×

ជួបជាមួយ លោក ម៉ៅ ដាលីន ម្ចាស់ជ័យលាភីលេខ ១ ការប្រកួតថតរូប Eyes on Cambodia 

ENTERTAINMENT 6 days ago
 
 

          ទីបំផុតការប្រកួតថតរូប Eyes on Cambodia ដែលមានការចូលរួមដាក់ពាក្យពីបេក្ខភាពរាប់រយនាក់ មកគ្រប់កម្រិត ទាំងអ្នកអាជីព អ្នកមិនអាជីព ជនជាតិកម្ពុជា ជនបរទេស ឬទេសចរ បានរកឃើញម្ចាស់ជ័យលាភីលេខ ១ ដែលបានទៅលើអ្នកថតរូបវ័យ ២៥ ឆ្នាំ គឺ លោក ម៉ៅ ដាលីន។ តាមរយៈប្រធានបទ «Beautiful Cambodia» រូបភាពស្នាដៃ ដែលលោកបានដាក់ប្រកួត និង ឈ្នះ មានចំណងជើង «Meaningful memory» ឬ «ការចងចាំដ៏មានអត្ថន័យ»។ 
ជំនួបជាមួយ សូវរីន និយាយដោយអារម្មណ៍រំភើប ម្ចាស់ជ័យលាភីលេខ ១ លោក ម៉ៅ ដាលីន បានរៀបរាប់ទាំងស្នាមញញឹមថា៖ «ខ្ញុំមានអារម្មណ៍សប្បាយចិត្តខ្លាំងមែនទែន ខ្ញុំមិនរំពឹងថាជាប់នៅក្នុងកម្មវិធី Eyes on Cambodia នេះទេ ព្រោះអ្នកចូលរួមប្រកួត មានទាំងជនជាតិខ្មែរ និង បរទេស ហើយការដាក់រូបភាពប្រកួតមានដល់ទៅជាង ៣០០ រូបឯណោះ។ ម្នាក់ៗគេសុទ្ធតែជើងខ្លាំង និង បទពិសោធយូរឆ្នាំ វាពិតជា surprise មែនទែនសម្រាប់រូបខ្ញុំ។» ជាសមិទ្ធផលជោគជ័យមួយទៀតនៅក្នុងអាជីព លោកបានបន្ថែមថា៖ «ការឈ្នះនេះពិតជាមានន័យណាស់សម្រាប់ខ្ញុំ វាជាលទ្ធផលនៃការប្រឹងប្រែងដ៏អស្ចារ្យបំផុត»។


          រូបភាពមួយសន្លឹក មើលមកសាមញ្ញ ត្រឹមបែបទេសភាពស្រុកស្រែ តែវាអាចឆក់បេះដូង យកពិន្ទុពីអ្នកបោះឆ្នោត និង គណៈកម្មការបាន។ ម្ចាស់រូបភាពបានប្រាប់ពីហេតុផល ដែលសម្រេចដាក់រូបនេះចូលប្រកួតថា៖ «ទី១ ខ្ញុំគិតថា វាត្រូវជាមួយប្រធានបទ, ទី២ រូបនេះមានន័យណាស់សម្រាប់ខ្ញុំ ដោយសារជាទេសភាពបែបជនបទ ជាការបន្សាំខ្លួនទៅនឹងធម្មជាតិ ដូចជាការធ្វើស្រែចម្ការ មើលទៅធ្វើឱ្យខ្ញុំនឹករឭកដល់កាលខ្ញុំនៅពីក្មេង ដែលធ្លាប់រស់នៅស្ថានភាពបែបនឹង។ ម្យ៉ាងវិញទៀត បច្ចុប្បន្នមិនសូវឃើញមានអ្នកថតរូបណា ថតរូបបែបទេសភាពស្រុកស្រែ ភាគច្រើនខ្ញុំឃើញតែជាគំនូរ ជាពិសេស គំនូរដាក់តាំងនៅតាមសណ្ឋាគារឬរីសតជាដើម។»

 
          ឆ្លងកាត់ការប្រកួតរួចមក លោក ម៉ៅ ដាលីន ថាការប្រកួតថតរូប Eyes on Cambodia នេះ ពិតជាល្អមែនទែន។ លោកថារាប់តាំងពីការរើសរូប គឺត្រូវឆ្លងកាត់ការវិនិច្ឆយពីអ្នកជំនាញជនជាតិខ្មែរ និង បរទេស សុទ្ធសឹងជាអ្នកជំនាញនៅក្នុងវិស័យសិល្បៈថតរូប។ ក្រោយរើសបានរូបភាពដែលល្អបំផុត មានការដាក់តាំងបង្ហាញរូបនៅតាមកន្លែងផ្សេងៗដូចជាតាមខេត្ត និង ទីក្រុង ដើម្បីឱ្យអ្នកទស្សនាមានឱកាសបោះឆ្នោត។ អ្វីដែលលោកចាប់អារម្មណ៍ទៀតនោះ ពេលដាក់តាំងពិព័រណ៍រូបភាព ភាគច្រើនអ្នកមកទស្សនាសុទ្ធតែជាជនជាតិបរទេស ដែលនេះក៏ជាផ្នែកមួយបានបង្ហាញពីតំបន់ទេសចរណ៍ស្អាតៗនៅកម្ពុជាឱ្យពួកគេបានស្គាល់ផងដែរ។
ចំណុចរឹតតែសំខាន់ លោកសូមសរសើរចំពោះការរៀបចំការ vote ឬការបោះឆ្នោត ដែលកម្មវិធីពិតជាធ្វើបានល្អ និង សុក្រឹតខ្លាំង។ តួយ៉ាង មានការតាមដានការ vote ត្រឹមត្រូវ ដូចឃើញជាក់ស្តែង បើសង្កេតឃើញការ vote ណាមួយក្លែងក្លាយ ឬមិនប្រក្រតី ខាងកម្មវិធីនឹងធ្វើការដក vote ចេញភ្លាម ឬដករូបភាពរបស់បេក្ខភាពចេញតែម្តង។ 
          តាមបទពិសោធមួយនេះ លោកក៏សូមផ្តាំផ្ញើជាពិសេសទៅដល់បងប្អូន ដែលជាអ្នកថតរូបគួរតែដាក់ពាក្យប្រកួត ទោះបីជាប់ឬមិនជាប់ក្តី ហោចណាស់យើងក៏ទទួលបានបទពិសោធដែរ។ លោកលើកទឹកចិត្តថា នៅពេលដាក់រូបរួចហើយមិនជាប់ មិនមែនមានន័យថាយើងអន់នោះទេ គ្រាន់តែជួនកាល វាមិនទាន់ត្រូវនឹងប្រធានបទ ឬលក្ខខណ្ឌដែលគេចង់បានប៉ុណ្ណោះ។ 
          ក្រឡេកមកប្រវត្តិរបស់ម្ចាស់ជ័យលាភីរូបនេះវិញ លោក ម៉ៅ ដាលីន មានស្រុកកំណើតនៅភូមិអូរម្លូ ឃ្មុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ចំពោះកម្រិតវប្បធម៌ លោកសិក្សាបានត្រឹមថ្នាក់ទី ៩។ លោកចាប់ផ្តើមរៀនថតរូបនៅក្នុងឆ្នាំ ២០២១ ដោយរៀនតាមរយៈ YouTube មើល និង ស្រាវជ្រាវដោយខ្លួនឯង។ ក្រោយមកនៅឆ្នាំ ២០២២ លោកទទួលបានការងារខាងប្រព័ន្ធផ្សព្វផ្សាយ(Media) នៅក្នុងក្រុមហ៊ុនមួយ ដែលនេះជាឱកាស ដែលលោកបានរៀនសូត្របច្ចេកទេសថតពេញទី ពីអ្នកជំនាញនៅក្នុងក្រុមហ៊ុននោះ។


          ក្រៅពីការប្រកួតខាងលើ កន្លងមកលោកក៏ធ្លាប់ប្រកួតការថតរូបឈ្នះលេខ ១ ចំនួនពីរដងផងដែរ។ ជាអាទិ ក្នុងឆ្នាំ ២០២២ ឈ្នះជ័យលាភីលេខ ១ នៅក្នុងកម្មវិធីប្រកួតថតរូប ផ្តោតលើប្រធានបទ «Light and Contrast» ដែលបង្កើតឡើងដោយសាលាថតរូប Imagery Skills Academy។ មកដល់ឆ្នាំ ២០២៤ ឈ្នះជ័យលាភីលេខ ១ ក្នុងការប្រកួតថតរូប ដែលរៀបចំឡើងដោយរដ្ឋបាលស្រុកសំបូរ ខេត្តក្រចេះ ធ្វើឡើងក្នុងគោលបំណងជួយលើកកម្ពស់វិស័យទេសចរណ៍នៅក្នុងស្រុកសំបូរ ខេត្តក្រចេះតែម្តង។ 
          សព្វថ្ងៃ លោក ម៉ៅ ដាលីន មានអាជីពជាអ្នកថត ឬហៅថា Cameraman។ លោកអាចថតរូបភាព និង វីដេអូគ្រប់ប្រភេទ ជាពិសេស មមាញឹកខ្លាំងនឹងការថតកម្មវិធីផ្សេងៗ។ បើនិយាយពីទំនោរឬស្ទីលថតរបស់លោកវិញ លោកចូលចិត្តថតបែប Documentary ឬឯកសារ ដែលបង្ហាញពីព្រឹត្តិការណ៍ និង ការរស់នៅជាក់ស្តែង។ 
សម្រាប់គោលដៅជាមួយអាជីពថតទៅថ្ងៃមុខ លោកចង់ក្លាយជា Fine Art Photographer ឬ អ្នកថតរូបបែបវិចិត្រសិល្បៈ។ លោកចង់មានភាពល្បីល្បាញដូចទៅនឹង លោក ម៉ក់ រ៉េមីស្សា ដែលជាអ្នកថតអាជីពដ៏ល្បីល្បាញដំបូងរបស់កម្ពុជា មានស្នាដៃទទួលស្គាល់ជាលក្ខណៈអន្តរជាតិ៕

Article by ZM KH

 


SUGGESTIONS