ្ទាល់​ណាស់​ ​ខ្ញុំ​លឺ​ហើយ​ពិតជា​សប្បាយចិត្ត​មែនទែន​ ​វាក​៏​ជា​កត្តា​រួមចំណែក​មួយ​ក្នុង​ការ​ផ្សព្វផ្សាយ​អ្វី​ដែល​ខ្មែរ​មាន​។​” ​លោក​បាន​លើកឡើង​។​

          ​ជាចុងក្រោយ​ ​វិចិត្រករ​ ​ទាង​ ​បូ​រិន​ ​ក៏បាន​បង្ហើប​ពី​គោលបំណង​ទៅ​ថ្ងៃ​អនាគត​ដែរ​ថា​ ​រូបលោក​ចង់​ឱ្យ ​Din​ ​Art​ ​Gallery​ ​ជា​ទីកន្លែង​ដែល​អាច​ផ្តល់​ឱកាស​ដល់​ប្អូន​ជំនាន់​ក្រោយដែល​គាត់​ស្រលាញ់​វិ​ស​័​យ​គំនូរ​អាច​តាំង​បង្ហាញ​ស្នាដៃ​របស់​ខ្លួន​នៅ​ទីនេះ​បាន​។​ ​ទន្ទឹម​នឹង​នេះ​ ​លោក​ក៏​ចង់បើ​ក​ហាង​កាហ្វេ​មួយ​សម្រាប់​វិចិត្រសាល​របស់​លោក​ផង​ដែរ​៕​

​Article​ ​by​ ​SO​UN​G​ ​SO​KS​AN​


 


SUGGESTIONS